តុលាការ​ខេត្ត​រតនគិរី​កាត់​ទោស​​សកម្មជន​​ព្រៃឈើ​​ ៣​​នាក់​​ដាក់​​ពន្ធនាគារ​ពី​ ៥ ទៅ ៦ឆ្នាំ

0:00 / 0:00

ក្រុម​គ្រួសារ​និងមន្រ្តី​សង្គម​ស៊ីវិល​លើក​ឡើង​ថាការ​កាត់​ក្ដី​លើ​សកម្មជន​ព្រៃឈើ​លោក ឆន ផល្លា និង​ពលរដ្ឋ​ពីរ​នាក់​ទៀត​ឲ្យ​ជាប់​ពន្ធនាគារ​ពី ​៥ឆ្នាំ ​ទៅ​ ៦ឆ្នាំគឺ​ជា​រឿង​អយុត្តិធម៌។ ការ​លើក​ឡើង​របស់​មន្ត្រី​សង្គម​ស៊ីវិល​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​ខេត្តរតនគិរីបាន​ផ្ដន្ទាទោស​សកម្មជន​ព្រៃឈើ​ ៣​នាក់​ ឱ្យ​ជាប់​ពន្ធនាគារ​ពី​ ៥ ទៅ ៦ឆ្នាំ កាលពីថ្ងៃទី៨ ខែកក្កដា។

ក្រុម​គ្រួសារនិង​មន្ត្រីការពារ​សិទ្ធិមនុស្សប្រតិកម្មថា ជា​រឿង​មិន​សម​ហេតុផល​និង​មិន​អាច​ទទួល​យក​បាន​ដែល​តុលាការ​ខេត្តរតនគិរីកាត់ទោស​សកម្មជន​ការពារ​ព្រៃឈើលោក ឆន ផល្លា និង​ជនជាតិ​ដើម​ភាគ​តិច​២​នាក់​ទៀតឲ្យ​ជាប់​ពន្ធនាគារ​ពី ​៥​ឆ្នាំ ​ទៅ ​៦ឆ្នាំក្នុង​សំណុំរឿង​ថ្មីមួយ​ទៀត​ដែល​គ្មាន​ភស្តុតាង​គ្រប់គ្រាន់។

ភរិយា​សកម្មជន​ព្រៃឈើ​លោក ឆន ផល្លា គឺ​លោកស្រី ខាំ សាឡុង លើកឡើងថាលោកស្រី​មិន​អាច​ទទួល​យក​បានទេ ​ចំពោះការ​កាត់ក្ដី​លើ​ប្ដី​របស់​លោកស្រី​ដោយ​អយុត្តិធម៌​បែបនេះ​ព្រោះ​ប្ដីរបស់​លោកស្រី​មិន​ដែល​បាន​ឡើង​ភ្នំអាតដើម្បី​កាប់ឆ្កាព្រៃ​មក​ធ្វើជា​កម្មសិទ្ធិឬ​លក់ដូរ​ម្ដង​ណាឡើយ។ លោកស្រី​ស្នើដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ដោះលែង​ប្ដី​របស់​លោកស្រី​ឱ្យ​មាន​សេរីភាព​វិញ។ លោកស្រីត្អូញ​ត្អែ​ថាចាប់​តាំង​ពី​អាជ្ញាធរ​ចាប់ប្តី​លោកស្រី​ដាក់​ពន្ធនាគារ​មក​លោកស្រី ត្រូវដើរ​ស៊ីឈ្នួល​គេ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ដែល​មាន​កូន ​៣​នាក់​ក្នុង​បន្ទុក​កំពុង​រៀន​និង​សម្រាប់ទំនុក​បម្រុង​ចំណី​អាហារនិង​ថ្នាំដល់​ប្ដី​លោកស្រី​នៅក្នុង​ពន្ធនាគារ​ទៀតដោយ​ប្ដីលោកស្រី​កំពុង​មាន​ជំងឺ​លើស​ឈាមនិង​ទឹក​នោម​ផ្អែម​ផង៖ « ដូចថា​អាអ្នក​បំផ្លាញ អាអ្នក​ចោទ​ប្រកាន់​គាត់​រស់​សុខ​ស្រួល ដូចថា​មាន​ឡាន​ មាន​ម៉ូតូជិះ​ គេលក់​ដី​លក់ធ្លី តែគាត់​ស្អីក៏​គ្មាន គាត់​ខំការពារ​ហើយ​ទៅ​គាត់​មាន​ទោស មាន​រឿង​អញ្ចឹង​ទៀត »

សាលាដំបូងខេត្តរតនគិរី កាលពីថ្ងៃទី៨ ខែកក្កដា បាន​សម្រេច​ផ្ដន្ទាទោស​សកម្មជន​ព្រៃឈើ​ ៣​នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ពី ​៥​ឆ្នាំ ​ទៅ ​៦​ឆ្នាំពីបទ​ផ្ដើមគំនិត​​ញុះញង់​ឱ្យប្រជាជន​កាប់រុករាន​ដីព្រៃ​ដើម្បី​ធ្វើជា​កម្មសិទ្ធិដោយ​ក្នុង​នោះ​សកម្មជន​ព្រៃឈើ លោក ស៊ីថាន់ ញ៉ាន់ និងលោក ខាំ ម៉ាសូក ដាក់​ពន្ធនាគារ​៥ឆ្នាំតែ​សម្រេច​ឱ្យ​នៅក្រៅ​ឃុំ។ ចំណែក​ លោក ឆន ផល្លា ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នោះវិញ តុលាការ​កាត់ទោស​ជាប់​ពន្ធនាគារ ៦​ឆ្នាំ។

ជុំវិញ​រឿង​នេះមន្ត្រីនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក សឹង សែនករុណា ខកចិត្ត​ចំពោះការ​កាត់​ទោស​លើ​សកម្មជន​ព្រៃឈើ​ទាំង​នេះដោយ​លោក​លើក​ឡើង​ថាការ​ផ្ដន្ទាទោសនេះ​ជាការ​បង្អាក់​ទឹកចិត្ត​ដល់​សកម្មជន​ព្រៃឈើ​ក្នុងការ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​ដែល​ជា​ប្រយោជន៍​រួម។ ជាមួយ​គ្នា​នេះលោក​ទទូច​ដល់​ក្រសួង​យុត្តិធម៌​ចាត់​ក្រុម​ពិសេស​មួយដើម្បី​ចុះ​ស៊ើប​អង្គេត​រក​យុត្តិធម៌​ដល់​សកម្មជន​ព្រៃឈើ​ទាំង​ ៣​នាក់​នេះ​ឡើង​វិញ៖ « តាមការ​កត់សម្គាល់​របស់​យើង​ហ្នឹង គឺមិនមាន​ឯកសារ​ភស្ដុតាង​ណា​មួយ​គ្រប់គ្រាន់​ក្នុង​ការ​ដាក់​បន្ទុក​ទៅ​លើ លោក ឆន ផល្លា រួម​ទាំង​សកម្មជន​ផ្សេង​ទៀត​ទេ ហើយ​ការ​សម្រេច​សេចក្ដី​នេះ យើង​ចាត់​ទុកថា ជារឿង​អយុត្តិធម៌​ណាស់​សម្រាប់​សកម្មជន​ព្រៃឈើ ​ដែល​លោក​ខិតខំ​ប្រឹង​ប្រែង​ការពារ​ព្រៃ​ឈើ​បែរជា​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើក​ទឹក​ចិត្ត ឱ្យ​មាន​ការ​ចូលរួម​ការពារ​ព្រៃឈើ ​វាទៅ​ជា​រឿង​មាន​ការ​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ហើយ​ចាប់​គាត់​យក​ទៅ​ដាក់​ពន្ធនាគារ​ទៅ​ទៀត »

លោក ឆន ផល្លា មានវ័យជាង ៤០​ឆ្នាំ ​រស់នៅ​ភូមិ​សមុទ្រ​ក្រោម​ ឃុំសេដា ​ស្រុក​លំផាត់​ ខេត្ត​រតនគិរី​ គឺជា​សកម្មជន​ការពារ​ព្រៃឈើ និង​ធនធានធម្មជាតិ។ លោកបាន​ចំណាយ​ពេល​ជាង ​១០ឆ្នាំ ​ចង​ក្រង​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​បំផ្លាញព្រៃឈើ និង​ដាក់​ពាក្យ​បណ្ដឹង​បរិហារ ​អាជ្ញាធរ​ដែល​មិន​បំពេញ​តួនាទី​ ការពារ​ព្រៃឈើ​ និង​ដីធ្លី។

សមត្ថកិច្ចបាន​ចាប់​ឃុំ​ខ្លួន​លោក កាល​ពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១។ សំណុំរឿងទី១ ​នោះតុលាការ​ខេត្តរតនគិរី​បាន​ផ្ដន្ទាទោស​លោក​ដា​ក់​ពន្ធនាគារ ​រយះ​ពេល​ ៥​ឆ្នាំ ​ពី​បទ «កាប់គាស់ ​រុករាន​ឆ្ការ​​ដុត​ និង​ឈូសឆាយ​ដីព្រៃ ​ធ្វើ​ជា​កម្មសិទ្ធិ» ផ្អែក​តាម​មាត្រា ​៩៧ ​នៃ​ច្បាប់​ស្តី​ព្រៃឈើ។ ដំបូងឡើយ គឺលោក ឆន ផល្លា គឺជាអ្នក​ប្ដឹង​បរិហារ​អាជ្ញាធរ​ពាក់ព័ន្ធ​ ឈ្មួញ​ឈើ ​និង​មន្ត្រី​ជំនាញទៅ​តុលាការ​ខេត្ត​រតនគិរី ចំនួន១០ សំណុំ​រឿង​បទ​អនុគ្រោះបទ​ល្មើស​ឧក្រិដ្ឋ​ព្រៃឈើ និង​មិន​ទប់​ស្កាត់​ការ​កាប់​រាន​ព្រៃ​ខុសច្បាប់ ប៉ុន្តែតុលាការ មិនបាន​ចាត់វិធានការឡើយ​។ ផ្ទុយទៅវិញ សកម្មជនរូបនេះ បែរជា​ត្រូវ​អាជ្ញាធរ​មូលដ្ឋានព្រួតវាយដំ​លើ​រាងកាយ​បង្ខំឲ្យ​ដក​បណ្តឹង​វិញហើយ​អាជ្ញាធរ​ទាំង​នោះថែម​ទាំង​ដាក់​បណ្តឹង​បក​ទៅ​លោក ឆន ផល្លា ទៀតផង។ តុលាការ ក៏ចាត់ការ​តាម​បណ្តឹង​របស់​អាជ្ញាធរ​ទាំង​នោះ​ជា​បន្ត​បន្ទាប់។

កាលពីថ្ងៃទី៥ ខែកក្កដា​កន្លងទៅ ការិយាល័យ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជាបង្ហាញ​ការ​ព្រួយ​បារម្ភ​ថាការ​កាត់​ទោស​លោក ឆន ផល្លា ឱ្យ​ជាប់​ពន្ធនាគារគឺ​ធ្វើឡើង​បន្ទាប់​ពី​លោក​មិន​ព្រម​ដក​ពាក្យ​បណ្ដឹង​ប្រឆាំង​មន្ត្រី ៧​រូប​ដែល​ខកខាន​មិន​បាន​បំពេញ​កាតព្វកិច្ច​ការពារ​ដីធ្លី។ អង្គការ​សហប្រជាជាតិ​ចាត់​ទុក​រឿង​ក្ដី លោក ឆន ផល្លា ជាការ​បំភិតបំភ័យ​លើ​ជនជាតិ​ដើម​ភាគ​តិចនិង​អ្នក​ការពារ​សិទ្ធិមនុស្សហើយបណ្ដឹង​នេះ​ជា​ការ​សងសឹក​ដោយ​ផ្ទាល់​ចំពោះ​សកម្មភាព​ស្រប​ច្បាប់និង​សន្តិភាព​របស់​សកម្មជន​ព្រៃឈើ​ក្នុងការ​ការពារ​ព្រៃសហគមន៍​របស់​ពួក​គេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។