តំណាងពលរដ្ឋមានជម្លោះដីធ្លីជិតពីររយ(១៩៧)គ្រួសារ នៅស្រុកស្រែអំបិល គឺលោកស្រី ដេត ហួរ ខកចិត្តចំពោះតុលាការខេត្តកោះកុង ដែលកាត់ទោសឲ្យលោកស្រីជាប់ពន្ធនាគារ ១ឆ្នាំ និងពិន័យប្រាក់ ២លានរៀលទាំងអយុត្តិធម៌ ពាក់ព័ន្ធនឹងជម្លោះដីធ្លីជាមួយឧកញ៉ា ហេង ហ៊ុយ ។ លោកស្រី ថា មិនអាចទទួលយកការសម្រេចសេចក្ដីរបស់តុលាការបានទេ ហើយនឹងប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍បន្តទៀត។
តំណាងពលរដ្ឋមានជម្លោះដីធ្លីនៅស្រុកស្រែអំបិល លោកស្រី ដេត ហួរ ទទូចឲ្យតុលាការខេត្តកោះកុង លុបចោលការចោទប្រកាន់លើលោកស្រីឡើងវិញ ព្រោះការផ្តន្ទាទោសទោសឲ្យលោកស្រីជាប់ពន្ធនាគារ ១ឆ្នាំ តាមបណ្ដឹងរបស់លោកឧកញ៉ា ហេង ហ៊ុយ នោះ គឺជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបានឡើយ។
កាលពីថ្ងៃទី២០ ខែកក្កដា តុលាការសាលាដំបូងខេត្តកោះកុង ប្រកាសសាលក្រមផ្ដន្ទាទោសលោកស្រី ដេត ហួរ ឲ្យជាប់ពន្ធនាគារ១ឆ្នាំ និងពិន័យជាប្រាក់២លានរៀល ប៉ុន្តែទោសនេះត្រូវព្យួរ។ ទោសទណ្ឌនេះ ពាក់ព័ន្ធនឹងបណ្ដឹងរបស់លោក ហេង ហ៊ុយ ដែលប្ដឹងលោកស្រីពីបទ «បរិហារបង្កាច់កេរ្តិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ» កាលពីថ្ងៃទី១៤ មិថុនា ឆ្នាំ២០២២។
លោកស្រី ដេត ហួរ ប្រាប់វិទ្យុអាស៊ីសេរីនៅល្ងាចថ្ងៃទី២១ ខែកក្កដា ថា តុលាការបានផ្ដន្ទាទោសឲ្យលោកស្រីជាប់ពន្ធនាគារ១២ខែ និងបង់ពិន័យជាប្រាក់២លានរៀលនោះ គឺជាការជម្រះក្ដីទាំងអយុត្តិធម៌ ព្រោះលោកស្រីជាអ្នករងគ្រោះត្រូវគេរឹបអូសដីធ្លី។ លោកស្រីបន្តថា លោកស្រីមិនសុខចិត្តទេ ហើយនឹងស្នើមេធាវីរបស់លោកស្រីឲ្យដាក់ពាក្យបណ្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍បន្តទៀត ។ លោកស្រីបញ្ជាក់ថា ពួកគាត់បានមករស់នៅ និងធ្វើស្រែចម្ការលើដីដែលកំពុងមានវិវាទជាមួយលោក ហេង ហ៊ុយ នេះជាង៣០ឆ្នាំមកហើយ គឺអ្នកខ្លះមករស់នៅនិងអាស្រ័យផលតាំងពីឆ្នាំ១៩៧៩៖ «អយុត្តិធម៌ចំពោះខ្ញុំខ្លាំងមែនទែន ដោយសារតែខ្ញុំបាត់បង់ដីហើយ ត្រូវរងនូវការចោទប្រកាន់កៀបសង្កត់គ្រប់បែបគ្រប់យ៉ាង។ តាមដែលអាជ្ញាធរតាមដានផង ឃុំ ភូមិ គាត់មិនទទួលស្គាល់ប្រជាពលរដ្ឋយើង១៩៧គ្រួសារនេះទៀត។ ហើយដល់ពេល ហេង ហ៊ុយ ប្ដឹងនាងខ្ញុំថែមទាំងតុលាការកាត់ក្ដីមិនត្រឹមត្រូវ បែរជាចេញប្រកាសសាលក្រមឲ្យនាងខ្ញុំ ផ្ដន្ទាទោសនាងខ្ញុំ១ឆ្នាំ ហើយនឹង ...»។
លោកស្រីស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក ស ខេង សុំជួយរកដំណោះស្រាយឲ្យពលរដ្ឋរងគ្រោះផង។ លោកស្រីអះអាងថា លោក ហេង ហ៊ុយ បានបំពានយកដីប្រជាពលរដ្ឋ នៅឃុំជីខលើ និង ឃុំជីខក្រោម ស្រុកស្រែអំបិល មានទាំងអស់១៩៧គ្រួសារ។
វិទ្យុអាស៊ីសេរី មិនអាចសុំការស្រាយបំភ្លឺជុំវិញរឿងនេះ ពីព្រះរាជអាជ្ញារងសាលាដំបូងខេត្តកោះកុងលោក អេង ចាន់ភារ៉ា បានទេ នៅថ្ងៃទី២១ ខែកក្កដា ដោយទូរស័ព្ទហៅចូលតែពុំមានអ្នកទទួល។
ចំណែកឯ អនុប្រធានលេខានៃមន្ត្រីរដ្ឋបាលកិច្ចការអយ្យការខេត្តកោះកុងលោក អ៊ីវ រ៉ូស្សា ឲ្យដឹងថា តុលាការបានសម្រេចសេចក្ដី ដោយព្យួរទោសរយៈពេលមួយឆ្នាំ ដោយតុលាការមិនទាន់បានបង្គាប់ឲ្យចូលខ្លួនមកអនុវត្តទោសទេ។ លោកសុំមិនបកស្រាយអ្វីឲ្យលើសពីនេះទេ ព្រោះគ្រាន់តែជាអ្នករៀបចំសំណុំរឿងបញ្ជូនទៅថ្នាក់លើ៖ «ខ្ញុំអត់សូវដឹងដែរហ្នឹងខ្ញុំគ្រាន់តែទទួលរឿងហើយខ្ញុំបញ្ជូនឲ្យគេ។ ខ្ញុំនៅរដ្ឋបាលទេ បើបងចង់ដឹងច្បាស់ទាល់តែសួរខាងចៅក្រមម៉ង អ្នកកាន់រឿងចៅក្រមជម្រះអីចឹងទៅណា៎ ចៅក្រមជំនុំជម្រះសវនាការហ្នឹងណាបាទ ! ព្រោះអីខ្ញុំអត់មានពាក្យអីច្រើនទេ ព្រោះអីខ្ញុំអត់សូវដឹងរឿងដែរអីចឹងណា៎»។
ជុំវិញបញ្ហានេះ មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត លើកឡើងថា កាលដែលពលរដ្ឋមានជម្លោះដីធ្លីជាមួយនឹងអ្នកមានអំណាច គេច្រើនតែឃើញពលរដ្ឋស្រែករកយុត្តិធម៌ពីរដ្ឋាភិបាល ដូច្នេះការរំលោភយកដីពីពលរដ្ឋពីសំណាក់អ្នកមានទ្រព្យមានអំណាចកាន់តែច្រើនឡើង។ លោកស្នើដល់រដ្ឋាភិបាល ជួយរកដំណោះស្រាយណាមួយឲ្យបានសមរម្យជូនប្រជាពលរដ្ឋ នៅពេលដែលពលរដ្ឋទៅពឹងពាក់ ព្រោះពលរដ្ឋលោកមិនមានអ្វីតតាំងក្រៅពីការអង្វរកទេ៖ «អឺ ! ដោះស្រាយអឺ ! បញ្ហារបស់ពលរដ្ឋឲ្យបានសមស្របដែលគាត់អាចទទួលយកបានណា៎ អឺ ! មិនអីចឹងទេយើងឃើញថា ពួកគាត់ហ្នឹងទទួលរងទុក្ខវេទនាហើយ វាមិនអាចដោះស្រាយបាន ក្លាយទៅជាអ្នករងគ្រោះបន្ថែមទៀត ។ ហើយការខ្វះខាតជីវភាព ហើយឥឡូវហ្នឹងអឺ ! គ្រប់ទំនិញសព្វសារពើទាំងអស់ ( ឡើងថ្លៃ ) តាំងពីមានវិបត្តិកូវីដ»។
ពលរដ្ឋបានមកដាក់ពាក្យបណ្ដឹងនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាច្រើនលើកច្រើនសាមកហើយ តែមិនដែលបាននូវដំណោះស្រាយណាមួយ ដែលពលរដ្ឋទទួលយកបាននោះទេ។ ពលរដ្ឋថា ក្រុមហ៊ុនរបស់លោក ហេង ហ៊ុយ បានរំលោភយកដីស្រែចម្ការរបស់ពួកគាត់តាំងតែពីឆ្នាំ២០០៧ ហើយពាក្យបណ្ដឹងរបស់ពលរដ្ឋដែលដាក់នៅក្រសួងរៀបចំដែនដី មិនត្រឹមតែក្រសួងមិនបានដោះស្រាយឲ្យជាច្រើនដង រួចថែមទាំងបង្គាប់ទៅដល់សមត្ថកិច្ចឲ្យតាមរកមុខបុគ្គល ដែលបានញុះញង់ឲ្យពលរដ្ឋទាំង១៩៧គ្រួសារ ឡើងមកតវ៉ានៅរាជធានីភ្នំពេញទៀតផង។
ក្រៅពីអ្នកស្រី ដេត ហួរ នេះ តំណាងពលរដ្ឋ៨នាក់ទៀត ក៏កំពុងជាប់បណ្ដឹងនៅតុលាការដែរ រួមមានលោកស្រី កើត នៅ លោកស្រី អិន ធូ លោកស្រី អីប តឹង និង លោក ឆាន់ ឈឿន ជាដើម ។ពួកគាត់រងការចោទពីរករណី គឺបទបរិហារកេរ្តិ៍ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល យល់ថា ការប្រើប្រាស់ប្រព័ន្ធតុលាការនេះ គឺដើម្បីដាក់សម្ពាធឲ្យពួកគាត់បញ្ឈប់ការតវ៉ាទាមទារដីធ្លី ដែលត្រូវបានឧកញ៉ា ហេង ហ៊ុយ រំលោភយកទៅនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។