ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មក​ពី​ខេត្ត​កំពត​និង​ព្រះវិហារ​តវ៉ា​​នៅ​មុខ​ក្រសួង​ដែនដី

ដោយ ថា កិត្យា
2017-03-28
Share
ជម្លោះ​ដី ត្រពាំងភ្លាំង កំពត ៨៥៥ ពលរដ្ឋ​មាន​ជម្លោះ​ដី​មក​ពី​ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ឈរ​តវ៉ា​នៅ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៧។
Photo: RFA

ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០០​នាក់ មក​ពី​២​ខេត្ត គឺ​ខេត្ត​កំពត និង​ខេត្ត​ព្រះវិហារ បាន​ឈរ​ស្រែក​តវ៉ា​សុំ​ដំណោះស្រាយ​ដីធ្លី​នៅ​ខាង​មុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា។ រី​ឯ​មន្ត្រី​ក្រសួង​ដែនដី បាន​ត្រឹមតែ​សន្យា​ថា នឹង​ជួយ​ពិនិត្យ​ដោះស្រាយ​ម្ដង​ហើយ​ម្ដង​ទៀត។

វិវាទ​ដីធ្លី​របស់​ពល​រដ្ឋ​នៅ​ខេត្ត​កំពត និង​ខេត្ត​ព្រះវិហារ បាន​ក្លាយ​ជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ដែល​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​មិន​ទាន់​អាច​ព្យាបាល​ឲ្យ​ជា​សះ​បាន ខណៈ​ដែល​ពលរដ្ឋ​ឡើង​មក​សុំ​អន្តរាគមន៍​ជាច្រើន​លើក​ច្រើន​សា។

ចំពោះ​បញ្ហា​ដីធ្លី​នៅ​ខេត្ត​កំពត នោះ ពលរដ្ឋ​រៀបរាប់​ថា ការ​រត់​មក​សុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា ឲ្យ​ជួយ​ដោះស្រាយ​ឲ្យ​នៅ​ពេល​នេះ បន្ទាប់​ពី​ពួកគាត់​អស់​ជំនឿ​លើ​ចំណាត់​ការ​របស់​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​សុរិយោដី​ខេត្ត ដែល​មិន​អាច​ដោះស្រាយ​ជម្លោះ​ដីធ្លី​ឲ្យ​ពួក​គាត់​បាន​ជាង ៣​ឆ្នាំ​កន្លង​មក​នេះ។

តំណាង​ប្រជាពលរដ្ឋ​ជិត ២០០​គ្រួសារ ស្ថិត​នៅ​ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត លោក ហេង សឿន ឲ្យ​ដឹង​ថា ដីស្រែ​ចម្ការ​របស់​ពួកគាត់​ដែល​អ្នក​ខ្លះ​កាន់​កាប់​តាំង​ពី​ឆ្នាំ​១៩៩៣ និង​ខ្លះ​ទៀត​កាន់​កាប់​នៅ​ឆ្នាំ​២០០២ នោះ ត្រូវ​បាន​ឈ្មួញ​ដី​ពីរ​នាក់​ឈ្មោះ ហ៊ាង សុគន្ធី និង អាំង ផល្លីន ប្រើ​សន្តិសុខ​ដើរ​គំរាមកំហែង និង​ប្រើ​ហិង្សា​បង្ខំ​ឲ្យ​ពលរដ្ឋ​ចាក​ចេញ​ពី​ផ្ទះសម្បែង​ដីធ្លី​របស់​ខ្លួន​ដើម្បី​យក​ដី​នោះ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន មួយ ធ្វើ​ការ​ដាំ​ដំណាំ​ម្រេច«មាន​តែ​សម្ដេច​ម្នាក់​គត់​ដែល​អាច​ជួយ​ដី​នេះ​បាន បើ​ក្រៅ​ពី​សម្ដេច​ជួយ​មិន​បាន។ បើ​អាជ្ញាធរ​ថ្នាក់​ខេត្ត និយាយ​មិន​ស៊ី​សង្វាក់​ជាមួយ​ប្រជាពលរដ្ឋ​នោះ​ទេ»

​ក្រុម​ពលរដ្ឋ​ចង់​ឲ្យ​ក្រសួង​ដែនដី ជួយ​ដោះស្រាយ​ជូន​ពួក​គាត់ ព្រោះ​ពួកគាត់​ឆោត​ល្ងង់​មិន​ដឹង​ត្រូវ​ដោះស្រាយ​យ៉ាង​ណា​ទេ ដើម្បី​បាន​ដី​មក​គ្រប់គ្រង​ចិញ្ចឹម​ជីវិត​វិញ។ ពួកគាត់​ថា អាជ្ញាធរ​ថ្នាក់​ក្រោម​ហាក់​ដូច​ជា​មិន​ការពារ​ពលរដ្ឋ​ឡើយ តែ​បែរ​ជា​ការពារ​ខាង​ជន​ខិលខូច​ទៅ​វិញ។

ពលរដ្ឋ​មាន​ជម្លោះ​ដី​មក​ពី​ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ឈរ​តវ៉ា​នៅ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Rann Samnang
ពលរដ្ឋ​មាន​ជម្លោះ​ដី​មក​ពី​ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ឈរ​តវ៉ា​នៅ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Rann Samnang
RFA/Rann Samnang

អនុ​រដ្ឋលេខាធិការ​ក្រសួង​ដែនដី លោក ហេង រ៉ាន់ ស្នើ​ឲ្យ​ពលរដ្ឋ​ដែល​បាត់បង់​ដីធ្លី​វិល​ទៅ​កន្លែង​ដែល​រស់​នៅ​វិញ ដោយ​ធ្វើ​ពាក្យ​បណ្ដឹង​ដាក់​ប្ដឹង​លេខ​ក្បាល​ដី​ដែល​ខ្លួន​បាត់​នៅ​កាន់​មន្ទីរ​ដែនដី។ មន្ត្រី​រូប​នេះ​និយាយ​ដោយ​ធានា​ថា បើ​មាន​មនុស្ស​ទៅ​រក​រឿង​ពលរដ្ឋ​ប្រាប់​គេ​ឲ្យ​មក​ជួប​គាត់ ព្រោះ​គាត់​បាន​និយាយ​ជាមួយ​មន្ត្រី​សុរិយោ​ខេត្ត​រួច​ហើយ«ខ្ញុំ​បាន​និយាយ​ជាមួយ​ប្រធាន​មន្ទីរ ខ្ញុំ​ថា​ត្រូវ​ទទួល​ពាក្យ​ប្រជាពលរដ្ឋ។ ខ្ញុំ​ណែនាំ​ឲ្យ​ពួក​គាត់​ទៅ​ដាក់​ពាក្យ​ប្ដឹង គឺ​ប្ដឹង​ទៅ​លើ​ក្បាល​ដី​មួយ​ណា​ដែល​ជា​របស់​គាត់។ អ៊ីចឹង​ចាំ​ពេល​ប្ដឹង​ហើយ យើង​យក​មក​ដោះស្រាយ នាំ​គាត់​ទៅ​ចង្អុល​ក្បាល​ដី​មួយ​ហ្នឹង បើ​ក្បាល​ដី​នេះ​មិន​មែន​ជា​លេខ​ដែល​គេ​បិទ វា​មិន​មែន​នៅ​កន្លែង​ហ្នឹង​ទេ អា​ហ្នឹង​ចាំ​រក​វិធី​បន្ត​ទៅ​ទៀត ដោះ​ទៅ​ទៀត»

​ទោះ​ជា​យ៉ាង​ណា ពលរដ្ឋ​ថា ក្រសួង​ដែនដី ក៏​នឹង​ចុះ​ទៅ​បើក​កិច្ចប្រជុំ​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ​ជាមួយ​ពលរដ្ឋ រួម​ទាំង​អាជ្ញាធរ​ខេត្ត នៅ​មន្ទីរ​សុរិយោដី​ខេត្ត​កំពត ដែរ នៅ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ។

វិវាទ​ដីធ្លី​របស់​ពលរដ្ឋ​មួយ​ក្រុម​ទៀត​មក​ពី​ខេត្ត​ព្រះវិហារ

ពលរដ្ឋ​ទាំង​នោះ​គឺ​ជា​អតីត​អ្នក​ភូមិ​ស្វាយជ្រំ ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត បាន​ឈរ​កាន់​បដា និង​ស្រែក​ដង្ហោយ​ចង់​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​រឿង​ដីធ្លី​របស់​ពួកគាត់​ដែរ ខណៈ​ពួក​គាត់​ដើរ​សុំ​អន្តរាគមន៍​ស្ទើរ​គ្រប់​ក្រសួង​ស្ថាប័ន​នៅ​ក្នុង​រាជធានី​ភ្នំពេញ តែ​មិន​បាន​លទ្ធផល។

អតីត​អ្នក​ភូមិ​ស្វាយជ្រំ ទាមទារ​ឲ្យ​អាជ្ញាធរ​ប្រគល់​ដី​ភូមិ​ចាស់​មក​ពួកគេ​កាន់​កាប់​វិញ បន្ទាប់ពី​ពួកគាត់​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ព្រះវិហារ បង្ខំ​ឲ្យ​ចាក​ចេញ​ដោយ​ការ​ដោះដូរ​ដី​កន្លែង​ផ្សេង​ឲ្យ​រស់​នៅ​រយៈពេល ៥​ឆ្នាំ​មក​ហើយ។ ពួកគាត់​អះអាង​ថា អភិបាល​ខេត្ត​ព្រះវិហារ លោក អ៊ុំ ម៉ារ៉ា និង​តំណាងរាស្ត្រ​ខេត្ត​ព្រះវិហារ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក សួស យ៉ារ៉ា រួម​ទាំង​អតីត​ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ លោក ជុច ភឿន បាន​ឃុបឃិត​គ្នា​ជាមួយ​កងកម្លាំង​ប្រដាប់​អាវុធ បាន​ចាប់​ព្រះសង្ឃ​ផ្សឹក ចាប់​អាចារ្យវត្ត​ដាក់​គុក ព្រម​ទាំង​វាយកម្ទេច​វត្ត​អារាម និង​ផ្ទះសម្បែង​របស់​ពលរដ្ឋ​ទាំង​ស្រុង កាល​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១២។ ពួកគាត់​ថា សព្វថ្ងៃ​ពួកគាត់​ជួប​ការ​លំបាក​ខ្លាំង ដោយ​ទីកន្លែង​ថ្មី​ពោរពេញ​ដោយ​ព្រៃ និង​គ្រាប់​មីន ហើយ​មិន​អាច​ធ្វើ​របរ​អ្វី​បាន​ដើម្បី​ចិញ្ចឹម​ជីវិត«ធុញ​ទ្រាន់​នឹង​ការ​តវ៉ា​ណាស់! បើ​និយាយ​ពី​ភាព​វេទនា និង​ភាព​លំបាក គឺ​ធុញ​ទ្រាន់​ណាស់ ប៉ុន្តែ​ធ្វើ​ម៉េច​ជីវិត​អ្នក​ក្រ ជីវិត​អ្នក​អស់​ដី​អស់​ធ្លី ដូច​យើង​និយាយ​ថា បើ​យើង​ឆេះ​ផ្ទះ ឆេះ​តែ​ផ្ទះ ឆេះ​ទ្រព្យ​សម្បត្តិ​ទេ តែ​នៅ​សល់​ដី តែ​ដូច​ពួក​ខ្ញុំ​នេះ គឺ​អស់​ទាំង​ដី អស់​ទាំង​ផ្ទះ​សម្បែង អស់​ទាំងអស់​តែ​ម្តង»

​ចំពោះ​ជម្លោះដីធ្លី​នេះ មិន​ដឹង​ពេល​ណា​ទើប​ត្រូវ​បាន​ដោះស្រាយ​ចេញ​ជា​ផ្លូវការ​នោះ​ទេ ព្រោះ​ពលរដ្ឋ​បាន​ត្រឹមតែ​ឮ​ការ​សន្យា​ពី​ក្រសួង​រៀបចំ​ដែនដី ម្ដង​ហើយ​ម្ដង​ទៀត​ថា នឹង​ពិនិត្យ​ដោះស្រាយ​ជូន​ពួកគាត់។

​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ទាំង​ពីរ​ខេត្ត ប្រកាន់​ជំហរ​ដូច​គ្នា​ថា នឹង​បន្ត​តវ៉ា​នៅ​ក្រសួង​ដែនដី និង​ដាក់​ញត្តិ​តាម​ស្ថាប័ន​ជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត លុះត្រាតែ​ពួកគេ​ទទួល​បាន​ដំណោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល