សាច់ញាតិពលរដ្ឋម្នាក់ដែលស្លាប់ក្នុងពេលតវ៉ារកដំណោះស្រាយដីធ្លីនៅខេត្តកោះកុង មានជីវភាពក្រីក្រ ដោយពុំមានទីពឹង
2023.03.21

សាច់ញាតិពលរដ្ឋមានទំនាស់ដីធ្លីម្នាក់ ដែលស្លាប់ដោយសារតវ៉ារកដំណោះស្រាយបញ្ហាដីធ្លីនៅខេត្តកោះកុង ត្អូញត្អែរ ពីជីវភាពកាន់តែក្រីក្រលំបាក និងគ្មានទីពឹងព្រោះបាត់បង់មនុស្សបង្គោលក្នុងគ្រួសារ។ មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរគួរតែរកយុត្តិធម៌ជូនដល់គ្រួសារអ្នកស្លាប់ ហើយដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ឱ្យបានឆាប់។
សាច់ញាតិជនរងគ្រោះ ដែលបានស្លាប់នៅខេត្តកោះកុងលើកឡើងថា បច្ចុប្បន្នគ្រួសារលោក បូក ឆេក រស់នៅដោយការលំបាក ព្រោះមានជីវភាពក្រីក្រ ខណៈដែលប្រពន្ធលោក ក៏មានជំងឺប្រចាំកាយ ពុំអាចធ្វើការងារអ្វីបាននោះទេ ចំណែកកូន៣នាក់ ក៏បែកគ្រួសារនៅឆ្ងាយ និងអ្នកខ្លះមកធ្វើការស៊ីឈ្នួលគេនៅភ្នំពេញ ដោយទទួលបានថវិកាតិចតួច។
ថ្វីដ្បិតតែ ជនរងគ្រោះ គឺលោក បូក ឆេក ជាជនពិការជើងម្ខាង ក៏ប៉ុន្តែកាលលោកនៅរស់ លោកតែងតែទៅនេសាទត្រី នៅឯសមុទ្រ ជាមួយនឹងអ្នកភូមិជិតខាង ដើម្បីអាចរកចំណូលបានខ្លះសម្រាប់ផ្គត់ផ្គង់គ្រួសារ។ ក្នុងមួយថ្ងៃលោក អាចរកបាន ២ម៉ឺនរៀល ទៅ៤ម៉ឺនរៀល ក៏ប៉ុន្តែ ចំណូលទាំងនេះពុំគ្រប់គ្រាន់ទេ ដែលធ្វើឱ្យលោក និងប្រពន្ធ រស់នៅដោយលំបាក។ ចំណែកបញ្ហាដីធ្លីវិញ លោកតែងតែចូលរួមតវ៉ាជាមួយប្រជាសហគមន៍មិនដែលខកខានឡើយ។
លោកស្រី ឆឹង កុម្ភៈ ដែលជាប្អូនស្រីបង្កើតលោក បូក ឆេក ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២០ ខែមីនា ថា បងប្រុសលោកស្រី ពុំមានជំងឺប្រចាំកាយអ្វីនោះទេ ហើយលោក បូក ឆេក កាលនៅរស់តែងតែទៅនេសាទត្រីជាញឹកញាប់ ជាមួយនឹងអ្នកជិតខាង ដើម្បីរកប្រាក់ចំណូលមកផ្គត់ផ្គង់គ្រួសារ ដោយសារតែលោកពុំមានដីស្រែចម្ការសម្រាប់អាស្រ័យផល។ លោកស្រីបន្តថា ដីរបស់លោក កូប ឆេក ដែលមាន ២ហិកតារនោះ ក៏ត្រូវបានក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត ច្បាមយក អស់រយៈពេលជាង ១០ឆ្នាំមកហើយ។ លោកស្រីថា បច្ចុប្បន្ននេះ ប្រពន្ធកូនរបស់លោក បូក ឆេក រស់នៅដោយគ្មានប្រាក់ចំណូល និងមិនដឹងថា ត្រូវទៅពឹងអ្វីនោះទេ។
លោកស្រី ឆឹង កុម្ភៈ៖ «អភិបាលខេត្តកោះកុងគាត់គួរតែរកដំណោះស្រាយឱ្យសហគមន៍ទៅ ព្រោះអីគាត់ក្រីក្រខ្លាំងណាស់ ទាំងរូបគេ ទាំងរូបខ្ញុំគឺសុទ្ធតែដុនដាបខ្លាំងដូចគ្នា។ អ្នកខ្លះជំពាក់បំណុលធនាគារ អ្នកខ្លះទៅធ្វើការចំណាកស្រុក សូម្បីតែកូនក៏អាចបានសិក្សា បោះបង់ការសិក្សាដែរ ចាប់ពីអាយុ ១០, ១១, ១២ឆ្នាំហ្នឹង គឺទៅតាមម្ដាយឪពុក ដើម្បីរកលុយចិញ្ចឹមជីវភាព ហើយ គាត់អត់អើពើជាមួយប្រជាពលរដ្ឋ ដែលរងគ្រោះវិបត្តិជាមួយក្រុមហ៊ុនស្ករអំពៅហ្នឹងទ»។
កាលពីថ្ងៃទី១៥ មីនា ប្រជាពលរដ្ឋដែលរងគ្រោះពីការរំលោភដីធ្លីពីក្រុមហ៊ុនស្ករអំពៅ ឧកញ៉ា លី យ៉ុងផាត់ ចំនួនជាង៤រយនាក់ មកពីសហគមន៍ចំនួន៣ ស្ថិតក្នុងស្រុកស្រែអំបិល និងស្រុកបុទុមសាគរ បានប្រមូលផ្ដុំគ្នានៅមុខសាលាខេត្តកោះកុង ដើម្បីតាមដានញត្តិ ដែលពួកគេបានដាក់ កាលពីខែមករា និងស្នើសុំជួបអភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង និងអភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី ដើម្បីឱ្យជួយរកកិច្ចអន្តរាគមន៍រឿងដីធ្លី។
ដោយសារតែអាកាសធាតុក្ដៅខ្លាំង និងការដេកកណ្ដាលវាលហាលទឹកសន្សឹមផងនោះ បានធ្វើឱ្យប្រជាពលរដ្ឋមានបញ្ហាសុខភាពជាច្រើននាក់ ក្នុងនោះមានពលរដ្ឋ៤នាក់បានដួលសន្លប់ ចំណែកពលរដ្ឋម្នាក់ទៀត គឺលោក បូក ឆេក បានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែក ខេត្តកោះកុង ។ លោក បូក ឆេក រស់នៅឃុំកណ្ដោល ស្រុក បុទុមសាគរ ខេត្តកោះកុង ជាជនពិការជើងម្ខាង ដែលលោកមានជីវភាពទីទ័លក្រលំបាក។ ពិធីបុណ្យសពលោក បានបញ្ចប់នៅថ្ងៃទី១៨ មីនា។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង និងអភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី២០ មីនា ដោយទូរស័ព្ទហៅចូលជាច្រើនដង តែមិនមានអ្នកទទួល។
ចំណែកមេភូមិកណ្ដោល ឃុំកណ្ដោល លោក លឹង កៅ លើកឡើងថា លោក បូក ឆេត មានសុខភាពមិនល្អនោះទេ។ ជាធម្មតា លោកតែងមានអាការៈសន្លប់ និងមានជំងឺប្រចាំកាយមិនសូវបានព្យាបាលបានត្រឹមត្រូវ ព្រោះគ្មានលុយ។ លោកបន្តថា ជុំវិញការតវ៉ាបញ្ហាដីធ្លីនេះ អាជ្ញាធរថ្នាក់ក្រោម រួមនឹងលោកខ្លួនឯងផ្ទាល់ ពុំមានលទ្ធភាពដោះស្រាយនោះឡើយ ព្រោះហួសផែនកំណត់។ តែយ៉ាងណាក្ដី លោកចង់ឱ្យអាជ្ញាធរថ្នាក់លើដោះស្រាយវិវាទដីធ្លីទាំងនោះជូនពលរដ្ឋឱ្យបានឆាប់ កុំឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរថ្នាក់ក្រោម មើលមុខគ្នាមិនចំដូចបច្ចុប្បន្ននេះ។
លោក លឹង កៅ៖ «មើលទៅការជ្រួលច្របល់នៅក្នុងមូលដ្ឋានវាពិបាកណាស់ ពិបាកដល់អាជ្ញាធរថ្នាក់ក្រោម និយាយទៅមើលមុខគ្នាលែងចង់យល់ និយាយគ្នាលែងចង់កើតអស់ហើយ ដោយសារតែពួកគាត់ខឹងរឿងដីធ្លី។ ក្នុងនាមយើងអាជ្ញាធរ ពិបាកក្នុងការរាក់ទាក់ជាមួយគាត់ និយាយជាមួយគាត់ ក៏មិនសូវត្រូវ គឺជ្រួលច្របល់ហ្មង»។
ជុំវិញការស្លាប់ពលរដ្ឋរងគ្រោះដីធ្លីនៅខេត្តកោះកុង ប្រជាពលរដ្ឋថា អាជ្ញាធរគួរតែចេញមុខ មកទទួលខុសត្រូវចំពោះមុខច្បាប់ ហើយផ្ដល់នូវយុត្តិធម៌ដល់គ្រួសារអ្នកស្លាប់ ព្រោះការបាត់បង់អាយុជីវិតពលរដ្ឋនេះ កំហុសមកពីអាជ្ញាធរពាក់ព័ន្ធមិនអើពើមកទទួលញត្តិរបស់ពួកគាត់ ដែលធ្វើឱ្យពលរដ្ឋឈរក្រោមកម្ដៅថ្ងៃ និងទឹកសន្សើមជិត ១០ម៉ោង។ ពលរដ្ឋថា ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុនកោះកុងស៊ូហ្គើរ (Koh Kong Sugar) និងក្រុមហ៊ុនកោះកុងផ្លែនថេសិន (Koh Kong Plantation) របស់លោក លី យ៉ុងផាត់ នេះកើតតាំងពីឆ្នាំ២០០៦ ប៉ុន្តែពុំឃើញមានអាជ្ញាធរណា ចេញមុខមកអន្តរាគមន៍ជូនពលរដ្ឋនោះឡើយ ផ្ទុយទៅវិញ បែរជាចោទពលរដ្ឋថា ជាក្រុមញុះញង់ បង្កភាវឹកវរដល់សន្តិសុខសង្គម។
មួយថ្ងៃក្រោយពីការស្លាប់ជនពលរដ្ឋ រដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី១៧ មីនា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបដិសេធថា លោក បូក ឆេក មិនមែនជាពលរដ្ឋ ដែលចូលរួមតវ៉ាក្នុងជម្លោះដីធ្លីនោះទេ ហើយករណីស្លាប់របស់លោក គឺបណ្ដាលមកពីជំងឺលើសឈាម និងដាច់សរសៃឈាមក្នុងខួរក្បាល។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តកោះកុង លោក ង៉ែត ស៊ីណាប់ ថា អាជ្ញាធរពាក់ព័ន្ធគួរតែស្វែងរកដំណោះស្រាយ និងផ្ដល់យុត្តិធម៌ជូនពលរដ្ឋឱ្យបានត្រឹមត្រូវ ពុំគួរគេចវេះវាស ពីបញ្ហា ដើម្បីរួចខ្លួននោះទេ។ លោកបន្តថា ការបង្ហាញព័ត៌មានរបស់អាជ្ញាធរ ជុំវិញការស្លាប់ពលរដ្ឋ ថាមិនពាក់ព័ន្ធនិងការតវ៉ានៅថ្ងៃទី១៥ ខែមីនានោះ ពុំមានមែនជាការពិត ខណៈដែលលោក បូក ឆេក ពិតជាមានវត្តមាននៅទីនោះមែន។ លោកថា ការឆ្លើយការពារខ្លួនរបស់អាជ្ញាធរនេះ ផ្ដល់នូវគំរូអាក្រក់នៅក្នុងសង្គម ខណៈដែលពលរដ្ឋភាគច្រើនដែលមកតវ៉ានេះ នោះសុទ្ធតែជាពលរដ្ឋមានបញ្ហាទំនាស់ដីធ្លី។
លោក ង៉ែត ស៊ីណាប់៖ «អាជ្ញាធរខេត្ត គឺត្រូវតែមានវិធានការក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ កុំចេះតែរកវិធីសាស្ត្រដោះសា រកវិធីសាស្ត្រឆ្លើយប្រឆាំង។ យើងគិតថា ប្រជារាស្ត្រ ប្រជាពលរដ្ឋ គឺជាកូនចៅរបស់គាត់ បើកូនរបស់គាត់មានបញ្ហាក្នុងនាមជាអាជ្ញាធរខេត្តហ្នឹងគាត់ត្រូវរកវិធីសាស្ត្រដោះស្រាយជួយកូនចៅគាត់ មិនមែនរកវិធីសាស្ត្រ ដើម្បីប្រឆាំងនឹងកូនចៅទេ»។
អ្នកឃ្លាំមើលបញ្ហាសង្គម និងប្រជាពលរដ្ឋថា ការតវ៉ាបញ្ហាដីធ្លីរហូតដល់មានការបាត់បង់អាយុជីវិត របស់ពលរដ្ឋទាំងមូលហើយ អាជ្ញាធរបែរជាមិនអើពើដោះស្រាយបែបនេះ ពួកគាត់ចាត់ទុកថា គឺជារឿងអយុត្តិធម៌បំផុតសម្រាប់ពលរដ្ឋស្លូតត្រង់ ដែលគ្មានអំណាច។ ពលរដ្ឋ និងសង្គមស៊ីវិលថា ប្រជាពលរដ្ឋបន្តរងគ្រោះជាហូរហែនេះ ដោយសារតែក្រុមអ្នកលុយមានអំណាច ធ្វើបាបពលរដ្ឋ តាមតែអំពើចិត្ត ខណៈដែលប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ស្ថិតក្រោមកណ្ដាប់ដៃរបស់អ្នកមានអំណាច។ ដ្បិតតែមានបញ្ហាបែបនេះក្ដី ពលរដ្ឋទាំងនោះ នៅតែប្ដេជ្ញាថា ពួកគាត់នឹងបន្តទាមទាររកដំណោះស្រាយដីធ្លីរបស់ពួកគាត់បន្តទៀត រហូតដល់មានដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។