កូនរបស់ស្ត្រីរងគ្រោះដីធ្លីនៅស្រុកគូលែន ខេត្តព្រះវិហារលើកឡើងថា ម្ដាយរបស់លោកបានលេបថ្នាំសម្លាប់ខ្លួន ដោយសារឈឺចិត្ត នឹងក្រុមអាជ្ញាធរ ចុះដុតផ្ទះសម្បែង រឹបអូសទ្រព្យសម្បត្តិ ឈូសឆាយ និងយកដីធ្លីឲ្យទៅក្រុមហ៊ុន សិលា ដាម៉ិច (Seila Damex) ក្រោយពីបង្ក្រាបដោយហិង្សា។ អាជ្ញាធរឃុំត្បែងពីរ ទទួលស្គាល់ថា ពិតជាមានករណីលេបថ្នាំសម្លាប់ខ្លួននេះមែន ប៉ុន្តែអះអាងថា ស្ត្រីរូបនោះក៏មានជម្លោះជាមួយបុរសជាប្ដីដែរ មុនពេលលេបថ្នាំ។
ស្ត្រីរងគ្រោះដីធ្លីម្នាក់ឈ្មោះ ហែម ឡី រស់នៅភូមិក្ដាក់ ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ បានលេបថ្នាំបាញ់ស្មៅសម្លាប់ខ្លួន ក្រោយពីអាជ្ញាធរ ចុះរុះរើ ដុតផ្ទះសម្បែង ឈូសឆាយដំណាំ និងយកដីចម្ការរបស់គាត់ ឲ្យទៅក្រុមហ៊ុន សិលា ដាម៉ិច (Seila Damex)។
កូនរបស់លោកស្រី ហែម ឡី គឺលោក ហ៊ុក ហុន អះអាងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៧ ខែមីនាថា ម្ដាយរបស់លោកបានលេបថ្នាំសម្លាប់ខ្លួនតាំងពីថ្ងៃទី៩ ខែមីនា ចំថ្ងៃអាជ្ញាធរបានចុះដុតផ្ទះ ឈូសឆាយដំណាំដីចម្ការរបស់គាត់ចំនួន ២ហិកតារ ប៉ុន្តែទើបស្លាប់កាលពីថ្ងៃទី១៥ ខែមីនា បើទោះជាគ្រួសារខិតខំយកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេលមួយសប្ដាហ៍រួចហើយក្ដី។ លោក ហ៊ុក ហុន ថា លោកឈឺចាប់ បន្ទាប់ពីបាត់បង់ផ្ទះសម្បែង និងដីស្រែចម្ការ ហើយត្រូវបាត់បង់ម្ដាយបន្ថែមទៀត។ លោកអំពាវនាវ ដល់រដ្ឋាភិបាលឲ្យជួយដោះស្រាយ និងរកយុត្តិធម៌ដល់ក្រុមគ្រួសាររបស់លោក។
លោក ហ៊ុក ហុន៖«គាត់ស្លុតចិត្តពេលឃើញគេវ៉ៃផ្ទះឈូសឆាយដំណាំដំឡូងអស់អ៊ីចឹង គាត់លេបថ្នាំគាត់យកថ្នាំកសិកម្មលេប គាត់បាត់បង់ដីធ្លីហើយ បាត់បង់ជីវិតទៀត។ ខ្ញុំសុំអំពាវនាវដល់រដ្ឋាភិបាលដែរ ចង់ស្នើសុំឲ្យជួយរកយុត្តិធម៌ឲ្យក្រុមគ្រួសារប្អូន ដោយសារប្អូនជាបុគ្គលមួយ ដែលខ្វះខាតទេ ហើយដល់គេយកដីយកធ្លីអស់ ម៉ែគាត់ទទួលមរណភាពអ៊ីចឹងទៀត គឺខាងក្រុមគ្រួសារខ្ញុំគិតអ្វីលែងចេញហើយ»។
ជុំវិញរឿងនេះ មេឃុំត្បែងពីរ លោក ងែត យ៉ាត ទទួលស្គាល់ថា ពិតជាមានពលរដ្ឋលេបថ្នាំសម្លាប់ខ្លួនព្រោះតែរឿងដីធ្លីពិតប្រាកដមែន។ លោកបន្ថែមថា ក្រៅពីរឿងឈឺចាប់ដោយសាររឿងដីធ្លីហើយនោះ លោកស្រី ហែម ឡី ក៏មានការឈ្លោះប្រកែកគ្នាជាមួយប្ដីរបស់គាត់ ទើបឈានដល់សម្លាប់ខ្លួនឯងបែបនេះ។
លោក ងែត យ៉ាត៖«រឿងរាវហ្នឹងគឺមកពីរឿងអ៊ីចឹងមែន ទីពីរគាត់ឈ្លោះគ្នាប្ដីប្រពន្ធគាត់ ពេលឈ្លោះគ្នាជាមួយប្ដីប្រពន្ធគាត់រួច ក៏គាត់ផឹកស្រា ហើយក៏ផឹកថ្នាំហ្នឹងតាមក្រោយ»។
លោកស្រី ហែម ឡី អាយុ ៥៩ឆ្នាំ មានកូនចំនួន ៤នាក់ ប្រុស៣ និងស្រី១ ដែលមានដីចម្ការចំនួន ២ហិកតារសម្រាប់ធ្វើកសិកម្មចិញ្ចឹមជីវិត ស្ថិតនៅក្នុងបរិវេណដីដែលអាជ្ញាធរអះអាងថា ក្រុមហ៊ុន សិលា ដាម៉ិច ទុកសម្រាប់ដាំដំណាំកសិកម្ម ប៉ុន្តែនៅថ្ងៃទី៩ ខែមីនា ដីនិងផ្ទះរបស់លោកស្រី ត្រូវបានអាជ្ញាធរចម្រុះ រឹបអូសយក និងដុតកម្ទេចចោល ហើយប្រគល់ឲ្យទៅក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច សិលាដាម៉ិច។ ចំណែកសពរបស់លោកស្រី ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅផ្ទះកូនរបស់គាត់នៅភូមិក្ដាក់ ឃុំត្បែងពីរ។
មន្ត្រីអង្គការ លីកាដូ បញ្ជាក់ថា នៅថ្ងៃកើតហេតុ ក្រុមគ្រួសារជនរងគ្រោះ បានបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពស្រយង់ ហើយក៏បញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ ប៉ុន្តែជនរងគ្រោះមានអាការៈធ្ងន់ធ្ងរពេក ក៏សម្រេចបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅល្ងាចថ្ងៃទី១៥ ខែមីនា ហើយជនគ្រោះបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៥ ខែមីនា។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីសុំការអត្ថាធិប្បាយបានទេនៅថ្ងៃទី១៧ ខែមីនា។
ប្រជាពលរដ្ឋចំនួន ២ឃុំ គឺឃុំស្រយង់ និងឃុំត្បែងពីរ ជាង ៣០០គ្រួសារ កំពុងមានវិវាទដីធ្លីជាមួយក្រុមហ៊ុន សិលាដាម៉ិច ហើយប្រជាពលរដ្ឋនៅតំបន់នោះ ស្នើឲ្យអាជ្ញាធរកាត់ឆ្វៀលដីរបស់ពួកគេទុកសម្រាប់អាស្រ័យផល ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ក៏ប៉ុន្តែអាជ្ញាធរនៅមិនទាន់ដោះស្រាយឱ្យពួកគេ ។
ទាក់ទិននឹងបញ្ហានេះ នាយករងទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោកអំ សំអាតយល់ឃើញថា អាជ្ញាធរត្រូវតែចុះសិក្សាស្រាវជ្រាវ អំពីបញ្ហានេះឲ្យបានម៉ត់ចត់ ប្រសិនបើពួកគាត់មិនមានដីធ្លីសម្រាប់អាស្រ័យផលគ្រប់គ្រាន់ទេ រដ្ឋាភិបាលត្រូវតែផ្ដល់ដីសម្បទានសង្គមកិច្ចណាមួយដល់ពួកគាត់។ លោកបន្ថែមថា បញ្ហាដីធ្លី និងការបណ្ដេញចេញទាំងបង្ខំគួរតែបញ្ចប់ ហើយរដ្ឋត្រូវមានយន្តការច្បាស់លាស់ដើម្បីរកដំណោះស្រាយ ប្រសើរជាងការប្រើប្រាស់អំពើហិង្សា និងកុំឲ្យជះឥទ្ធិពលរហូតដល់មានការសម្លាប់ខ្លួនបែបនេះ។
លោកអំ សំអាត៖«ដីហ្នឹង ប្រសិនបើរដ្ឋាភិបាលផ្ដល់ឲ្យក្រុមហ៊ុនឯកជនធ្វើការវិនិយោគ ប៉ុន្តែបើប្រជាពលរដ្ឋគាត់កាន់កាប់ និងអាស្រ័យផលយូរហើយ គាត់គ្មានដីគ្មានផ្ទះគ្មានសម្បែងទេ គួរតែមានដំណោះស្រាយណាមួយឲ្យសមស្របសម្រាប់ពលរដ្ឋ វាទាក់ទងរឿងសម្បទានដីសង្គមកិច្ច ទាក់ទងរឿងផ្សេងៗ ទៀត ប្រសិនបើពលរដ្ឋរកទៅឃើញថា ក្រីក្រគ្មានដីគ្មានធ្លី»។
កាលពីព្រឹកថ្ងៃទី៦ ខែមីនា សមត្ថកិច្ចចម្រុះខេត្តព្រះវិហារ បានចុះរុះរើ និងដុតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ នៅឃុំស្រយង់ និងឃុំត្បែងពីរ ត្រូវបានពលរដ្ឋជាង ១០០នាក់ នាំគ្នារារាំងបណ្ដាលឲ្យមានការប៉ះទង្គិចគ្នាជាមួយកងកម្លាំងសមត្ថកិច្ចចម្រុះរាប់រយនាក់។ ក្រោយព្រឹត្តិការណ៍នេះ សមត្ថកិច្ចបានបន្តចុះរុះរើផ្ទះពលរដ្ឋជាបន្តបន្ទាប់ និងបានចាប់ឃុំខ្លួនពលរដ្ឋចំនួន ២៥នាក់ និងកំពុងបន្តតាមចាប់ខ្លួនពលរដ្ឋផ្សេងទៀត ខណៈពលរដ្ឋមួយចំនួនកំពុងរត់ពួនក្នុងព្រៃ ដើម្បីគេចពីការតាមចាប់ខ្លួនរបស់អាជ្ញាធរ ហើយពួកគាត់កំពុងជួបការលំបាក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។