ពលរដ្ឋ​ចំនួន​ ៤​ភូមិ​​នៅ​​ព្រះវិហារ​​តវ៉ា​​ករណី​​ក្រុមហ៊ុន​​ចិន​​ឈូស​ឆាយ​​ផ្លូវ​​ប៉ះពាល់​​ដី​ស្រែ ​និង​​ព្រៃ​​ជំនឿ

0:00 / 0:00

ពលរដ្ឋ​ជាង ១​រយ​នាក់ រស់​នៅ​ភូមិ​ចំនួន ៤​ភូមិ នៃ​ឃុំ​រម្យទម ស្រុក​រវៀង ខេត្ត​ព្រះវិហារ បាន​ឃាត់​គ្រឿងចក្រ ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឆៃណា គ្រុប (CHINA Group) ដែល​ពួកគេ​ចោទ ថា ក្រុមហ៊ុន​នេះ​បាន​ឈូស ឆាយ​ផ្លូវ​ក្រវាត់​ព្រំ ដី​ប៉ះពាល់​ដីស្រែ​ចម្ការ និង​ព្រៃ​ជំនឿ​របស់​សហគមន៍​ចំនួន ៤ភូមិ។

ក្រុម​ប្រជាពលរដ្ឋ​ដែល​មកពី​ភូមិ​ត្រពាំង​ទន្ទឹម ភូមិ​ទួល​រវៀង ភូមិ​អូរទ្រឡូក និង​ភូមិ​រំដេង នៃ​ឃុំ​រម្យទម របស់​ស្រុក​រវៀង នៅ​រសៀល​ថ្ងៃទី១៦ ខែ ធ្នូ បាន​ឃាត់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចំនួន ២ គ្រឿង ក្នុង​បំណង​ទាមទារ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន និង​តំណាង​ក្រុមហ៊ុន​ឆៃណា គ្រុប បញ្ឈប់​សកម្មភាព​ឈូស​ឆាយ​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំ​ដី​ជាបន្ទាន់។ អ្នកភូមិ​ថា សកម្មភាព​ឈូស​ឆាយ​នេះ បង្ក​ផល​ប៉ះពាល់​ដីស្រែ​ចម្ការ ព្រៃ​ជំនឿ ដី​ត្រៀម បម្រុង​របស់​សហគមន៍ និង​កន្លែង​រក​រ៉ែ​មាស​លក្ខណៈ​គ្រួសារ របស់​ពលរដ្ឋ​ជាច្រើន​ជំនាន់​មក​ហើយ។

តំណាង​ពលរដ្ឋ​រស់នៅ​ភូមិ​រំដេង លោក ទុយ ឆេង ឲ្យ​ដឹង​ថា សកម្មភាព​ឈូស​ឆាយ​នោះ​ក្រុមហ៊ុន និង​អាជ្ញាធរ​មិន​បាន​ពិភាក្សា​ជាមួយ​តំណាង​សហគមន៍​នោះ​ទេ។ លោក​ថា ផ្លូវ​ក្រវាត់​ព្រំ ដី​ដែល​ក្រុមហ៊ុន​ឈូស ឆាយ​មាន​ផ្នែក​ខ្លះ​ប៉ះពាល់​ដីស្រែ​អ្នកភូមិ​ជាច្រើន​គ្រួសារ និង​មាន​ផ្នែក​ខ្លះ​ទៀត ប៉ះពាល់​ដី​ព្រៃ​អារក្ស ព្រៃ​ជំនឿ និង ព្រៃស្រោង ដែល​ជា​តំបន់​ជម្រក​សត្វព្រៃ​កម្រ​រស់នៅ​ទៀត​ផង៖ «បើ​គិត​ជា​ផល​ប៉ះពាល់​ប្រយោជន៍​របស់​ពលរដ្ឋ ដំណាំ​ដាំ​ដុះ ដីចម្ការ​ស្រែ ស្មាន​តិច​បំផុត​គឺ ៣​រយ​ហិកតារ។ បាត់​ទាំង​ដីចម្ការ បាត់​ទាំង​ព្រៃ​ធម្មជាតិ បាត់​ទាំង​កន្លែង​ជម្រក​សត្វ​សព្វ​មុខ​ដែល​រស់នៅ​ក្នុង​ព្រៃ​ហ្នឹង​ទាំងអស់»។

បុរស​ដដែល​បន្ថែម​ថា វត្តមាន​ក្រុមហ៊ុន​ចិន​នៅ​តំបន់​នោះ​មិន​ដឹង​ថា អភិវឌ្ឍន៍​អ្វី​ឲ្យ​ពិតប្រាកដ​នោះ​ទេ ព្រោះ​កន្លងទៅ អ្នកភូមិ​ប្រទះឃើញ ក្រុមហ៊ុន​នេះ​បាន​ធ្វើ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​តាំងពី​ឆ្នាំ២០១៤ រហូត​មក​ទល់​ពេលនេះ ពួកគាត់​ភ្ញាក់ផ្អើល​នៅ​គ្រា​ដែល​ក្រុមហ៊ុន​ឈូស​ឆាយ​កំណត់​ព្រំ​ដី​វិយោគ មិន​បាន​ពិភាក្សា​ជាមួយ​សហគមន៍​មូលដ្ឋាន៖ «ព្រៃ​ចែងមែង និង​ព្រៃ​ត្រពាំង​កាប់​ចោរ។ ព្រៃ​នេះ​ផ្ដល់​ប្រយោជន៍​ច្រើន ស្វាយចន្ទី ដំណាំ​សព្វ​មុខ និង ស្រូវ ហើយ​សំខាន់​បំផុត​គឺ​ជីក​មាស​ជា របរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ។ កេរដំណែល​ពី​ដូនតា​គាត់​មក គឺ​ទម្លាប់​អ៊ីចឹង»។

អភិបាលស្រុក​រវៀង លោក ហោ ប៊ុនហ៊ួ បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី​នៅ​ថ្ងៃទី១៦ ខែ​ធ្នូ។

ចំណែក​មេឃុំ រម្យទម លោក សោម មុត ប្រាប់​អាស៊ីសេរី​ថា អាជ្ញាធរ​ឃុំ​នៅ​មិនទាន់​ទទួល​ព័ត៌មាន​ករណី​នេះ​នៅឡើយ​ទេ ព្រោះ​ក្រុម​ពលរដ្ឋ​មិនបាន​ជូនដំណឹង​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន​។ រីឯ​សកម្មភាព​ឈូសឆាយ​ផ្លូវ​កំណត់​ព្រំ​ដី​វិនិយោគ​របស់​ក្រុមហ៊ុន​ក៏​អាជ្ញាធរ​ឃុំ មិនបាន​ដឹង​ដែរ។ តែ​យ៉ាងណា​លោក​ថា នឹង​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ភ្លាមៗ បើ​រក​ឃើញ​ថា ក្រុមហ៊ុន​នេះ អនុវត្ត​ខុស​គោលការណ៍​វិនិយោគ៖ «អត់​បាន​ប្ដឹង​មក​ខ្ញុំ​ផង បើ​ប្រាប់​ខ្ញុំ គឺ​ខ្ញុំ​នឹង​ចាត់វិធានការ​អត់​ឲ្យ​កើតមាន​អ៊ីចឹង​ទេ»។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​ពលរដ្ឋ​នាំគ្នា​តវ៉ា ជំទាស់​សកម្មភាព​ឈូស​ឆាយ​នោះ គឺ​ក្រុមហ៊ុន​ត្រូវតែ​ផ្អាក​ជា​បន្ទាន់ និង​រង់ចាំ​ការ​ដោះស្រាយ​សិន ដោយ​ផ្អែក​តាម​បទបញ្ជា ០០១ របស់​របប​ក្រុងភ្នំពេញ។ លោក​ថា អាជ្ញាធរ​ជាតិ​គួរតែ​ចុះ​ស៊ើបអង្កេត ពី​ភាព​មិន​ប្រក្រតី​របស់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឆៃណា គ្រុប​ឡើងវិញ ខណៈ​ដែល​ក្រុមហ៊ុន​នេះ រង​ការ​ចោទ​ថា មិន​បាន​គោរព កិច្ចសន្យា​វិនិយោគ រំលោភ​ដីស្រែ​ចម្ការ​អ្នកស្រុក និង​មិនបាន​កាត់​ឆ្វៀល​ផល​ប៉ះពាល់៖ «យើង​ឃើញ​កន្លែង​ខ្លះ ក្រុមហ៊ុន​អត់​បាន​អនុវត្ត​រូបមន្ត​ស្បែក​ខ្លា នៅ​ពេល​គាត់​ឈូស​ចេះតែ​ឈូស នៅ​ពេល​ពលរដ្ឋ​តវ៉ា​ស្ងាត់​បណ្ដោះអាសន្ន ពេល​ពលរដ្ឋ​ឈប់ គឺ​ក្រុមហ៊ុន​ឈូស​ទៀត។ អ៊ីចឹង​ហើយ​យើង​ឃើញ​ថា ក្រុមហ៊ុន​អត់​មាន​អនុវត្ត​រូបមន្ត​ស្បែក​ខ្លា​គោលការណ៍​រដ្ឋាភិបាល​បណ្ដាល​ឲ្យ​មាន​បញ្ហា​រឹតតែ​ខ្លាំង»។

អាស៊ីសេរី​នៅ​មិនទាន់​រក​ប្រភព​ទាក់ទង​តំណាង​ក្រុមហ៊ុន​ចិន ឆៃណា គ្រុប ដើម្បី​សុំ​ការ​បញ្ជាក់​ជុំវិញ​ការ​តវ៉ា​របស់​ក្រុម​ពលរដ្ឋ​បាន​នៅឡើយ​ទេ​នៅ​ថ្ងៃទី១៦ ធ្នូ។

ក្រុម​ប្រជា​សហគមន៍​អះអាង​ថា បើ​អាជ្ញាធរ​ជាតិ​មិន​ប្រញាប់ ដោះស្រាយ​ក្តី​កង្វល់​របស់​ពលរដ្ឋ​នោះ​ទេ សកម្មភាព​របស់​ក្រុមហ៊ុន​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ ដល់​ធនធានធម្មជាតិ និង​តំបន់​គោរព​បូជា​តាម​ជំនឿ​របស់​ពួកគាត់ ដូចជា ព្រៃស្រោង ព្រៃ​ជំនឿ ជម្រក​សត្វព្រៃ និង កន្លែង​រុករក​រ៉ែ​មាស​លក្ខណៈ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​តាំងពី​ដូច​តា​មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។