ពលរដ្ឋ​នៅ​ស្រុក​សណ្ដាន់​ភ័យ​ខ្លាច​ក្រុមហ៊ុន​ចិន​បណ្ដេញ​ចេញ​ពី​លំនៅឋាន

ដោយ ទីន ហ្សាការីយ៉ា
2024.01.02
ពលរដ្ឋ​នៅ​ស្រុក​សណ្ដាន់​ភ័យ​ខ្លាច​ក្រុមហ៊ុន​ចិន​បណ្ដេញ​ចេញ​ពី​លំនៅឋាន (រូបឯកសារ) រូបសំណាកដំរីជាន់ខ្លា តំណាងខេត្តកំពង់ធំ ថត​កាល​ពី​ថ្ងៃ​ទី៦ ខែមេសា ឆ្នាំ២០១៦។
រូប៖ RFA

ប្រជាពលរដ្ឋ​រស់​នៅ​ស្រុក​សណ្ដាន់ ឃុំ​ដង​កាំបិត ខេត្តកំពង់ធំ ជាង ៥០គ្រួសារ​ភ័យ​ខ្លាច​ ក្រុម​ហ៊ុន​​ចិន​បណ្ដេញ​ចេញ​ពី​លំនៅឋាន ក្រោយ​ពី​ផ្ទះ​របស់​ពួក​គាត់​ត្រូវ​បាន​ក្រុម​សន្តិសុខ​របស់​ក្រុម​ហ៊ុន​ បាញ់​ថ្នាំ​លើ​ជញ្ជាំង​ផ្ទះ ដោយ​បង្ខំ​ឱ្យ​រុះរើ​ចេញ ចំណែក​ដី​ស្រែ​ចម្ការ​រាប​រយ​ហិកតារ ក៏​នឹង​ត្រូវ​ក្រុមហ៊ុន​រំលោភ​យក ដោយ​ពុំ​ទាន់​ផ្ដល់​សំណង​សមរម្យ។

នៅ​ចម្ងាយ​ប្រមាណ ៥០០ម៉ែត្រ​ពី​ការដ្ឋាន​គម្រោង​អភិវឌ្ឍន៍​អាង​ទឹក​ដងកាំបិត ស្រុក​សណ្ដាន់ ​គេ​ឃើញ​មាន​​​សកម្ម​ភាព​សាងសង់​ការដ្ឋាន និង​ម៉ាស៊ីន​បូម​ខ្សាច់​លើ​ដី​ពលរដ្ឋ​ខ្លះ និង​លើ​ដី​ក្រុម​ហ៊ុន​​ខ្លះ ដែល​សរសេរ​បោះ​បង្គោល​ភ្ជាប់​ស្លាក​សញ្ញា ភាគ​ច្រើន​ជា​អក្សរ​ចិន។ ចំណែក​នៅ​លើ​ជញ្ជាំង​ផ្ទះ​របស់​ពលរដ្ឋ​ជាង​ ២០​ខ្នង តាម​បណ្ដោយ​ដង​ស្ទឹង​សែន និង​ផ្លូវ​ឆ្ពោះ​ទៅ​ក្រុមហ៊ុន គេ​ឃើញ​មាន​ថ្នាំ​ពណ៌​ក្រហម ដែល​សន្តិ​សុខ​ក្រុមហ៊ុន​ដើរ​បាញ់។

ក្រោម​រូបភាព​នៃ​គម្រោង​អភិវឌ្ឍន៍​អាងទឹក​ដ៏​ធំ​របស់​ក្រុមហ៊ុន​ចិន​ពលរដ្ឋ​ភាគ​ច្រើន រស់​នៅ​ភូមិ​ស្រែ​ខ្សាច់ និង​ស្រែវាល ឃុំដងកាំបិត ភ័យខ្លាច និង​បារម្ភ​បញ្ហា​ជីវភាព ដោយ​សារ​តែ​ខ្លាច​បាត់បង់​ដី​ស្រែ​ចម្ការ​​ និង​ផ្ទះ​សម្បែង។ ពលរដ្ឋ​ថា ក្រុម​ហ៊ុន​ឱ្យ​ពួក​គាត់​រុះរើ​ផ្ទះ ដើម្បី​យក​ដី​អភិវឌ្ឍន៍​អាង​ទឹក តែ​ជាក់​ស្ដែង​​​ក្រុម​ហ៊ុន​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​ខ្សាច់​លក់។

ពលរដ្ឋ​រស់នៅ​ភូមិ​ស្រែ​ខ្សាច់ ឃុំដង​កាំបិត កញ្ញា វ៉ាញ់ មៀន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា​ ចាប់​តាំង​ពី​ក្រុម​ហ៊ុន​ដើរ​បាញ់​ថ្នាំ​លើ​ជញ្ជាំង​ផ្ទះ​ហើយ​មិន​ឱ្យ​រស់​នៅ​លើ​ដី​នោះ​ទៀត ពួក​គាត់​ដេក​ពុំ​សូវ​លក់ ភ័យ​ខ្លាច ព្រោះ​បារម្ភ​គ្មាន​ផ្ទះ​សម្ដែង និង​ដី​ចម្ការ​អាស្រ័យ​ផល​ទៀត។ កញ្ញា​ថា ដី​ស្រែ​ចម្ការ ​ជាង​៣ហិកតារ​ របស់​កញ្ញា ​ស្ថិត​នៅ​ចំ​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន។

កញ្ញា វ៉ាញ់ មៀន៖ «ពិបាក​ដែរ ព្រោះ​អី​អស់​ដីស្រែ​ចម្ការ អត់​ដឹង​ទៅ​ធ្វើ​ស្រែ​ចម្ការ​នៅ​ណា​ទៀត។ និយាយ​ទៅ​ ឥឡូវ​ហ្នឹង​ លក្ខណៈ​ថា​ជីវភាព​កំពុង​ខ្វះខាត​ផង ដល់​ពេល​ប៉ះពាល់​អ៊ីចឹង​ទៅ រឹតតែ​ដុន​ដាប​ទៅៗ»

និយាយ​ដោយ​សម្ដី​មួយៗ រួម​នឹង​ទឹក​មុខ​ស្រងូត​ស្រងាត់ កញ្ញា វ៉ាញ់ មៀន លើក​ឡើង​ថា ពលរដ្ឋ​ភាគ​ច្រើន​ពុំ​សប្បាយ​ចិត្ត ចំពោះ​គម្រោង​អភិវឌ្ឍន៍​នេះ​ទេ ព្រោះ​ប៉ះពាល់​ដល់​ជីវភាព​ពួក​គាត់។ ប៉ុន្តែ​ពលរដ្ឋ​ទាំង​នោះ ពុំ​សូវ​មាន​នរណា​ហ៊ាន និយាយ​ព្រោះ​ខ្លាច ហើយ​អាជ្ញាធរ​ប្រាប់​ពលរដ្ឋ​ថា នេះ​ជា​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល។

កាល​ពី​ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក រស់ សីលវ៉ា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង ស្ដីពី​ឥណទាន​សម្បទាន​សម្រាប់​អភិវឌ្ឍន៍​អាង​ទឹក​ដង​កាំបិត​ ខេត្តកំពង់ធំ តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី កិច្ច​ព្រមព្រៀង​នេះ​ពុំ​មាន​បញ្ជាក់​ពី​គោល​បំណង​ច្បាស់​លាស់​នោះ​ទេ។

ពលរដ្ឋ​ម្នាក់​ទៀត លោក ញ៉ាក់ ឆន រស់​នៅ​ភូមិ​ស្រែ​ខ្សាច់ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​រំលោភ​យក​ដី​ស្រែ​អស់​ជាង ៥ហិកតារ​ដែរ​នោះ លើក​ឡើង​ថា មក​ដល់​ពេល​នេះ​ ក្រុម​ហ៊ុន​បាន​ប្រើ​ម៉ាស៊ីន ជីក​រណ្ដៅ​ដី​បូម​ខ្សាច់ ជា​ច្រើន​កន្លែង ធ្វើ​ឱ្យ​ប៉ះពាល់​ដី​ស្រែ​ពលរដ្ឋ​ជា​ច្រើន​ហិកតារ។

បុរស​វ័យ ៥០ឆ្នាំ​រូប​នេះ​បារម្ភ​ពី​ជីវភាព​កាន់តែ​លំបាក ព្រោះ​គ្មាន​ដី​អាស្រ័យផល ហើយ​លោក​អះអាង​ថា ករណី​នេះ​ អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ដឹង​ឮ ពី​ផល​ប៉ះពាល់​ពលរដ្ឋ ប៉ុន្តែ​អាជ្ញាធរ​ហាក់​មិន​អើពើ​ចុះ​ពិនិត្យ​រក​ដំណោះស្រាយ​នោះ​ឡើយ។ លោក​ថា បើ​សិន​ជា​គម្រោង​នេះ​ធ្វើ​ឡើង ដើម្បី​ពលរដ្ឋ​ហេតុ​អ្វី​ចាំ​ចាប់​ដេញ​ចេញ​ពី​ភូមិ​កំណើត។

លោក ញ៉ាក់ ឆន៖រឿង​ដាំ​ដំណាំ​ដាំដុះ បាន​ដី​ស្រែ​នឹង​ឯង បាន​ហូប​សព្វថ្ងៃ ពេល​អត់​អ៊ីចឹង​ទៀត អត់​ដឹង​ពឹង​អី ហើយ​នៅ​តាម​ដីស្រែ ដី​​ចម្ការ​ពលរដ្ឋ​គាត់​ដើរ​ខួង ក្រុម​ហ៊ុន​ចិន​ហ្នឹង វា​ដើរ​ខួង​ពេញ​ស្រែ​ពេញ​ចម្ការ ពេញ​ណា​ពេញ​ណី»

វិទ្យុ​អាស៊ី​សេរី​ពុំ​អាច​ទាក់ទង​អភិបាល​ខេត្តកំពង់ធំ លោក ងួន រតនៈ និង​អភិបាល​ស្រុក​សណ្ដាន់ ​លោក ស៊ិន វណ្ណវុឌ្ឍ ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី២ ខែមករា។

ចំណែក​មេឃុំ​ដងកាំបិត ស្រុកសណ្ដាន់ លោក លន់ យ៉េន លើក​ឡើង​ថា ក្រុមហ៊ុន​ចិន កំពុង​តែ​ស្ដារ​ស្ទឹង ដើម្បី​ផ្ទុក​ទឹក​ស្អាត​ សម្រាប់​​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​នៅ​រដូវ​ប្រាំង ពុំ​មាន​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​នោះ​ទេ។ ចំណែក​បញ្ហា​ផល​ប៉ះពាល់​លំនៅឋាន​ និង​ដី​ស្រែ​ចម្ការ​ពលរដ្ឋ លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ផ្ដល់​ជា​សំណង ប៉ុន្តែ​ពុំ​ទាន់​ដឹង​ថា សំណង​ប៉ុន្មាន​នោះ​ទេ។

លោក លន់ យ៉េន៖ «ផល​ប៉ះពាល់​គេ​មាន​គោលការណ៍ មាន​សំណង ប៉ុន្តែ​ក្រុម​វាស់វែង​មួយ​ក្រុម និង​មួយ​ក្រុម​ទៀត ដើរ​វាយ​តម្លៃ​ថា នៅ​តំបន់​នេះ ទីផ្សារ ដូចជា​ដីធ្លី ថា តម្លៃ​យ៉ាង​ម៉េចៗ វា​ហ្នឹង គេ​សិក្សា​ទៀត។ ដូច្នេះ ខ្ញុំ​អត់​ទាន់​ចេះ​ថា (អត់​ទាន់​ដឹង​សំណង​ថា) ប៉ុន្មាន ប៉ុន្តែ​មាន​គោលការណ៍​សំណង»

យ៉ាង​ណា កាល​ពី​ដើម​ឆ្នាំ២០២៣ កន្លង​ទៅ​អាជ្ញាធរ​ធ្លាប់​លើក​ឡើង​ថា គម្រោង​អភិវឌ្ឍន៍​អាង​ទឹក​ដង​កាំបិត​នេះ ធ្វើ​ឡើង​ដោយ​មាន​គណៈកម្មការ​វាយ​តម្លៃ​ ពី​ផល​ប៉ះពាល់​បរិស្ថាន និង​ពលរដ្ឋ បាន​ត្រឹមត្រូវ​ ដោយ​ពុំ​មាន​បញ្ហា​​អ្វី​នោះ​ទេ។ ចំណែក​ពលរដ្ឋ​ថា​ ការ​​វាយ​តម្លៃ​របស់​គណៈកម្មការ​ទាំង​នោះ ​ធ្វើ​ឡើង​ដោយ​គ្មាន​តម្លា​ភាព​ត្រឹម​ត្រូវ។

ទាក់ទិន​រឿង​នេះ អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ករណី​ក្រុម​ហ៊ុន​ចិន ដើរ​បាញ់​ថ្នាំ​តាម​ជញ្ជាំង​ផ្ទះ​ពលរដ្ឋ​ ដោយ​បង្ខំ​ឱ្យ​ពួកគាត់​រុះរើ​ផ្ទះ​បែប​នេះ គឺ​ជា​ទង្វើ​ខុស​ច្បាប់ ហើយ​ក្រុមហ៊ុន គួរ​តែ​សហការ​ជា​មួយ​នឹង​អាជ្ញាធរ​ពាក់ព័ន្ធ​​​រក​ដំណោះស្រាយ​សមរម្យ បើ​ពុំ​ដូច្នេះ​ទេ ពលរដ្ឋ​កាន់​តែ​មាន​ជីវភាព​លំបាក។

លោក វណ្ណ សុផាត៖ «ក្រុម​ហ៊ុន​នឹង​គាត់​ធ្វើ​ខុស​ច្បាប់​ដូច្នេះ​ប្រជា​ពលរដ្ឋ​គាត់​អាច​មាន​សិទ្ធិ​ការពារ​លំនៅឋាន​របស់​ពួក​គាត់​តែ​បើ​ការ​ចុះ​ទៅ​ដោយ​មាន​អាជ្ញាធរ​ចូល​រួម​​ក្នុង​ការ​បាញ់​ថ្នាំ​លើ​ជញ្ជាំង​ផ្ទះ​ឱ្យ​ពួក​គាត់​រុះរើ​អ៊ីចឹង វា​លុះ​ត្រា​តែ​មាន​ការ​ប្រឹក្សា​យោបល់​ជា​មួយ​នឹង​ពលរដ្ឋ និង​អាជ្ញាធរ​ពាក់ព័ន្ធ»

ពលរដ្ឋ​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ឱ្យ​បាន​ឆាប់។ ពួក​គាត់​ថា ការ​ស្នើ​នេះ ស្រប​នឹង​ មាត្រា៣៥ នៃ​រដ្ឋធម្មនុញ្ញ ​កថាខណ្ឌ​ទី២ ចែង​ថា សេចក្ដី​ស្នើ​ទាំង​ឡាយ​ណា​របស់​​ពលរដ្ឋ ត្រូវ​បាន​ទទួល​ការពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ។ ពួក​គាត់​ថា បើសិនជា​អាជ្ញាធរ​ពាក់ព័ន្ធ មិន​​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ឆាប់​ទេ​នោះ ពួក​គាត់​នឹង​នាំ​គ្នា​តវ៉ា​បិទ​ផ្លូវ នៅ​មុខ​ក្រុម​ហ៊ុន​​ទ្រង់​ទ្រាយ​ធំ​ នៅ​​ពេល​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។