ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​រារាំង​អាជ្ញាធរ​មិន​ឲ្យ​ចុះទៅ​រុះរើ​ផ្ទះសម្បែង

ដោយ នៅ វណ្ណារិន
2023.08.10
ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​រារាំង​អាជ្ញាធរ​មិន​ឲ្យ​ចុះទៅ​រុះរើ​ផ្ទះសម្បែង ពលរដ្ឋ​នៅ​ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប​ នាំគ្នា​រារាំង​និង​បណ្ដេញ​អាជ្ញាធរ​អប្សរា​មិន​ឲ្យ​រុះរើ​ផ្ទះសម្បែង ដែល​មិនបាន​ជូនដំណឹង និង​មិនបាន​ទុក​ពេល​សមរម្យ​ឲ្យ​ពលរដ្ឋ កាលពី​ថ្ងៃទី​៨ សីហា ២០២៣។
រូប៖ ចែកចាយលើហ្វេសប៊ុក

ពលរដ្ឋ​នៅ​ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប​ជាច្រើន​រយ​នាក់ បាន​នាំគ្នា​រារាំង​និង​បណ្ដេញ​អាជ្ញាធរ​អប្សរា​មិន​ឲ្យ​រុះរើ​ផ្ទះសម្បែង​របស់​ពួកគាត់។ ការ​រារាំង​នេះ បន្ទាប់ពី​អាជ្ញាធរ​អប្សរា​ចុះទៅ​រុះរើ​ផ្ទះ ដោយ​មិនបាន​ជូនដំណឹង និង​មិនបាន​ទុក​ពេល​សមរម្យ​ឲ្យ​ពលរដ្ឋ។

ពលរដ្ឋ​ជាច្រើន​រយ​នាក់​នៅ​ស្រុក​បាគង កាលពី​ថ្ងៃទី​៨ សីហា បាន​នាំគ្នា​រារាំង​អាជ្ញាធរ​អប្សរា មិន​ឲ្យ​រុះរើ​តង់ និង​ផ្ទះ​ពួកគេ។

ប្រតិកម្ម​របស់​ពលរដ្ឋ​នេះ​ធ្វើឡើង​ក្រោយ​ពី​អាជ្ញាធរ​ប្រមាណ​១០​នាក់​បាន​ចុះ​មក​រុះរើ​តង់ និង​សំណង់​ថ្មីៗ​នៅ​ភូមិសាស្ត្រ​ឃុំ​រលួស​ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប។ ប្រជាពលរដ្ឋ​អះអាង​ថា អាជ្ញាធរ​ចុះ​មក​រុះរើ​ផ្ទះ ពួកគាត់​ដោយ​មិន​បាន​ជូនដំណឹង និង​មិន​ទុក​ពេល​ឲ្យ​ពួកគាត់​រុះរើ​ដោយ​ខ្លួនឯង​នោះ​ទេ។ ពលរដ្ឋ​បន្ថែម​ថា ការរារាំង​អាជ្ញា​មិន​ឲ្យ​រុះរើ​ផ្ទះ​ពួកគាត់​នោះ​ពួកគាត់​មិន​បាន​ប្រើប្រាស់​ហិង្សា​ទៅលើ​អាជ្ញាធរ​នោះ​ទេ ហើយ​អាជ្ញាធរ កាលពី​ថ្ងៃទី​៨ ខែ​សីហា បាន​និយាយ​ថា នឹង​ទុក​រយៈពេល​ត្រឹមតែ ៣​ថ្ងៃ​ប៉ុណ្ណោះ ដើម្បី​ឲ្យ​ពលរដ្ឋ​រុះរើ​ផ្ទះ។ ប្រជាពលរដ្ឋ​លើកឡើង​ដូចៗ​គ្នា​ថា​ពួកគាត់​នឹង​មិន​ចាក​ចេញពី​លំនៅឋាន​ដែល​ពួកគាត់​រស់នៅ​ជាច្រើន​ឆ្នាំ​នោះ​ទេ ដោយ​សុខចិត្ត​លះបង់​ជីវិត​ការពារ​ដី​និង​ផ្ទះ​របស់​ពួកគាត់។

ពលរដ្ឋ​ម្នាក់​នៅ​ស្រុក​ប្រាសាទបាគង​ប្រាប់​វិទ្យុ​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះថា​លោក​មិន​បាន​ទទួល​ដំណឹង​ពី​ការ​ចុះ​មក​រុះរើ​ផ្ទះ​នៅ​ទេ។ លោក​បន្ត​ថា លុះ​អាជ្ញាធរ​អប្សរា​ចុះ​មក​រុះរើ​ផ្ទះ​នោះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ក៏​នាំគ្នា​រារាំង​អាជ្ញាធរ​តែម្ដង។

«បើសិនជា​យើង​មានរឿង​ដល់​ប្រវាយប្រតប់​គ្នា អត់​ទេ ប៉ុន្តែ​យើង​បាន​ន័យថា​យើង​គ្រាន់តែ​រុញៗ ការ​តវ៉ា​គាត់ បាន​ន័យ​ថា គ្រាន់​ជា​ខាង​អាជ្ញាធរ​ជាតិ​អប្សរា​រឹត​បន្តឹង​កាន់តែ​ខ្លាំង ត្រូវតែ​មាន​ទំនាស់ ប៉ុន្តែ​ដល់​របៀប​ថា ចរចា​ទៅ​ប្រជាពលរដ្ឋ​គាត់​ចេះដឹង​ដែរ​។ ខាង​នោះ គឺ​អត់​រុះរើ​បាន​ទៅ​ស្នើសុំ​អញ្ចេះ​មួយ អញ្ចុះ​មួយ ទៅ​គេ​លើកលែង​សិន​បង គេ​អត់​មានរឿង​អី​ទេ វៃ​តប់​គ្នា​អី​ទេ​បង»

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​នៅ​ស្រុក​ប្រាសាទបាគង​ម្នាក់ទៀត​គឺ​លោក ឡឺន ឡៃ ប្រាប់​អាស៊ីសេរី​ថា​ពលរដ្ឋ​បាន​នាំគ្នា​រារាំង​មិន​ឲ្យ​អាជ្ញាធរ​រុះរើ​ផ្ទះ​របស់​ពួកគាត់។ លោក​បន្ថែម​ថា ក្នុង​រយៈពេល​៣​ថ្ងៃ​ខាងមុខ​ទៀត​បើ​ទោះបីជា​ពលរដ្ឋ​មិន​រុះរើ ក៏​អាជ្ញាធរ ជា​អ្នក​រុះរើ​ផ្ទះ​នោះ​ដែរ។

លោក ឡឺន ឡៃ៖ «សម្រាប់​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​សាមញ្ញ​ធម្មតា​មួយ​រូប​ដែល គឺ​ខ្ញុំ​នឹក​ឃើញថា បើសិន​ប្រជាពលរដ្ឋ​គាត់​ថា អាជ្ញាធរ​ទុក​ពេល​ឲ្យ​បី​ថ្ងៃ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ នឹង​គិត​មើល​ថា ត្រូវ​រុះ ឬ​មិន​ក៏​រុះ​។ បើ​តាម​ខ្ញុំ​ប្រជាពលរដ្ឋ ខ្ញុំ​ថា ទោះ​បី​ថា​យើង​មិន​រុះ​ក៏​ត្រូវ​តែ​រុះ ព្រោះ​គាត់​ដាក់​គំនាប​បែប​ហ្នឹង​ទៅ​ហើយ យើង​មិនអាច​នឹង​ប្រឆាំង​ជាមួយ​ច្បាប់​បានទេ​បង»

លោក ឡឺន ឡៃ បញ្ជាក់​លោក​នឹង​មិន​ចាកចេញ​ពី​លំនៅឋាន​ដែល​រស់នៅ​ច្រើន​ជំនាន់​នេះ​ទេ​ហើយ​នឹង​តស៊ូ​ដល់ទី​បំផុត​ដើម្បី​ការពារ​ដី និង​ផ្ទះ។

វិទ្យុ​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​លោក ឡុង កុសល ដើម្បី​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី៩ ខែ​សីហា។

ទោះជា​យ៉ាងណា​ប្រធាន​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន​ស្រុក​ប្រាសាទ​បាគង​លោក ឃ្លោក ម៉ៅ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា មូលហេតុ​ដែល​ពលរដ្ឋ​រារាំង​រហូតដល់​ដេញ​អាជ្ញាធរ​គឺ​បណ្ដាល​មក​ពី​អាជ្ញាធរ​ចុះទៅ​រុះរើ​ផ្ទះ​ពួកគាត់។ លោក​បន្ថែម​ថា រដូវ​នេះ​ជា​រដូវភ្លៀង​អាជ្ញាធរ​គួរតែ​មាន​ចិត្តមេត្តា ឲ្យ​ពលរដ្ឋ​អាច​ប្រើ​តង់​ដើម្បី​បាំងបិទ​កន្លែង​ដែល​មាន​ទឹក​លិច។

លោក ឃ្លោក ម៉ៅ៖ «គឺ​ត្រឹមត្រូវ​បង​អាជ្ញាធរ ក្នុងនាម​អាជ្ញាធរ​គួរតែ​ផ្ដល់​ព័ត៌មាន​ទៅ​គាត់​ដើម្បី​ឲ្យ​គាត់​ត្រៀម​បាទ​ត្រៀម​ក្នុង​ការ​រុះរើ ឬក៏​យើង​អាច​ជួយ​ផ្ដល់​ជា​យោបល់​រក​ដំណោះស្រាយ​ឲ្យ​គាត់​បើ​ថា រើ ផ្ទះ​គាត់​ទៅ​គួរ​ឲ្យ​គាត់​ទៅ​រស់នៅ​កន្លែង​ណា​បើសិន​បើ​ផ្ទះ​យើង​គួរតែ​គិត​បើសិនជា​យើង​រើ​ផ្ទះ​ទៅ គាត់​បាន​កន្លែង​ណា​រស់នៅ។ ជា​ការ​ព្រួយបារម្ភ​របស់​ខាង​ខ្ញុំ គឺ​បារម្ភ​ខ្លាំង​មែនទែន​តែ​មិន​ដឹង​ថា ជួយ​គាត់​ដូចម្ដេច​បាន​ហា»

លោក ឃ្លោក ម៉ៅ ព្រួយបារម្ភ​ថា នឹង​មាន​ការចោទប្រកាន់​តាម​ផ្លូវច្បាប់​ណាមួយ​ដល់​ពលរដ្ឋ​នៅ​ពេល​ពួកគាត់​រារាំង​ដល់​អាជ្ញាធរ​មិន​ឲ្យ​រុះរើ​ផ្ទះសម្បែង​ពួកគាត់​ទាំងនេះ។

លោក ឃ្លោក ម៉ៅ៖ «ចំណុច​នេះ​ខ្ញុំ​មានការ​ព្រួយបារម្ភ​ដែរ ការ​ព្រួយ​បារម្ភ​ខ្លាច​មានការ​ឃាត់ខ្លួន​ចោទប្រកាន់ ខ្ញុំ​ក៏​ព្រួយបារម្ភ​ហើយ​ខ្ញុំ ក៏បាន​រំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែរ​ថា ធ្វើ​អ្វី​ក៏ដោយ​ឲ្យ​យើង​ត្រូវ​មាន​ការប្រុងប្រយ័ត្ន។ យើង​មិន​ត្រូវ​ប្រើ​ហិង្សា​អ្វី​នោះ​ទេ យើង​ធ្វើ​ការ​តវ៉ា​ទាមទារ​ដោយ​សន្តិវិធី​។ ដូច្នេះ​បើ​មាន​សំណង​សមរម្យ​ប្រជាពលរដ្ឋ​គាត់​មិន​ទៅ​តវ៉ា​ទេ ព្រោះ​រាល់​ការ​អភិវឌ្ឍ​យើង​មិន​ទៅ​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​ទេ ប៉ុន្តែ​សុំ​ឲ្យ​មាន​សំណង​សមរម្យ​បាន​អី​ក៏បាន​សមរម្យ​អាច​រស់នៅ​បាន​គឺ​គាត់​ទទួលយក​ហើយ​គាត់​មិន​ប្រឆាំង​អ្វី​នោះ​ទេ»

ពលរដ្ឋ​ជាច្រើន​ពាន់​គ្រួសារ​រស់នៅ​តំបន់​អប្សរា​ក្នុង​ក្រុង​សៀមរាប​ស្រុក​អង្គរធំ ស្រុក​បន្ទាយស្រី និង​ពលរដ្ឋ​មួយចំនួន​រស់នៅ​ស្រុក​ប្រាសាទបាគង​បាន​បង្ខំចិត្ត​រុះរើ​ផ្ទះសម្បែង ចេញពី​តំបន់​ឧទ្យាន​អង្គរ​ជា​បន្តបន្ទាប់​ហើយ​ចាប់តាំងពី​ចុងឆ្នាំ​២០២២​រហូត​មក។ ការផ្លាស់ប្ដូរ​ទីលំនៅ​នេះ​ដោយសារ​ពួកគាត់​គ្មាន​ជម្រើស និង​ភ័យខ្លាច​រដ្ឋាភិបាល​បណ្តេញ​ចេញ​ដោយ​បង្ខំ​ដោយ​គ្មាន​សំណង​អ្វី​ទាំងអស់។

កាលពី​ចុងខែ​មីនា ឆ្នាំ​២០២៣ កន្លង​ទៅ អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​បង្ហាញ​ថា មនុស្ស​ជាច្រើន​ដែល​រស់នៅ​ជុំវិញ​តំបន់​អង្គរ​ត្រូវ​បាន​បង្ខិតបង្ខំ​ឱ្យ​ផ្លាស់​ទីលំនៅ​ទៅ​រស់នៅ​តំបន់​រុនតាឯក​ដែល​ខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ និង​ទឹក​ស្អាត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។