អ្នកភូមិនៅព្រះវិហារប្រឈមមុខជាមួយក្រុមហ៊ុនចិនរឿងទំនាស់ដី
2014.12.30

ជនជាតិភាគតិចកួយ ៣ភូមិ នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ចាប់ផ្ដើមប្រឈមមុខជាមួយក្រុមហ៊ុនចិន ឈ្មោះ ឡានហ្វេង រយៈពេល ៣ថ្ងៃមកហើយ បន្ទាប់ពីក្រុមហ៊ុននេះយកគ្រឿងចក្រទៅឈូសពង្រីកផ្ទៃដីសម្បទានសេដ្ឋកិច្ច ធ្វើឱ្យប៉ះពាល់ដល់ដីស្រែចំការ។
តាំងតែពីល្ងាចថ្ងៃទី២៩ រហូតមកដល់ម៉ោងជាង ៣រសៀល ថ្ងៃទី៣០ ខែធ្នូ ក្រុមជនជាតិភាគតិចបានលើកគ្នាហ៊ុមព័ទ្ធចាប់មនុស្ស ២នាក់ ព្រមទាំងគ្រឿងចក្រ ២គ្រឿង ដែលចូលទៅឈូសឆាយពង្រីកផ្ទៃដីក្រុមហ៊ុននោះ។
ក្រុមជនជាតិភាគតិចកួយជាង ២៥០នាក់ មកពីសហគមន៍ស្រែព្រាង សហគមន៍ប្រមេរ និងបុសធំ បានប៉ះទង្គិចពាក្យសម្ដីគ្នាយ៉ាងតឹងតែងជាមួយក្រុមហ៊ុនចិន ឈ្មោះ ឡានហ្វេង ជាមួយអាជ្ញាធរស្រុកត្បែងមានជ័យ មន្ត្រីមន្ទីរកសិកម្ម និងប៉ូលិសខ្លះ កាលពីវេលាម៉ោងជាង ៣រសៀលថ្ងៃអង្គារ ទី៣០ ខែធ្នូ។
ការប៉ះទង្គិចពាក្យសម្ដីនេះ កើតឡើងបន្ទាប់ពីក្រុមអ្នកភូមិប្រមូលផ្ដុំគ្នាប្រឆាំងនឹងក្រុមហ៊ុនចិន មិនឱ្យយកគ្រឿងចក្រឈូសឆាយពង្រីកផ្ទៃដីសម្បទានសេដ្ឋកិច្ចនៅចំណុចអូរស្ប៉ង ហើយព្រួតគ្នាចាប់ខ្លួនអ្នកបើកបរ ២នាក់ ព្រមទាំងគ្រឿងចក្រចំនួន ២គ្រឿងផង ក៏ប៉ុន្តែបែរជាក្រុមហ៊ុនចិន និងអាជ្ញាធរនាំគ្នាទៅស្ទាក់រារាំងនៅកណ្ដាលព្រៃ ដោយមិនធ្វើការដោះស្រាយតាមផ្លូវច្បាប់។
ស្ត្រីសមាជិកជនជាតិភាគតិចម្នាក់ នៅភូមិប្រមេរ ក្នុងចំណោមសមាជិកជាង ២៥០នាក់ផ្សេងទៀតដែលសុំមិនបញ្ចេញឈ្មោះ មានប្រសាសន៍កាលពីរសៀលថ្ងៃអង្គារ ទី៣០ ខែធ្នូ ថា ក្រុមហ៊ុនចិន ឈ្មោះ ឡានហ្វេង បានយកគ្រឿងចក្រទៅឈូសដីស្រែចម្ការពួកគាត់រយៈពេល ៣ថ្ងៃមកហើយ។ ពួកគាត់និងអ្នកភូមិជាង ២៥០នាក់ បានលើកគ្នាទៅដេកចាំការពារដីស្រែចម្ការនៅក្នុងព្រៃ ព្រមទាំងសុំឱ្យអាជ្ញាធរស្រុកត្បែងមានជ័យ និងខេត្តព្រះវិហារ ជួយដោះស្រាយនិងបញ្ឈប់កុំឱ្យឈូសឆាយតទៅទៀត។
ស្ត្រីដដែលបញ្ជាក់ថា នៅពេលដែលអ្នកភូមិលើកគ្នាជំទាស់ជាមួយក្រុមហ៊ុនចិន គឺគេឃើញអាជ្ញាធរស្រុក មន្ត្រីកសិកម្មជាដើម មានវត្តមាននៅទីនោះ ក៏ប៉ុន្តែមិនធ្វើការដោះស្រាយឱ្យប្រជាពលរដ្ឋមានផលប្រយោជន៍ទេ។ សមាជិកសហគមន៍ជនជាតិភាគតិចដដែលបញ្ជាក់ទៀតថា ដោយសារតែមិនមានអាជ្ញាធរណាចេញមុខដោះស្រាយ គឺពួកគេបង្ខំចិត្តចាប់ខ្លួនអ្នកបើកបរ ២នាក់ និងគ្រឿងចក្រ ២គ្រឿង បញ្ជូនទៅឱ្យអាជ្ញាធរស្រុកត្បែងមានជ័យ ធ្វើកំណត់ហេតុឱ្យបានត្រឹមត្រូវ៖ «អ៊ីចឹងពួកខ្ញុំទាំងអស់គ្នាហ្នឹងយកគ្រឿងចក្រមកភូមិ មករង់ចាំចៅហ្វាយខេត្ត ឬក៏មន្ត្រីរដ្ឋាភិបាលមកដោះស្រាយឱ្យ ប៉ុន្តែតាំងពីយប់មិញរហូតមកដល់ម៉ោងជាង ១២ ថ្ងៃទី៣០ (ធ្នូ) អត់ឃើញមានអ្នកណាមកដោះស្រាយផង»។
អាជ្ញាធរស្រុកត្បែងមានជ័យ បានចាត់ទុកសកម្មភាពសហគមន៍ជនជាតិភាគតិចកួយ ដែលចាប់ខ្លួនមនុស្ស ២នាក់ និងគ្រឿងចក្រ ២គ្រឿង នោះថា គឺជាអំពើខុសច្បាប់។
អភិបាលស្រុកត្បែងមានជ័យ លោក អ៊ុង វុឌ្ឍី មានប្រសាសន៍ថា អាជ្ញាធរបានរូតរះចុះទៅជួបអ្នកភូមិដល់កន្លែងកើតហេតុតាំងពីយប់ថ្ងៃទី២៩ ខែធ្នូ មកម្ល៉េះ ព្រមទាំងបញ្ឈប់គ្រឿងចក្ររបស់ក្រុមហ៊ុនចិន មិនឱ្យឈូសឆាយពង្រីកដីសម្បទានទៀតទេ ប៉ុន្តែអ្នកភូមិនៅតែមិនទទួលយកការដោះស្រាយរបស់អាជ្ញាធរ។
លោក អ៊ុង វុឌ្ឍី បញ្ជាក់ថា ក្នុងពេលដែលរូបលោក និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀតចុះដោះស្រាយនោះ ពិនិត្យឃើញថា ក្រុមហ៊ុនចិន មិនបានឈូសឆាយដីធ្វើឱ្យប៉ះពាល់ធំដុំដល់ប្រជាពលរដ្ឋទេ ហើយបើប៉ះពាល់ក៏អាជ្ញាធរដោះស្រាយទុកជូនគាត់វិញ តាមគោលនយោបាយរបស់រដ្ឋាភិបាលដែរ ក៏ប៉ុន្តែអ្នកភូមិនៅតែជំទាស់ ធ្វើឱ្យអាជ្ញាធរគ្មានលទ្ធភាពសម្របសម្រួល៖ «ប៉ុន្តែជំហររបស់គាត់គឺចង់ដេញក្រុមហ៊ុនចេញតែម្ដង អាហ្នឹងយើងមិនអាចទទួលយកបាន ហើយយើងក៏មិនមានធ្វើឱ្យប៉ះពាល់ធំដុំទេ គាត់ស្រែកជេរ ចង្អុលមុខអាជ្ញាធរយ៉ាងម៉េចក៏ដោយ ក៏យើងមិនដែលមានការតបតទេ»។
រយៈពេល ២ឆ្នាំមកហើយ ក្រុមសហគមន៍ជនជាតិភាគតិចកួយ នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ កើតមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចិន ចំនួន ២ គឺឡានហ្វេង និង រួយហ្វេង ប៉ុន្តែអាជ្ញាធរហាក់ព្រងើយកន្តើយលើការដោះស្រាយរឿងនេះ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តព្រះវិហារ លោក ឡោ ចាន់ ព្រួយបារម្ភចំពោះស្ថានភាពជម្លោះ រវាងជនជាតិភាគតិចជាមួយក្រុមហ៊ុនចិន ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដោយថាប្រសិនបើអាជ្ញាធរលែងដៃចោលទុកឱ្យអ្នកភូមិ និងក្រុមហ៊ុនចិន ប្រឈមមុខដាក់គ្នាដូច្នេះ វាអាចនឹងកើតមានអំពើហិង្សាពេលណាមួយ។
លោក ឡោ ចាន់ បានហៅការព្រងើយកន្តើយរបស់អាជ្ញាធរក្នុងរឿងមិនដោះស្រាយទំនាស់ដីធ្លីជនជាតិភាគតិចនោះ ថាគឺជាអំពើរើសអើងទៅលើសិទ្ធិនិងសេរីភាព៕