ជនជាតិដើមភាគតិចទំពូនម្នាក់ ដែលសកម្មការពារព្រៃឈើ គឺលោក ឆន ផល្លា ត្រូវបានអាជ្ញាធរខេត្តរតនគិរីចាប់ខ្លួននៅព្រឹកថ្ងៃទី២០ ខែកញ្ញា ដោយគ្មានដីកាពីតុលាការឡើយ។ មន្ត្រីសង្គមស៊ីវិលហៅការចាប់ខ្លួននេះជាទង្វើខុសច្បាប់ និងគំរាមកំហែងបំបាក់ស្មារតីពលរដ្ឋដែលលះបង់ ការពារផលប្រយោជន៍ជាតិ។
ភរិយាលោក ឆន ផល្លា ជាជនជាតិដើមភាគតិចទំពួន គឺលោកស្រី ហាំ ស្លុង ប្រាប់អាស៊ីសេរីថា ប្រជាការពារភូមិ ២នាក់ បានមកដល់ផ្ទះលោកស្រីហើយអញ្ជើញប្តីលោកស្រីទៅប៉ុស្តិ៍នគរបាលឃុំសេដា ដើម្បីសាកសួររឿងចុះឈ្មោះបោះឆ្នោតប៉ុន្តែនគរបាលជាច្រើននាក់បានឆ្មក់ចាប់ខ្លួនលោក ឆន ផល្លា រុញចូលឡានយ៉ាងប្រញាប់នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី២០ ខែកញ្ញានេះ។លើសពីនេះ ក្នុងពេលចាប់ខ្លួន នគរបាលទាំងនោះមិនបានបង្ហាញដីកាពីតុលាការឡើយ។
លោកស្រីមិនទាន់ដឹងថាតើអាជ្ញាធរចាប់ខ្លួនប្តីលោកស្រីពីបទល្មើសអ្វីនោះទេព្រោះសមត្ថកិច្ចបានព្យាយាមលាក់បាំងរឿងនេះ។ លោកស្រីបញ្ជាក់ថា នៅរសៀលថ្ងៃដដែលនេះ សមត្ថកិច្ចបានបញ្ជូនប្តីរបស់លោកស្រី ទៅតុលាការខេត្តរតនគិរីរួចហើយ ដោយទុកឱ្យប្តីលោកស្រីអង្គុយនៅខាងមុខការិយាល័យតុលាការជិត៤ម៉ោងក្នុងស្ថានភាពដៃជាប់ខ្នោះ។លោកស្រីគិតថា ការចាប់ខ្លួននេះមានជាប់ទាក់ទងសកម្មភាពការពារព្រៃឈើ និងលាតត្រដាងពីបទល្មើសព្រៃឈើធ្វើឱ្យអាជ្ញាធរមូលដ្ឋានខេត្តនេះមិនសប្បាយចិត្ត៖ «គាត់អត់ចេះលក់ឈើ និងអារឈើ គាត់មនុស្សស្មោះត្រង់ គាត់ធ្វើស្រែជាកេរមរកតម៉ែឪ។ ខ្ញុំអត់ទាន់ដឹងរឿង អន្តរាគមន៍ឱ្យខ្ញុំផង គាត់ដោះលែង ព្រោះគាត់ជាមនុស្សយុត្តិធម៌ គេចាប់ខ្ញុំអត់ដឹងរឿង បើមានដីកា ក៏ខ្ញុំអស់ចិត្តដែរ។ តាំងពីគាត់ចូលភូមិ គាត់ធ្វើតែស្រូវទេ គាត់អត់មានទៅផ្ទះពីណាផង»។
ស្នងការខេត្តរតនគិរីលោក យិន ចំណាន បានផ្តាច់ទូរសព្ទនៅពេលដឹងថាអ្នកយកព័តមានវិទ្យុអាស៊ីសេរី សួរនាំអំពីករណីនេះ។ ចំណែកអភិបាលស្រុកលំផាត់ លោក នូ ថេរ បដិសេធបំភ្លឺរឿងនេះ ព្រោះលោកថា ករណីនេះ ជាសមត្ថកិច្ចរបស់តុលាការ។
រីឯអ្នកនាំពាក្យតុលាការខេត្តរតនគិរីលោក កែវ ពិសុទ្ធ វិញ លោកបដិសេធអធិប្បាយរឿងនេះដោយបង្វែរឱ្យអាស៊ីសេរីសួរអ្នកនាំពាក្យស្ថាប័នអយ្យការវិញ។
ប៉ុន្តែមន្ត្រីនគរបាលយុត្តិធម៌ដែលនាំខ្លួនលោក ឆន ផល្លា មកសាលាដំបូងខេត្តរតនគិរីបានថ្លែងប្រាប់មន្ត្រីអាហុកថា ការចាប់ខ្លួននេះ ផ្អែកតាមដីការបស់តុលាការដោយចោទប្រកាន់ពីបទកាប់រុករានឆ្កាព្រៃ។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុកខេត្តរតនគិរីលោក ឌី ខន្នី សង្កេតឃើញថា សកម្មភាពការពារព្រៃឈើរបស់លោក ឆន ផល្លា បានប៉ះទង្គិចជាមួយអាជ្ញាធរមូលដ្ឋានជាច្រើនលើក រហូតមានការប្តឹងផ្តល់គ្នាទៅតុលាការជាច្រើនករណី។លោកថាសមាគមអាដហុកនឹងបញ្ជូនមេធាវី ការពារក្តីឱ្យសកម្មជនបរិស្ថានរូបនេះ ព្រោះការចាប់ខ្លួននេះ ដោយមិនបង្ហាញដីកាគឺជាទង្វើល្មើសច្បាប់៖ «ការចាប់ខ្លួនបើសិនជាពុំមែនជាបទល្មើសជាក់ស្តែងទេ ត្រូវបង្ហាញដីកាចាប់ខ្លួនដល់ជនដែលត្រូវបានចាប់ខ្លួន និងប្រាប់ពីបទដែលរងការចោទប្រកាន់ហ្នឹងដែរ។ យើងដឹងហើយថា លោក ឆន ផល្លា ជាអ្នកសកម្មណាស់ ក្នុងការពារដីធ្លី និងព្រៃឈើរបស់រដ្ឋក្នុងឃុំសេដា ហើយក៏ធ្វើឱ្យមេភូមិ មេឃុំ និងមេប៉ុស្តិ៍ មិនសប្បាយចិត្តនឹងលោក ឆន ផល្លាទេ»។
មន្ត្រីសមាគមអាដហុករូបនេះឱ្យដឹងថាវេលាម៉ោង៦ល្ងាចថ្ងៃដដែលនេះ តុលាការបានបញ្ជូនលោក ឆន ផល្លា ទៅឃុំខ្លួនក្នុងពន្ធនាគារ ខេត្តរតនគិរីជាបណ្តោះអាសន្នដោយមិនបានសាកសួរក្នុងបន្ទប់សវនាការនោះទេ។
សកម្មជនការពារព្រៃឈើលោក ឆន ផល្លា វ័យជាង ៤០ ឆ្នាំ រស់នៅភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ខេត្តរតនគិរី។កន្លងទៅជនជាតិដើមភាគតិចទំពូនរូបនេះមានភាពក្លាហាន ប្ដឹងបរិហារអាជ្ញាធរពាក់ព័ន្ធ ឈ្មួញឈើ និងមន្ត្រីជំនាញទៅតុលាការខេត្តរតនគិរី ចំនួន ៧សំណុំរឿងមកហើយ ក្នុងនោះមាន ៣សំណុំរឿងសាលាដំបូងខេត្តនេះ តម្កល់ឥតចាត់ការ ហើយពួកគេបានប្ដឹងទាស់ទៅសាលាឧទ្ធរណ៍ត្បូងឃ្មុំ។ សំណុំរឿងទាំងនោះ ភាគច្រើនជាបណ្ដឹងបរិហារអាជ្ញាធរពាក់ព័ន្ធ ពីបទអនុគ្រោះបទល្មើសឧក្រិដ្ឋព្រៃឈើ និងមិនទប់ស្កាត់ការកាប់រានព្រៃខុសច្បាប់។ លើសពីនេះ លោក ឆន ផល្លា បានប្ដឹង អភិបាលស្រុកលំផាត់លោក នូ ថេរ ពីបទគំរាមប្រើហិង្សាលើគ្រួសាររបស់លោក ប្រសិនបើតុលាការចាត់វិធានការតាមបណ្តឹងរបស់លោក។
សកម្មជនបរិស្ថានរូបនេះ ធ្លាប់ត្រូវអាជ្ញាធរមូលដ្ឋានខេត្តរតនគិរី កៀរគរ ក្រុមពលរដ្ឋជាច្រើននាក់ព្រួតគ្នាវាយលោកបណ្តាលឲ្យរងបួសធ្ងន់ធ្ងរ ដើម្បីគំរាមបង្ខំឱ្យលោកដកពាក្យបណ្ដឹងពីតុលាការកាលពីឆ្នាំមុន។
លោក ឆន ផល្លា ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា ក្រុមពលរដ្ឋដែលព្រួតគ្នាវាយលោក គឺដឹកនាំដោយអភិបាលស្រុកលំផាត់លោក នូ ថេរ មេឃុំសេដាលោក អង់ ប៊ុនធៀង ក្រុមប្រឹក្សាឃុំ និងមេភូមិ។ បន្ថែមពីនេះ ក្រុមពលរដ្ឋទាំងនោះបានដកហូតទូរស័ព្ទដៃពីលោក និងឡោមព័ទ្ធផ្ទះរបស់លោកជាង៣ម៉ោង បំណងគំរាមបណ្ដេញលោកចេញពីភូមិទៀតផង។
បើទោះបីប្រឈមការគំរាមកំហែង និងប្តឹងផ្តល់ក្តីក៏សកម្មជនការពារព្រៃឈើរូបនេះនៅតែបន្តសកម្មភាពការពារធនធានធម្មជាតិ បន្សល់ទុកចុងក្រោយ ខណៈដែលអាជ្ញាធរមូលដ្ឋានខេត្តនេះ រងការរិះគន់ថាបានជិះសេះលែងដៃ មិនសូវខ្វល់ពីការទប់ស្កាត់បទល្មើសព្រៃឈើ ឱ្យមានប្រសិទ្ធភាពនៅឡើយទេ។
កាលពីដើមឆ្នាំ២០២១ កន្លងទៅ លោក ឆន ផល្លា និងជនជាតិដើមភាគតិចម្នាក់ទៀតលោក ស៊ី ថាន់ញ៉ាន់ បានថ្លែងនៅចំពោះមុខអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ពីវិនាសកម្មព្រៃឈើធំធេង និងសកម្មភាពកាប់រំលំឈើមានតម្លៃ ក្នុងព្រៃសហគមន៍ភូមិសមុទ្រក្រោម ឋិតក្នុងដែនជម្រកសត្វព្រៃលំផាត់ ពីសំណាក់ជនជាតិវៀតណាមរាប់រយនាក់កាលពីឆ្នាំ២០១៦។
ពួកគេអះអាងថា ឧក្រិដ្ឋកម្មព្រៃឈើទាំងនេះ មានពាន់ព័ន្ធអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងឈ្មួញឈើ សរុប៩នាក់ គឺមេភូមិសមុទ្រក្រោម លោក ខាំ ផសាវ៉ាត មេឃុំសេដា លោក អង់ ប៊ុនធឿង អភិបាលស្រុកលំផាត់ លោក នូ ថេរ មេប៉ុស្តិ៍សេដាលោក គិរ ចាន់ណារិទ្ធ ប្រធានរដ្ឋបាលដែនជម្រកសត្វព្រៃលំផាត់លោក សាន សានី អធិការស្រុកលំផាត់លោក ហេង ចន្ធី ប្រធានមន្ទីរបរិស្ថានលោក ថុន ខេមរិន និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។