មន្ត្រី​សង្គមស៊ីវិល ​និង​សកម្មជន​បរិស្ថាន​រិះគន់​តុលាការ​​ខេត្ត​រតនគិរី​កាត់​ក្តី​លម្អៀង ​និង​អយុត្តិធម៌​

ដោយ ម៉ៅ សុធានី
2021.11.11
មន្ត្រី​សង្គមស៊ីវិល ​និង​សកម្មជន​បរិស្ថាន​រិះគន់​តុលាការ​​ខេត្ត​រតនគិរី​កាត់​ក្តី​លម្អៀង ​និង​អយុត្តិធម៌​ សកម្មជនកាពារព្រៃឈើ លោក ឆន ផល្លា ពាក់អាវស ដៃជាប់ខ្នោះ កំពុងអង្គុយមុខបន្ទប់សវនាការ នៃសាលាដំបូងខេត្តរតនគិរី នៅរសៀលថ្ងៃទី ២០ កញ្ញានេះ។
រូប៖ អង្គការសិទ្ធិមនុស្សអាដហុក

មន្ត្រី​សង្គម​ស៊ីវិល ​និង​សកម្មជន​បរិស្ថាន​រិះគន់ ​តុលាការ​ខេត្តរតនគិរី​ថា ​កាត់​ក្តី​លម្អៀង ​និង​អយុត្តិធម៌​ចំពោះ​ពលរដ្ឋ​ដែល​លះបង់​ ការពារ​ប្រយោជន៍​ជាតិ​។ ​ការ​លើក​ឡើង​នេះ​ ក្រោយពី​តុលាការ​ខេត្តរតនគីរី​បាន​ប្រកាស​សាល​ក្រម​ផ្តន្ទាទោស ​សកម្មជន​ការពារ​ព្រៃឈើ​លោក ​ឆន ផល្លា​ ឱ្យ​ជាប់​ពន្ធនាគារ​ ៥​​ឆ្នាំ​។

មន្ត្រី​សង្គម​ស៊ីវិល ​និង​សកម្មជន​ការពារ​ព្រៃឈើ ​ខកចិត្ត​ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ​ ខេត្តរតនគិរី ​ដោយ​ចាត់​ទុក​ថា​ ជាការ​រួម​ចំណែក​បំផ្លាញ​ធនធាន​ធម្មជាតិ​

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក (ADHOC) ដែល​ចូល​ស្តាប់​សវនា​ គឺលោក ​ប៉ែន ប៊ុណ្ណារ៍ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ​ខែវិច្ឆិកា​ថា​ លោក​សោកស្តាយ​ ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ ​ព្រោះ​លោក ​ឆន ផល្លា ​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូចការ​ចោទ​ប្រកាន់​ទេ​។ ​លោកថា​ ទង្វើ​របស់​តុលាការ​បែប​នេះ ​ជា​រឿង​អយុត្តិធម៌​ និង​ចូលរូម​បំផ្លាញ​ភោគ​ទ្រព្យ​ជាតិ​ដែល​កំពុង​ប្រឈម​ការ​បាត់បង់​។ ​លោក​សង្កត់​ធ្ងន់​ថា ​តុលាការ​ខេត្ត​នេះ​ មិន​​យក​ចិត្ត​ទុក​ដាក់​ ចាត់​វិធានការ​ច្បាប់​លើ​​ក្រុម​ឧក្រិដ្ឋជន​ និង​អ្នក​មាន​អំណាច​ដែល​ឈូស​ឆាយ​រំលោភ​យក​ដី​ព្រៃ​អភិរក្ស​ខុស​ច្បាប់នោះទេ បែរជាធ្វើបាបលើសកម្មជនបរិស្ថានទៅវិញ៖ «អយុត្តិធម៌​​បំផុត​​ក្នុង​ខេត្តរតនគិរី​ចំពោះ​លោក ​ឆន ផល្លា ​អ៊ីចឹង​យើង​ទាមទារ​ សូម​ឱ្យ​តុលាការ​បើកភ្នែក ​មើល​អ្នក​កាប់​រាន​ដី​ព្រៃ​ជិត ​៩០ ​ម៉ឺន​ហិកតារ ​ដែល​ភស្តុតាង​ជាក់ស្តែង​ គឺ​អាជ្ញាធរ​ខេត្ត ​ជាពិសេស ​អតីត​អភិបាលខេត្ត ​លោក​បាន​ ប្រកាស​ក្នុង​អង្គ​ប្រជុំ ​ដាក់​ទៅ​រដ្ឋាភិបាល ​ដើម្បី​កាត់​ក្តី​។ ​យើង​សូម​ឱ្យ​តុលាការ​អនុវត្ត​ផ្តន្ទាទោស ​អ្នក​ទាំង​នោះ​ដែរ»។

កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ​សាលា​ដំបូង​ខេត្តរតនគិរី​បាន​ប្រកាស​សាលក្រម​ ផ្តន្ទាទោស​សកម្មជន​ការពារ​ព្រៃឈើ ​លោក ​ឆន ផល្លា ដា​ក់​ពន្ធនាគារ ​រយះ​ពេល​៥​ឆ្នាំ ​ពី​បទ «កាប់គាស់ ​រុករាន​ ឆ្ការដុត​ និង​ឈូសឆាយ​ដីព្រៃ ​ធ្វើ​ជា​កម្មសិទ្ធិ» ផ្អែក​តាម​មាត្រា ​៩៧ ​នៃ​ច្បាប់​ស្តី​ព្រៃឈើ​

ឆ្លើយ​តប​រឿងនេះ ​អ្នក​នាំ​ពាក្យ​សាលាដំបូង ​ខេត្តរតនគិរី​ លោក ​កែវ ពិសុទ្ធ ​ប្រាប់​វិទ្យុអាស៊ីសេរី​ថា​ បន្ទាប់​ពី​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ ​ប្រកាស​សាលក្រម​ លោក ​ឆន ផល្លា ​បាន​ប្តឹងទាស់​ទៅ​សាលា​ឧទ្ធរណ៍​រួច​ហើយ​។ ​លោកថា ​សំណុំ​រឿង​នេះ​ មាន​ពលរដ្ឋ​ ៦​គ្រួសារ ​ជាដើម​បណ្តឹង​។​ លោក​បដិសេធ​មិន​បំភ្លឺ​ចំពោះ​សំណួរ​​ថា ​មន្ត្រី​សង្គមស៊ីវិល ​និង​សកម្មជន​បរិស្ថាន ​រិះគន់​តុលាការ​ថា​ កាត់​ក្តី​លម្អៀង ​និង ​អយុត្តិធម៌ ​ព្រោះ​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​៖ «ខ្ញុំមិន​អាច​បញ្ជាក់​បាន​ថា​ យុត្តិធម៌​ ឬ​មិន​យុត្តិធម៌​ ព្រោះ​ខ្ញុំ​មិនមែន​ជា​អ្នក​ចាត់​ការ​រឿង ​គ្រាន់​តែ​ជា​អ្នក​នាំ​ពាក្យ​។ ​ខ្ញុំ​មិន​អាច​ផ្តល់​ពាក្យ​ថា ​កាត់​យ៉ាង​ម៉េច​?»។

ជុំវិញ​រឿង​នេះ ​សកម្មជន​ការពារ​បរិស្ថាន​លោក​ ឆឺយ ឧត្តមរស្មី ​ចាត់​ទុក​សេចក្តី​សម្រេច​នេះ​ ជា​ការ​គំរាមកំហែង​ពលរដ្ឋ ​មិន​ឱ្យ​ធ្វើ​សកម្មភាព​ការពារ​ព្រៃឈើ ​​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ព្រៃឈើ​ កាន់​តែ​វិនាស​ហិនហោច​។ ​លោក​គិត​ថា​ ទង្វើ​របស់​តុលាការ ​ជា​ការ​ធ្វើ​ទុក្ខ​បុកម្នេញ ​មួយ​កម្រិត​ទៀត​ លើ​សកម្មជន​ព្រៃឈើ ​ផ្ទុយ​ពី​ក្រុម​ឧក្រិដ្ឋ​ជន ​និង​អាជ្ញាធរ​ខិលខូច ​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ រឿង​បទ​ល្មើសព្រៃឈើ​ មិន​ឃើញតុលាការ​ស៊ើបអង្កេត ​និង​ផ្តន្ទាទោស​នៅ​ឡើយទេ​៖ «ខ្ញុំ​គិត​ថា ​តុលាការ ​និង​រដ្ឋាភិបាល​គួរ​ពិចារណា​សារ​ឡើងវិញ​ ពីបញ្ហា​សំណុំ​រឿង​របស់​លោក​ ឆន ផល្លា ​ហើយ​យើង​គិត​ថា ​នេះ​ជា​ការ​គំរាម​កំហែង​ដ៏​ធ្ងន់ធ្ងរ​មួយ ​ដល់​សកម្មជន​ និង​សហគមន៍​ដទៃ​ទៀត ​កុំ​ឱ្យ​យក​តម្រាប់​តាម​ លោក​ឆន ផល្លា»។

សកម្មជន​ការពារ​ព្រៃឈើលោក ​ឆន ផល្លា ​វ័យ​ជាង​ ៤០​ ឆ្នាំ ​រស់​នៅ​ភូមិ​សមុទ្រ​ក្រោម​ ឃុំសេដា ​ស្រុក​លំផាត់​ ខេត្ត​រតនគិរី​។

ជន​ជាតិ​ដើម​ភាគតិច​ទំពូន​រូបនេះ​មាន​ភាព​ក្លាហាន ​ប្ដឹង​បរិហារ​អាជ្ញាធរ​ពាក់ព័ន្ធ​ ឈ្មួញ​ឈើ ​និង​មន្ត្រី​ជំនាញទៅ​តុលាការ​ខេត្ត​រតនគិរី ចំនួន១០ សំណុំ​រឿង​មក​ហើយ ក្នុង​នោះ​មាន​ ៣​សំណុំ​រឿង​សាលា​ដំបូង​ខេត្ត​នេះ តម្កល់​ឥត​ចាត់ការ ​ហើយ​ពួកគេ​បាន​ប្ដឹង​ទាស់​ទៅសាលាឧទ្ធរណ៍ត្បូងឃ្មុំ។

សំណុំ​រឿង​ទាំង​នោះ ភាគ​ច្រើន​ជា​បណ្ដឹង​បរិហារ​អាជ្ញាធរ​ពាក់ព័ន្ធ​ ពី​បទ​អនុគ្រោះបទ​ល្មើស​ឧក្រិដ្ឋ​ព្រៃឈើ និង​មិន​ទប់​ស្កាត់​ការ​កាប់​រាន​ព្រៃ​ខុសច្បាប់​។ ​លើស​ពី​នេះ ​លោក​ ឆន ផល្លា ​បាន​ប្ដឹង​ អភិបាល​ស្រុក​លំផាត់លោក ​នូ ថេរ ​ពី​បទ​គំរាម​ប្រើ​ហិង្សាលើ​គ្រួសារ​របស់​លោក ​ប្រសិន​បើ​តុលាការ​ចាត់​វិធានការ​តាមបណ្តឹងរបស់​លោក។

សកម្មជន​បរិស្ថាន​រូបនេះ ​ធ្លាប់​ត្រូវ​អាជ្ញាធរ​មូលដ្ឋាន​ខេត្តរតនគិរី ​កៀរគរ ​ក្រុម​ពលរដ្ឋ​ជាច្រើន​នាក់​ព្រួត​គ្នា​វាយ​លោក​បណ្តាល​ឲ្យ​រង​បួស​ធ្ងន់ធ្ងរ ​ដើម្បី​គំរាម​បង្ខំ​ឱ្យ​លោក​ដក​ពាក្យ​បណ្ដឹង​ពី​តុលាការ​​កាល​ពី​ឆ្នាំ​មុន​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។