ពលរដ្ឋ​នៅ​ខេត្តស្វាយរៀង​ប្រមូល​ផ្ដុំ​គ្នា​ទាមទារ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ក្រុមហ៊ុន​លុប​ស្រះ​ទឹក​សាធារណៈ

តំណាង​ពលរដ្ឋ​នៅ​ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង ប្រមាណ​៣០​នាក់ ប្រមូលផ្ដុំ​គ្នា​តវ៉ា​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ក្រុមហ៊ុន អេស ប៊ី ប៊ី ភី គ្រុប​(SBBP Group) ចាក់​ដី​លុប​ស្រះ​ទឹក​សាធារណៈ ដែល​ពួកគាត់​ប្រើប្រាស់​ប្រចាំថ្ងៃ។

តំណាង​ពលរដ្ឋ​ឃុំ​ព្រែកតាអី លោក សួន វត្ថា សោកស្ដាយ​ចំពោះ​អាជ្ញាធរ​ឃុំ​ព្រែកតាអី ដែល​មិន​ចូលរួម​ស្ដាប់​ការ​បំភ្លឺ​ពី​សាក្សី ដែល​ដឹង​ពី​សាវតារ​ដី​ពិតប្រាកដ​។ លោក​បន្ត​ថា ស្អែក​នេះ តំណាង​ពលរដ្ឋ​ឃុំ​ព្រែកតាអី នឹង​ទៅ​សាលាឃុំ​ដើម្បី​ស្នើ​ឲ្យ​អាជ្ញាធរ​ចុះ​វាស់វែង និង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​បោះបង្គោល​ព្រំ​ស្រះ​ទឹក​នោះ។ តំណាង​ពលរដ្ឋ​រូប​នេះ ថា បើ​អាជ្ញាធរ​មូលដ្ឋាន​មិន​ដោះស្រាយ​បញ្ហា​នេះ​ទេ ពលរដ្ឋ​ក្នុង​ឃុំ​នឹង​ប្រមូល​ស្នាម​មេដៃ​ដើម្បី​ប្ដឹង​ទៅ​តុលាការ​ដើម្បី​រក្សា​ស្រះ​ទឹក​នេះ ជា​សម្បត្តិ​សាធារណៈ។

លោក សួន វត្ថា៖ «សុំ​ទៅ​អាជ្ញាធរ​ដែនដី​បើសិន​ជា​ការ អ្វី​ដែល​អាជ្ញាធរ​ដែនដី​ថា អតីត​មេឃុំ​មុន​បាន​លក់​នោះ ឥឡូវ​សាក្សី​បាន​ឆ្លើយ​បំភ្លឺ​ហើយ​ថា គាត់​មិន​បាន​លក់​ទេ ដូច្នេះ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ដែនដី​នៅក្នុង​ឃុំ​ព្រែកតាអី​នឹង គាត់​ចុះ​វាស់វែង​ដើម្បី​ឲ្យ​ពលរដ្ឋ​បោះបង្គោល​ទុកជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ»។

កន្លងមក​អាជ្ញាធរ​មូលដ្ឋាន បាន​អះអាង​ថា ស្រះ​ទឹក ដែល​ពលរដ្ឋ​កំពុង​តវ៉ា​នេះ គឺ​មេឃុំ​ព្រែកតាអី​ពីមុន ដែល​បាន​ស្លាប់​ទៅ​គឺ​លោក ឈុន គឹមលន់ បាន​លក់​ឲ្យ​ទៅ​ក្រុមហ៊ុន អេស ប៊ី ប៊ី ភី តាំង​តែ​ពី​ឆ្នាំ​២០០៨​មក​ម្ល៉េះ។ ក៏ប៉ុន្តែ​សាក្សី ដែល​ដឹង​ពី​សាវតារ​ដី​ស្រះ​នោះ បញ្ជាក់​ថា ដី​ដែល​មេឃុំ​ពី​មុន ដែល​បាន​លក់​ឲ្យ​ទៅ​ក្រុមហ៊ុន គឺ​ស្ថិតនៅ​ឆ្ងាយ​ពី​ស្រះ​ទឹក​នោះ​យ៉ាងតិច ២០០​ម៉ែត្រ។

ស្រះ​ទឹក​នេះ​មាន​ទំហំ ៣​ហិកតារ ដែល​ស្ថិតនៅ​ភូមិ​ត្រពាំងតាអី ឃុំ​ព្រែកតា​អី ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង​។ កាលពី​ថ្ងៃទី​២១ ឧសភា​ថ្មីៗ​នេះ ពលរដ្ឋ​ប្រមាណ​៥០​នាក់ រស់នៅ​ក្នុងភូមិ​ត្រពាំង​តា​អី បាន​ប្រមូល​ផ្ដុំ​គ្នា​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​សកម្មភាព​ឈូស​ឆាយ​ដី​លុប​ស្រះ​ទឹក​នេះ​ម្ដង​រួច​មក​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។