ពលរដ្ឋ​មាន​ទំនាស់​ដី​នៅ​ពោធិ៍សាត់​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច

ប្រជាពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ជា​មួយ​នឹង​ក្រុមហ៊ុន អឹម.ឌី.អេស (MDS) របស់​លោក​ឧកញ៉ា ទ្រី ភាព មក​ពី​ឃុំ​ថ្មដា និង​ឃុំ​អន្លង់រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ប្រមាណ​ជា ១០០​នាក់ បាន​ប៉ះទង្គិច​ជាមួយ​នឹង​កម្លាំង​សមត្ថកិច្ច​មួយ​ប្រាវ បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​ថ្លោះ​ក​ជើង​ខាង​ឆ្វេង នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ធ្នូ។

0:00 / 0:00

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​បាន​ចាត់​ទុក​សកម្មភាព​រារាំង​របស់​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច​មិន​ឲ្យ​ពលរដ្ឋ​មាន​បញ្ហា​ពិត​ប្រាកដ​ចូល​ទៅ​ស្ដាប់ ឬ​បង្ហាញ​ពី​ទុក្ខ​កង្វល់​របស់​ខ្លួន​នៅ​ក្នុង​អង្គ​វេទិកា​ផ្សព្វផ្សាយ​ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​នៅ​ពេល​នេះ គឺ​ជា​ការ​បំបិទ​សិទ្ធិ​បញ្ចេញ​មតិ ហើយ​អាជ្ញាធរ​មិន​ហ៊ាន​យក​ការ​ពិត​មក​ដោះស្រាយ។

ការ​ប៉ះទង្គិច​គ្នា​នេះ បាន​កើត​ឡើង​ចំ​ពេល​ដែល​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត លោក ឆាយ សារ៉េត ជួប​ពិគ្រោះ​យោបល់​ជា​មួយ​នឹង​មន្ត្រី​ក្រុមប្រឹក្សា​ស្រុក និង​ឃុំ ព្រម​ទាំង​មេ​ភូមិ​ជា​ច្រើន​នាក់ នៅ​ក្នុង​ទីធ្លា​វត្ត​អារាម​មួយ​ក្បែរ​សាលា​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។ វេទិកា​នេះ​មិន​ត្រូវ​បាន​​អនុញ្ញាត​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល អ្នក​សារព័ត៌មាន​អន្តរជាតិ និង​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ ចូល​រួម​ស្ដាប់​និង​ពិគ្រោះ​យោបល់​ឡើយ។

តំណាង​ប្រជាពលរដ្ឋ​ម្នាក់​មក​ពី​ឃុំ​ថ្មដា អ្នកស្រី គុយ ស្រីម៉ៅ មាន​ប្រសាសន៍​ថា អធិការរង​ស្រុក​វាលវែង លោក សូ សែម បាន​ច្រាន​អ្នកស្រី​ទាំង​កម្រោល​បណ្ដាល​ឲ្យ​ថ្លោះ​កជើង​ខាង​ឆ្វេង នៅ​ពេល​ដែល​អ្នកស្រី​កំពុងតែ​ឈរ​តវ៉ា និង​ចង់​ចូល​ទៅ​ជួប​គណៈ​អធិបតី​នៃ​វេទិកា។ អ្នកស្រី​បន្ត​ថា អាជ្ញាធរ​និង​កម្លាំង​សមត្ថកិច្ច​មិន​ត្រូវ​ហាមឃាត់​ក្រុម​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចូល​ទៅ​ស្ដាប់ ឬ​បង្ហាញ​ពី​ទុក្ខ​កង្វល់​របស់​ខ្លួន​ឡើយ ពីព្រោះ​ថា ពួក​គាត់​ខំ​ធ្វើ​ដំណើរ​ចម្ងាយ​រាប់​រយ​គីឡូដី ដើម្បី​មក​ជួប​អាជ្ញាធរ​ជួយ​ដោះស្រាយ។

អ្នកស្រី គុយ ស្រីម៉ៅ៖ «សូម​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ភូមិ​សង្គមថ្មី​នៅ​ស្រុក​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ផង។ អា​ប៉ូលិស​ឆ្កួត​អស់​ហ្នឹង​វា​រុញ​ឡើង​ថ្លោះ​កជើង ប៉ូលិស​ពុករលួយ ខ្ញុំ​មក​នេះ​ចង់​ទាមទារ​យក​យុត្តិធម៌​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឃុំ​ថ្មដា​វិញ»

ក្រុម​ប្រជា​ពលរដ្ឋ​ដែល​ប្រដាប់​ដោយ​បដា​ពាក្យ​ស្លោក និង​ឧបករណ៍​បំពង​សំឡេង បាន​ស្រែក​ព្រមៗ​គ្នា​ឲ្យ​ក្រុមហ៊ុន​ប្រគល់​ដី​ជូន​ប្រជាពលរដ្ឋ​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ និង​បាន​ស្រែក​ចំអក​ឲ្យ​រាជរដ្ឋាភិបាល​ថា មាន​សិទ្ធិ​អំណាច​តូច​ជាង​ក្រុមហ៊ុន ទើប​ដំណោះ​ស្រាយ​ដីធ្លី​របស់​ពួកគាត់​នៅ​តែ​បន្ត​អូស​បន្លាយ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ នាយក​រដ្ឋបាល​សាលា​ស្រុក​វាលវែង លោក អ៊ុំ ស៊ីម មាន​ប្រសាសន៍​បញ្ជាក់​ថា ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន អឹម.ឌី.អេស បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​ប្រជាពលរដ្ឋ​ចំនួន ៣​ឃុំ គឺ​ឃុំ​អូរសោម អន្លង់រាប និង​ឃុំ​ថ្មដា ក៏​ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន ក្រុមហ៊ុន​បាន​ធ្វើ​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​ជិត ៩០​ភាគរយ ហើយ​ផ្ទៃ​ដី​ដែល​នៅ​មាន​ទំនាស់​សល់​មិន​លើស​ពី ៥០​ហិកតារ​ឡើយ។ លោក​បន្ត​ថា ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ត្រូវ​តែ​ធ្វើ​ឡើង​តាម​ដំណាក់​កាល គឺ​មិន​អាច​លើក​គ្នា​រាប់​រយ​នាក់​មក​សុំ​ការ​ដោះស្រាយ​ភ្លាមៗ​ដូច្នេះ​បាន​នោះ​ទេ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក ភួង សុធា ថ្លែង​ថា វេទិកា​ដែល​រៀបចំ​ឡើង​ដោយ​ក្រុមប្រឹក្សា​ខេត្ត​នេះ គួរ​តែ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ចូល​ស្ដាប់ ឬ​លើក​ឡើង​នូវ​បញ្ហា​របស់​ខ្លួន​ទើប​ប្រសើរ៖ «បាទ! វេទិកា​សាធារណៈ​នេះ​យើង​ឃើញ​ថា គ្រាន់​តែ​ជា​ការ​រៀបចំ​មួយ​របស់​ក្រុមប្រឹក្សា​ខេត្ត​ដែល​វា​ពុំ​ទទួល​បាន​ដំណោះ​ស្រាយ​អ្វី​ទាំង​អស់ ព្រោះ​អី​យើង​ឃើញ​ថា សមាជិក​ក្រុមប្រឹក្សា​បាន​ចេញ​ទៅ​ផ្លូវ​ក្រោយ​ទៅ​វិញ​ខណៈ​ដែល​ប្រជាពលរដ្ឋ​បាន​ធ្វើ​ការ​តវ៉ា»

វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​ពោធិ៍សាត់ ត្រូវ​បាន​បញ្ចប់​ដោយ​តក់​ក្រហល់​នៅ​ម៉ោង​ប្រហែល​ជា ១០​កន្លះ បន្ទាប់​ពី​មាន​ក្រុម​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ឈរ​ស្រែក​តវ៉ា​រឿង​ដីធ្លី​នៅ​ផ្នែក​ខាង​ក្រៅ​នៃ​អង្គ​វេទិកា។ យ៉ាង​ណា​ក្រុម​ប្រជាពលរដ្ឋ បាន​ស្នើសុំ​ឲ្យ​តំណាង​របស់​​ខ្លួន​ចំនួន ៥​នាក់ បាន​ចូល​ទៅ​អង្គុយ​ស្ដាប់ និង​លើក​បញ្ហា​ផ្សេងៗ​ជូន​អង្គ​វេទិកា ក៏​ប៉ុន្តែ​កម្លាំង​សមត្ថកិច្ច​នៅ​តែ​មិន​អនុញ្ញាត​ឲ្យ​ចូល​ដោយ​បង្វែរ​ឲ្យ​ពួក​គាត់​ធ្វើ​ដំណើរ​ទៅ​កាន់​សាលា​ស្រុក ដើម្បី​ជួប​ដោះស្រាយ​បញ្ហា​ជា​មួយ​នឹង​អភិបាល​ស្រុក​វាលវែង លោក ឆេ ឈីវ។

ក្រោយ​ពី​ជួប​ពិភាក្សា និង​ដោះស្រាយ​បញ្ហា​ដីធ្លី​ជាមួយ​លោក​អភិបាល​ស្រុក​វាលវែង ក្រុម​ប្រជាពលរដ្ឋ​បាន​ដាក់​ឱសានវាទ​រយៈ​ពេល ១០​ថ្ងៃ ប្រសិន​បើ​មិន​ឃើញ​ដំណោះស្រាយ​អ្វី​នោះ​ទេ ពួក​គាត់​នឹង​កៀរគរ​មនុស្ស​​កាន់​តែ​ច្រើន​ឡើង​ដើម្បី​ធ្វើ​ការ​តវ៉ា​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។