អាជ្ញាធរខេត្តពោធិ៍សាត់ ណាត់ជួបពលរដ្ឋរស់នៅខេត្តកំពង់ឆ្នាំង ដែលមានជម្លោះដីធ្លីចំនួន ២០ គ្រួសារសិន នៅថ្ងៃទី១៣ ខែឧសភា ដើម្បីវាស់វែងដី ធ្លាប់អាស្រ័យផលឱ្យពួកគេ។
ពលរដ្ឋមានជម្លោះដីធ្លីម្នាក់ រស់នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងលោក ចាន់ និត ប្រាប់ឲ្យដឹងនៅថ្ងៃទី១២ ខែឧសភា ថាអាជ្ញាធរស្រុកបរិបូរណ៍ បានហៅតំណាងពលរដ្ឋទៅជួបនៅវត្តមួយនៅព្រឹកថ្ងៃទី១២ ខែឧសភា ដើម្បីឲ្យទៅជួបជាមួយអាជ្ញាធរដែនដីខេត្តពោធិ៍សាត់ នៅលើដីដែលពលរដ្ឋធ្លាប់អាស្រ័យផល។
លោកថា តាមដំណឹង គឺអាជ្ញាធរនឹងវាស់ដីនោះ ជាឡូត៍ ឱ្យពលរដ្ឋក្នុងមួយគ្រួសារកន្លះហិកតារ។ លោក ចាន់ និត ថា ពលរដ្ឋមិនពេញចិត្តទេ ហើយលោកផ្ទាល់ ក៏មិនព្រមទទួលដំណោះស្រាយនេះទេ ព្រោះ គ្រួសារលោកធ្លាប់អាស្រ័យផលលើដីទំហំ ៤ ហិកតារ៖ «ខ្ញុំអត់ព្រមទេបង ដឹងយកមកធ្វើម៉េចកើត ខ្ញុំអត់ព្រម។ ខ្ញុំថា ខ្ញុំសូមឆ្វៀល សូមតែតំបន់របស់ខ្ញុំធ្លាប់ធ្វើប៉ុនណា សុំតែប៉ុណ្ណឹង។ ខ្ញុំប្រជុំជាមួយអ្នកភូមិពេលព្រឹក មុនចៅហ្វាយស្រុកគាត់មក ប្រជាជនសូមសំណូមពរប៉ុណ្ណឹង »។
ដំណោះស្រាយកាត់ឆ្វៀលដី មានជម្លោះ ទំហំជាងមួយពាន់ហិកតារ (១.០០០) ស្ថិតនៅឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ឱ្យទៅអ្នកស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងវិញ ធ្វើឡើងក្រោយពេលពលរដ្ឋជាច្រើនបានតវ៉ា បិទផ្លូវជាតិលេខ៥ កាលពីថ្ងៃទី១១ ខែឧសភា ទាមទារដោះស្រាយបញ្ចប់វិវាទដីធ្លី ដើម្បីពួកគាត់ បានចូលទៅធ្វើស្រែ ក្នុងរដូវវស្សានេះវិញ។
អភិបាលស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងលោក យឹម សារិន ប្រាប់អាស៊ីសេរី នៅថ្ងៃទី១២ ខែឧសភាថា អាជ្ញាធរស្រុកជាប់គ្នាទាំងពីរបានយល់ព្រមគ្នាថា នឹងរកដំណោះស្រាយជូនពលរដ្ឋជាបន្តបន្ទាប់។ លោកមិនដឹងថា អាជ្ញាធរខាងខេត្តពោធិ៍សាត់ នឹងវាស់វែងដីទំហំប៉ុន្មាន ឱ្យពលរដ្ឋទេ តែលោកបញ្ជាក់ថា ពលរដ្ឋមានវិវាទដីនេះ មាន ៥ ឃុំ សរុបជាងប្រាំពីររយគ្រួសារ (៧០០)៖ «ខ្ញុំបានជួបក្រុមការងាររបស់ពោធិ៍សាត់ ហើយស្អែកហ្នឹង គេឲ្យគ្រួសារហ្នឹងទៅមុន គេដោះឲ្យ។ គេដោះម្ដង ២០ គ្រួសារ គេវាស់ជាឡូត៍ៗអ៊ីចឹង។ អត់ទាន់ថាម៉េចទេ ចាំមើលស្អែកហ្នឹង តែគេទៅ ២០ គ្រួសារសិន »។
ចំណែកអាជ្ញាធរខេត្តពោធិ៍សាត់វិញ អះអាងថា ពលរដ្ឋដែលអាស្រ័យផលពិតប្រាកដ មានតែជាងមួយរយនាក់ (១០០) ទេ។ អភិបាលរង ខេត្តពោធិ៍សាត់ លោក ចេង ឡៃ មានប្រសាសន៍ថា អាជ្ញាធរ នឹងវាស់វែងតាមចំនួនជាក់ស្ដែង ដែលពលរដ្ឋធ្លាប់អាស្រ័យផលឱ្យ។ លោកបន្តថា អាជ្ញាធរ បានហៅពលរដ្ឋមកវាស់វែងតាមការជាក់ស្ដែងយូរណាស់ហើយ តែពួកគេមិនព្រមមកទទួល។
លោកអះអាងថា អ្នកទាមទារខ្លះទៀត មិនធ្លាប់អាស្រ័យផល ពីមុនជាក់ស្ដែងទេ តែជាអ្នកកាប់រានដីព្រៃថ្មីថ្មោង ដូចនេះអាជ្ញាធរ នឹងមិនវាស់វែងឱ្យទេ៖ «តាមពិតដំណោះស្រាយគេមានយូរហើយ តែគាត់មិនយល់។ ដំណោះស្រាយ គេធ្វើតាំងពីយូរហើយតើ។ តែគាត់នាំគ្នាធ្វើអ៊ីចឹងទៅ គេចែកឲ្យគ្នារក្សាទុកអ្នកណាពិតប្រាកដរស់នៅ អាស្រ័យផលលើដីពិតប្រាកដ យល់ទេ !»។
ទោះបីជាយ៉ាងណា តំណាងពលរដ្ឋនៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដែលមានជម្លោះដីធ្លី នៅស្រុកក្រគរ ខេត្តពោធិ៍សាត់លោក យាន ជីវន្ត សំណូមពរអាជ្ញាធរខេត្តពោធិ៍សាត់ ជួយដោះស្រាយជូនពលរដ្ឋ ឱ្យបានឆាប់ ព្រោះ ពួកគាត់ ដល់រដូវត្រូវធ្វើស្រែហើយ។ លោកគាំទ្រ ប្រសិនបើអាជ្ញាធរខេត្តពោធិ៍សាត់ ព្រមវាស់វែងទំហំដី ដែលពលរដ្ឋធ្លាប់អាស្រ័យផល ឱ្យពិតមែន៖ «មិនជាល្អទេសម្រាប់ពលរដ្ឋដែលមានដីអាស្រ័យផលនៅម្ដុំហ្នឹង អត់មានពីណាក្រៅពីម្ដុំហ្នឹងទេ។ ដូចខ្ញុំជាដើម តែគេយកអស់ហើយ គឺចប់ហើយ។ អត់មានដីធ្វើស្រែ អត់ដីអីអាស្រ័យផល ធ្វើស្រែចិញ្ចឹមជីវិតជារៀងរាល់ឆ្នាំ ដូចសព្វថ្ងៃទេ តែអស់ដីហ្នឹង អស់ហើយខ្ញុំនោះ »។
ដីនេះ មានជម្លោះយូរឆ្នាំមកហើយ ដោយសាររដ្ឋាភិបាលបានកាត់ឆ្វៀលដីស្រែរបស់ពួកគេឲ្យទៅក្រុមហ៊ុនចិន (មិនស្គាល់ឈ្មោះ) អភិវឌ្ឍន៍។ ក្រោយពីពលរដ្ឋចេញតវ៉ា និងដាក់ញត្តិអស់ច្រើនឆ្នាំ ទើបខាងក្រុមហ៊ុនចិនបានដកចេញទៅវិញ តែក្រោយមកទៀត អាជ្ញាធរខេត្តពោធិ៍សាត់ បានកាត់ដីនោះ ឲ្យទៅពលរដ្ឋរស់នៅស្រុកក្រគរ ជាអ្នកអាស្រ័យផលវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។