តុលាការខត្តកោះកុង សម្រេចផ្អាកសវនាការជំនុំជម្រះក្ដី ចំពោះតំណាងប្រជាពលរដ្ឋជម្លោះដីធ្លី ៩ នាក់ ទាក់ទងនឹងបណ្ដឹងបរិហារកេរ្តិ៍របស់ឧកញ៉ា ហេង ហ៊ុយ និងជាប់ចោទពីបទញុះញង់ ក្រោយពីចៅក្រមនិងតំណាងអយ្យការ ប្រើពេលអស់ជាច្រើនម៉ោង សាកសួរបានមនុស្ស ៧ នាក់ ហើយនៅសល់ ២ នាក់ទៀត ត្រូវសួរនៅពេលក្រោយទៀត។ មន្ត្រីអង្គការសង្គមស៊ីវិលដែលតាមរឿងនេះ ស្នើសុំតុលាការទម្លាក់ចោលការចោទប្រកាន់ប្រឆាំងនឹងក្រុមប្រជាពលរដ្ឋ ព្រោះថា រឿងរ៉ាវទាំងនេះ គឺផ្ដើមចេញពីជម្លោះដីធ្លី។
តំណាងពលរដ្ឋមានជម្លោះដីធ្លី ៩ នាក់ នាំគ្នាចូលរួមសវនាការនៅសាលាដំបូងខេត្តកោះកុង កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ម្សិលមិញ ទាក់ទងនឹងបណ្ដឹងរបស់ឧកញ៉ា ហេង ហ៊ុយ ប្រធានក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ដែលចោទពួកគាត់ថា បរិហារកេរ្តិ៍លោកជាសាធារណៈ និងញុះញង់។ បណ្ដឹងនេះ ធ្វើឡើងបន្ទាប់ពី អ្នកភូមិឲ្យចេញតវ៉ាប្រឆាំងនឹងក្រុមហ៊ុន។
តំណាងពលរដ្ឋម្នាក់ដែលបានឆ្លើយបំភ្លឺមុខតុលាការលោកស្រី ដេត ហួ ឲ្យដឹងថា រាល់ការសួរពីចៅក្រមជំនុំជម្រះ និងតំណាងអយ្យការអស់រយៈពេលជាង ៤ ម៉ោងកន្លះនោះ សំនួរភាគច្រើន គឺផ្ដោតលើសកម្មភាពរបស់ពួកគាត់ ដែលបានដើរតវ៉ារកដំណោះស្រាយដីធ្លី ពីអាជ្ញាធរខេត្តកោះកុង ក្រសួងមហាផ្ទៃ ក្រសួងដែនដី ទាក់ទងនឹងជម្លោះជាមួយក្រុមហ៊ុន ហេង ហ៊ុយ កាលពីពេលកន្លងមក។
លោកស្រីបន្តថា ចំពោះការចោទប្រកាន់ពួកគាត់ពីបទបរិហារកេរ្តិ៍លោក ហេង ហ៊ុយ វិញនោះ គឺជារឿងអយុត្តិធម៌ និងមិនអាចទទួលបានទេ ព្រោះថា បើគ្មានក្រុមហ៊ុន ហេង ហ៊ុយ ចូលទៅរំលោភយកដីស្រែរបស់ពួកគាត់ ពួកគាត់ក៏មិនលើកយកឈ្មោះលោក ហេង ហ៊ុយ ដាក់ក្នុងញត្តិ ដើម្បីស្នើសុំអន្តរាគមន៍ពីក្រសួងពាក់ព័ន្ធនោះដែរ។
លោកស្រី ចាត់ទុកសវនាការនេះ ថាជាដាក់គំនាប និងបំបាក់ស្មារតីពលរដ្ឋឲ្យឈប់ចេញតវ៉ារកដំណោះស្រាយរឿងវិវាទដីធ្លីជាមួយក្រុមហ៊ុនតទៅទៀត។ លោកស្រីស្នើតុលាការទម្លាក់ចោលបទចោទមកលើតំណាងពលរដ្ឋទាំងអស់ ព្រោះពួកគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ៖ « ខ្ញុំសូមឲ្យតុលាការកាត់ក្ដីឲ្យយុត្តិធម៌។ ហើយខ្ញុំសូមឲ្យតុលាការកាត់ក្ដីជឿជាក់លើប្រជាពលរដ្ឋដែលកំពុងតែរស់នៅលើទឹកខ្លួនឯង ដូចជាភូមិតានី អ៊ីចឹង ! ។ ប្រជាពលរដ្ឋយើងអត់មានបានគៀងគរដឹកនាំប្រជាពលរដ្ឋណា មកតវ៉ានោះទេ។ ក្នុងនាមខ្ញុំ សូមសំណូមពរឲ្យតុលាការ ព្រះរាជអាជ្ញា និងចៅក្រមកុំព្យាយាមចោទប្រកាន់មកលើរូបនាងខ្ញុំ។ សូមឲ្យជឿពាក់សម្ដីនាងខ្ញុំ និងជឿពាក្យសម្ដីប្រជាពលរដ្ឋដែលគាត់កំពុងតែបាត់បង់ដីពិតប្រាកដ» ។
ក្នុងអំឡុងពេលតុលាការខេត្តកោះកុងបើកសវនាការជំនុំជម្រះក្ដី នៅឯខាងមុខតុលាការនោះវិញ មានប្រជាពលរដ្ឋរាប់រយនាក់ ដែលមកពីសហគមន៍មានជម្លោះដីធ្លីចំនួន ៧ សហគមន៍ នាំគ្នាឈរស្រែកទាមទារឲ្យតុលាការទម្លាក់ការចោទប្រកាន់ចំពោះពលរដ្ឋទាំង ៩ នាក់។
វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបរឿងនេះ ពីអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុងលោក វ៉ៃ ភីរម្យ និងអ្នកនាំពាក្យតុលាការខេត្តកោះកុងលោក ស៊ូ សុវណ្ណារ៉ា បានទេ នៅថ្ងៃទី២៤ ខែវិច្ឆិកា ដោយហៅទូរស័ព្ទចូល តែពុំមានអ្នកទទួល។
ទាក់ទងនឹងរឿងនេះ អ្នកសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) ប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន មានប្រសាសន៍ថា រាល់បណ្ដឹងចោទប្រកាន់លើតំណាងប្រជាពលរដ្ឋឡើងតុលាការនេះ គឺផ្ដើមចេញពីជម្លោះដីធ្លី ដែលភាគីក្រុមហ៊ុន ហេង ហ៊ុយ គឺមិនសប្បាយចិត្តនឹងសកម្មភាពរបស់អ្នកភូមិ ដែលតែងតែចេញរកដំណោះស្រាយពីអាជ្ញាធរជាច្រើនឆ្នាំមកនេះ។ លោកយល់ថា តុលាការគួរពិចារណានិងពិនិត្យមើលសំណុំរឿងប្រឆាំងនឹងពលរដ្ឋនេះឡើងវិញ ដោយឈរលើគោលការណ៍យុត្តិធម៌ ដើម្បីបញ្ចៀសកុំឲ្យការរិះគន់ពីសាធារណជន៖ « ការដាក់ពាក្យបណ្ដឹងនេះ គឺកើតចេញពីការតវ៉ាទាមទារដោះស្រាយរឿងដីធ្លី។ វាមិនមែនជាករណីប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌអីទេ។ វាបង្ហាញពីការប្រើសិទ្ធិសេរីភាពក្នុងការទាមទារ ក្នុងការតវ៉ាស្នើសុំឲ្យអាជ្ញាធរដោះស្រាយ។ បើកាលណា តុលាការមានចំណាត់ការដាក់ទោសទៅលើតំណាងពលរដ្ឋទាំង៩នេះ បង្ហាញឲ្យឃើញថា តុលាការស្ថិតនៅខាងអ្នកមាន អ្នកមានអំណាចហើយ។ អ៊ីចឹង ! ដើម្បីកុំឲ្យមានការរិះគន់ពីមហាជន តុលាការគួរតែទម្លាក់ចោលការចោទប្រកាន់ទៅលើប្រជាពលរដ្ឋទាំង៩នាក់ហ្នឹង»។
កាលពីដើមខែកក្កដា ឆ្នាំ២០១៩ ក្រសួងរៀបចំដែនដី អះអាងថា ពលរដ្ឋ១៩៧គ្រួសារ មិនមានជាប់ពាក់ព័ន្ធនឹងករណីវិវាទដីសម្បទានដាំដំណាំអំពៅផលិតស្ករសនាំចេញ ក្នុងភូមិសាស្ត្រខេត្តកោះកុងទេ។ ក្រសួងក៏ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះក្រុមប្រជាពលរដ្ឋជិត២០០រយគ្រួសារ ប្រសិនបើមានការប្រមូលផ្ដុំគ្នា តវ៉ារកដំណោះស្រាយនៅមុខក្រសួងជាថ្មីទៀត។
ទន្ទឹមគ្នានោះ រដ្ឋបាលខេត្តកោះកុង ក៏បានចេញលិខិតមួយ បដិសេធសំណើពលរដ្ឋដែលសុំកាត់ឆ្វៀលដីទំហំ ៤២១ ហិកតា ចេញពីគម្រោងរបស់ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខាល់ឈ័រ គ្រុប (Heng Huy Agriculture Group) ស្ថិតនៅក្នុងឃុំជីខលើ ស្រុកស្រែអំបិល។ អាជ្ញាធរខេត្តកោះកុង អះអាងថា ទីតាំងដែលពលរដ្ឋស្នើសុំកាត់ឆ្វៀលនោះ គឺស្ថិតលើដីដែលមានប័ណ្ណកម្មសិទ្ធិរួចហើយ របស់ក្រុមហ៊ុន ហេង ហ៊ុយ។ អាជ្ញាធរបញ្ជាក់ថា ការដោះស្រាយគឺសមត្ថកិច្ចរបស់ស្ថាប័នតុលាការ។
រដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ ជាង ៤ពាន់ហិកតា ដើម្បីវិនិយោគដំណាំស្ករអំពៅ កាលពីឆ្នាំ២០០៧។ នៅឆ្នាំ២០១០ ពលរដ្ឋចោទ ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ ថាបានយកគ្រឿងចក្រទៅឈូសឆាយដីលំនៅប្រជាពលរដ្ឋ និងគំរាមចាប់ខ្លួនប្រជាពលរដ្ឋណាដែលហ៊ានតវ៉ាចំពោះការឈូសឆាយវាទយកដីរបស់ក្រុមហ៊ុន។
ពលរដ្ឋអះអាងថា ពួកគាត់បានចូលកាន់កាប់ និងអាស្រ័យផលលើដីធ្លីចាប់តាំងពីឆ្នាំ១៩៧៩មកម្ល៉េះ ដោយមានប័ណ្ណកាន់កាប់ដីធ្លីទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។ ពលរដ្ឋឲ្យដឹងថា ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ បានឈប់ដាំដំណាំអំពៅ ចំណែករោងចក្រផលិតចេញស្ករស ក៏មិនឃើញមានសកម្មភាពមមាញឹកទៀតនោះដែរ។
តំណាងពលរដ្ឋទាំង៩នាក់ ស្នើសុំតុលាការខេត្តកោះកុងទម្លាក់ចោលបទប្រឆាំងនឹងពួកគាត់ និងស្នើសុំរដ្ឋាភិបាលដាក់ចេញគោលនយោបាយដោះស្រាយបញ្ចប់វិវាទដីធ្លីមួយនេះ ដោយឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ និងមនុស្សធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។