ក្រុមពលរដ្ឋនៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនឯកជនឈ្មោះ មេត្រីភាព នាំគ្នាឡើងមកភ្នំពេញ ដេកចាំដាក់ញត្តិជូនមេដឹកនាំរបបក្រុងភ្នំពេញ និងរដ្ឋមន្ត្រីក្រសួងដែនដី ឲ្យជួយអន្តរាគមន៍ដោះស្រាយជម្លោះដីធ្លី ទម្លាក់បទចោទលើពលរដ្ឋជាង ២០នាក់ និងទាមទារឲ្យដោះលែងពលរដ្ឋ ១៣នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តព្រះវិហារ។
អ្នកភូមិប្រាប់ថា ពេលនេះ ពលរដ្ឋជាង ១០០គ្រួសារ បានឡើងមកដល់រាជធានីភ្នំពេញ ហើយប៉ុន្តែគ្មានកន្លែងស្នាក់នៅទេ ដោយសារវត្តនានា ក្នុងក្រុងភ្នំពេញ មិនហ៊ានទទួលឲ្យស្នាក់នៅ ឬទាល់តែទៅសុំអនុញ្ញាតពីក្រសួងដែនដីជាមុនសិន។
តំណាងពលរដ្ឋម្នាក់ មកពីខេត្តឧត្តរមានជ័យ លោក ឡយ លីហួរ ឲ្យដឹងថា ការប្រមូលផ្ដុំគ្នា ឡើងមកភ្នំពេញ គឺដោយសារពួកគាត់បារម្ភពីសុវត្ថិភាព ព្រោះប៉ុន្មានថ្ងៃចុងក្រោយនេះ កងទាហាន និងអាជ្ញាធរបានចាប់ខ្លួនពលរដ្ឋចំនួន ៧នាក់ ជាបន្តបន្ទាប់ បញ្ជូនទៅតុលាការ។ លោកថា មកដល់ពេលនេះ ពលរដ្ឋខ្លះកំពុងលាក់ខ្លួន មិនហ៊ានចេញដើរហើរខាងក្រៅនៅឡើយទេ៖ « សូមមេត្តាចាក់ផ្សាយដំណឹងនេះ ឲ្យបានឮដល់សម្ដេចផង ហើយក៏សូមស្នើសុំដល់សម្ដេចនាយករដ្ឋមន្ត្រី មេត្តាយោគយល់ អាណិត អន្តរាគមន៍ឲ្យពួកខ្ញុំ បានទៅរស់នៅស្រុក ដែលពួកខ្ញុំរស់នៅផង និងសូមជួយផ្ដល់ប្លង់កម្មសិទ្ធិដល់ពួកខ្ញុំផង។ សូមឲ្យលើក ( លែង ) ការចោទប្រកាន់លើពួកខ្ញុំទាំង ២៥នាក់ ហើយនិងសុំឲ្យជួយដោះលែងប្រជាពលរដ្ឋទាំង ១៣នាក់ ដែលគេបានចាប់ទៅផង»។
កងអន្តរាគមន៍វីរយោធាលេខ២៦១ ប្រចាំខេត្តឧត្តរមានជ័យ ឬគេនិយមហៅថា ក្រុមកងកម្លាំងទាហានកងពលលេខ៦ កាលពីថ្ងៃទី១៩ មករា បានឈូសកម្ទេចផលដំណាំ ដុតផ្ទះពលរដ្ឋលើដីមានជម្លោះជាច្រើនខ្នង និងបានចាប់ខ្លួនពលរដ្ឋម្នាក់ ឈ្មោះ ឈិន រ៉ន ហើយនៅថ្ងៃទី២០ មករា ចាប់ខ្លួន២នាក់ទៀត ឈ្មោះ គង់ ម៉ឺន និង ឈ្មោះម៉ឺន មាស។
នៅថ្ងៃទី២៦ មករា កងកម្លាំង បានចាប់ខ្លួនពលរដ្ឋ៣នាក់បន្ថែមទៀត ឈ្មោះ ភាព ភ័ណ្ឌ អាយុ២០ឆ្នាំ ឈ្មោះ រឿង ធី អាយុ២០ឆ្នាំ និងម្នាក់ទៀត មិនស្គាល់ឈ្មោះ តែពលរដ្ឋ ដឹងត្រឹមថា ជាកូនប្រុសរបស់តាទ្រី ដែលជាអ្នកភូមិរស់នៅលើដីមានជម្លោះជាមួយគ្នា។ លោក ឡយ លីហួរ ប្រាប់ថា នៅមុនពេលអាជ្ញាធរចាប់ខ្លួន ពលរដ្ឋ៧នាក់នេះ អាជ្ញាធរធ្លាប់បានចាប់ខ្លួនពលរដ្ឋពីមុនមកចំនួន៦នាក់ ដូច្នេះសរុបពលរដ្ឋកំពុងជាប់ឃុំនៅពន្ធនាគារខេត្តព្រះវិហារ ក្នុងករណីដីទំនាស់នេះ មានចំនួន១៣នាក់ ខណៈពលរដ្ឋចំនួន២៥នាក់ផ្សេងទៀត កំពុងជាប់បណ្ដឹង។
អាស៊ីសេរីមិនទាន់អាចទាក់ទងខាងភាគីក្រុមហ៊ុនឯកជនឈ្មោះ មេត្រីភាព និងមេបញ្ជាការកងពលលេខ៦ ដែលពលរដ្ឋអះអាងថា បានចេញមុខអន្តរាគមន៍ចាប់ពលរដ្ឋ កន្លងមកនោះទេ។ ប៉ុន្តែ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិនថាល់ ប្រាប់អាស៊ីសេរីថា ការចាប់ខ្លួនពលរដ្ឋទាំងនោះ ដោយសារ ជាប់ពាក់ព័ន្ធបទល្មើសបរិស្ថាន៖ « យល់ថា គួរចុះមកមើលស្ថានភាពជាក់ស្ដែង ថាតើប្រព្រឹត្តិបទល្មើស ឬមួយក៏អត់ ? ទាល់តែចុះមើលជាក់ស្ដែងតែម្ដង គឺកាប់ដុត កាប់។ មិនមែនត្រឹមតែកាប់ទេ គឺរណាយន្ត អារ ច្រៀក ដុតបំផ្លាញចោលហ្មង។ ខ្ញុំមិនចង់ឲ្យពួកគាត់ ( ពលរដ្ឋចាប់ខ្លួនទាំង ៧នាក់ ) ប្រព្រឹត្តិកាន់តែធ្ងន់ធ្ងរទៅៗ។ អ៊ីចឹង អប់រំគាត់ ស្រីៗ អត់មានចាប់ខ្លួនទេ។ អត់មានចាប់ប្រជាពលរដ្ឋទេ ស្ដាប់ខ្ញុំ អត់មានស្ដាប់ប្រជាពលរដ្ឋទេ គឺចាប់ជន ដែលប្រព្រឹត្តិបទល្មើស បំផ្លាញធនធានបរិស្ថាន បំផ្លាញហើយ បំផ្លាញទៀត»។
ពលរដ្ឋបដិសេធចោល ការចោទប្រកាន់នេះ។ លោក ឡយ លីហួរ រៀបរាប់ថា ដីមានជម្លោះមានទំហំ៨ពាន់ ៥រយ ២៥ (៨ ៥២៥) ហិកតារ ស្ថិតនៅតំបន់ព្រំប្រទល់ ខេត្តព្រះវិហារ ត្រង់ស្រុកជាំ ក្សាន្ត និងស្រុកត្រពាំងប្រាសាទ នៃខេត្តឧត្តរមានជ័យ។ លោក រៀបរាប់ថា ពលរដ្ឋខ្លះ បាននាំគ្នាចូលទៅកាប់រានទន្ទ្រានព្រៃ យកដីរស់នៅ និងដើម្បីដាំដំណាំ បង្កបង្កើន ក្នុងកំឡុងឆ្នាំ២០១៣ ដោយគ្មានអាជ្ញាធរពាក់ព័ន្ធណា រារាំងឡើយ។ ប៉ុន្តែស្រាប់តែឆ្នាំ២០១៨ អាជ្ញាធរ និងក្រុមហ៊ុនឯកជនឈ្មោះមេត្រីភាពបានចោទថា ដីព្រៃនោះ ជាដីរបស់ក្រុមហ៊ុនឯកជន។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ យល់ថា ពលរដ្ឋនាំគ្នាឡើងមកភ្នំពេញ ដោយសារពួកគាត់ អស់ជំនឿនឹងអាជ្ញាធរមូលដ្ឋាន ដូច្នេះ ក្រោយពេលមន្ត្រីខុទ្ទកាល័យ និងមន្ត្រីក្រសួងដែនដី ទទួលញត្តិរបស់ពលរដ្ឋហើយ ត្រូវតែចុះទៅសិក្សា និងដោះស្រាយជូនពលរដ្ឋភ្លាមៗ ដើម្បីចៀសវាងបញ្ហាកាន់តែធ្ងន់ធ្ងរ។ សង្គមស៊ីវិលរកឃើញថា ករណីជម្លោះដីធ្លីនេះ ក្រុមហ៊ុនទទួលបានការជ្រោមជ្រែង ពីកងពលយោធាលេខ៦៖ « កងពលតូចអន្តរាគមន៍វរៈ ( លេខ ) ២៦១នេះ គឺឋិតនៅក្នុងខេត្តឧត្តរមានជ័យទេ។ ប៉ុន្តែដោយសារទាហានមួយចំនួន គាត់យកតួនាទីរបស់ពួកគាត់ ដែលជាអ្នកបម្រើរាស្ត្រ ហើយគាត់យកទៅបម្រើការងារឲ្យក្រុមហ៊ុនឯកជនផង។ វាទាក់ទង នឹងផលប្រយោជន៍ បានគាត់ទៅបម្រើការងារហ្នឹង អ៊ីចឹងហើយ បានគាត់ ( ទាហានខ្លះ នៅកងពលអន្តរាគមន៍វរៈ ២៦១ ) កាងឲ្យក្រុមហ៊ុន»។
សង្គមស៊ីវិលរូបនេះ ផ្ដល់យោបល់ថា ក្នុងកំឡុងពេលសិក្សាដោះស្រាយទំនាស់ ក្រសួងដែនដី គួរឲ្យភាគីក្រុមហ៊ុនឯកជន ផ្អាកសកម្មភាពសិន បញ្ជាឲ្យកងពលលេខ៦ ដែលចូលអន្តរាគមន៍ជួយក្រុមហ៊ុន បញ្ឈប់ការប្រើអំពើហិង្សា និងអមនុស្សធម៌ ព្រោះពលរដ្ឋកំពុងភ័យខ្លាចខ្លាំង និងត្រូវមានការដោះលែង ពលរដ្ឋកំពុងជាប់ពន្ធនាគារ ដើម្បីឲ្យក្រុមគ្រួសារ មានអារម្មណ៍ស្ងប់ចិត្ត ក្នុងការចរចា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។