តំណាង​ពលរដ្ឋ​នៅ​ខេត្ត​ពោធិ៍សាត់​ប្ដឹង​អាជ្ញាធរ​រឿង​រុករាន​ដី​ព្រៃ​រដ្ឋ

0:00 / 0:00

សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​របស់​រដ្ឋ​នៅ​ចំណុច​ឃុំ​ស្វាយស ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ នៅ​តែ​បន្ត​កើត​មាន​ដោយ​គ្មាន​ការ​ទប់ស្កាត់។ តំណាង​ពលរដ្ឋ​នាំ​គ្នា​ផ្ដិត​មេដៃ​ប្ដឹង​មេ​ភូមិ និង​អ្នក​ពាក់​ព័ន្ធ​ជា​ច្រើន​នាក់​ទៀត​ទៅ​តុលាការ ដោយ​ចោទ​ជន​ទាំង​នោះ​ថា បាន​បំផ្លាញ​ដី​ព្រៃ​របស់​រដ្ឋ ដើម្បី​ផ្ដន្ទាទោស​និង​ស្នើ​ឲ្យ​ដី​ព្រៃ​នោះ​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ឡើង​វិញ។

តំណាង​ពលរដ្ឋ​នៅ​ឃុំ​ឈើតុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ប្ដឹង​មេ​ភូមិ​ក្បាលទាហាន អនុ​ប្រធាន​ភូមិអន្សាចំបក់ ជំនួយការ និង​ប្រជា​ការពារ​ភូមិ​នេះ​ទៅ​តុលាការ​ទាក់ទង​រឿង​កាប់​រុករាន​ដី​ព្រៃ​របស់​រដ្ឋ​ទំហំ​ជាង ៤០​ហិកតារ​នៅ​ចំណុច​ភ្នំ​តាកុច បឹងកណ្ដាលទួល និង​ច្រាប​ផ្ចឹក ឋិត​នៅ​ក្នុង​ឃុំ​ស្វាយស។

តំណាង​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​តំណាង ៥​នាក់ ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៥ គឺ​លោក ម៉េង ប៊ុនរឿន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ថា ក្រុម​ពលរដ្ឋ​មាន​ភស្តុតាង​ជា​រូបភាព​បង្ហាញ​ពី​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​របស់​រដ្ឋ និង​មាន​ស្នាម​មេដៃ​អ្នក​ភូមិ​ក្បាលទាហាន និង​ភូមិ​បំណក់ នៃ​ឃុំ​ឈើតុំ ចំនួន ២៣០​នាក់ គាំទ្រ​លើ​ពាក្យ​បណ្ដឹង​នេះ​ដែរ៖ «ពួក​ខ្ញុំ​មាន​ភស្តុតាង​អី​ច្បាស់​លាស់ ព្រោះ​ឃើញ​គេ​យក​ស្រូវ​ទៅ​ព្រោះ​លើ​ដី​នោះ យក​ដំឡូង​ទៅ​ដាំ ហើយ​ពួក​ខ្ញុំ​បញ្ជាក់​ច្បាស់​ថា ដី​ទាំង​នេះ​ជា​របស់​អ្នក​ដែល​មាន​ឈ្មោះ​ទាំង​ប៉ុន្មាន​ហ្នឹង​ឯង»

នៅ​ក្នុង​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ដាក់​ចូល​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ បាន​ចោទ​មនុស្ស ៤​នាក់ ថា​បាន​បើក​ដៃ​ឲ្យ​មាន​សកម្មភាព​រុករាន​ដី​ព្រៃ​​​ ​គឺ​ទី​១ ឈ្មោះ នៅ វង្ស ជា​អនុ​ប្រធាន​ភូមិ​អន្សាចំបក់ ទី​២ លោក គល់ សុគុណ ជា​មេភូមិ​ក្បាលទាហាន ទី​៣ ឈ្មោះ សេង ហៀង និង​ទី​៤ ឈ្មោះ ញ៉ាំង ញិន ជា​ជំនួយ​ការ​ភូមិ និង​ជា​ប្រជា​ការពារ​ភូមិ​អន្សា​ចំបក់។

ប្រតិកម្ម​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នេះ មេ​ភូមិ​ក្បាលទាហាន លោក គល់ សុគុណ ថ្លែង​ថា រូប​លោក​កំពុង​ត្រៀម​ពាក្យ​បណ្ដឹង​មួយ​ដែរ ដើម្បី​ដាក់​ជូន​អាជ្ញាធរ​ឃុំ ឬ​ស្រុក​ដែល​ជា​ខ្សែ​បណ្ដោយ​របស់​លោក។ លោក​ថា កម្មវត្ថុ​នៃ​បណ្ដឹង​នេះ គឺ​ចង់​ឲ្យ​អ្នក​ដែល​ចោទ​ប្រកាន់​រូប​លោក​បង្ហាញ​ពី​ភស្តុតាង ឬ​សាក្សី​ណា​ដែល​ចង្អុល​បង្ហាញ​ថា រូប​លោក​មាន​ជាប់​ពាក់ព័ន្ធ​រឿង​លក់​ដី ឬ​រុករាន​ដី​ព្រៃ​នេះ៖ «បើ​ខ្ញុំ​ប្ដឹង​ទៅ​ខ្ញុំ​ត្រូវ​ប្ដឹង​តាម​ខ្សែ​បណ្ដោយ​របស់​ខ្ញុំ​គឺ​តាម​ឃុំ ស្រុក ខេត្ដ។ បើ​គេ​ប្ដឹង​ចូល​តុលាការ​មុន​ខ្ញុំ​មិន​ទាន់​សន្និដ្ឋាន​ថា ប្ដឹង​ចូល​តុលាការ​ដែរ​ទេ ព្រោះ​ចាំ​វែក​ញែក​រក​ឲ្យ​ឃើញ​ថា ប្រជាពលរដ្ឋ​មាន​អំណះអំណាង​សិន»

លោក គល់ សុគុណ ប្រកែក​ថា លោក​មិន​ហ៊ាន​ធានា​លើ​ភាព​ស្អាតស្អំ​របស់​បុគ្គល​ផ្សេង​ទៀត​នៅ​ក្នុង​បណ្ដឹង​ចោទ​ប្រកាន់​របស់​ពលរដ្ឋ​នោះ​ទេ ប៉ុន្តែ​ចំពោះ​រូប​លោក​មិន​បាន​ជាប់​ពាក់ព័ន្ធ​អ្វី​ឡើយ។ លោក​ថែម​ទាំង​រិះគន់​ក្រុម​តំណាង​ពលរដ្ឋ​ថា បណ្ដឹង​ប្រឆាំង​នឹង​រូប​លោក គឺ​ធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ។

ត្រង់​ចំណុច​នេះ​តំណាង​ពលរដ្ឋ​បញ្ជាក់​ថា ពួក​គាត់​មិនមែន​ជា​សកម្មជន​គណបក្ស​នយោបាយ​របស់​បក្ស​ណា​មួយ​ឡើយ ហើយ​ការ​ប្ដឹង​នេះ​គឺ​ចង់​ឲ្យ​តុលាការ​ផ្ដន្ទាទោស​ចំពោះ​បុគ្គល​រំលោភ​បំពាន​លើ​ដី​ព្រៃ​របស់​រដ្ឋ និង​ចង់​រក្សា​ដី​ព្រៃ​នោះ​ទុក​ឲ្យ​អ្នកភូមិ​ចំនួន ៤​ភូមិ​ចូល​ទៅ​មើល​គោ​ក្របី និង​អាស្រ័យ​អនុផល​ព្រៃ​ឈើ​នៅ​ក្នុង​ព្រៃ​នោះ​បាន​ឡើង​វិញ។

តំណាង​ពលរដ្ឋ​រំលឹក​ថា កាល​ពី​ឆ្នាំ​២០១១ មាន​អ្នក​ភូមិ​ក្បាល​ទាហាន ជាង ៣០០​នាក់ នាំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​ចិន ភាពីម៉ិច ដើម្បី​សុំ​ទុក​ដី​នៅ​តំបន់​នោះ​អាស្រ័យ​ផល។ តាំ​ង​ពី​ពេល​នោះ​មក​ក្រុមហ៊ុន​លែង​បោះ​ទីតាំង​ដាំ​ដំឡូង​នៅ​ទី​នោះ ប៉ុន្តែ​មក​ដល់​ឆ្នាំ​២០១៥ ស្រាប់​តែ​អាជ្ញាធរ​មូលដ្ឋាន​ នាំ​គ្នា​ពុះ​ច្រៀក​ដី​នោះ​ជា​ឡូត៍​ៗ​ចែក​បក្ស​ពួក និង​លក់​ឲ្យ​អ្នក​មាន​លុយ​ឈូស​ឆាយ​យ៉ាង​អនាធិបតេយ្យ។

ចំណែក​មេភូមិ​អន្សាចំបក់ លោក ខ្លឹម ពៅ បាន​ចេញ​មុខ​បញ្ជាក់​ថា ផ្ទៃ​ដី​ព្រៃ​នៅ​ចំណុច​ច្រាប​ផ្ចឹក និង​ជើង​ភ្នំ​តាកុច​មាន​ទំហំ​ជិត ២០​ហិកតារ គឺ​ឋិតនៅ​ក្នុង​ទឹក​ដី​រដ្ឋបាល​ភូមិ​លោក​គ្រប់គ្រង ដូច្នេះ​លោក​បាន​បែង​ចែក​ដី​នោះ​ឲ្យ​ទៅ​ពលរដ្ឋ​ចំនួន ១៧៨​គ្រួសារ ដើម្បី​ឈូស​ឆាយ​បង្កបង្កើន​ផល​ម្នាក់​បន្តិច។​ ចំណែក​ក្រុម​ពលរដ្ឋ​ដែល​ប្ដឹង​ទាមទារ​ទុក​ដី​ព្រៃ​នេះ មិន​មែន​ជា​អ្នក​ស្រុក​ភូមិ​របស់​លោក​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។