អាជ្ញាធរខេត្តព្រះវិហារគំរាមរឹបអូសយកដីលំនៅឋានពលរដ្ឋឱ្យក្រុមហ៊ុនរ៉ែមាស
2022.06.22
ប្រជាពលរដ្ឋនៅខេត្តព្រះវិហារអះអាងថា ក្រុមអាជ្ញាធរបានគំរាមរឹបអូសដីលំនៅឋានរបស់ពួកគាត់ ដោយពួកគេសំអាងថា ដីទាំងនោះត្រូវបានចៅហ្វាយស្រុកលក់ទៅឱ្យក្រុមហ៊ុនរុករករ៉ែរបស់ចិន។ ពលរដ្ឋនៅទីនោះសម្ដែងការខកចិត្តចំពោះទង្វើចៅហ្វាយស្រុក ព្រោះពួកគាត់ចិញ្ចឹមជីវិតដោយអាស្រ័យផលនៅលើដីនោះ ប៉ុន្តែមន្ត្រីមូលដ្ឋានថា ក្រុមអាជ្ញាធរនិយាយបំផ្លើសខុសពីការបញ្ជារបស់ថ្នាក់លើ។
ប្រជាពលរដ្ឋនៅភ្នំលុង ស្រុករវៀង ខេត្តព្រះវិហារអះអាងថា ក្រុមអាជ្ញាធរបានហាមឃាត់មិនឱ្យពួកគាត់បូមទឹកអណ្ដូង ដើម្បីរកកម្ទេចរ៉ែមាសនៅក្នុងដីភូមិរបស់ពួកគាត់ ព្រមទាំងគំរាមរឹបអូសដីទាំងនោះឱ្យទៅក្រុមហ៊ុនរុករករ៉ែរបស់ចិនទៀតផង។
ពលរដ្ឋរស់នៅភូមិរំដេង ឃុំរមទម លោកស្រី យឹម ផាត ប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី២១ មិថុនា ថា អាជ្ញាធរ ៣នាក់បានហាមឃាត់លោកស្រីមិនឱ្យបូមទឹកអណ្ដូងក្នុងភូមិឋានរបស់លោកស្រីឡើយ ដោយពួកគេប្រាប់ថា ដីទាំងនេះត្រូវបានចៅហ្វាយស្រុករវៀងលក់ឱ្យក្រុមហ៊ុនរុករ៉ែមាសរបស់ចិន ព្រមទាំងបានទទួលលុយរួចរាល់ហើយដែរ។
លោកស្រីខកចិត្តចំពោះទង្វើរបស់អភិបាលស្រុក ត្បិតថា ជីវភាពរបស់លោកស្រី និងប្រជាជនដទៃទៀតត្រូវពឹងលើដីដែលនៅសេសសល់តិចតួចនេះ សម្រាប់អាស្រ័យផលចិញ្ចឹមជីវិតពីការរកកម្ទេចរ៉ែមាសយកទៅលក់ជាលក្ខណៈគ្រួសារ៖ «បើសិនអាជ្ញាធរ មន្ត្រីតូចធំធ្វើតែក្បួននេះ ស្លាប់អស់ហើយប្រជាពលរដ្ឋគ្មានរស់ទេ។ បើអស់ដីផ្ទះដីភូមិខ្ញុំស្លាប់ហើយ គ្មានអីទីពឹងទៀតទេមិនដឹងទៅជ្រកកោននៅឯណា។ អង្ករកន្លះកំប៉ុងខ្ញុំលាយជាមួយទំពាំង អញ្ជើញមើលចុះខ្ញុំហូបរាល់ថ្ងៃ ខ្ញុំវេទនាណាស់ ខ្ញុំវេទនាជំនាន់ ប៉ុល ពត ខ្ញុំស៊ីក្ដួចហើយ មកជំនាន់នេះឱ្យខ្ញុំវេទនាទៀត ខ្ញុំដាំ(ដំណាំ) បានឈូសចោលរបស់ខ្ញុំ ហើយមកយកដីខ្ញុំទៀតឱ្យខ្ញុំទៅនៅឯណាលោកចៅហ្វាយស្រុក ហោ ប៊ុនហួរ»។
ចំណែកពលរដ្ឋនៅភូមិរំដេងម្នាក់ទៀតគឺលោក ស៊ឹម នាថ ឱ្យដឹងថា ក្រុមអាជ្ញាធរហាមឃាត់មិនឱ្យលោកធ្វើអាជីវកម្មរករ៉ែមាសនៅលើដីខ្លួនឯង ដែលមានទីតាំងនៅជិតតំបន់ភ្នំលុងនោះឡើយ ដោយហេតុថា ដីទាំងនេះជាកម្មសិទ្ធិក្រុមហ៊ុនរុករករ៉ែរបស់ចិន។ លោកថា ក្រុមហ៊ុនចិនកំពុងវាតទីយកដីរបស់ប្រជាពលរដ្ឋ ដោយមានការឃុបឃិតគ្នាជាមួយអភិបាលស្រុករវៀង៖ «គាត់អត់ឱ្យខ្ញុំធ្វើអាជីវកម្ម គាត់ថាកន្លែងភ្នំហ្នឹងជាប់អាជ្ញាប័ណ្ណរបស់ចិន។ គាត់ថាចៅហ្វាយស្រុករវៀងហ្នឹងយកលុយរបស់ចិន។ និយាយចំ តំបន់ភ្នំរ៉ែមាសអ៊ីចឹងគាត់មិនត្រូវលក់ទេ ព្រោះកម្មសិទ្ធិរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ព្រោះនេះក្រោយស្រុកអ្នកភូមិហ្នឹង មិនមែនតំបន់របស់ចិនផងហ្នឹង»។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចសុំការបកស្រាយពីអភិបាលស្រុករវៀងលោក ហោ ប៊ុនហួរ និងអភិបាលខេត្តព្រះវិហារលោក ប្រាក់ សុវណ្ណ បាននោះទេនៅថ្ងៃទី២១ មិថុនា។
ប៉ុន្តែមេភូមិរំដេង លោក អ៊ុក ង៉ា ឱ្យដឹងថា គ្មានការគំរាមកំហែងយកដីធ្លីប្រជាពលរដ្ឋនោះទេ ផ្ទុយទៅវិញមានតែអាជ្ញាធរបានដោះស្រាយបញ្ហាដីធ្លីទៅឱ្យប្រជាពលរដ្ឋ។ លោកថា ក្រុមអាជ្ញាធរទាំងនោះ និយាយបំផ្លើសខុសពីការបញ្ជារបស់លោកហោ ប៊ុនហួរ។ លោកបន្តថា លោក ហោ ប៊ុនហួរ មិនបានហាមប្រជាពលរដ្ឋមិនឱ្យបូមទឹកអណ្ដូងរកកម្ទេចរ៉ែមាសជាលក្ខណៈគ្រួសារនោះទេ៖ «គាត់ឱ្យកូនទាហានគាត់ទៅប្រាប់ខុសទេ។ គាត់ប្រាប់ខ្ញុំមិញហើយថា ឱ្យគាត់បូមទៅ បូមជាលក្ខណៈគ្រួសារអត់អីទេ។ ប៉ុន្តែកូនទាហានវាទៅប្រាប់ទៅ វាប្រាប់ពន្លើសពីការណែនាំរបស់មេគេ»។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តព្រះវិហារលោក ឡោ ចាន់ លើកឡើងថា នេះជាការរំលោភសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។ លោកបន្តថា បញ្ហារំលោភសិទ្ធិដីធ្លីនេះកើតមានឡើងជាច្រើនកន្លែង និងច្រើនករណីនៅក្នុងខេត្តព្រះវិហារ ប៉ុន្តែមិនទទួលបានការដោះស្រាយណាមួយពីអាជ្ញាធរនោះឡើយ។ លោកបន្ថែមថា ផ្ទុយទៅវិញគឺអាជ្ញាធរនេះឯងជាអ្នកផ្សំគំនិតគ្នារំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋលក់ទៅឱ្យឈ្មួញ៖ «អាហ្នឹងមកពីការអសកម្មរបស់អាជ្ញាធរដែលគាត់មិនបានដោះស្រាយដីធ្លីជូនពលរដ្ឋ បែរជាអាចាស់នៅមាន អាថ្មីមកជាហូរហែបន្តបន្ទាប់អ៊ីចឹងវាបញ្ជាក់ពីភាពអសកម្មមួយរបស់អាជ្ញាធររបស់យើង ពីព្រោះក្នុងនាមគាត់ជាអាជ្ញាធរគួរណាស់តែដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋ បែរជាពេលខ្លះគាត់ទៅហាមឃាត់ គាត់ទៅយកទៅអីទៀតអាហ្នឹងជាការរំលោភសិទ្ធិដីធ្លី ហើយជាការអសកម្មរបស់អាជ្ញាធរយើងផងដែរ»។
តំបន់ភ្នំលុងមានផ្ទៃដី ១.២៦២ហិកតារ ដែលសំបូរដោយរ៉ែមាសក្រោមដី ត្រូវបានក្រុមហ៊ុនឯកជនធំៗ ខ្លះជាក្រុមហ៊ុនចិន និងខ្លះជាក្រុមហ៊ុនវៀតណាម រួមមាន
ក្រុមហ៊ុនរ៉ែមាស ឌែលខម ខេមបូឌា (Delcom Cambodia) ក្រុមហ៊ុន ស៊ិន សាន (Xinshan) និងក្រុមហ៊ុន គីម ជាធួន គ្រុប (Kim Gia Thuan Group Co., Ltd) បានពុះចែកគ្នាធ្វើអាជីវកម្មដោយមានក្រុមហ៊ុនខ្លះធ្វើអាជីវកម្មដោយមិនបានសិក្សាពីផលប៉ះពាល់ និងមានក្រុមហ៊ុនខ្លះបានផុតអាជ្ញាប័ណ្ណ។ លើសពីនេះក្រុមហ៊ុនមួយចំនួនជួលអ្នកមានអំណាចឱ្យមកកាងអាជីវកម្មខ្លួន ខណៈខ្លះទៀតប្រើឈ្មោះគ្រួសារលោក ហ៊ុន សែន និងគណបក្សប្រជាជនជាខ្នងបង្អែក។
ប្រជាពលរដ្ឋនៅទីនោះ បានរងការរំលោភបំពានដីស្រែ ឈូសឆាយផលដំណាំ និងប្រើអំណាចគាបសង្កត់ទៅលើពួកគាត់ តាំងពីឆ្នាំ២០១៤ រហូតដល់ពេលបច្ចុប្បន្ន។ ពួកគេព្យាយាមស្វែងរកកិច្ចអន្តរាគមន៍ស្ទើរតែគ្រប់ស្ថាប័ន និងសង្ឃឹមថា ក្រោយការបោះឆ្នោតឃុំ សង្កាត់ រដ្ឋាភិបាលនឹងជួយរកយុត្តិធម៌ឲ្យពួកគេ ប៉ុន្តែផ្ទុយទៅវិញបែរជាមិនមានដំណោះស្រាយណាមួយ ខណៈអាជ្ញាធរខ្លះ នៅតែបន្តរំលោភយកដីធ្លីពួកគាត់លក់ឱ្យក្រុមហ៊ុនពង្រីកផ្ទៃដីអាជីវកម្មរ៉ែមាស៕