សកម្មជន​ការពារ​ព្រៃឡង់​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា រង​ការ​ចោទ​ពី​បទ​កាប់​បំផ្លាញ​ព្រៃឈើ

ដោយ ម៉ៅ សុធានី
2024.09.29
សកម្មជន​ការពារ​ព្រៃឡង់​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា រង​ការ​ចោទ​ពី​បទ​កាប់​បំផ្លាញ​ព្រៃឈើ សកម្មជនការពារព្រៃឡង់ លោក អ៊ុក ម៉ៅ បង្ហាញពីបទល្មើសព្រៃឈើ នៅតំបន់ព្រៃឡង់ នៃភូមិអន្លង់ភេ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង កាលពីខែមិថុនា ២០២៤។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

តុលាការខេត្ត​ស្ទឹងត្រែង​ចោទប្រកាន់ សកម្មជន​ការពារ​ព្រៃ​ឡង់ លោក អ៊ុក ម៉ៅ ពី​បទ​កាប់​ទន្ទ្រាន​ព្រៃឈើ ក្រោយពី​បាន​លាតត្រដាង​ការ​កាប់​បំផ្លាញ​ព្រៃឈើ នៅ​តំបន់​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ ដោយ​ក្រុមហ៊ុន​ជីក​រុករក​រ៉ែ ឈ្មោះ លីន វត្តី ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា។

មេធាវី​ម្នាក់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក អ៊ឹម ផាណា ដែល​ការពារ​ក្តី​ឲ្យ​លោក អ៊ុក ម៉ៅ ឲ្យ​ដឹង​ថា នៅក្នុង​សវនាការ កាលពី​ថ្ងៃទី​១៧ ខែកញ្ញា កន្លង​មក​នេះ ចៅក្រម និង​ព្រះរាជអាជ្ញា គ្មាន​ភស្តុតាង​ដើម្បី​ចោទ​ប្រកាន់ លោក អ៊ុក ម៉ៅ ពី​បទ​កាប់​ទន្ទ្រាន​ព្រៃឈើ នោះ​ឡើយ​។ តុលាការ​ក៏បាន​អនុញ្ញាត​ឲ្យ​លោក អ៊ុក ម៉ៅ ត្រឡប់​ទៅផ្ទះ​វិញ ប៉ុន្តែ​ស្ថិត​ក្រោម​ការ​តាមដាន និង​មិន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​ភូមិកំណើត​ឡើយ។

លោក អ៊ុក ម៉ៅ គូស​បញ្ជាក់​ថា ទង្វើ​របស់​តុលាការ​នេះ គឺជា​ការ​ដាក់​ទណ្ឌកម្ម​ដល់​លោក ដោយសារ​លោក​ហ៊ាន​រាយការណ៍​និង​លាតត្រដាង​ជា​សាធារណៈ ប្រឆាំង​ក្រុមហ៊ុន លីន វត្តី ដែល​រំលោភ​យក​ដី​ព្រៃ​របស់​សហគមន៍។ វិទ្យុ​អាស៊ីសេរី នៅ​មិនទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​តុលាការខេត្ត​ស្ទឹងត្រែង និង​អភិបាលខេត្ត​នេះ ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃទី ២៨ ខែ​កញ្ញា​នេះ។

ទីភ្នាក់ងារ​ព័ត៌មាន​អនឡាញ​ម៉ុងហ្គាបេ (Mongabay) កាលពី​ថ្ងៃទី​៥ ខែកញ្ញា​កន្លង​មក​នេះ បាន​ចុះផ្សាយ​របាយការណ៍​ស៊ើបអង្កេត​មួយ​ស្ដីពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ របស់​ក្រុមហ៊ុន លីន វត្តី ដែល​មាន​ខ្នង​ការពារ​ពី​មន្ត្រី​យោធា​ជាន់ខ្ពស់​។ ក្រុមហ៊ុន​មួយ​នេះ បាន​កាប់​បំផ្លាញ​ព្រៃឈើ និង​កាន់កាប់​ដី​ប្រមាណ​២​ភាគ​៣ នៅ​តំបន់​ភ្នំ​ជម្រក​សត្វ ដែល​បច្ចុប្បន្ន​កំពុង​រុករក​រ៉ែ​ក្រោម​ដី។

សកម្មជន​ការពារ​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង លោក អ៊ុក ម៉ៅ បាន​បង្ហាញ​អ្នក​យក​ព័ត៌មាន​ម៉ុងហ្គាបេ ពី​ទីកន្លែង​វិនាសកម្ម​ព្រៃឈើ នៅ​តំបន់​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ ដែល​សហគមន៍​ជនជាតិ​ដើម​ភាគតិច រស់នៅ​តំបន់​នោះ អាស្រ័យ​ផល​តាំងពី​យូរយារ​ណាស់​មក​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។