សហគមន៍​បុរីកីឡា​ជំរុញ​ឲ្យ​សាលាក្រុង​ផ្ដល់​សំណង​លំនៅឋាន

ដោយ សុ ជីវី
2015-01-02
Share
បុរីកីឡា​តវ៉ា ៦២០ ពលរដ្ឋ​សហគមន៍​បុរីកីឡា​តវ៉ា​នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី ២ ខែ មករា ២០១៥។
RFA/So Chivy

ពលរដ្ឋ​សហគមន៍​បុរីកីឡា ប្រមាណ ៣០​នាក់ បាន​នាំ​គ្នា​ទៅ​តវ៉ា​ដាក់​ញត្តិ​នៅ​សាលា​រាជធានី​ភ្នំពេញ និង​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​មករា ស្វែងរក​អន្តរាគមន៍​ដោះស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​ពួក​គាត់ ដែល​អូស​បន្លាយ​រយៈពេល ៣​ឆ្នាំ​មក​ហើយ។

ពួក​គេ​ជំរុញ​អោយ​សាលា​រាជធានី​ភ្នំពេញ ពន្លឿន​ដោះស្រាយ​ផ្ដល់​សំណង និង​លំនៅឋាន បន្ទាប់​ពី​ត្រូវ​អាជ្ញាធរ​ឈូស​ឆាយ​បំផ្លាញ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២។

អ្នក​សហគមន៍​បុរីកីឡា ដែល​ហៅ​ខ្លួន​ឯង​ថា​ក្រុម ៣​មករា ដែល​រំឭក​ដល់​ថ្ងៃ​ដែល​ផ្ទះ​សម្បែង​ពួក​គាត់​ត្រូវ​ឈូស​ឆាយ​កម្ទេច ដើម្បី​បណ្ដេញ​ចេញ​ពួក​គាត់​ពី​សំណាក់​អាជ្ញាធរ​រាជធានី​ភ្នំពេញ កាល​ពី ៣​ឆ្នាំ​មុន បាន​ទទូច​អោយ​សាលា​រាជធានី​ភ្នំពេញ​បញ្ឈប់​អូស​បន្លាយ​ពេលវេលា​ក្នុង​ការ​ផ្ដល់​សំណង និង​លំនៅឋាន​ដល់​ពួក​គាត់។

ក្នុង​ដៃ​មាន​កាន់​បដា អ្នក​សហគមន៍​បុរីកីឡា ដោយ​មាន​ការ​គាំទ្រ​ពី​សហគមន៍ អេសអូអេស (SOS) សង្ឃឹម​ថា សាលា​រាជធានី​ភ្នំពេញ​នឹង​យល់​ពី​ការ​លំបាក​របស់​ពួក​គាត់ ហើយ​ពន្លឿន​ការ​ដោះស្រាយ។

តំណាង​ក្រុម​អ្នក​តវ៉ា អ្នកស្រី ជុំ ង៉ាន់ មាន​ប្រសាសន៍​ថា ជីវភាព​រស់នៅ​ក្នុង​ជម្រក​តង់​ក្បែរ​គំនរ​សំរាម​ក្នុង​តំបន់​បុរីកីឡា គឺ​ជា​ពេលវេលា​ដ៏​លំបាក​វេទនា​បំផុត​សម្រាប់​គ្រួសារ​ទាំង​ឡាយ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ៖ «សំឡេង»។

តំណាង​ក្រុម ៣​មករា នៃ​សហគមន៍​បុរីកីឡា អះអាង​ថា សាលា​រាជធានី​ភ្នំពេញ​បាន​ស្រង់​ស្ថិតិ​ប្រមូល​ព័ត៌មាន​ពី​ចំនួន​អ្នក​ដែល​ត្រូវ​ទទួល​សំណង និង​ផ្ទះ​សម្បែង​នោះ​រួច​ហើយ កាល​ពី​ឆ្នាំ​២០១៣ ប៉ុន្តែ​នៅ​មិន​ឃើញ​មាន​លទ្ធផល​យ៉ាង​ណា​ឆ្លើយ​តប​នឹង​ពលរដ្ឋ​វិញ​ឡើយ។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា សាលា​ក្រុង​នឹង​រក​ពេលវេលា​ជួប​ពិភាក្សា​ម្ដង​ទៀត​ជាមួយ​អ្នក​សហគមន៍​បុរីកីឡា ប្រសិន​បើ​ពួក​គាត់​មាន​បំណង​ចូលរួម​រក​ដំណោះស្រាយ​ពិត​ប្រាកដ៖ «សំឡេង»។

ជម្លោះ​ដីធ្លី​រវាង​អ្នក​បុរីកីឡា ជាមួយ​ក្រុមហ៊ុន ផាន អ៊ីម៉ិច (PhanImex) របស់ អ្នកស្រី ស៊ុយ សុផាន បាន​អូស​បន្លាយ​ជាច្រើន​ឆ្នាំ​មក​ហើយ​នៅ​តែ​មិន​ទាន់​បញ្ចប់ នៅ​ពេល​ក្រុមហ៊ុន​អះអាង​ថា បាន​ក្ស័យ​ធន​មិន​អាច​សាងសង់​អគារ​អោយ​គ្រប់​ចំនួន ១០​អគារ​សម្រាប់​ពលរដ្ឋ​តាម​ការ​សន្យា។

កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២ អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ កង​ប្រដាប់​អាវុធ​ចម្រុះ​របស់​រដ្ឋាភិបាល និង​ក្រុមហ៊ុន ផាន អ៊ីម៉ិច បាន​ឈូស​បំផ្លាញ និង​កម្ទេច​លំនៅឋាន ទ្រព្យ​សម្បត្តិ​របស់​ពលរដ្ឋ​នៅ​សហគមន៍​បុរីកីឡា ដើម្បី​បណ្ដេញ​ពួក​គាត់​យក​ដី​អោយ​ក្រុមហ៊ុន។ ពលរដ្ឋ​មួយ​ចំនួន​ត្រូវ​ដឹក​អោយ​ទៅ​រស់នៅ​តំបន់​ភ្នំបាត ចំណែក​ពលរដ្ឋ​ជាង ១០០​គ្រួសារ កំពុង​រស់នៅ​ក្នុង​ជម្រក​តង់​ក្នុង​តំបន់​បុរីកីឡា​រង់ចាំ​សំណង និង​ផ្ទះ​សម្បែង​ពី​ក្រុមហ៊ុន។ ប្រធាន​ក្រុមហ៊ុន ផាន អ៊ីម៉ិច អ្នកស្រី ស៊ុយ សុផាន បាន​ទៅ​បំភ្លឺ​ក្នុង​សភា​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៤ ចំពោះ​ការ​ខកខាន​មិន​បាន​សង់​អគារ​អោយ​គ្រប់​ចំនួន​ដូច​ការ​សន្យា ប៉ុន្តែ​នៅ​ពុំ​ទាន់​មាន​លទ្ធផល​យ៉ាង​ណា​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល