តំណាង​សហគមន៍​ស្រែ​ប្រាំង​ដែល​ចេញ​ពី​ពន្ធនាគារ​ស្នើសុំ​រដ្ឋាភិបាល​​ឱ្យ​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន

លោក សែម សាង តំណាង​សហគមន៍​ស្រែប្រាំង​ នៅ​ខេត្ត​ត្បូង​ឃ្មុំ​ ដែល​​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​។
លោក សែម សាង តំណាង​សហគមន៍​ស្រែប្រាំង​ នៅ​ខេត្ត​ត្បូង​ឃ្មុំ​ ដែល​​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​។ (រូប៖ ពលរដ្ឋ)

0:00 / 0:00

តំណាង​សហគមន៍​ស្រែប្រាំង​ ដែល​ចេញ​ពី​ពន្ធនាគារ​ខេត្ត​ត្បូង​ឃ្មុំ​ ក្រោយ​អនុវត្ត​ទោស​គ្រប់ នឹង​បន្ត​ស្វែង​រក​កិច្ច​អន្តរាគមន៍ និង​ស្នើ​សុំ​ដំណោះស្រាយ​ពី​ស្ថាប័ន​ជាតិ​ ក្នុង​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​។ ស្រប​គ្នា​នេះ លោក​ក៏​អំពាវនាវ​ដល់​តុលាការ​ដោះលែង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​៣​នាក់​ទៀត ឲ្យ​មាន​សេរីភាព​ជួប​ក្រុមហ៊ុន​គ្រួសារ​វិញ។

ជា​គ្រួសារ​កសិករ​មួយ នៅ​ភូមិ​ស្រែ​ប្រាំង ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូង​ឃ្មុំ​ លោក សែម សាង ត្រូវ​បាន​អ្នក​ភូមិ​ពឹង​ពាក់​ឲ្យ​ឈរ​ជា​តំណាង​ពួកគាត់​ ក្នុង​កិច្ច​ការ​ស្វែង​រក​ដំណោះស្រាយ​វិវាទ​ដីធ្លី​ ពី​អាជ្ញាធរ​និង​ក្រសួង​ពាក់ព័ន្ធ​ជា​ច្រើន​ច្រើន​សារ ប៉ុន្តែ​ការ​ខិត​ខំ​របស់​តំណាង​ពលរដ្ឋ​ជាង​៧​ឆ្នាំ​មក​នេះ មិន​ទទួល​បាន​ដំណោះស្រាយ​ពី​ក្រសួង​ដែនដី​ទេ បែរ​ជា​លោក​រង​ការ​ចោទ​ប្រកាន់​និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ទៅ​វិញ។

លោក សែម សាង ដែល​ទើប​ចេញ​ពី​ពន្ធនាគារ​បាន ៤ថ្ងៃ រៀប​រាប់​ថា ការ​ចាប់​ខ្លួន​លោក​ពី​សំណាក់​អាជ្ញាធរ កាល​ពី​ខែ​តុលា ឆ្នាំ២០១៩ ហើយ​ត្រូវ​តុលាការ​កាត់​ទោស​លោក​ឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ​នោះ គឺ​ជា​រឿង​ឈឺ​ចាប់​ និង​អយុត្តិធម៌​បំផុត​ចំពោះ​លោក ដែល​គ្រាន់​តែ​ចេញ​តវ៉ា​ទាមទារ​រក​ដំណោះស្រាយ​ដីធ្លី​ដោយ​សន្តិវិធី​ ពី​អាជ្ញាធរ​និង​ក្រសួង​ដែនដី។

លោក បន្ត​ថា នៅ​ក្នុង​ពន្ធនាគារ ឆ្ងាយ​ពី​គ្រួសារ​រយៈ​ពេល ២ឆ្នាំ​នេះ ធ្វើ​ឲ្យ​កូន​ស្រី​ពៅ​របស់​លោក​ អាយុ ១ខួប ៩ខែ មិន​ហ៊ាន​ជួប​មុខ​ឪពុក នៅ​ពេល​លោក​វិល​ត្រឡប់​មក​ជួប​ជុំ​ក្រុម​គ្រួសារ​វិញ​ ដោយ​សារ​តែ​កាល​នោះ ភរិយា​លោក​ពពោះ​នាង​បាន ៣ខែ​ប៉ុណ្ណោះ។

លោក​ឲ្យ​ដឹង​ថា ការ​ផ្ដន្ទា​ទោស​ ដោយ​តុលាការ​មិន​បាន​ចុះ​ស្រាវ​ជ្រាវ​ឲ្យ​បាន​ច្បាស់​លាស់​អំពី​វិវាទ​ដីធ្លី​ជា​មុន​នោះ គឺ​បង្ក​ទុក្ខ​លំបាក​ជា​ច្រើន​ដល់​ភរិយា​របស់​លោក​ ដែល​ត្រូវ​ដើរ​ស៊ី​ឈ្នួល​ទាំង​នាង​មាន​ផ្ទៃ​ពោះ និង​ខ្ចី​ប្រាក់​ពី​ធនាគារ​និង​អ្នក​ភូមិ​ផ្សេង សរុប​ជាង ២ម៉ឺន​ដុល្លារ (២០.០០០) ដើម្បី​យក​មក​ដោះស្រាយ​ជីវភាព​រស់​នៅ និង​ផ្គត់ផ្គង់​លោក​ក្នុង​ពេល​ជាប់​ឃុំ។

លោក សែម សាង ដែល​មាន​កូន ៣នាក់​ក្នុង​បន្ទុក​គ្រួសារ បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​នេះ លោក​ត្រូវ​ខិតខំ​ធ្វើ​ការ​រក​ប្រាក់​សង​បំណុល​ធនាគារ ជា​មុន​សិន​ ហើយ​នឹង​បន្ត​ស្វែង​រក​ដំណោះស្រាយ​ក្នុង​វិវាទ​ដីធ្លី​ជា​ថ្មី​ទៀត។ តំណាង​សហគមន៍​ស្រែ​ប្រាំង​រូប​នេះ ស្នើ​សុំ​រដ្ឋាភិបាល​ចុះ​ពិនិត្យ​និង​ដោះស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រពាំង​ព្រីង៖ «គេ​ចាប់​ខ្ញុំ​ចូល​ពន្ធនាគារ​បាន​មិន​ដល់​បី​បួន​ខែ​ផង បែរ​ជា​ក្រសួង​ចេញ​ប្លង់​ឲ្យ​ខាង​ក្រុមហ៊ុន។ ខ្ញុំ​សោក​ស្ដាយ​មែន​ទែន​ ពេល​នេះ។ ខ្ញុំ​សូម​ឲ្យ​សម្ដេច​នាយក​ជួយ​រក​ភាព​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ហើយ​នឹង​សូម​ឲ្យ​សម្ដេច​បង្កើត​គណៈកម្មការ​ចម្រុះ​ ហើយ​វែកញែក​រក​អ្នក​ពាក់ព័ន្ធ​ ដែល​លក់​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន។ មិន​មែន​ប្រជាពលរដ្ឋ​ អ្នក​លក់​ទេ គឺ​មាន​តែ​អាជ្ញាធរ​ គាត់​មាន​សិទ្ធិ​ជាង។ ហើយ​នឹង​សូម​កុំ​ឲ្យ​មាន​ការ​ចាប់​ចង ឬ​ក៏​គំរាម​កំហែង​ ចាប់​ដាក់​គុក ឬ​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ។ ខ្ញុំ​សូម​ទទូច​ឲ្យ​រក​ភាព​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​តែ​ម្ដង»។

កាល​ពី​ថ្ងៃ​ទី៣ មិថុនា ឆ្នាំ២០២០ សាលា​ដំបូង​ខេត្ត​ត្បូង​ឃ្មុំ បាន​ផ្ដន្ទាទោស លោក សែម សាង វ័យ ៣៧ឆ្នាំ ឱ្យ​ជាប់​ពន្ធនាគារ ៧ឆ្នាំ ពី​បទ​កំហែង​យក​ដោយមាន​ស្ថាន​ទម្ងន់​ទោស​ដោយសារ​ប្រើប្រាស់​អាវុធ នៅ​ភូមិ​ស្រែប្រាំង ឃុំ​ត្រពាំងព្រីង កាល​ពី​ថ្ងៃ​ទី១៨ កុម្ភៈ ឆ្នាំ២០១៦។

ប៉ុន្តែ​ទោស​នេះ ត្រូវ​បាន​សាលាឧទ្ធរណ៍​ខេត្ត​ត្បូង​ឃ្មុំ​បន្ថយ​មក​ត្រឹម ២ឆ្នាំ​វិញ ក្រោយ​ពី​ក្រុម​មេធាវី​ការពារ​លោក សែម សាង ប្ដឹង​ទាស់​នឹង​សាល​ក្រម​នោះ ព្រោះ​កូន​ក្ដី​របស់​ពួក​គេ​លោក មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់។

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន មាន​ប្រសាសន៍​ថា ការ​កាត់​ទោស​លោក សែម សាង ដាក់​ពន្ធនាគារ​កន្លង​មក​នេះ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ ព្រោះ​តំណាង​ពលរដ្ឋ​រូប​នេះ ជា​មនុស្ស​ស្លូត​បូត​ មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ ដែល​ផ្អែក​តាម​របាយការណ៍​សមត្ថកិច្ច​នោះ​ទេ។

លោក​ស្នើ​សុំ​តុលាការ​គ្រប់​ជាន់​ថ្នាក់ និង​ក្រសួង​យុត្តិធម៌ ពិនិត្យ​មើល​សំណុំ​រឿង​តំណាង​សហគមន៍​៣នាក់​ទៀត មាន​លោក ហឿន ស៊ីនាត លោក សែម ចំណាន និង​លោក ផុន សុផល ឡើង​វិញ ហើយ​ដោះ​លែង​ពួក​គេ​ឲ្យ​មាន​សេរី​ភាព​ដូច​លោក សែម សាង ដែរ៖ «ខ្ញុំ​គិត​ថា វា​ជា​រឿង​មួយ​ដែល​រដ្ឋ​ ក៏​ដូច​ជា​តុលាការ​ត្រូវ​តែ​ផ្ដល់​សេចក្ដី​សន្ដោស​ប្រណី​ទៅ​លើ​ក្រុម​គ្រួសារ​ពួក​គាត់ ដែល​ពួក​គាត់​សុទ្ធ​សឹង​ជា​ជន​ក្រីក្រ អត់​មាន​អំណាច ឬ​ជា​ជន​ដែល​មិន​បាន​ប្រព្រឹត្ត​ដូច​អ្វី​ដែល​មាន​ការ​ចោទ​ប្រកាន់​នោះ​ទេ»។

ពលរដ្ឋ​ម្នាក់​រស់​នៅ​ភូមិ​ស្រែ​ប្រាំង លោក ម៉ុន ស៊ីថរ ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​មាន​ការ​ឃុំ​ខ្លួន​លោក​ សែម សាង​និង​ពលរដ្ឋ​៣​នាក់​ទៀត ដាក់​ក្នុង​ពន្ធនាគារ​មក អ្នក​ភូមិ​ភាគ​ច្រើន​ចេញ​ទៅ​ធ្វើ​ការ​សំណង់​នៅ​ទីក្រុង​ភ្នំពេញ​និង​តាម​ខេត្ត​នានា ដើម្បី​រក​ប្រាក់​សងបំណុល​ធនាគារ ដោយ​បន្សល់​ទុក​ឪពុក​ម្ដាយ​ចាស់ និង​ក្មេងៗ ឲ្យ​នៅ​ចាំ​ផ្ទះ។

លោក​បញ្ជាក់​ថា ក្នុង​រយៈ​ពេល ២ឆ្នាំ​ចុងក្រោយ​នេះ ក្រុមហ៊ុន​ចិន ឈ្មោះ ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) បាន​ចូល​កាន់​កាប់ដី​ចម្ការ​និង​ព្រៃ​សហគមន៍​របស់​អ្នក​ភូមិ​ទាំង​ស្រុង ដោយ​គ្មាន​ការ​រារាំង​ពី​អាជ្ញាធរ​ឡើយ៖ «បើ​តាម​ខ្ញុំ​មើល​រាល់​ថ្ងៃ​ហ្នឹង បញ្ឈប់​អស់​ហើយ បើ​ឥឡូវ ខាង​ក្រុមហ៊ុន​គេ​ចូល​កាន់​កាប់​អស់​ហើយ។ អ៊ីចឹង ! ប្រជាពលរដ្ឋ​យើង​ចំណាក​ស្រុក ដើរ​ធ្វើ​ការ​សំណង់​និង​ការងារ​ផ្សេងៗ នៅ​តាម​ខេត្ត​ក្រុង​ អីចឹង​ទៅ»។

វិវាទ​ដីធ្លី​រវាង​ក្រុមហ៊ុន​ចិន ឈ្មោះ ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) ជាមួយ​ពលរដ្ឋ​នៅ​ឃុំ​ត្រពាំងព្រីង កើត​ឡើង​ខ្លាំង​នៅ​ឆ្នាំ២០១៤ និង ២០១៥ ក្រោយពេល​ដី​តំបន់​នោះ​ជិត ១ពាន់​ហិកតារ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ដើរ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ ហើយ​ប្រគល់​ប្រាក់​ឱ្យ​ពួកគាត់​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ពី ៤០ម៉ឺន​រៀល ទៅ​ជាង ១លាន​រៀល ជា​ថ្នូរ​ថា​បាន​លក់​ដី​ឱ្យ​ក្រុមហ៊ុន​កាល​ពី​ឆ្នាំ​២០០៩ ស្រប​ពេល​ប្រជា​សហគមន៍​មិន​បាន​ដឹង​ថា ដី​នោះ​នៅ​ចំណុច​ណា​ឡើយ។

ក្រៅ​ពី​វិបត្តិ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ពលរដ្ឋ​នៅ​ឃុំ​ត្រពាំងព្រីង ក៏​មាន​បញ្ហា​ប្រឈម​មួយ​ទៀត ដោយសារ​ដី​ព្រៃ​សហគមន៍​របស់​អ្នក​ភូមិ​ប្រមាណ ១០សហគមន៍ ដែល​មាន​ទំហំ​ជាង ៥ពាន់​ហិកតារ ត្រូវ​បាន​ក្រុម​អ្នក​មាន​ប្រាក់ និង​មាន​អំណាច​គ្រប់គ្រង​មួយ​ភាគ​ធំ​ក្នុង​ពេល​​បច្ចុប្បន្ន។ ពលរដ្ឋ​បាន​ប្ដឹង​ករណី​នេះ​តាំងពី​ថ្នាក់​ឃុំ​រហូត​ថ្នាក់​ជាតិ និង​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ថែម​ទៀត​ផង ក្នុង​គោលបំណង​ទាមទារ​ដី​ព្រៃ​សហគមន៍​ទាំង​នោះ​មក​ដាក់​ជា​សម្បត្តិ​រួម​វិញ និង​ដាក់​ទោស​ទណ្ឌ​ដល់​ក្រុម​ជនល្មើស​ទៀត​ផង ប៉ុន្តែ​គិត​មក​ដល់​ពេល​នេះ ដំណើរការ​ដោះស្រាយ​នៅ​មិន​ទាន់​ចេញ​ជា​រូបរាង​ទេ។

កាល​ពី​ថ្ងៃ​ទី១៣ តុលា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក ស ខេង ជំរុញ​ឲ្យ​រដ្ឋបាល​ខេត្ត​ និង​អាជ្ញាធរ​មូលដ្ឋាន​ទាំង​អស់ ត្រូវ​ព្យាយាម​ដោះស្រាយ​ទំនាស់​នានា​ជូន​ប្រជាពលរដ្ឋ ឲ្យ​ស្ថិត​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ពិបាក​រក​មេធាវី និង​ចំណាយ​ថវិកា​ច្រើន។ លើស​ពី​នេះ លោក ស ខេង លើក​ឡើង​ថា បញ្ហា​ដីធ្លី​នេះ ប្រសិន​បើ​មិន​ដោះ ស្រាយ​ជូន​ប្រជាពលរដ្ឋ​ដោយ​យុត្តិធម៌ និង​តម្លាភាព​ទេ នោះ​នឹង​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បាត់​បង់​សន្លឹក​ឆ្នោត​គាំ​ទ្រ​នា​ពេល​ខាង​មុខ។

បើ​ទោះបីជា​ការ​ជំរុញ​បែប​នេះ​ពី​មន្ត្រី​ជាន់​ខ្ពស់​បក្ស​អំណាច​ក៏​ដោយ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​ រក​ឃើញ​ថា ការ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​តំណាង​សហគមន៍ និង​សកម្មជន​ដីធ្លី ពី​សំណាក់​អាជ្ញាធរ នៅ​តែ​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់ ក្នុង​វិវាទ​ដីធ្លី​នៅ​ប្រទេស​កម្ពុជា ក្នុង​រយៈ​ពេល ២ឆ្នាំ​ចុង​ក្រោយ​នេះ។

ក្នុង​វីដេអូ​ខ្លី​មួយ​របស់​អង្គការ​លីកាដូ (Licadho) ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៧ តុលា បង្ហាញ​ថា ប្រជាពលរដ្ឋ​ជាង​ប្រាំ​ពាន់ (៥.០០០) គ្រួសារ រង​ផល​ប៉ះពាល់​ពី​ការ​រំលោភ​បំពាន​យក​ដីធ្លី​ ហើយ​មាន​សមាជិក​សហគមន៍​ និង​សកម្មជន​ដីធ្លី​​យ៉ាង​តិច​២១​​នាក់​ ត្រូវ​បាន​ឃាត់​ខ្លួន​ពី​សំណាក់​អាជ្ញាធរ ​ក្នុង​នោះ​មាន​ មនុស្ស ១០នាក់ កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ក្នុង​អំឡុង​ពេល​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ (Covid-19) ពីរ​ឆ្នាំ​មក​នេះ​។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ពិនិត្យ​ឃើញ​ថា អាជ្ញាធរ​រដ្ឋាភិបាល​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​ធ្ងន់ធ្ងរ ដូច​ជា ចោទ​ប្រកាន់ និង​ចាប់ខ្លួន​សកម្មជន​ដីធ្លី សកម្មជន​បរិស្ថាន​ជាច្រើន​នាក់​ដោយ​ចោទ​ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម» និង​បទ​ល្មើស​ផ្សេង​ទៀត ដោយ​គ្រាន់​តែ​ពួក​គាត់​ប្រើប្រាស់​សិទ្ធិ​ស្រប​ច្បាប់​របស់​ខ្លួន។

សង្គម​ស៊ីវិល ស្នើ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ ប្រកាន់​តំណាង​សហគមន៍​ដីធ្លី​ទាំង​អស់ និង​ដោះ​លែង​តំណាង​សហគមន៍ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ឱ្យ​មាន​សេរីភាព​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។