​អាជ្ញាធរ​ខេត្តរតនគិរី​​ចាប់​ខ្លួន​​សកម្មជន​​ការពារ​​ព្រៃឈើ​​ម្នាក់​

2021-09-20
Share
​អាជ្ញាធរ​ខេត្តរតនគិរី​​ចាប់​ខ្លួន​​សកម្មជន​​ការពារ​​ព្រៃឈើ​​ម្នាក់​ សកម្មជនកាពារព្រៃឈើ លោក ឆន ផល្លា ពាក់អាវស ដៃជាប់ខ្នោះ កំពុងអង្គុយមុខបន្ទប់សវនាការ នៃសាលាដំបូងខេត្តរតនគិរី នៅរសៀលថ្ងៃទី ២០ កញ្ញានេះ។
រូប៖ អង្គការសិទ្ធិមនុស្សអាដហុក

ជនជាតិ​ដើម​ភាគ​តិច​ទំពូន​ម្នាក់ ​ដែល​សកម្ម​ការពារ​ព្រៃឈើ ​គឺ​លោក​ ឆន ផល្លា​ ត្រូវ​បាន​អាជ្ញាធរ​ខេត្តរតនគិរី​ចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​​២០ ​ខែកញ្ញា ​ដោយ​គ្មាន​ដីកា​​ពី​​តុលាការ​ឡើយ។​ មន្ត្រី​សង្គម​ស៊ីវិល​ហៅ​ការ​ចាប់​ខ្លួន​នេះ​ជា​ទង្វើ​ខុស​ច្បាប់ ​និង​គំរាម​កំហែង​បំបាក់​ស្មារតី​ពលរដ្ឋ​ដែល​លះបង់​ ការពារ​ផល​ប្រយោជន៍​ជាតិ​។

ភរិយា​លោក​ ឆន ផល្លា​ ជា​ជន​ជាតិ​ដើម​ភាគ​តិច​ទំពួន ​គឺ​លោកស្រី ​ហាំ ស្លុង ប្រាប់​អាស៊ីសេរី​ថា ​ប្រជា​ការ​ពារភូមិ ​២​នាក់ ​បាន​មក​ដល់​ផ្ទះ​លោក​ស្រី​ ហើយ​អញ្ជើញ​ប្តី​លោក​ស្រីទៅ​ប៉ុស្តិ៍​នគរបាល​ឃុំ​សេដា ​ដើម្បី​សាក​សួរ​រឿង​ចុះ​ឈ្មោះ​បោះឆ្នោត​ ប៉ុន្តែ​នគរបាល​ជា​ច្រើន​នាក់​ បាន​ឆ្មក់​ចាប់​ខ្លួន​លោក ​ឆន ​ផល្លា ​រុញ​ចូល​ឡាន​យ៉ាង​ប្រញាប់នៅ​វេលា​ម៉ោង​ ១០​ព្រឹក​ ថ្ងៃ​ទី​២០ ខែ​កញ្ញា​នេះ​។​ លើស​ពី​នេះ ​ក្នុង​ពេល​ចាប់​ខ្លួន ​នគរបាល​ទាំង​នោះ​មិន​បាន​បង្ហាញ​ដីកា​ពី​តុលា​ការ​ឡើយ។​

លោកស្រី​មិន​ទាន់​ដឹង​ថា តើ​អាជ្ញាធរ​ចាប់ខ្លួន​ប្តី​លោកស្រី ពី​បទល្មើស​អ្វី​នោះទេ ព្រោះ​សមត្ថកិច្ច​បាន​ព្យាយាម​លាក់​បាំង​រឿង​នេះ​។ លោកស្រី​បញ្ជាក់​ថា ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ​សមត្ថកិច្ច​បាន​បញ្ជូន​ ប្តី​របស់​លោក​ស្រី ​ទៅ​តុលាការ​ខេត្តរតនគិរី​រួចហើយ ​ដោយ​ទុក​ឱ្យ​ប្តី​លោកស្រី​ អង្គុយ​នៅ​ខាង​មុខ​ការិយាល័យតុលាការ​ជិត​ ៤​ម៉ោង​ ក្នុង​ស្ថានភាព​ដៃ​ជាប់​ខ្នោះ។​ លោក​ស្រី​គិត​ថា ​ការ​ចាប់​ខ្លួន​នេះ​ មាន​ជាប់​ទាក់ទងសកម្មភាព​ការពារ​ព្រៃឈើ ​និង​លាត​ត្រដាង​ពី​បទល្មើស​ព្រៃឈើធ្វើឱ្យ​អាជ្ញាធរ​​មូលដ្ឋាន​​ខេត្ត​នេះមិន​សប្បាយ​ចិត្ត​៖ «គាត់​អត់​ចេះ​លក់​ឈើ ​និង​អារ​ឈើ ​គាត់​មនុស្ស​ស្មោះ​ត្រង់​ គាត់​ធ្វើ​ស្រែ​ជា​កេរ​មរក​តម៉ែ​ឪ។​ ខ្ញុំ​អត់​ទាន់​ដឹង​រឿង​ អន្ត​រាគមន៍​ឱ្យ​ខ្ញុំ​ផង​ គាត់​ដោះ​លែង ​ព្រោះ​គាត់​ជា​មនុស្ស​យុត្តិធម៌​ គេ​ចាប់​ខ្ញុំ​អត់​ដឹង​រឿង ​បើ​មាន​ដីកា ​ក៏​ខ្ញុំ​អស់​ចិត្ត​ដែរ​។ ​ តាំង​ពី​គាត់​ចូល​ភូមិ ​គាត់​ធ្វើ​តែ​ស្រូវ​ទេ​ គាត់​​អត់​​មាន​​ទៅ​​ផ្ទះ​ពី​ណា​ផង​»។

ស្នងការ​ខេត្តរតនគិរី​លោក ​យិន ចំណាន ​បាន​ផ្តាច់​ទូរសព្ទ​នៅ​ពេល​ដឹង​ថា​ អ្នក​យក​ព័តមាន​វិទ្យុអាស៊ីសេរី ​សួរ​នាំ​អំពី​ករណី​នេះ។​ ចំណែក​អភិបាលស្រុក​លំផាត់ ​លោក​ នូ ថេរ​ បដិសេធ​បំភ្លឺ​រឿងនេះ ​ព្រោះ​លោក​ថា ​ករណី​នេះ ​ជា​សមត្ថកិច្ច​របស់​តុលាការ​

រីឯ​អ្នក​នាំ​ពាក្យ​តុលាការ​ខេត្តរតនគិរីលោក ​កែវ ពិសុទ្ធ​ វិញ ​លោក​បដិសេធ​អធិប្បាយ​រឿង​នេះ​ ដោយ​បង្វែរ​ឱ្យ​អាស៊ីសេរី​​សួរអ្នក​នាំ​ពាក្យ​ស្ថាប័ន​អយ្យការ​វិញ។

ប៉ុន្តែ​មន្ត្រី​នគរបាល​យុត្តិធម៌​ដែល​នាំ​ខ្លួន​លោក ​ឆន ផល្លា ​មក​សាលា​ដំបូង​ខេត្តរតនគិរី​ បាន​ថ្លែង​ប្រាប់​មន្ត្រី​អាហុក​ថា ​ការ​ចាប់​ខ្លួន​នេះ ​ផ្អែក​តាមដីកា​របស់​តុលាការ​ ដោយ​ចោទ​ប្រកាន់​ពី​បទ​កាប់​រុករានឆ្កា​ព្រៃ​។

ជុំ​វិញ​រឿង​នេះ ​មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុកខេត្តរតនគិរី​លោក​ ឌី ខន្នី​ សង្កេត​ឃើញ​ថា ​សកម្មភាព​ការពារ​ព្រៃឈើ​របស់​លោក ​ឆន ផល្លា ​បាន​ប៉ះទង្គិច​ជា​មួយ​​អាជ្ញាធរ​មូលដ្ឋាន​ជាច្រើន​លើក ​រហូត​មាន​ការ​ប្តឹង​ផ្តល់​គ្នា​ទៅ​តុលាការជាច្រើន​ករណី។​ លោក​ថា​ សមាគម​អាដហុក​នឹង​បញ្ជូន​មេធាវី ​ការពារ​ក្តី​ឱ្យ​សកម្មជន​បរិស្ថាន​រូបនេះ ​ព្រោះ​ការ​ចាប់​ខ្លួន​នេះ ​ដោយ​មិន​បង្ហាញ​ដីកា​ គឺ​ជា​ទង្វើ​ល្មើស​ច្បាប់​៖ «ការ​ចាប់ខ្លួន​បើ​សិន​ជា​ពុំមែន​ជា​បទល្មើស​ជាក់ស្តែង​ទេ ​ត្រូវ​បង្ហាញ​ដីកាចាប់​​ខ្លួន​ដល់​ជន​ដែល​ត្រូវ​បាន​ចាប់ខ្លួន ​និង​ប្រាប់​ពី​បទ​ដែល​រង​ការ​ចោទ​ប្រកាន់​ហ្នឹង​ដែរ​។ ​យើង​ដឹង​ហើយ​ថា​ លោក​ ឆន ​ផល្លា ​ជា​អ្នក​សកម្ម​ណាស់ ​ក្នុង​ការពារ​ដីធ្លី ​និង​ព្រៃឈើរបស់​រដ្ឋ​ក្នុង​ឃុំ​សេដា ​ហើយ​ក៏​ធ្វើ​ឱ្យ​មេភូមិ ​មេឃុំ ​និង​មេប៉ុស្តិ៍ ​មិន​សប្បាយ​ចិត្ត​នឹង​លោក​ ឆន​ ផល្លា​ទេ»។​

មន្ត្រី​សមាគម​អាដហុក​រូបនេះឱ្យ​ដឹង​ថា​ វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល​នេះ ​តុលាការ​បាន​បញ្ជូន​លោក ​ឆន ផល្លា ​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ​ខេត្តរតនគិរី​ជា​បណ្តោះ​អាសន្ន​ ដោយ​មិន​បាន​សាកសួរ​ក្នុង​បន្ទប់​សវនាការ​នោះ​ទេ​។

សកម្មជន​ការពារ​ព្រៃឈើលោក ​ឆន ផល្លា ​វ័យ​ជាង​ ៤០​ ឆ្នាំ ​រស់​នៅ​ភូមិ​សមុទ្រ​ក្រោម​ ឃុំសេដា ​ស្រុក​លំផាត់​ ខេត្ត​រតនគិរី​។​ កន្លង​ទៅ​ជន​ជាតិ​ដើម​ភាគតិច​ទំពូន​រូបនេះ​មាន​ភាព​ក្លាហាន ​ប្ដឹង​បរិហារ​អាជ្ញាធរ​ពាក់ព័ន្ធ​ ឈ្មួញ​ឈើ ​និង​មន្ត្រី​ជំនាញទៅ​តុលាការ​ខេត្ត​រតនគិរី ចំនួន ៧សំណុំ​រឿង​មក​ហើយ ក្នុង​នោះ​មាន​ ៣​សំណុំ​រឿង​សាលា​ដំបូង​ខេត្ត​នេះ តម្កល់​ឥត​ចាត់ការ ​ហើយ​ពួកគេ​បាន​ប្ដឹង​ទាស់​ទៅសាលាឧទ្ធរណ៍ត្បូងឃ្មុំ។ សំណុំ​រឿង​ទាំង​នោះ ភាគ​ច្រើន​ជា​បណ្ដឹង​បរិហារ​អាជ្ញាធរ​ពាក់ព័ន្ធ​ ពី​បទ​អនុគ្រោះបទ​ល្មើស​ឧក្រិដ្ឋ​ព្រៃឈើ និង​មិន​ទប់​ស្កាត់​ការ​កាប់​រាន​ព្រៃ​ខុសច្បាប់​។ ​លើស​ពី​នេះ ​លោក​ ឆន ផល្លា ​បាន​ប្ដឹង​ អភិបាល​ស្រុក​លំផាត់លោក ​នូ ថេរ ​ពី​បទ​គំរាម​ប្រើ​ហិង្សាលើ​គ្រួសារ​របស់​លោក ​ប្រសិន​បើ​តុលាការ​ចាត់​វិធានការ​តាមបណ្តឹងរបស់​លោក។

សកម្មជន​បរិស្ថាន​រូបនេះ ​ធ្លាប់​ត្រូវ​អាជ្ញាធរ​មូលដ្ឋាន​ខេត្តរតនគិរី ​កៀរគរ ​ក្រុម​ពលរដ្ឋ​ជាច្រើន​នាក់​ព្រួត​គ្នា​វាយ​លោក​បណ្តាល​ឲ្យ​រង​បួស​ធ្ងន់ធ្ងរ ​ដើម្បី​គំរាម​បង្ខំ​ឱ្យ​លោក​ដក​ពាក្យ​បណ្ដឹង​ពី​តុលាការ​​កាល​ពី​ឆ្នាំ​មុន​។

​លោក ​ឆន ​ផល្លា ​ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ​ក្រុម​ពលរដ្ឋ​ដែល​ព្រួត​គ្នា​វាយ​លោក ​គឺ​ដឹកនាំ​ដោយ​អភិបាល​ស្រុក​លំផាត់លោក​ នូ ថេរ ​មេឃុំ​សេដាលោក ​អង់ ប៊ុនធៀង ​ក្រុម​ប្រឹក្សា​ឃុំ ​និង​មេភូមិ។ បន្ថែមពីនេះ ក្រុម​ពលរដ្ឋ​ទាំងនោះ​បាន​ដក​ហូត​ទូរស័ព្ទ​ដៃពី​លោក​ និង​ឡោម​ព័ទ្ធ​ផ្ទះ​របស់​លោក​ជាង៣ម៉ោង បំណង​គំរាម​បណ្ដេញ​លោក​ចេញ​ពី​ភូមិ​ទៀត​ផង​។

បើ​ទោះ​បី​ប្រឈម​ការ​គំរាម​កំហែង ​និង​ប្តឹង​ផ្តល់​ក្តី​ ក៏​សកម្មជន​ការពារ​ព្រៃឈើ​រូបនេះ​ នៅ​តែ​បន្ត​សកម្មភាព​ការពារ​ធនធាន​ធម្មជាតិ ​បន្សល់ទុក​​ចុង​ក្រោយ ​ខណៈ​​ដែល​​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​នេះ ​រង​ការ​រិះគន់​ថា​ បាន​ជិះ​សេះ​លែង​ដៃ ​មិន​សូវ​ខ្វល់​ពី​ការទប់ស្កាត់​បទល្មើស​ព្រៃឈើ ​ឱ្យ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ​

កាល​ពីដើមឆ្នាំ២០២១ កន្លងទៅ លោក​ ឆន ផល្លា និង​ជនជាតិ​ដើម​ភាគតិច​ម្នាក់​ទៀត​លោក ស៊ី ថាន់ញ៉ាន់ បាន​ថ្លែងនៅ​ចំពោះ​មុខ​អគ្គព្រះ​រាជ​អាជ្ញា​អម​សាលាឧទ្ធរណ៍ ពី​វិនាស​កម្ម​ព្រៃឈើ​ធំធេង និង​សកម្មភាព​កាប់​រំលំ​ឈើ​មាន​តម្លៃ ​ក្នុង​ព្រៃ​សហគមន៍​ភូមិ​សមុទ្រ​ក្រោម ឋិតក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ពី​សំណាក់​ជន​ជាតិ​​វៀតណាម​​រាប់​រយ​នាក់កាល​ពី​ឆ្នាំ២០១៦។

ពួក​គេ​អះអាង​ថា ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ទាំងនេះ ​មាន​ពាន់​ព័ន្ធ​អាជ្ញាធរ​មូលដ្ឋាន​ មន្ត្រី​ជំនាញ និង​ឈ្មួញ​ឈើ ​សរុប​៩នាក់​ គឺ​មេភូមិ​សមុទ្រ​ក្រោម ​លោក ​ខាំ ផសាវ៉ាត​ មេឃុំ​សេដា ​លោក អង់​ ប៊ុនធឿង ​អភិបាល​ស្រុក​លំផាត់ ​លោក ​នូ ថេរ ​មេប៉ុស្តិ៍​សេដា​លោក គិរ ចាន់ណារិទ្ធ ប្រធាន​រដ្ឋបាល​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​លោក​ សាន សានី ​អធិការ​ស្រុក​លំផាត់​លោក​ ហេង ចន្ធី ប្រធាន​មន្ទីរ​បរិស្ថាន​លោក ​ថុន ខេមរិន ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្សេង​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល