ប្រជាពលរដ្ឋជិត២រយនាក់ (១៦៦) រស់នៅខេត្តព្រៃវែងបានផ្តិតមេដៃសម្ដែងការមិនពេញចិត្តចំពោះករណីអាជ្ញាធរមូលដ្ឋានខេត្តនេះបានឃុបឃិតគ្នារំលោភយកដីសាលាឃុំមកធ្វើជាសម្បត្តិបុគ្គល។ពួកគាត់អះអាងថាអ្នកភូមិមានភស្តុតាងនិងឯកសារច្បាស់លាស់ដែលបញ្ជាក់ថា មេឃុំ ឃ្មៀនឃុំ និងមន្ត្រីជំនាញសូរិយោដីខ្លះបានឃុបឃិតគ្នារំលោភយកដីរដ្ឋបំពានច្បាប់។
ក្រុមពលរដ្ឋទាំងនោះរស់នៅក្នុងភូមិចំនួន ៣ ក្នុងឃុំព្រែកសំបួរ ស្រុកពាមជរ បន្តទាមទារឱ្យអាជ្ញាធរឃុំព្រែកសំបួរ ស្មៀនឃុំ រួមទាំងមន្ត្រីសូរិយោដីត្រូវប្រគល់ដីរដ្ឋឋិតក្នុងបរិវេណសាលាឃុំព្រែកសំបួរដែលខ្លួនបានរំលោភយកជូនរដ្ឋវិញជាបន្ទាន់។ ប្រតិកម្មនេះកើតឡើងក្រោយពីមានការបែកធ្លាយឯកសារបង្កាន់ដៃវាស់វែងដីរដ្ឋទំហំប្រមាណជិត ១ ហិកតារ (៩៣៥២ ម៉ែត្រការ៉េ ) មិនប្រក្រតីដែលមន្ត្រីពាក់ព័ន្ធសរុប៩នាក់បានឃុបឃិតគ្នាលួចកាត់ដីសាលាឃុំចែកគ្នាជា៩ចំណែកតាំងពីខែកក្កដា ឆ្នាំ២០២១។អ្នកភូមិថាពួកគាត់ភ្ញាក់ផ្អើលក្រោយពីទទួលដំណឹងនេះដោយចាត់ទុកថាអាជ្ញាធរមកពីគណបក្សប្រជាជនកម្ពុជាបានប្រព្រឹត្តកំហុសធ្វើឱ្យពលរដ្ឋមិនសប្បាយចិត្ត។
តំណាងពលរដ្ឋលោក ធឿន ស្នា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៨ ខែវិច្ឆិកាថាពួកលោករកឃើញភស្តុតាងជាឯកសារមិនប្រក្រតីដែលបញ្ជាក់ថាតតីតអភិបាលស្រុកពាមជរលោក សេង ធា អតីតមេឃុំព្រែកសំបួរលោក ស៊ុន យ៉ឹម ដែលទើបស្លាប់មេឃុំស្តីទីលោក កយ សុផល ស្មៀនឃុំ និងមន្រ្តីសូរិយោដីសរុប៩នាក់បានឃុបឃិតគ្នារំលោភយកដីរដ្ឋពុះជាឡូត៍។ លោកថា អាជ្ញាធរខិលខូចទាំងនោះមានគម្រោងពុះដីរដ្ឋរំលោភយកជាសម្បត្តិបុគ្គលទំហំក្បាល ៣០ ម៉ែត្រ បណ្តោយ ៣០ ម៉ែត្រ ចំនួន៩ឡូត៍ ក្នុងនោះមានមន្ត្រីសូរិយោដីចូលរួមដែរ។ លោកសង្កត់ធ្ងន់ថាពលរដ្ឋនឹងយកញត្តិមានស្នាមមេដៃអ្នកភូមិជិត ២០០នាក់ ទៅថ្នាក់ជាតិប្រសិនបើអាជ្ញាធរមូលដ្ឋានមិនដោះស្រាយករណីនេះទេ៖
«ពួកនេះបើតាមខ្ញុំគិត ធ្វើរាល់ថ្ងៃនេះ ពុំមែនបម្រើរាស្ត្រទេ ធ្វើដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមគ្រួសារ ពុំមែនស្នេហាជាតិទេ អ្នកបំផ្លាញជាតិ។ ប្រជាជនគ្នាក្រលំបាក ។ គេទម្លាក់កំហុសលើ ស៊ុន យឹម ព្រោះស៊ុន យឹម គាត់ស្លាប់ហើយ ព្រោះគាត់ធ្វើមេឃុំជាង២០ឆ្នាំ គាត់មិនដែលយកដីទេ»។
កាលពីថ្ងៃទី៧ ខែតុលា ពលរដ្ឋប្រមាណ ៣០០នាក់ បានមកជួបជុំគ្នានៅសាលាឃុំ ព្រែកសំបួរ ដើម្បីទាមទារឱ្យអាជ្ញាធរស្រាយបំភ្លឺករណីនេះដើម្បីជម្រះមន្ទិល។ ពលរដ្ឋថា ក្នុងពេលតវ៉ាអាជ្ញាធរខេត្តខ្លះនិងមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្តបានមកជួបក្រុមពលរដ្ឋហើយសន្យាថានឹងដោះស្រាយក្តីកង្វល់រួមរបស់ពលរដ្ឋ។ អ្នកភូមិទាំងនោះមានបំណងចង់រក្សាដីសាលាឃុំជាដីត្រៀមបម្រុងប្រយោជន៍រួមមិនចង់ឱ្យមានការកាន់កាប់ជាកម្មសិទ្ធិបុគ្គលណាមួយឡើយ។
ឆ្លើយតបរឿងនេះមេឃុំព្រែកសំបួរស្តីទីលោក កយ សុផល បដិសេធថា លោកពុំពាក់ព័ន្ធការរំលោភយកដីសាលាឃុំនោះឡើយហើយករណីនេះអាចជាពលរដ្ឋមិនទាន់ទទួលបានព័ត៌មានច្បាស់។ លោកថាអាជ្ញាធរឃុំបានប្រកាសទ្រព្យសម្បត្តិរបស់រដ្ឋនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជារៀងរាល់ឆ្នាំរួមទាំងដីសាលាឃុំទាំងមូលផង។លោកបញ្ជាក់ថាបច្ចុប្បន្នដីសាលាឃុំពុំមែនជាកម្មសិទ្ធិរបស់បុគ្គលណាមួយឡើយ៖
«ដីនេះខ្ញុំពេលក្រោយ ពីការចុះវាស់វែងលក្ខណៈប្រព័ន្ធ រដ្ឋបាលឃុំ ធ្វើប្លង់ដេម៉ាស សម្រាប់ដាក់ទៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ សូមប្រាប់ខាងវិទ្យុថា ដីនេះ មិនមែនជាដីបុគ្គលណាមួយទេ ជាដីរបស់រដ្ឋ»។
ជុំវិញរឿងនេះមន្ត្រីនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកលោក ស៊ឹង សែនករុណា យល់ថាក្រសួងមហាផ្ទៃគួរតែអន្តរាគមន៍ដោះស្រាយករណីនេះហើយប្រសិនបើរកឃើញថាអាជ្ញាធរមូលដ្ឋានទាំងនោះឃុបឃិតគ្នាយកដីរដ្ឋលក់ខុសច្បាប់គួរតែដាក់ទោសទណ្ឌដើម្បីព្រមានដល់មន្ត្រីពាក់ព័ន្ធដទៃទៀត៖
«ជាការកោតសរសើរចំពោះបងប្អូនពលរដ្ឋ គាត់ហ៊ានអនុវត្តសិទ្ធិរបស់គាត់ ការពារប្រយោជន៍រួម។ នេះជារឿងមួយដ៏ល្អ ក៏គួរពលរដ្ឋតំបន់ផ្សេងទៀត ហ៊ានអនុវត្តសិទ្ធិទាំងអស់នេះហើយ ហ៊ានអនុវត្តសិទ្ធិទាំងអស់នេះដែរ ក្នុងការការពារប្រយោជន៍រួម បើសិនមិនហ៊ានអនុវត្តទេ ផលប្រយោជន៍ទាំងនេះ នឹងធ្លាក់ដល់អាជ្ញាធរខិលខូលទាំងនេះហើយ»។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថាដីសាលាឃុំជាទ្រព្យសម្បត្តិរបស់រដ្ឋ អាជ្ញាធរឃុំ និងមន្ត្រីពាក់ព័ន្ធគ្មានសិទ្ធិធ្វើប្លង់កម្មសិទ្ធិរំលោភយកបានទេហើយប្រសិនបើមានការលក់ឬដោះដូរត្រូវធ្វើឡើងតាមលំដាប់លំដោយនីតិវិធីឬអនុប្បយោគចេញដោយអនុក្រឹត្យរបស់រដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។