ពលរដ្ឋដែលឯកភាពទទួលយកគោលនយោបាយសំណងពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ ត្អូញពីវិបត្តិខ្វះខាតស្បៀងអាហារ និងខកខានមិនបានធ្វើស្រែចម្ការចិញ្ចឹមជីវិតនៅឆ្នាំនេះស្របពេល ដែលអាជ្ញាធរ និងក្រុមហ៊ុន នៅតែពន្យារពេលមិនដោះស្រាយបញ្ហាសំណង។ ចំណែកពលរដ្ឋបំបែកគ្រួសារជាង ១រយគ្រួសារនៅមិនទាន់ទទួលបានដីកសិកម្មពីក្រុមហ៊ុននៅឡើយទេ។
ពលរដ្ឋរស់នៅភូមិស្រែគរថ្មី ឃុំស្រែគរ ស្រុកសេសាន បារម្ភជាថ្មីទៀត ពីភាពយឺតយ៉ាវក្នុងការអនុវត្តគោលនយោបាយសំណងរបស់ក្រុមហ៊ុន និងអាជ្ញាធរដែលអ្នកភូមិនៅតែខកខានមិនបានធ្វើស្រែចម្ការចិញ្ចឹមជីវិត ពីមួយឆ្នាំទៅមួយឆ្នាំ។ រីឯពលរដ្ឋដែលទើបទទួលយកគោលនយោបាយសំណង និងពលរដ្ឋបំបែកគ្រួសារជាង ១០គ្រួសារថ្មីទៀត នៅមិនទាន់ទទួលបានដីកសិកម្មក្នុងមួយគ្រួសារ ៥ហិកតារនៅឡើយទេ។
ពលរដ្ឋយល់ព្រមទទួលសំណង ៣ឆ្នាំមកហើយ រស់នៅឃុំស្រែគរថ្មី ថ្លែងមិនហ៊ានបញ្ចេញឈ្មោះដោយសារតែបារម្ភពីសុវត្ថិភាព ឲ្យដឹងនៅថ្ងៃទី៦ មិថុនា ថា ពលរដ្ឋដែលបំបែកគ្រួសារជាង ១រយគ្រួសារ រស់នៅភូមិស្រែគរថ្មី ត្អូញត្អែរ ដោយសារមិនទាន់ទទួលបានដីកសិកម្មផ្អែកតាមគោលនយោបាយសំណងមួយគ្រួសារ ២ហិកតារនៅឡើយទេ បើទោះបីជាពួកគាត់បានផ្តល់ព័ត៌មាននេះ ទៅអាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនច្រើនសាក្តី។ លោកថា ៣ឆ្នាំមកហើយ គ្រួសារលោកនៅមិនទាន់ទទួលបានដីកសិកម្មពីគោលនយោបាយសំណងចំនួន ២ហិកតារនៅឡើយទេ ដែលនាំឲ្យគ្រួសារលោកគ្មានទីកន្លែងធ្វើកសិកម្មចិញ្ចឹមជីវិតទេសម្រាប់ឆ្នាំនេះ៖ «អត់មានដីធ្វើទេ បើគេមិនចែកឲ្យពលរដ្ឋ បើដីចាស់លិចទឹកអស់ហើយគ្មានដីធ្វើ។ យើងធ្លាប់ធ្វើស្រែចម្ការតែអត់មានដីធ្វើស្រែឥឡូវ។ ក្រុមហ៊ុនសន្យារហូត តែសន្យាដូចខ្យល់»។
អ្នកភូមិស្រែគរថា ពលរដ្ឋរស់នៅឃុំស្រែគរថ្មី ប្រមាណ ៧០ភាគរយ ក្នុងចំណោមពលរដ្ឋជាង ៧០០គ្រួសារ បូកបញ្ចូលទាំងពលរដ្ឋបំបែកគ្រួសារ នៅមិនទាន់អាចមានលទ្ធភាពធ្វើកសិកម្មលើដីដែលក្រុមហ៊ុនផ្តល់ជូននៅឡើយទេ ហើយដីទាំងនោះប្រមាណជាង ២.៥០០ហិកតារ ភាគច្រើនសំបូរដោយព្រៃរេចរឹល ហើយនៅតំបន់ខ្លះជាដីទួលខ្ពស់ និងលិចទឹក។ ក្រៅពីនេះ អ្នកភូមិដែលអាចមានលទ្ធភាពធ្វើកសិកម្មលើដីទាំងនោះបាន ត្រូវចំណាយប្រាក់ច្រើនលានរៀល ដោយត្រូវឈូសឆាយព្រៃ និងភ្ជួររាស់ដោយខ្លួនឯង។
មេឃុំស្រែគរថ្មី មកពីគណបក្សប្រជាជនកម្ពុជា ដែលរបប លោក ហ៊ុន សែន ទើបតែងតាំង បានបដិសេធមិនផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរីទេ នៅថ្ងៃទី៦ មិថុនា ព្រោះលោកថា កំពុងជាប់ប្រជុំ។
អ្នកភូមិថា កាលពីពេលថ្មីៗនេះ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានចុះទៅតំបន់នោះ និងបានសន្យានៅចំពោះមុខពលរដ្ឋថា អាជ្ញាធរខេត្តនឹងពន្លឿនដោះស្រាយបញ្ហាដែលនៅសេសសល់នានា ជួនពលរដ្ឋឲ្យបានត្រឹមត្រូវនៅពេលឆាប់ៗនេះ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តស្ទឹងត្រែង លោក ហូ សំអុល យល់ថា ក្រុមហ៊ុន និងគណៈកម្មការដោះស្រាយសំណង ត្រូវពន្លឿនដោះស្រាយបញ្ហានេះ ដោយមិនត្រូវអូសបន្លាយពេល នាំឲ្យខាតប្រយោជន៍ពលរដ្ឋ និងជះឥទ្ធិពលមិនល្អដល់ស្មារតីពលរដ្ឋដែលក្រាញននៀលមិនទទួលសំណង។ លោកថា ពលរដ្ឋនៅតែខកខាន មិនអាចដាំដុះបាន ដោយសារ ភាពយឺតយ៉ាវក្នុងការផ្ដល់សំណងរបស់ក្រុមហ៊ុន បង្កប៉ះពាល់ជីវភាពពលរដ្ឋ៖ «សំណូមពរទៅអាជ្ញាធរខេត្ត ក៏ដូចជាគណៈកម្មាធិការរដោះស្រាយទំនាស់មេត្តាពន្លឿនដោះស្រាយឲ្យគាត់ បើបណ្ដែតបណ្ដោយធ្វើឲ្យប៉ះពាល់ជីវភាព»។
មកទល់ពេលនេះ ពលរដ្ឋដែលយល់ព្រមទទួលសំណងពីផលប៉ះពាល់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅឃុំស្រែគរ និងបានមកតាំងទីលំនៅថ្មីនៅតំបន់នោះមានចំនួនជាង ៥២០គ្រួសារក្នុងចំណោមពលរដ្ឋ ៥៧០គ្រួសារ ហើយបច្ចុប្បន្ននៅសល់ពលរដ្ឋ ៥០គ្រួសារនៅឃុំស្រែគរ និងពលរដ្ឋជាង ៥០គ្រួសារនៅឃុំក្បាលរមាស មិនព្រមទទួលយកគោលនយោបាយសំណង ខណៈដែលផ្ទះរបស់ពួកគេត្រូវទឹកលិចលង់ទាំងស្រុង៕