ពលរដ្ឋ​ជាង​១០០​គ្រួសារ​នៅ​ស្រុក​ព្រៃនប់​ចោទ​ក្រុមហ៊ុន​លោក​ជៀកគឹមឡុង​រំលោភ​យក​ដី

0:00 / 0:00

តំណាង​ប្រជាពលរដ្ឋ​ជាង​១​រយ​គ្រួសារ (១១៨) នៅ​តំបន់​តាលះ ឃុំ​រាម ស្រុក​ព្រៃនប់ បាន​ប្រមូល​ផ្គុំគ្នា​លើក​បដា​តវ៉ា នៅ​ពីមុខ​សាលាខេត្ត​ព្រះសីហនុ ស្នើសុំ​អន្តរាគមន៍​លើ​ទំនាស់​ដីធ្លី ដែល​ពួកគាត់​អះអាង​ថា ត្រូវ​ក្រុមហ៊ុន ជៀក ស៊ីន គំរាម​រំលោភ​យក។

វិវាទ​នេះ​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ បាន​ជួប​តំណាង​ពលរដ្ឋ និង​ស្នើ​ឲ្យ​រៀបចំ​ដាក់ពាក្យ​បណ្ដឹង​មកកាន់​សាលាខេត្ត ជួយ​ដោះស្រាយ​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ខាងមុខ។

ប្រជាពលរដ្ឋ​ជិត​១​រយ​នាក់ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ចំនួន ១​រយ ១៨​គ្រួសារ (១១៨) មាន​លំនៅឋាន ក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ ដែល​ឈរ​លើក​បដា​តវ៉ា​ពីមុខ​សាលាខេត្ត​ព្រះសីហនុ ល្ងាច​ថ្ងៃ​សុក្រ ទី​២២ ខែ​ឧសភា បាន​ចោទ​លោក ជៀក គឹមឡុង ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជៀក ស៊ីន អ៊ិនវេសម៉ិន ថា​បាន​មក​គំរាម​ឲ្យ​ពួកគាត់​រុះរើ​ផ្ទះ និង​ដី​កសិកម្ម​ធ្លាប់​រស់នៅ​ជា​យូរ​ឆ្នាំ។

ក្នុង​បដា​មួយ​ចំនួន របស់​ក្រុម​ប្រជាពលរដ្ឋ​បាន​ចោទ លោក ឈិត សុខុន អភិបាលខេត្ត​ព្រះសីហនុ លោក ស្រ៊ុន ស្រ៊ន់ អភិបាលរង និង​លោក ទិត្យ វុទ្ធី អភិបាលស្រុក​ព្រៃនប់ ថា​បាន​ឃុបឃិត​ជាមួយ ក្រុមហ៊ុន លោក ជៀក គឹម​ឡុង រំលោភ​យក​ដី​ពលរដ្ឋ​ដែល​ពលរដ្ឋ​ខ្លះ បាន​មក​តាំងទី​លំនៅ​លើ​ដី​នេះ​តាំងពី​ឆ្នាំ​១៩៩១​មក​ម្ល៉េះ។

ផ្ដើម​ពី​បញ្ហា​នេះ ក្រុម​ប្រជាពលរដ្ឋ​ឃុំ​រាម ក៏បាន​សំណូមពរ​ដល់​លោកនាយក​រដ្ឋមន្ត្រី និង​ព្រះមហាក្សត្រ ព្រះករុណា សម្ដេច​ព្រះ​នរោត្តម សីហមុនី ជួយ​អន្តរាគមន៍ និង​ពិនិត្យ សកម្មភាព​ឃុបឃិត រំលោភ​យក​ដី​ពលរដ្ឋ នៅ​ឃុំ​រាម​ដោយ​អនុគ្រោះ។ ជាង​នេះ ក្រុម​ប្រជាពលរដ្ឋ​ក៏បាន​ចោទ​ថា​វិវាទ​ដីធ្លី​នៅ​ឃុំ​រាម ក៏​មាន​ជាប់​ពាក់ព័ន្ធ​ភាព​អសកម្ម របស់​មន្ត្រី​ស្ថាប័ន​តុលាការ​សាលាដំបូង ខេត្ត​ព្រះសីហនុ​ដែរ៖ «ដី​តំបន់​នេះ ពីមុន​មាន​ទំនាស់​ជាមួយ ក្រុមហ៊ុន​លោក ខូវ ផល្លាបុត្រ ប៉ុន្តែ​បន្ទាប់ពី​មានការ​ចរចា​រួចមក ក្រុមហ៊ុន​នេះ​បាន​ពុះ​បែង​ចែក​ជូន​ពលរដ្ឋ​បាន​រស់​នៅ​សុខសាន្ត​ជា​យូរ​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​ឥឡូវនេះ​បែរ​ជា​មាន​ក្រុមហ៊ុន ជៀក គឹមឡុង ផ្សេង បាន​ចូល​មក​បំពាន​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ជាង ១​រយ​គ្រួសារ​នៅ​ឃុំ​រាម​បន្ត​ទៀត ក្នុង​រយៈពេល​២​ខែ​ចុង​ក្រោយនេះ។ សូម​សម្ដេច​ហ៊ុន សែន ជួយ​ព្រោះ​កូនចៅ​បាន​គាំទ្រ​ការដឹកនាំ​របស់​សម្ដេច​២០​ឆ្នាំ​មក​ហើយៗ បាន​បោះឆ្នោត​ជូន​គ្រប់​អាណត្តិ​បោះឆ្នោត​កន្លងមក​។ ក្រុមហ៊ុន ជៀក គឹម​ឡុង បាន​គំ​រា​ពលរដ្ឋ​ថា បើ​ហ៊ាន​ចេញមុខ​តវ៉ា​នឹង​ត្រូវ​ជាប់​ខ្នោះ ឬ​ជាប់គុក​ជាដើម»។

បញ្ហា​នេះ​ដែរ លោក សុខ ចាន់តារា ដែល​អះអាង​ជា​តំណាង​ឲ្យ​ពលរដ្ឋ​ចំនួន ១១៨​គ្រួសារ ថ្លែងប្រាប់​វិទ្យុ​អាស៊ីសេរី​ថា វិវាទ​ដីធ្លី រវាង​ប្រជាពលរដ្ឋ​ឃុំ​រាម ជាមួយ​ក្រុមហ៊ុន​របស់​លោក ជៀក គឹមឡុង ទើប​កើត​មាន​ធ្ងន់ធ្ងរ ក្នុង​រយៈពេល ២​ខែ​ចុង​ក្រោយនេះ​ទេ។ ហើយ​ថា ជម្លោះ​នេះ​បាន​រីក​រាលដាល​រហូត​មានការ​ប្រមូលផ្ដុំ​តវ៉ា​នេះ ដោយសារតែ​ក្នុង​សប្ដាហ៍​នេះ ក្រុមហ៊ុន​លោក ជៀក គឹមឡុង បាន​ដើរ​បិទ​សេចក្ដី​ប្រកាស តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​រុះរើ​ផ្ទះ និង​ត្រូវ​ចាក​ចេញពី​លើ​ដី​កសិកម្ម ដោយ​គំរាម​ថា បើ​ពលរដ្ឋ​ណា​ម្នាក់​រឹងទទឹង​មិន​ស្ដាប់​តាម​ការណែនាំ របស់​ក្រុមហ៊ុន​ទេ នឹង​ត្រូវ​ចាប់​ដាក់​ខ្នោះ ឬ​ចាប់​ដាក់គុក​ជាដើម។

លោក​បាន​សំណូម​ដល់​ថ្នាក់ដឹកនាំ ខេត្ត​ព្រះសីហនុ ពិសេស​លោកនាយក​រដ្ឋមន្ត្រី ជួយ​អន្តរាគមន៍ លើ​វិវាទ​ដីធ្លី​នេះ ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ពលរដ្ឋ​ឃុំ​រាម​រស់នៅ​សុខសាន្ត​ឡើងវិញ៖ «ខ្ញុំ​សូម​បួងសួង​តាម​វិទ្យុ​អាស៊ីសេរី​ស្នើ​ឲ្យ​សម្ដេច ហ៊ុន សែន ជួយ​ដល់​កូនចៅ ដែល​ត្រូវ​ក្រុមហ៊ុន ជៀក ស៊ីន របស់​លោក ជៀក គឹម​ឡុង រំលោភ​យក​ដី​ផ្ទះ និង​ដី​កសិកម្ម នៅ​ឃុំ​រាម ប៉ះពាល់​ពលរដ្ឋ​ចំនួន ១១៨​គ្រួសារ ដែល​ពលរដ្ឋ​ធ្លាប់​កាន់កាប់​តាំងពី​ឆ្នាំ​១៩៩៣​មក​នោះ ត្រូវ​បាន​ទៅ​ក្រុមហ៊ុន លោក ជៀក គឹមឡុង ឬ​បាន​មក​ប្រជាពលរដ្ឋ។ ព្រោះ​ក្រុមហ៊ុន ជៀក គឹម​ឡុង ទើប​ចូល​មក​បង្ហាញខ្លួន​នៅ​ឆ្នាំ​២០១៥​នេះ​ទេ»។

វិទ្យុ​អាស៊ីសេរី មិនទាន់​អាច​ទាក់ទង លោក ជៀក គឹម​ឡុង ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជៀក ស៊ីន អ៊ិនវេសម៉ិន ដើម្បី​ឆ្លើយ​បំភ្លឺ​ជុំវិញ​វិវាទ​ដីធ្លី ជាមួយ​ពលរដ្ឋ​ជាង ១​គ្រួសារ នៅ​ឃុំ​រាម​បាន​នៅឡើយ​ទេ នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​២២ ខែ​ឧសភា។

ទាក់ទិន​បញ្ហា​នេះ លោក ប៊ួន ណារិទ្ធ មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​ព្រះសីហនុ ដែល​បាន​ពិនិត្យ​តាមដាន​វិវាទ​ដីធ្លី​នេះ​ដែរ ក៏បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ ត្រូវ​ពិនិត្យ​ដោះស្រាយ​ជម្លោះដីធ្លី រវាង​ពលរដ្ឋ​ឃុំ​រាម និង​ក្រុមហ៊ុន លោក ជៀក គឹមឡុង ដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ និង​មាន​ឯករាជ្យ។

បន្ថែម​លើ​នេះ លោក​ស្នើ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​នៅ​ឃុំ​រាម ដែល​មាន​ទំនាស់​ដីធ្លី សូម​មក​ដាក់​ពាក្យបណ្ដឹង នៅ​ការិយាល័យ​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​ព្រះសីហនុ ដើម្បី​ជួយ​ពិនិត្យ​អង្កេត និង​ចូលរួម​រក​ដំណោះស្រាយ៖ «ពាក់ព័ន្ធ​ដី​ជម្រក​ព្រៃឈើ អាជ្ញាធរ​មុន​កាត់​ឆ្វៀល​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន​ណាមួយ ត្រូវ​ពិនិត្យ​ស្ថានភាព​ដី​នោះ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​ប្រាកដ​ថា ដី​នោះ​មាន​ពាក់ព័ន្ធ​ការ​កាន់កាប់ របស់​ប្រជាពលរដ្ឋ​ដោយ​សុចរិត​ស្របតាម​លក្ខខណ្ឌ​ភោគៈ​៥​ដែរ​ឬ​ទេ​ ? ប៉ុន្តែ​បើ​ពាក់ព័ន្ធ​ពលរដ្ឋ​អាជ្ញាធរ​ត្រូវ​កាត់​ឆ្វៀល​ដី​នោះ​ជូន​ពលរដ្ឋ​ដូច​ក្រុមហ៊ុន​ដែរ​។ ប៉ុន្តែ​បើ​អាជ្ញាធរ​មិន​កាត់​ឆ្វៀល​ឲ្យ​ពលរដ្ឋ តែ​បែរជា​កាត់​ឲ្យ​ក្រុមហ៊ុន គឺ​ប្រជាពលរដ្ឋ​នៅ​នឹង​តែ​តវ៉ា ហើយ​ទំនាស់​ដីធ្លី​នឹង​បន្ត​កើតមាន​ជា​បន្តបន្ទាប់​ទៀត»។

ការ​ប្រមូល​ផ្ដុំ​តវ៉ា របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី នៅ​ពីមុខ​សាលាខេត្ត​ព្រះសីហនុ នា​ល្ងាច​ថ្ងៃ​ទី​២២ ខែ​ឧសភា ក៏​ត្រូវ​ប្រកាស​រំសាយ ដោយ​គ្មាន​អំពើ​ហិង្សា​ទេ បន្ទាប់ពី​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ បាន​អនុញ្ញាត​ឲ្យ​តំណាង​ពលរដ្ឋ​ឃុំ​រាម​ចូល​ជួប​រួចមក។ នៅ​ក្នុង​ជំនួប​នោះ មន្ត្រី​តំណាង​សាលាខេត្ត​ព្រះសីហនុ ក៏​បាន​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ដាក់ពាក្យ​បណ្ដឹង មកកាន់​សាលាខេត្ត​ជួយ​ដោះស្រាយ នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ខាងមុខ។

ការ​ប្រមូល​ផ្ដុំ របស់​ប្រជាពលរដ្ឋ​ទាំងនេះ​ក៏​ឃើញ​មាន​កងកម្លាំង​កងរាជអាវុធហត្ថ និង​កម្លាំង​នគរបាល​ជាច្រើន​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ ដើម្បី​ការពារ​ខ្លាច​មាន​អំពើ​ហិង្សា​កើតឡើង និង​ជួយ​សម្រួល​ចរាចរណ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។