ក្រុមតំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លីជិត ២០០ គ្រួសារក្នុងខេត្តកោះកុង នាំគ្នាដាក់ញត្តិជូនក្រសួងមហាផ្ទៃ ស្នើសុំចាត់វិធានការផ្លូវច្បាប់ចំពោះមន្ត្រីនគរបាលផ្កាយ២ម្នាក់ ករណីរំលោភយកដីធ្លីប្រជាពលរដ្ឋដោយគ្មានផ្ដល់សំណង។ មន្ត្រីអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សនិងដីធ្លី ស្នើសុំក្រសួងពាក់ព័ន្ធពិនិត្យមើលឡើងវិញ និងដោះស្រាយទំនាស់នេះជូនពលរដ្ឋ បើទោះបីជាភាគីម្ខាងទៀតអះអាងថា មានប្លង់កម្មសិទ្ធិកាន់កាប់ទីតាំងនោះក៏ដោយ។
វិវាទដីធ្លីរវាងប្រជាពលរដ្ឋ ១៩៧ គ្រួសារជាមួយក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ នៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង នៅបន្តអូសបន្លាយជាង ១៤ ឆ្នាំមកហើយ។
ប្រជាពលរដ្ឋដែលបាត់បង់ដីស្រែនាំគ្នាដាក់ញត្តិជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង នៅថ្ងៃទី៦ ខែកញ្ញា ស្នើសុំដំណោះស្រាយក្នុងវិវាទដីធ្លីជាមួយមន្ត្រីនគរបាលខេត្តកោះកុងម្នាក់ គឺលោក ហេង ហ៊ុយ ព្រោះកន្លងមក អាជ្ញាធរខេត្តកោះកុង និងក្រសួងដែនដី តែងបដិសេធសំណើពលរដ្ឋ មិនដោះស្រាយរឿងនេះទេ ក្រោមហេតុផលថា ខាងក្រុមហ៊ុនរបស់លោក ហេង ហ៊ុយ មានប្លង់កម្មសិទ្ធិត្រឹមត្រូវតាមច្បាប់។
តំណាងពលរដ្ឋលោកស្រី ដេត ហួ ឲ្យដឹងថា វិវាទដីធ្លីចាប់តាំងពីឆ្នាំ២០០៧ បន្តមកដល់បច្ចុប្បន្ននេះ គឺធ្វើឲ្យអ្នកភូមិធ្លាក់ខ្លួនក្រីក្រ ដោយត្រូវបង្ខំចិត្តចេញទៅធ្វើការនៅប្រទេសថៃ ហើយក្មេងៗក៏បាត់បង់ការសិក្សា។ លោកស្រីបន្តថា ពួកគាត់ទាមទារឲ្យលោក ហេង ហ៊ុយ ផ្ដល់សំណងជាទឹកប្រាក់ ៧ពាន់ដុល្លារក្នុងមួយគ្រួសារ។
តំណាងពលរដ្ឋរូបបញ្ជាក់ថា បើមិនមានសំណងទេ ពួកគាត់ស្នើឲ្យក្រសួងមហាផ្ទៃ ក្រសួងដែនដី និងអាជ្ញាធរខេត្តកោះកុង កាត់ឆ្វៀលដីជូនពលរដ្ឋជិត ២០០គ្រួសារ និងធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីត្រឹមត្រូវតាមច្បាប់៖ «ពួកយើងចង់ឲ្យសម្ដេចនិងនាយករដ្ឋមន្ត្រីចុះទៅដល់ទីតាំងដីប្រជាពលរដ្ឋដែលបានបាត់បង់ហ្នឹង។ ហើយប្រសិនបើសម្ដេចគាត់ត្រួតពិនិត្យ ហើយអត់ចុះមកដល់មូលដ្ឋានយើងខ្ញុំ គឺសម្ដេចអត់ដឹងទេ។ ដោយសារតែអាជ្ញាធរថ្នាក់ក្រោមរបស់លោកឃុបឃិតគ្នារំលោភយកដីប្រជាពលរដ្ឋ។ ខ្ញុំអត់ចោទបុគ្គលណាទេ ប៉ុន្តែគាត់មិនដែលបានដោះស្រាយ មិនដែលបានទទួលស្គាល់ថា ប្រជាពលរដ្ឋរស់នៅភូមិតានី បាត់បង់ដីស្រែ។ សូមសំណូមឲ្យសម្ដេចក្រឡាហោម ទាំងនាយករដ្ឋមន្ត្រី ទាំងឯកឧត្ដម ជា សុផារ៉ា ចុះទៅដល់មូលដ្ឋានយើងនៅភូមិតានីផ្ទាល់»។
ឆ្លើយតបនឹងរឿងនេះ ប្រធានក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ដែលមានតួនាទីក្នុងរាជការ និងមានងារជាឧកញ៉ាផងនោះប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៦ ខែកញ្ញាថា ការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋនោះ គឺជារឿងប្រឌិត តាមការញុះញង់របស់មនុស្សមួយចំនួនតូច។ លោកបញ្ជាក់ថា ដីដែលក្រុមហ៊ុនកំពុងកាន់កាប់នោះ គឺមានប្លង់សុរិយាដី និងប័ណ្ណកម្មសិទ្ធិត្រឹមត្រូវតាមច្បាប់៖ «អត់ពិតទេ ពួកហ្នឹងចេះតែចោទប្រកាន់ផ្ដេសផ្ដាសទេ។ នាំគ្នាឲ្យបានតែគ្នាច្រើន ចេះតែប្ដឹង ចេះតែស្រែក។ ក្រសួងគេមកពិនិត្យមើល ខាងខេត្តគេមកពិនិត្យមើល ខ្ញុំមានប្លង់ដីអីត្រឹមត្រូវ អត់មានអីទៅបំពានរបស់ប្រជាពលរដ្ឋនោះទេ។ បានជាប្រជាពលរដ្ឋ មានគេញុះញង់។ ចេះតែនាំគ្នារាប់រយនាក់ រាប់ពាន់នាក់ អាងតែគ្នាច្រើនដើរធ្វើបាបគេឯង និងបំពុលសង្គម»។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺអំពីចំណាត់ការរបស់ក្រសួងក្នុងរឿងនេះពីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានទេ ដោយហៅទូរស័ព្ទចូល តែពុំមានអ្នកទទួល។
ទាក់ទងនឹងវិវាទដីធ្លីដ៏រ៉ាំរ៉ៃមួយនេះ អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក វណ្ណ សូផាត ដែលបានចុះស៊ើបអង្កេតជម្លោះនេះថា ដីធ្លីទាំងអស់នោះ គឺពិតជារបស់ប្រជាពលរដ្ឋ ដែលរស់នៅអាស្រ័យផលរបរធ្វើស្រែចម្ការយូរឆ្នាំមកហើយ។ លោកបន្តថា វិវាទនេះ មានចំណុចងឿងឆ្ងល់ ត្រង់ការវិវត្តដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋាភិបាលផ្ដល់ឲ្យក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ នៅឆ្នាំ២០០៧ បែរក្លាយទៅជាដីមានប្លង់កម្មសិទ្ធិនៅឆ្នាំ២០១៩ទៅវិញ។ មន្ត្រីសង្គមស៊ីវិលរូបនេះ ស្នើសុំដល់ក្រសួងពាក់ព័ន្ធទាំងអស់ គួរពិនិត្យលិខិតស្នាមកាន់កាប់ដីធ្លីរបស់ក្រុមហ៊ុនឡើងវិញ ប្រកបដោយតម្លាភាព និងដោះស្រាយបញ្ចប់រឿងនេះជូនពលរដ្ឋ៖ «ដីហ្នឹងជាដីរបស់គាត់ពិតប្រាកដមែន។ បើសិនមិនអ៊ីចឹងទេ ! គាត់មិនទ្រាំវេទនាធ្វើការលំបាករហូតដល់បច្ចុប្បន្ននេះ។ និយាយទៅម្នាក់ៗ អត់មានគិតរឿងអីមួយថ្ងៃៗ គិតតែពីរឿងដីធ្លីហ្នឹង គ្មានបានរកស៊ីអីទេ។ បញ្ហាដែលបញ្ចប់ហ្នឹង បើដីមិនមានធ្វើការអ្វីទេ ទុកដីទំនេរអ៊ីចឹង គួរតែផ្ដល់ដីហ្នឹងឲ្យប្រជាពលរដ្ឋវិញ។ ហើយបើមិនអ៊ីចឹង ! ត្រូវផ្ដល់សំណងឲ្យគាត់តាមតម្លៃទីផ្សារបច្ចុប្បន្ននេះ ព្រោះគាត់ត្រូវការដើម្បីរស់រានមានជីវិត។ មិនអ៊ីចឹងទេ ! គាត់នៅតែបន្តការទាមទាររហូតអញ្ចឹង»។
កាលពីដើមខែកក្កដា ឆ្នាំ២០១៩ ក្រសួងរៀបចំដែនដីអះអាងថា ពលរដ្ឋ១៩៧គ្រួសារ មិនមានជាប់ពាក់ព័ន្ធនឹងករណីវិវាទដីសម្បទានដាំដំណាំអំពៅផលិតស្ករសនាំចេញ ក្នុងភូមិសាស្ត្រខេត្តកោះកុងទេ។ ក្រសួងបញ្ជាក់ថា មានពលរដ្ឋតែ ៩៨៧គ្រួសារ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅនៅក្នុងខេត្តកោះកុង ហើយថា ពួកគេទទួលបានដំណោះស្រាយអស់ហើយ។ ក្រសួងរៀបចំដែនដី ក៏ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះក្រុមប្រជាពលរដ្ឋជិត ២០០ គ្រួសារ ប្រសិនបើមានការប្រមូលផ្ដុំគ្នាតវ៉ារកដំណោះស្រាយនៅមុខក្រសួងជាថ្មីទៀត។
ទន្ទឹមគ្នានោះ រដ្ឋបាលខេត្តកោះកុង ក៏បានចេញលិខិតមួយបដិសេធសំណើពលរដ្ឋដែលសុំកាត់ឆ្វៀលដីទំហំ ៤២១ហិកតារ ចេញពីគម្រោងរបស់ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខាល់ឈ័រ គ្រុប (Heng Huy Agriculture Group) ស្ថិតនៅក្នុងឃុំជីខលើ ស្រុកស្រែអំបិល។ អាជ្ញាធរខេត្តកោះកុងអះអាងថា ទីតាំងដែលពលរដ្ឋស្នើសុំកាត់ឆ្វៀលនោះ គឺស្ថិតលើដីដែលមានប័ណ្ណកម្មសិទ្ធិរួចហើយរបស់ក្រុមហ៊ុន ហេង ហ៊ុយ។ អាជ្ញាធរបញ្ជាក់ថា ការដោះស្រាយ គឺសមត្ថកិច្ចរបស់ស្ថាប័នតុលាការ។
របបក្រុងភ្នំពេញបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនហេង ហ៊ុយ អភិវឌ្ឍន៍ ជាង៤ពាន់ហិកតារ ដើម្បីវិនិយោគដំណាំស្ករអំពៅ កាលពីឆ្នាំ២០០៧។ នៅឆ្នាំ២០១០ ពលរដ្ឋចោទ ក្រុមហ៊ុន ហេង ហ៊ុយ ថាបានយកគ្រឿងចក្រទៅឈូសឆាយដីទីលំនៅប្រជាពលរដ្ឋ និងគំរាមចាប់ខ្លួនប្រជាពលរដ្ឋណាដែលហ៊ានតវ៉ាចំពោះការឈូសឆាយវាទយកដីរបស់ក្រុមហ៊ុន។ ពួកគាត់អះអាងថា បានចូលកាន់កាប់ និងអាស្រ័យផលលើដីធ្លីចាប់តាំងពីឆ្នាំ១៩៧៩មកម្ល៉េះ ដោយមានប័ណ្ណកាន់កាប់ដីធ្លីទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។
ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ពលរដ្ឋឲ្យដឹងថា ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ បានឈប់ដាំដំណាំអំពៅ ចំណែករោងចក្រផលិតស្ករស ក៏មិនឃើញមានសកម្មភាពមមាញឹកដែរ។ ពលរដ្ឋប្រកាន់ជំហរថា ពួកគាត់នឹងបន្តរកដំណោះស្រាយពីក្រសួងស្ថាប័នរដ្ឋបន្តទៀត លុះត្រាតែមានកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ស ខេង ក្នុងវិវាទដីធ្លីនេះ។
អង្គការសង្គមស៊ីវិល នៅតែទទូចស្នើដល់ក្រសួងរៀបចំដែនដី និងអាជ្ញាធរខេត្តកោះកុង គួររិះរកដំណោះស្រាយសមស្របណាមួយឲ្យប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្រែអំបិល ដោយឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ និងមនុស្សធម៌ ដើម្បីបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃមួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។