ពលរដ្ឋតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យដើម្បីរក្សាការពារដីរបស់ខ្លួន
2014.11.24
ប្រជាពលរដ្ឋមានទំនាស់ដីធ្លីនៅក្រុងប៉ោយប៉ែតប្រមាណជិត១រយនាក់ តំណាងឲ្យប្រជាពលរដ្ឋប្រមាណ២រយគ្រួសារ លើកគ្នាទៅតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យ ដើម្បីឲ្យអភិបាលខេត្តជួយអន្តរាគមន៍រក្សាការពារដីជម្លោះរបស់អ្នកភូមិ នាព្រឹកថ្ងៃទី២៤វិច្ឆិកា។ អ្នកភូមិបញ្ជាក់ថាមូលហេតុដែលតវ៉ានេះ ដោយសារមន្ត្រីយោធាទំនាក់ទំនងព្រំដែនការិយាល័យកម្ពុជាថៃម្នាក់បានប្រើប្រាស់ប្រព័ន្ធតុលាការ ហើយចេញដីការឹបអូសយកដីក្នុងជម្លោះពីប្រជាពលរដ្ឋ។
បន្ទាប់ពីការតវ៉ារបស់អ្នកភូមិប្រមាណ១ម៉ោងមក មន្ត្រីសាលាខេត្តបន្ទាយមានជ័យ អនុញ្ញាតឲ្យតំណាងប្រជាពលរដ្ឋចំនួន៥នាក់ចូលទៅប្រជុំចរចារកដំណោះស្រាយនៅសាលាខេត្ត ប៉ុន្តែពុំទទួលបានលទ្ធផលនៅឡើយទេ។
តំណាងអ្នកភូមិម្នាក់ ឈ្មោះ លោក ម៉េង ឃីម រស់នៅភូមិក្បាលស្ពាន២ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្លែងនៅថ្ងៃទី២៤វិច្ឆិកាថា ហេតុដែលពួកគេមកតវ៉ានេះ ដោយសារមន្ត្រីយោធាផ្នែកទំនាក់ទំនងព្រំដែនការិយាល័យកម្ពុជា-ថៃម្នាក់ឈ្មោះ លោក គឹម សារឹន បានប្រើប្រាស់ប្រព័ន្ធតុលាការរឹបអូសយកដី ដែលមានជម្លោះជាមួយអ្នកភូមិធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ លោកបន្តទៀតថា ភាគីទំនាស់មិនត្រឹមតែប្រើប្រាស់ប្រព័ន្ធតុលាការប៉ុណ្ណោះទេ ថែមទាំងយកឈ្មោះរបស់អ្នកធំ គឺលោក ហ៊ីង ប៊ុនហៀង ទៅគំរាមប្រជាពលរដ្ឋទៀតផង៖ «ហើយដល់ពេលអ៊ីចឹងទៅប្រជាពលរដ្ឋខ្ញុំហ្នឹង ប៉ះពាល់ផ្លូវអារម្មណ៍ ផ្លូវចិត្តដេកមិនលក់រកស៊ីអីក៏មិនកើតដែរ ក៏បានព្រមព្រៀងគ្នាមកខេត្តហ្នឹង ដើម្បីឲ្យអភិបាលខេត្តហ្នឹង ជួយដោះស្រាយរឿងហ្នឹងសារដើម។ ហើយនឹងថ្លឹងថ្លែងមើលថាប្រជាពលរដ្ឋនៅជាង២០ឆ្នាំ ហេតុអីបានជាគ្រាន់តែជាឈ្មោះ គឹម សារឹន ម្នាក់ហ្នឹងកាន់ប្លង់ប្រកាន់ដីភូមិឃុំត្រឹម តែគេនិរាករណ៍ចោលគ្មានប្រសិទ្ធភាព ហើយហ្នឹងហេតុបានជាមកគាបសង្កត់ប្រជាពលរដ្ឋ»។
ផ្ទៃដីដែលមានទំនាស់ ទំហំទទឹងប្រមាណជាង១រយម៉ែត្រ(១០០) និងបណ្ដោយប្រមាណ៤រយ៥០ម៉ែត្រ(៤៥០) ស្ថិតនៅចំណុចភូមិក្បាលស្ពាន២ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។អ្នកភូមិឲ្យដឹងថាដីចំនួននេះ ជាដីលំនៅឋានរបស់ប្រជាពលរដ្ឋ ប្រមាណ២រយគ្រួសារ បានកាន់កាប់និងសង់លំនៅឋានតាំងពីឆ្នាំ១៩៩២រហូតមក។
ឆ្លើយតបនិងបញ្ហានេះ មន្ត្រីយោធាផ្នែកទំនាក់ទំនងព្រំដែនកម្ពុជា-ថៃលោក គឹម សារឹន បដិសេធចំពោះការចោទប្រកាន់របស់ប្រជាពលរដ្ឋដែលថា លោកប្រើប្រាស់ប្រព័ន្ធតុលាការរឹបអូសយកដីពីអ្នកភូមិនោះ ជារឿងមិនពិតឡើយ។ ទោះយ៉ាងនេះក្ដីលោកថាផ្ទៃដីនៅក្នុងទំនាស់ដីនោះ ជាកម្មសិទ្ធិរបស់លោកកាន់កាប់ តាំងពីពុំមានប្រជាពលរដ្ឋ ទៅតាំងទីលំនៅច្រើនកុះករដូចពេលសព្វថ្ងៃនេះនៅឡើយទេ៖ «ខ្ញុំប្ដឹងតាំងពីឆ្នាំ២០០២ណោះ ហ្នឹងហើយតាំងពីថ្ងៃ៥ថ្ងៃ៦ហើយ បានប៉ុន្មានថ្ងៃខ្ញុំមកនៅប្រចាំប៉ោយប៉ែតហ្នឹង ខ្ញុំដាក់ពាក្យបណ្ដឹងទៅលោកមេឃុំៗហើយក៏លោក សរ ចំរ៉ុង ឡើងមកកាន់អភិបាលស្រុក ពេលនោះក៏លោក ឃោស ម៉ាលី ក៏គាត់ទទួលគណៈកម្មការដោះស្រាយដីធ្លី ខ្ញុំក៏បានដាក់ពាក្យប្ដឹងជាមួយយាយសុខចាន់។ ហើយមុនដំបូងយាយសុខចាន់ហ្នឹងបានលក់ទៅឲ្យយាយ អាយ អូន ចំនួន១ហិកតារ ខ្ញុំបានទៅជម្រាបជាមួយគាត់ថា ចែសុំទោសដីនេះដីរបស់ខ្ញុំ ព្រោះខ្ញុំមានឯកសារត្រឹមត្រូវទាំងអស់ ព្រោះអ៊ំឯងជាជនរងគ្រោះ អ៊ំទិញពីអ្នកណាយកលុយពីហ្នឹងទៅ រហូតដល់ប៉ះដើមចេកខ្ញុំជា២០០ដើមទៀត»។
ទោះយ៉ាងនេះក្ដី មន្ត្រីផ្នែកស៊ើបអង្កេតអង្គការលីកាដូប្រចាំខេត្តបន្ទាយមានជ័យ កញ្ញា ផាត់ ម៉ារ៉ាឌី មានប្រសាសន៍ថា ជម្លោះនេះផ្ដើមចេញពីភាពមិនច្បាស់លាស់នៃប្លង់កម្មសិទ្ធិកាន់កាប់ដីធ្លី។យ៉ាងណាកញ្ញាថាក្នុងរឿងជម្លោះនេះ ក្រុមប្រជាពលរដ្ឋមានប្លង់កម្មសិទ្ធិទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ៖ «ដោយឡែកភាគី គឹម សារឹន ហ្នឹងគាត់មានប្លង់ដូចគ្នា ប៉ុន្តែប្លង់គាត់តាំងពីជំនាន់៩០ជាង គឺត្រូវបាន អាជ្ញាធរឃុំនៅហ្នឹងគេបាននិរាករណ៍ចោល ហើយដោយសារមានពាក់ព័ន្ធជាមួយអភិបាលក្រុងប៉ោយប៉ែត ពីនោះណាស់គាត់មានបញ្ហារឿងដីរឿងអីច្រើន ស្មុគស្មាញក៏គេសម្រេចនិរាករណ៍ពីលើកហ្នឹងដែរ។ ហើយគេប្រកាសឲ្យមានការមកតវ៉ាមកអីដែរ ប៉ុន្តែភាគី គឹម សារឹន ហ្នឹងអត់ឃើញមានឯកសារអីពាក់ព័ន្ធហ្នឹងការតវ៉ាអីទេ»។
ទោះយ៉ាងនេះក្ដី ខាងអាជ្ញាធរសាលាខេត្តមិនបានសម្រេចថាយ៉ាងណានៅឡើយទេ បន្ទាប់ពីការប្រជុំចរចារកដំណោះស្រាយនៅសាលាខេត្តប្រមាណជិត២ម៉ោង ដែលសម្របសម្រួលដោយប្រធានការិយាល័យផ្នែកអន្តរវិស័យ ប្រចាំសាលាខេត្តបន្ទាយជ័យ គឺលោក កែវ តារារស្មី។ អាជ្ញាធរសាលាខេត្តគ្រាន់តែសន្យាជាមួយប្រជាពលរដ្ឋថា រឿងរ៉ាវនេះទៅយ៉ាងណានោះនឹងផ្ដល់ដំណឹងប្រមាណ៣ថ្ងៃខាងមុខ៕