តំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លីរ៉ាំរ៉ៃ នៅខេត្តព្រះសីហនុ ១៩សហគមន៍ បានប្រមូលផ្តុំគ្នាទាមទារឲ្យថ្នាក់ដឹកនាំខេត្តទេសចរណ៍មួយនេះ ពិនិត្យដោះស្រាយជម្លោះដីធ្លីរ៉ាំរ៉ៃ ដែលត្រូវឈ្មួញ និងមន្ត្រីមានអំណាចប្រើប្រព័ន្ធតុលាការរំលោភយក និងចាប់ពលរដ្ឋម្ចាស់ដីដាក់ពន្ធនាគារជាបន្តបន្ទាប់។ បញ្ហានេះ អភិបាលរងខេត្តព្រះសីហនុ បានព្រមទទួលយកញត្តិរបស់តំណាងពលរដ្ឋយកទៅពិនិត្យ នឹងសន្យាឆ្លើយតបនៅពេលក្រោយ។
តំណាងប្រជាពលរដ្ឋមានទំនាស់ដីធ្លីចំនួន ១៩សហគមន៍ ដែលប្រមូលផ្ដុំគ្នានៅពីមុខសាលាខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ សរុបមានគ្នាប្រមាណ ៦០នាក់។ ការតវ៉ាមានលើកបដា និងមានរូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ភរិយា ទាមទារឲ្យជួយសើរើ ឬដោះស្រាយទំនាស់ដីធ្លីដែលឈ្មួញ និងមន្ត្រីមានអំណាចឃុបឃិតគ្នា ដោយប្រើប្រព័ន្ធតុលាការដើម្បីគំរាមប្លន់យកដី និងចាប់ពលរដ្ឋម្ចាស់ដីដាក់គុក។
តំណាងសហគមន៍ដីធ្លីអូត្រជាក់ចិត្ត ឃុំសំរ៉ុង ស្រុកស្ទឹងហាវ លោកស្រី អឿន ង៉ែត ស្ថិតក្នុងចំណោមសហគមន៍ទាំង ១៩សហគមន៍ មានទំនាស់ដីធ្លីផ្សេងទៀត បានអះអាងថា ដីធ្លីពួកគាត់ចំនួន ៣៥គ្រួសារ ត្រូវឈ្មួញ ឬមន្ត្រីមានអំណាចឃុបឃិតជាមួយមន្ត្រីតាមមន្ទីរ ឬស្ថាប័នពាក់ព័ន្ធ និងតុលាការខេត្តព្រះសីហនុ រំលោភយក និងចាប់កូនប្រុសរបស់គាត់ ២នាក់ ដាក់ពន្ធនាគារ។
លោកស្រីបន្តថា ពលរដ្ឋ ៣៥គ្រួសារ មានទំនាស់ដីជាមួយក្រុមហ៊ុនឋានសួគ៌ ដែលមានផ្ទៃដីសរុបចំនួន ១៣៥ហិកតារ។ លោកស្រីថា ទំនាស់នេះបានកើតមានតាំងពីឆ្នាំ២០១០ មកម្ល៉េះ និងបានអូសបន្លាយមកដល់ពេលនេះ ហើយឈ្មួញ ឬមន្ត្រីមានអំណាចបានឃុបឃិតធ្វើប្លង់កម្មសិទ្ធិលើដីធ្លីរបស់ប្រជាពលរដ្ឋ។
ស្ត្រីតំណាងពលរដ្ឋរូបនេះបានសំណូមឲ្យប្រមុខដឹកនាំជួយអន្តរាគមន៍លើទំនាស់ដីធ្លីរបស់ពួកគាត់ទាំង ៣៥គ្រួសារ ដែលអ្នកមានអំណាចប្រើប្រព័ន្ធតុលាការរំលោភយក៖ «ពួកខ្ញុំលំបាកវេទនា កូនចៅមិនបានរៀនសូត្រ និងគ្មានអាហារហូបចុកបានត្រឹមត្រូវទេ ហើយរកស៊ីបេះត្រួយប្រង់ បេះត្រកួន ព្រលឹត បានមួយថ្ងៃសម្រាប់តែមួយថ្ងៃទេ។ សូមសម្ដេច ហ៊ុន សែន ជួយដោះស្រាយទំនាស់ដីធ្លីនេះជូនកូនចៅផង ព្រោះអីខ្ញុំគ្មានដីស្រែ និងគ្មានដីភូមិទេ គឺរស់នៅក្រោមតំបន់ទឹកប្រៃសព្វថ្ងៃនេះ»។
ចំណែកតំណាងពលរដ្ឋសហគមន៍កំពេញចាស់ លោកស្រី ហង្ស ចិន្តា រស់នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ក៏បានលើកឡើងពីភាពមិនប្រក្រតីនៃការចេញប្លង់កម្មសិទ្ធិដីធ្លីរបស់មន្ទីរពាក់ព័ន្ធខេត្តនេះជូនក្រុមហ៊ុននៅលើដីពលរដ្ឋជាង ២០គ្រួសារ ថាមានអំពើពុករលួយ។ ករណីនេះ លោកស្រីបានស្នើដល់ប្រមុខដឹកនាំជួយបញ្ជូនមន្ត្រីឯករាជ្យចុះស៊ើបអង្កេតចំពោះការចេញប្លង់កម្មសិទ្ធិរំលោភដីពលរដ្ឋ នាខេត្តព្រះសីហនុ ជាបន្ទាន់៖ «បញ្ហាធ្វើប្លង់ប្រព័ន្ធដែលពួកខ្ញុំបានបដិសេធរួចហើយ ហេតុអីក៏គេចេញប្លង់កម្មសិទ្ធិទៅឲ្យក្រុមហ៊ុនទៀត? អ៊ីចឹងពួកខ្ញុំមិនអាចទទួលយកបានទេប្លង់ចេញឲ្យក្រុមហ៊ុនទេ ព្រោះមិនមានការពិគ្រោះយោបល់ជាមួយពលរដ្ឋពួកខ្ញុំទាំង ២៤គ្រួសារ ដែលបានកាន់កាប់ដីតំបន់នោះ នៅមុនក្រុមហ៊ុនថៃ ប៊ុនរ៉ុង ចូលមកតំបន់នេះ។ ដូច្នេះពួកខ្ញុំបដិសេធ មិនទទួលស្គាល់ប្លង់ចេញឲ្យក្រុមហ៊ុនដោយមានការឃុបឃិតពីមន្ត្រីមន្ទីរពាក់ព័ន្ធខេត្តព្រះសីហនុទេ»។
ឆ្លើយតបបញ្ហានេះ លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ បានអនុញ្ញាតឲ្យតំណាងពលរដ្ឋទាំង ១៩សហគមន៍ ចូលជួបពិភាក្សាលើបញ្ហាទំនាស់ដីធ្លីនាសាលប្រជុំសាលាខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ។ លោកបានទទួលយកញត្តិពលរដ្ឋទៅពិនិត្យ ហើយបានសន្យាថា នឹងឆ្លើយតបនៅពេលក្រោយ។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា ទំនាស់ដីធ្លីទាំងឡាយណាដែលនៅក្នុងដៃរបស់តុលាការ គឺសាលាខេត្តគ្មានសិទ្ធិលូកដៃចូលទេ៖ «ការដែលឈ្លោះគ្នាជាមួយឯកជន ហើយភាគីម្ខាងទៀតគេមានប័ណ្ណកម្មសិទ្ធិ។ អ៊ីចឹងផ្លូវច្បាប់គេមិនអាចឲ្យរដ្ឋបាលខេត្តយកដីដែលមានប័ណ្ណកម្មសិទ្ធិមកដោះស្រាយទេ គឺមានតែស្ថាប័នតុលាការមួយគត់ដែលមានសមត្ថកិច្ចត្រួតពិនិត្យ និងរកដំណោះស្រាយ»។
ទាក់ទិនបញ្ហានេះ លោក ឃុន សារឿន មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ (Licadho) ខេត្តព្រះសីហនុ ក៏បានបង្ហាញក្ដីព្រួយបារម្ភចំពោះទំនាស់ដីធ្លីជិត ២០សហគមន៍ ដែលបានកើតមានក្នុងខេត្តនេះ។ លោកថា ទំនាស់ខ្លះបានកើតមានជាង ១០ឆ្នាំកន្លងទៅហើយ ប៉ុន្តែស្ថាប័នពាក់ព័ន្ធមិនទាន់ដោះស្រាយបញ្ចប់ជម្លោះដីធ្លីរ៉ាំរ៉ៃនេះជូនពលរដ្ឋទេ។ ជាងនេះ លោកបានឃើញសកម្មភាពប្រើប្រព័ន្ធតុលាការរបស់មន្ត្រីមានអំណាច ឬឈ្មួញ ដើម្បីចាប់ពលរដ្ឋម្ចាស់ដីមួយចំនួនដែលហ៊ានចេញមុខតវ៉ាលើទំនាស់ដីធ្លីដាក់គុកច្រវាក់ជាបន្តបន្ទាប់ រហូតមកដល់ពេលពេលនេះ។
លោក ឃុន សារឿន៖ «ប្រសិនជាតំណាង ឬអភិបាលខេត្តព្រះសីហនុ មិនជួយដោះស្រាយទំនាស់ដីធ្លីមានដូចជានៅសហគមន៍កំពេញចាស់ ជាដើម ឲ្យបានចប់ទេ ពលរដ្ឋអះអាងថា នឹងមិនលះបង់ការតវ៉ាទេនាថ្ងៃអនាគត។ ដូចជាករណីទំនាស់ដីធ្លីនៅសហគមន៍កំពេញចាស់ គឺទំនាស់នេះបានចាប់ផ្ដើមតាំងពីឆ្នាំ២០០៦ មកម្ល៉េះ និងគិតមកដល់ពេលនេះ មានរយៈពេល ១៩ឆ្នាំហើយ ប៉ុន្តែមិនទាន់មានដំណោះស្រាយទេ។ ករណីនេះតំណាងពលរដ្ឋទាំង ១៩សហគមន៍មានទំនាស់ដីធ្លី ពួកគាត់បានតាំងចិត្តថា បើសិនជាមិនមានដំណោះស្រាយជូនពួកគាត់ទេ នឹងបន្តប្រមូលផ្តុំគ្នាតវ៉ាមិនឈប់ឈរទេ»។
យ៉ាងណាក៏ដោយ តំណាងប្រជាពលរដ្ឋមានទំនាស់ដីធ្លីទាំង ១៩សហគមន៍នៅខេត្តព្រះសីហនុ បានអះអាងថា បើអាជ្ញាធរខេត្តមិនដោះស្រាយទេ ពួកគាត់នឹងមិនលះបង់ការតវ៉ាឡើយ ហើយបានព្រមានថា ទៅថ្ងៃអនាគត ក៏មានគម្រោងលើគ្នាឡើងទៅតវ៉ាដល់មុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្ថាប័នកំពូលៗ របស់រដ្ឋាភិបាលនៅរាជធានីភ្នំពេញ ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។