មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បើកកិច្ចប្រជុំពិភាក្សាសើរើទៅលើការងារពាក់ព័ន្ធនឹងការផ្តល់ដីសម្បទានសេដ្ឋកិច្ច ដែលបានផ្ដល់អាជ្ញាប័ណ្ណជូនក្រុមហ៊ុនវិនិយោគមួយចំនួន នាខេត្តព្រះសីហនុ។
មន្ត្រីរដ្ឋាភិបាល ព្រមានថា នឹងដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនទាំងឡាយណាដែលមិនបានអនុវត្តតាមកិច្ចសន្យា ឬគោលការណ៍វិនិយោគ ដែលបានព្រមព្រៀងជាមួយរដ្ឋាភិបាល។ សម្រាប់មន្ត្រីសង្គមស៊ីវិល បានសាទរចំពោះចំណាត់ការរបស់មន្ត្រីរដ្ឋាភិបាល ទៅលើក្រុមហ៊ុនវិនិយោគដែលគ្មានសកម្មភាពទាំងនេះ។
កិច្ចប្រជុំសើរើជុំវិញការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនវិនិយោគនេះ ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅសាលប្រជុំរបស់សាលាខេត្ត កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា។
ជំនួបពិភាក្សាចំណាយពេលជិត ៣ម៉ោង លោក ប៊ិន ឈិន បានលើកយកឈ្មោះក្រុមហ៊ុនជាង ២០ក្រុមហ៊ុន យកមកពិភាក្សាជាមួយអភិបាលខេត្តព្រះសីហនុ លោក ឈិត សុខុន និងមន្ត្រីដឹកនាំនៅតាមមន្ទីរ ឬស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្តនេះ។ មន្ត្រីរដ្ឋាភិបាលរូបនេះ បានស្នើដល់មន្ត្រីពាក់ព័ន្ធនៅតាមមន្ទីរ ឬស្ថាប័នជំនាញ ត្រូវសហការគ្នាចុះពិនិត្យជាក់ស្តែងអំពីសកម្មភាពរបស់ក្រុមហ៊ុនវិនិយោគ ដើម្បីឲ្យប្រាកដថា ក្រុមហ៊ុនទាំងនោះបានអនុវត្តទៅតាមកិច្ចសន្យាវិនិយោគដែរឬទេ។
លោក ប៊ិន ឈិន សង្កត់ធ្ងន់ថា បើរកឃើញក្រុមហ៊ុនមិនអនុវត្តតាមគោលការណ៍វិនិយោគជាមួយរដ្ឋាភិបាល ឬក៏មិនមានសកម្មភាពក្រោយទទួលបានសិទ្ធិវិនិយោគ នឹងត្រូវដកហូតអាជ្ញាប័ណ្ណទុកជាសម្បត្តិរដ្ឋវិញ៖ «ដីមិនធ្វើ គឺជាកម្មវត្ថុនៃការដកហូត ត្រូវដកហូតអាហ្នឹង។ ប៉ុន្តែខ្ញុំមិនសម្រេចថាគេមិនធ្វើ ហើយសម្រេចដកហូតម្នាក់ឯងអត់ទេ គឺខ្ញុំអាងលើប្រធានអនុគណៈកម្មការថ្នាក់ខេត្ត ឲ្យគេចុះទៅពិនិត្យថា បើគេអត់ធ្វើ អាហ្នឹងយើងត្រូវដកហូត។ កុំឲ្យគេដើរយកដីហ្នឹងទៅលក់ដល់ឯណាឯណីនោះ។ ទស្សនៈរបស់រដ្ឋាភិបាល គឺចឹង»។
សកម្មភាពនេះ លោកឧបនាយករដ្ឋមន្ត្រីបានព្រមានដល់មន្ត្រីនៅតាមមន្ទីរ ឬស្ថាប័នជំនាញនៅក្នុងខេត្តថា ត្រូវអនុវត្តសកម្មភាពរបស់ខ្លួននៅតាមក្រុមហ៊ុននីមួយៗឲ្យបានត្រឹមត្រូវ និងជៀសវាងយកតួនាទីទៅឃុបឃិតជាមួយក្រុមហ៊ុនវិនិយោគ ហើយធ្វើរបាយការណ៍ក្លែងបន្លំថ្នាក់លើ។

កិច្ចប្រជុំនេះ ទទួលបានការសាទរពីមន្ត្រីសង្គមស៊ីវិល ធ្វើការងារពាក់ព័ន្ធដីធ្លី និងសិទ្ធិមនុស្សមួយចំនួននាខេត្តព្រះសីហនុ។
ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ឬហៅកាត់ស៊ីអិនរ៉ូ (CNRO) សាខាខេត្តព្រះសីហនុ លោក សុខ សុខុម មានប្រសាសន៍ថា មានក្រុមហ៊ុនវិនិយោគខ្លះនាខេត្តជាប់មាត់សមុទ្រមួយនេះ បន្ទាប់ពីទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាល មិនឃើញមានសកម្មភាពអភិវឌ្ឍន៍ ឬក៏មានការអភិវឌ្ឍតិចតួច។ លោកបន្តថា វត្តមានរបស់ក្រុមហ៊ុនវិនិយោគភាគច្រើននាខេត្តព្រះសីហនុ គឺបានធ្វើសកម្មភាពរំលោភដល់សិទ្ធិពលរដ្ឋ ក្នុងការប្រកបរបរទទួលទាន សិទ្ធិសង់លំនៅឋានរស់នៅ និងគ្រប់គ្រងដីធ្លី ជាដើម។
មន្ត្រីសិទ្ធិមនុស្សរូបនេះ គាំទ្រវិធានការរបស់រដ្ឋាភិបាលដកហូតដី ឬអាជ្ញាប័ណ្ណពីក្រុមហ៊ុនដែលអនុវត្តផ្ទុយពីកិច្ចព្រមព្រៀង មកជាសម្បត្តិរដ្ឋវិញ៖ «ក្រុមហ៊ុនមិនមានដំណើរការ ត្រូវតែមានវិធានការដកចេញ កុំឲ្យក្រុមហ៊ុនហ្នឹងទុកធ្វើនំអត់ម្សៅ ហើយជាពិសេស ដូចជាគម្រោងអភិវឌ្ឍន៍កោះរ៉ុង ជាដើម។ តាំងពីឆ្នាំ២០០៨ រហូតដល់បច្ចុប្បន្ននេះ ក្រុមហ៊ុននេះបានឈូសឆាយផ្លូវតែមួយខ្សែគត់ ហើយផ្លូវនេះបានខូចខ្ទេចខ្ទីអស់ហើយ ហើយបច្ចុប្បន្ន ក្រុមហ៊ុនមិនមានដំណើរការអ្វីទាំងអស់។ ហើយក្រុមហ៊ុនបានទៅបង្ខាំងប្រជាពលរដ្ឋ ឬបង្កកប្រជាពលរដ្ឋមិនឲ្យដំណើរការសាងសង់លំនៅឋាន ឬបឹងកាឡូ ដែលជាអាជីវកម្មរបស់ប្រជាពលរដ្ឋទេរាល់ថ្ងៃនេះ»។
ចំណែកមន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធ ក៏បានគាំទ្រឲ្យរដ្ឋាភិបាលដកហូតសិទ្ធិពីក្រុមហ៊ុនវិនិយោគណាដែលគ្មានសកម្មភាព បន្ទាប់ពីទទួលបានសិទ្ធវិនិយោគពីរដ្ឋាភិបាល។ លោកថា នៅខេត្តព្រះសីហនុ មានក្រុមហ៊ុនជាច្រើនមិនមានការអភិវឌ្ឍអ្វីទេ បន្ទាប់ពីទទួលសិទ្ធិពីរដ្ឋាភិបាល ពិសេសដីនៅតាមតំបន់ជាប់ឆ្នេរសមុទ្រ និងដីកោះ ជាដើម៖ «ចំណុចសំខាន់មួយទៀតដែលត្រូវសើរើ ហើយដកហូតមកជាបន្ទាន់ គឺរាល់ដីសម្បទានសង្គមកិច្ចទាក់ទងដីនៅតំបន់ឆ្នេរសមុទ្រ។ ឆ្នេរសមុទ្រ គឺនៅម្តុំឆ្នេរអារីស្តុន ហើយនិងឆ្នេរឯករាជ្យ និងដីតំបន់ផ្សេងៗទៀត ដែលទាក់ទងនឹងឆ្នេរសមុទ្រហ្នឹង គួរតែដកហូតដើម្បីយកមកប្រើប្រាស់លើវិស័យទេសចរណ៍យើងវិញ ពីព្រោះទេសចរឥឡូវមានចំនួនកើនឡើង ប៉ុន្តែអត់មានទីតាំងសម្រាប់ឲ្យពួកគាត់ចូលកម្សាន្តទេ។ ហើយបើសិនជាធ្វើដំណើរទៅកម្សាន្តតាមកោះ គឺវាងាយនឹងជួបគ្រោះថ្នាក់បណ្ដាលមកពីអាកាសធាតុ។ អ៊ីចឹងសូមឲ្យមន្ត្រីពាក់ព័ន្ធ ជួយពិនិត្យមើលអំពីដីសម្បទានសង្គមកិច្ច ពាក់ព័ន្ធនឹងឆ្នេរសមុទ្រ និងកោះនានាផង»។
ទោះយ៉ាងណា លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានស្នើដល់មន្ត្រីពាក់ព័ន្ធខេត្តព្រះសីហនុ ត្រូវសហការចុះពិនិត្យពីសកម្មភាពរបស់ក្រុមហ៊ុនវិនិយោគនានា ហើយធ្វើរបាយការណ៍ពីសកម្មភាពជាក់ស្តែងជូនអាជ្ញាធរជាតិ ឬរដ្ឋាភិបាលពិនិត្យសម្រេច។
កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ចចំនួន៨ មានផ្ទៃដីសរុបប្រមាណជាង ១២ពាន់ហិកតារ នៅក្នុងខេត្តចំនួន៣ គឺខេត្តព្រះសីហនុ ចំនួន ៥ក្រុមហ៊ុន ខេត្តកំពង់ស្ពឺ ១ក្រុមហ៊ុន និងខេត្តកោះកុង ចំនួន ២ក្រុមហ៊ុន។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បញ្ជាក់ថា មូលហេតុដកហូតអាជ្ញាប័ណ្ណពីក្រុមហ៊ុនទាំង ៨នោះ ដោយសារក្រុមហ៊ុនទាំងនោះមិនគោរពតាមគោលការណ៍វិនិយោគរបស់រដ្ឋាភិបាល ទើបក្រសួងដកហូតដីទាំងនោះដាក់ជាឧទ្យានជាតិ ឬជាសម្បត្តិរដ្ឋវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។