សាលាឧទ្ធរណ៍បដិសេធសំណើនៅក្រៅឃុំបណ្ដោះអាសន្នរបស់មេធាវីការពារក្ដីឱ្យពលរដ្ឋម្នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ក្នុងជម្លោះដីធ្លី នៅខេត្តព្រះវិហារ។ ការសម្រេចនេះ គឺធ្វើឡើងនៅក្នុងសវនាការអសាធារណៈមួយ ដែលគ្មានវត្តមានជនជាប់ចោទ និងមេធាវីការពារក្ដី។ សង្គមស៊ីវិល ចាត់ទុកការសម្រេចនេះ មិនឈរលើគោលការណ៍យុត្តិធម៌ ព្រោះថាសវនាការត្រូវមានវត្តមានគ្រប់ភាគីពាក់ព័ន្ធចូលរួម ក្នុងពេលតតាំងក្ដី។
មន្ត្រីអង្កេតជាន់ខ្ពស់របស់សមាគមសិទ្ធិមនុស្សអាដហុក (Adhoc) លោក យី សុខសាន្ត ដែលបានតាមដានការកាត់សេចក្ដីនេះ ឱ្យដឹងថា សាលាឧទ្ធរណ៍បានជូនដំណឹងមេធាវី នៅថ្ងៃទី២៦ មីនា ហើយបើកការជំនុំជម្រះមួយថ្ងៃបន្ទាប់ ដែលជាហេតុធ្វើឱ្យមេធាវី លោក សំ ទិត្យសីហា ខកខានមិនបានចូលរួមសវនាការ ខណៈមេធាវីរូបនេះជាប់រវល់នៅអមកូនក្ដីបីនាក់ទៀតនៅខេត្តព្រះវិហារ។ លោក យី សុខសាន្ត បន្តថា សាលាឧទ្ធរណ៍បដិសេធ សំណើមេធាវីដែលសុំពន្យារពេលសវនាការ ក្រោមហេតុផលថា លិខិតដែលមេធាវីផ្ញើជូនអង្គជំនុំជម្រះ តាមរយៈសារអេឡិចត្រូនិក មិនមែនជាច្បាប់ដើម។
មន្ត្រីឃ្លាំមើលផ្នែកសិទ្ធិមនុស្សរូបនេះ យល់ថា តុលាការគួរពិចារណាដោះលែងពលរដ្ឋឱ្យមានសេរីភាពឡើងវិញ ប្រសិនបើរកមិនឃើញភស្តុតាងដាក់បន្ទុកនោះទេ ៖ «យើងគិតថាតម្លៃនៃសិទ្ធិមនុស្ស នៅពេលដែលយកមនុស្សអត់មានទោស ហើយមិនមានភស្តុតាងត្រឹមត្រូវហើយ ចាប់ឃុំខ្លួនដើម្បីទុក ហើយដើររកភស្តុតាង អាហ្នឹងវាអយុត្តិធម៌ណាស់ ហើយបង្កការឈឺចាប់ដល់ជនរងគ្រោះ។ ខ្ញុំស្នើសុំថា បើគ្មានភស្តុតាងដាក់បន្ទុកទេ តុលាការគួរដោះលែងពួកគាត់ឱ្យមានសេរីភាព។ កាលណាពួកគាត់មានសេរីភាព ទី១ ពួកគាត់បានជួបជុំគ្រួសារ ហើយរកស៊ីទទួលទានជួយគ្រួសារគាត់បាន។ ហើយទី២ យើងមិនខ្ជះខ្ជាយចំណាយថវិកាចិញ្ចឹមគាត់នៅកន្លែងឃុំឃាំងផង» ។
ប្រធានចៅក្រមជំនុំជម្រះនៃសាលាឧទ្ធរណ៍ លោក ប្លង់ សំណាង កាលពីព្រឹកថ្ងៃទី២៧ មីនា សម្រេចបន្តឃុំខ្លួនពលរដ្ឋម្នាក់ឈ្មោះ ម៉ឺន មាន វ័យ២៦ឆ្នាំ ជាកូនប្រុសលោក ស៊ុំ ម៉ឺន ដែលកំពុងបាត់ខ្លួន តាមបណ្ដឹងរបស់ព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិនថាល់ ក្រោមហេតុផលថារក្សាទុកជនជាប់ចោទ ដើម្បីបន្តការស៊ើបអង្កេត។
កាលពីថ្ងៃទី២០ មករា លោក ស៊ុំ ម៉ឺន វ័យ៥៤ឆ្នាំ និងកូនប្រុសឈ្មោះ ម៉ឺន មាន វ័យ២៦ឆ្នាំ ត្រូវបានអាជ្ញាធរចាប់ខ្លួន នៅពេលពួកគេបើកគោយន្តដឹកឥវ៉ាន់លក់ដូរសំដៅទៅផ្ទះ ដោយធ្វើដំណើរតាមផ្លូវឆ្លងកាត់រនាំងក្រុមហ៊ុនមេត្រីភាព។ ក្នុងពេលចាប់ខ្លួននោះ លោកស្រី ភឹម ម៉ៅ ប្រាប់ថា អាជ្ញាធរដែលមានកម្លាំងទាហានចូលរួមផង បានយកស្វៃកាំភ្លើងវាយធ្វើបាបប្ដីនិងកូនប្រុសគាត់។
ប្រធានគ្រប់គ្រងការិយាល័យស៊ើបអង្កេតសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត យល់ថា អាជ្ញាធរគួរពន្លឿនវិធានការណ៍ដោះស្រាយបញ្ហាដែលបានដាក់ចេញកន្លងមក ដើម្បីបញ្ចប់ការចាប់ខ្លួន និងឃុំខ្លួនពលរដ្ឋតទៅទៀត ៖ «ខ្ញុំគាំទ្រនូវប្រសាសន៍អភិបាលខេត្តព្រះវិហារទី១ គាត់សុំតុលាការបញ្ឈប់ការចេញដីកាចាប់ប្រជាពលរដ្ឋបន្តទៅទៀត ហើយចាត់វិធានការណ៍ដោះស្រាយបញ្ហាដីធ្លីហ្នឹង ហើយឈប់ឱ្យមានការចោទប្រកាន់ហ្នឹង។ ហើយយល់ល្អអ្នកដែលជាប់ឃុំហ្នឹង គួរតែមានការអនុញ្ញាតឱ្យនៅក្រៅឃុំ ដើម្បីរួមគ្នាធ្វើការដោះស្រាយ ដើម្បីបញ្ចប់វិបត្តិដីធ្លីនៅក្នុងឃុំយាង ស្រុកជាំក្សាន្តហ្នឹងទៅ»។
ក្នុងវិវាទដីធ្លីរវាងពលរដ្ឋជាង ៣៣០គ្រួសារជាមួយនឹងក្រុមហ៊ុនមេត្រីភាពរបស់ឧកញ៉ា អាន ម៉ារឌី មានពលរដ្ឋ ១៤នាក់ត្រូវបានអាជ្ញាធរចាប់ និងឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តព្រះវិហារ ម្នាក់កំពុងបាត់ខ្លួន ហើយអ្នកភូមិខ្លះទៀត កំពុងរត់គេចចេញពីការតាមចាប់របស់អាជ្ញាធរ។ ក្រៅពីនេះពលរដ្ឋថា កងអន្តរាគមន៍វីរយោធាលេខ២៦១ ឬហៅថា ក្រុមកងកម្លាំងទាហានកងពលលេខ៦ ដែលឈរជើងការពារដីឱ្យក្រុមហ៊ុន បានឈូសកម្ទេចផលដំណាំ និងដុតផ្ទះពលរដ្ឋអស់ជាច្រើនខ្នង។
កាលពីថ្ងៃទី៦ ខែកុម្ភៈ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានសម្រេចដាក់ចេញវិធានការ៥ចំណុច ដើម្បីដោះស្រាយវិវាទដីធ្លីនេះ។ វិធានការទាំងនោះរួមមាន បង្កើតក្រុមការងារ វាស់វែងនិងដោះស្រាយផលប៉ះពាល់ជាក់ស្ដែង ជំរុញឱ្យមានការចុះបញ្ជីដីក្រុមហ៊ុនមេត្រីភាព ស្នើឱ្យក្រុមហ៊ុន កំណត់ព្រំដី ឱ្យបានច្បាស់លាស់ និងត្រូវមានកម្លាំងការពារសន្តិសុខរបស់ខ្លួន។ ស្នើឱ្យពលរដ្ឋ ដែលបានអាស្រ័យផលហើយ ត្រូវរក្សាភាពស្ងប់ស្ងាត់ និងបញ្ឈប់ការកាប់ទន្ទ្រានលើដីមានជម្លោះបន្តទៀត ត្រូវរង់ចាំអាជ្ញាធរពាក់ព័ន្ធសម្របសម្រួល និងស្នើឱ្យតុលាការខេត្តនេះ បញ្ឈប់ការចេញដីកាកោះហៅ ឬចាប់ខ្លួនពលរដ្ឋបន្តទៀត។
ក្រុមអង្គការសង្គមស៊ីវិលសង្កេតឃើញថា មានភាពយឺតយ៉ាវក្នុងដោះស្រាយបញ្ចប់ជម្លោះឱ្យប្រជាពលរដ្ឋ ក្រោយពីអាជ្ញាធរដាក់ចេញវិធានការណ៍ដោះស្រាយជម្លោះដីធ្លី ជិត២ខែមកនេះ៕