ពលរដ្ឋ​នៅ​ខេត្ត​ត្បូងឃ្មុំ​បាត់បង់​ដីធ្លី​ដោយសារ​ចាញ់ក្តី​ក្រុមហ៊ុន​ចិន

0:00 / 0:00

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​នៅ​ខេត្ត​ត្បូងឃ្មុំ ទទូច​ឱ្យ​តុលាការ​ទម្លាក់​បទចោទប្រកាន់​លើ​ពួកគាត់ និង​ស្នើ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ជួយ​ធ្វើ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា ដីធ្លី​ដែល មាន​ជម្លោះ​រ៉ាំរ៉ៃ​រយៈពេល ១០​ឆ្នាំ​មក​ហើយ​នេះ ខណៈ ពួកគាត់​ប្រឈម​បញ្ហា​ជីវភាព។

សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើកកម្ពស់​សិទ្ធិមនុស្ស សង្ឃឹម​ថា សាលាឧទ្ធរណ៍​ទម្លាក់​បទចោទប្រកាន់​លើ​ពួកគាត់​ឱ្យ​មាន​សេរីភាព និង​ប្រគល់​ដី​ឱ្យ​ពួកគាត់​វិញ។

ពលរដ្ឋ​ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ​ខេត្ត​ត្បូងឃ្មុំ ដែល​តុលាការ​ខេត្ត​នេះ​កាត់​ឱ្យ​ចាញ់ ក្ដី​ក្រុមហ៊ុន​ចិន ហាម៉ីនី វីន អ៊ិនវេសមេន (Hamenivent Investment) កាលពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០២១ ពេល​នេះ ធ្វើ​ឱ្យ​ពួកគាត់​បាត់បង់​ដីធ្លី ដែល​ធ្លាប់​អាស្រ័យ​ផល ប្រឈម​បញ្ហា​ជីវភាព និង​ជំពាក់​បំណុល​វ័ណ្ឌក ដែល​ជំរុញ​ឱ្យ​ពួកគាត់​មួយ​ចំនួន​ធ្វើ​ចំណាកស្រុក ហើយ​កូនៗ​បោះបង់​ការ​សិក្សា។

ពួកគាត់​អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​បទចោទ​ប្រកាន់ ព្រមទាំង​ប្រគល់​ដីធ្លី ឱ្យ​ពួកគាត់​វិញ ហើយ​ទទូច​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ជួយ​ធ្វើ​អន្តរាគមន៍ ដោះស្រាយ​វិវាទ​ដីធ្លី ដើម្បី​ពួកគាត់​បាន​ដីធ្លី​មក​អាស្រ័យ​ផល ដោះស្រាយ​បញ្ហា​ជីវភាព​ដ៏​លំបាក​សព្វថ្ងៃ។

ការ​ស្នើ​នេះ​របស់​ប្រជាពលរដ្ឋ ធ្វើឡើង​នៅ​ពេល​ដែល​សាលាឧទ្ធរណ៍​តំបន់​ប្រចាំ នៅ​ខេត្ត​ត្បូងឃ្មុំ កាល​ថ្ងៃទី១៦ មករា បាន​បើក​សវនាការ​បណ្ដឹង​ឧទ្ធរណ៍ របស់​ប្រជា​ពលរដ្ឋ​នៅ​សហគមន៍ ស្រែប្រាំង​ចំនួន ៤​នាក់ នៅ​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ បន្ទាប់ពី​សាលាដំបូង ខេត្ត​នេះ បាន​កាត់​ឱ្យ​ពួកគេ​ចាញ់ក្ដី​ក្រុមហ៊ុន​ចិន កាល​ពី​ជាង ២​ឆ្នាំមុន ពី​បទ «​ធ្វើ​ឱ្យ​ខូច ខាត​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​» ពាក់ព័ន្ធ​នឹង​ការ​តវ៉ា កុំឱ្យ​ក្រុមហ៊ុន​ចិន​ចូល​ឈូស​ឆាយដី​ដែល​កំពុង​មាន​ជម្លោះ។

ជាក់ស្ដែង ជម្លោះដីធ្លី​នៅ​សហគមន៍​ស្រែប្រាំង និង​សហគមន៍​បុស្សស្នោ ខេត្ត​ត្បូងឃ្មុំ​នេះ មិនមែន​ត្រឹមតែ​ជា​ករណី​វិវាទ​រវាង​ក្រុមហ៊ុន​ចិន និង​ប្រជាពលរដ្ឋ ៤ នាក់ ដែល​បាន​ប្ដឹង​ឧទ្ធរណ៍ ទៅ​សាលាឧទ្ធរណ៍​នោះ​ទេ​។ ជម្លោះ​នេះ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ៦០ នាក់ ក៏​កំពុង​ជាប់​បណ្ដឹង ហើយ​ប៉ះពាល់​ដល់ ប្រជាពលរដ្ឋ​ប្រមាណ ២៥០​គ្រួសារ។

ប្រជាពលរដ្ឋ​នៅ​សហគមន៍ ស្រែប្រាំង លោក វឿន វឿ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១៧ មករា ថា សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​បាន​កាត់​ឱ្យ​គាត់​មានទោស ជាប់ពន្ធនាគារ ២​ឆ្នាំ យ៉ាង​អយុត្តិធម៌ ដោយ​ចោទ​ថា គាត់​បាន​បំផ្លិច បំផ្លាញ​ទ្រព្យ របស់​ក្រុមហ៊ុន​ចិន ទាំង​គាត់​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់។

លោក​ស្នើ​ឱ្យ​សាលាឧទ្ធរណ៍​ផ្ដល់​យុត្តិធម៌​ដល់​គាត់ ទម្លាក់​បទ​ចោទប្រកាន់ និង​ផ្ដល់​ដី​ឱ្យ​គាត់​បាន​អាស្រ័យ​ផល​ដោះស្រាយ​ជីវភាព​គ្រួសារ។

លោក វឿន វឿ៖ «អាជ្ញាធរ​ខាង​ថ្នាក់ដឹកនាំ​គ្រប់​ថ្នាក់​ទាំងអស់ សូម​ឱ្យ​គាត់​ជួយ​រក​យុត្តិធម៌​រឿង​ដីធ្លី​សម្រាប់​ប្រជាពលរដ្ឋ ។ សព្វថ្ងៃ​នេះ មើល​ទៅ​បាត់បង់​ដីធ្លី បាត់បង់​កូន​សិក្សា​កាន់​តែច្រើន មនុស្ស​កាន់តែ​ចំណាកស្រុក​កាន់​តែ​ច្រើន ណាមួយ​ពួកខ្ញុំ​ជនរងគ្រោះ​ហ្នឹង​រង​ភាព​អយុត្តិធម៌​ច្រើនណាស់ រក​មួយថ្ងៃ​ស៊ី​មួយថ្ងៃ​បាន​ល្ងាច​ខ្វះ​ព្រឹក​បាន​ព្រឹក​ខ្វះ​ល្ងាច»។

ពលរដ្ឋ​រងគ្រោះ​ម្នាក់ទៀត​លោក ចក់ ជ័យ លើកឡើង​ថា ដី​នោះ​ចាស់ៗ​ពី មុន ធ្លាប់​អាស្រ័យ​ផល​យូរណាស់​មកហើយ ដូច្នេះ ជា​រឿង​អយុត្តិធម៌ ដែល​តុលាការ កាត់​ឱ្យ​គាត់​មានទោស ២ ឆ្នាំ​ពេល​គាត់​មិនបាន​ធ្វើ​ខុស​។ លោក​ថា គ្រួសារ លោក​ធ្លាប់តែ​ប្រមូល​ផល​បាន​ពី ១ លាន ទៅ ២ លាន​រៀល​ក្នុង​មួយ​ខែ ប៉ុន្តែ ក្រោយ​ក្រុមហ៊ុន​ចិន​ព័ទ្ធ​យក​ដី គាត់​គ្មានអ្វី​ជា​ទីពឹង​លំបាក​ខ្លាំង។

លោក ចក់ ជ័យ៖ «ពេល​យើង​អត់​ដី​ហ្នឹង វា​ពិបាក​ខ្លាំង ដែល​គ្មាន​ដី​ធ្វើ​ហ្នឹង ហើយ​យើង​អត់​មាន​ថវិកា​ផ្គត់ផ្គង់​គ្រួសារ​ចំណាកស្រុក ច្រើនណាស់​គាត់​គ្មាន​ការងារ​ធ្វើ ហើយ​គ្មាន​ដី​ធ្វើ​អ៊ីចឹង។ ឥឡូវ​គេ​ព័ទ្ធ​ទាំង​អស់គេ​កាយ​ក្រវាត់​ជុំវិញ​ទាំងអស់​ដី​នោះ អត់ឱ្យ​ចេញ​មានការ​គំរាមកំហែង​ពី​អាជ្ញាធរ​បើសិន ចូលទៅ​ក្នុង​ដី​នោះ គេ​ចាប់​ដាក់​ពន្ធនាគារ ចាប់​គុក​អ៊ីចឹង»។

ប្រធាន​សហគមន៍​ស្រែប្រាំង ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​រឿង​ជម្លោះ​ដីធ្លី​នេះ លោក សែម សាង និយាយ​ថា តុលាការ​និង​អាជ្ញាធរ​រដ្ឋាភិបាល​ត្រូវ​ផ្ដល់​យុត្តិធម៌​ដល់​ប្រជា​ពលរដ្ឋ​កុំឱ្យ​ប្រជាពលរដ្ឋ​បាត់បង់​ដី​ហើយ ជាប់គុក​ទៀត​។ លោក​ថា បើ​តុលា​ការ​មិន​ផ្ដល់​យុត្តិធម៌​ប្រគល់​ដី​ឱ្យ​ពួកគាត់​អាស្រ័យ​ផល​វិញ​ទេ ប្រជាពលរដ្ឋ ក្នុង​សហគមន៍​ស្រែប្រាំង និង​បុស្ស​ស្នោ កាន់តែ​ច្រើនឡើង ធ្លាក់​ក្នុង​ជីវភាព​ដុនដាប ចំណាកស្រុក​ក៏​កាន់តែ​ច្រើន ហើយ​ក្មេងៗ​បោះបង់​ការសិក្សា ក៏​កាន់តែ​កើន ឡើង​ដែរ។

លោក សែម សាង៖ «បើ​និយាយ​ពី​ដាក់​ញត្តិ​ទៅ​ថ្នាក់​ជាតិ វា​ច្រើន​ហើយ ប៉ុន្តែ​ដំណោះស្រាយ​អត់​មាន អត់​មានអី​ទាល់តែសោះ ពី​ការ​ចាប់ចង​រហូតដល់​ក្រោយ​ចាប់ចង​ដាក់​ពន្ធនាគារ​នេះ វា​អត់​មាន​ដំណោះស្រាយ​រហូតដល់​ក្រសួង​ដែនដី ហ៊ាន​ចេញ​លិខិត​មួយ​ឱ្យ​ដី​ទៅ​ក្រុមហ៊ុន ដោយ​មិន​មាន​ការ​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ មាន​តែ​ការ​ចាប់ចង​ប្រជាពលរដ្ឋ​ដាក់​ពន្ធនាគារ​ហើយ ប្រគល់​ដី​ទៅ​ឱ្យ​ក្រុមហ៊ុន​ហើយ​ហ្នឹង​ប្រាប់​ប្រជាពលរដ្ឋ​មួយចំនួន ឬក៏​ស្រុក​ខេត្ត​ថា បាន​ដោះស្រាយ​រឿង​ដី​នៅ​ស្រែប្រាំង រឿង​ដី​បុស្នោ​អស់​ហើយ។ ប៉ុន្តែ​អត់​មានអី​ម៉ា​បៀក អត់​មានការ​ដោះស្រាយ​មានតែ​ការ​ចាប់​មនុស្ស​ដាក់​ពន្ធនាគារ ហើយ​យក​ដី​ទៅ​ប្រគល់​ឱ្យ​ក្រុមហ៊ុន​តែម្ដង»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បញ្ហា​នេះ ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​ទេ​នៅ​ថ្ងៃទី​១៧ មករា ដោយ​ទូរស័ព្ទ​ចូល​គ្មាន អ្នក​ទទួល។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ដែល​បាន​តាមដាន​រឿងក្ដី​នេះ លើកឡើង​ថា ប្រជាពលរដ្ឋ​នៅ​សហគមន៍ ស្រែប្រាំង ក្នុងស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​ពលរដ្ឋ​នៅ​សហគមន៍​ផ្សេងៗ​ទៀត នៅ​ទូទាំង​ប្រទេស ភាគី​ក្រុមហ៊ុន​ដែល​មាន​ទ្រព្យ​និង​អំណាច ភាគច្រើន​យក​ប្រព័ន្ធ​តុលាការ គាបសង្កត់​ប្ដឹងផ្ដល់​លើ​ប្រជាពលរដ្ឋ ដើម្បី​ទទួល​បាន​ដីធ្លី ដោយ​មិន​ដោះស្រាយ​តាម​សន្តិវិធី​ត្រឹមត្រូវ​ឡើយ។

លោក​សង្ឃឹម​ថា សាលាឧទ្ធរណ៍​ទម្លាក់​ប​ទ​ចោទប្រកាន់​លើ​ពួក​គាត់ ពីព្រោះ តាម​លោក​ពិនិត្យមើល ការ​សួរដេញដោល​ក្នុង​សវនាការ ពុំ​មាន​ភ័ស្ដុតាង​គ្រប់គ្រាន់ ក្នុង​ការ​ចោទប្រកាន់​ប្រជា​ពលរដ្ឋ អំពី​បទល្មើស​ឡើយ​។ លោក​ថា ប្រជាពលរដ្ឋ​នៅ​សហគមន៍​ស្រែប្រាំង មិន​ប្រព្រឹត្ត​ខុស​ដូច​ការចោទប្រកាន់ របស់​ក្រុមហ៊ុន​ចិន​នោះ​ទេ។

លោក អំ សំអាត៖ «អ្វី​ដែល​សំខាន់​អាជ្ញាធរ និង​រាជរដ្ឋាភិបាល​លោក​គួរតែ​ពិនិត្យ​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​សម្រាប់​ប្រជា​ពលរដ្ឋ ទៅ​តាម​សន្តិវិធី​ដោយ​តម្លាភាព និង​យុត្តិធម៌ ជាជាង​ភាគី​ដែល​មាន​ឥទ្ធិពល​មាន​អំណាច​ប្រើប្រាស់​ប្រព័ន្ធ​ច្បាប់ ប្រព័ន្ធ​តុលាការ​ដើម្បី​គាបសង្កត់​ទៅ​លើ​គាត់»។សាលាឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ គ្រោង​ប្រកាស​សាលដីកា​ករណី​នេះ នៅ​ពាក់​កណ្ដាល ខែ​កុម្ភៈ ខាង​មុខ។

ទាក់ទិន​នឹង​រឿង​ជម្លោះដីធ្លី​នេះ កន្លង​ទៅ សហគមន៍​ស្រែប្រាំង និង​សហគមន៍ បុស្សស្នោ រួម​ទាំង​សហគមន៍​ផ្សេងៗ​ទៀត ដែល​រងគ្រោះ​ដីធ្លី​ធ្លាប់​នាំគ្នា​ឡើង​ទៅ​រក​កិច្ច​អន្តរាគមន៍​ពី​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ក្រសួង​ដែនដី រដ្ឋសភា រួម​ទាំង​ក្រសួង មហាផ្ទៃ ជាដើម។ ប៉ុន្តែ​រយៈពេល ១០​ឆ្នាំ​មក​នេះ ពួកគេ​អះអាង​ថា មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​នៅ​ឡើយ។

ឯកសារ​ចងក្រង​ដោយ​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ឱ្យ​ដឹង​ថា ដី​ព្រៃ​លិច​ទឹក របស់​សហគមន៍​ស្រែប្រាំង និង​សហគមន៍​បុស្សស្នោ ទំហំ​៥៨០​ហិកតារ ផ្ដើម​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ចិន «ហាម៉ីនី វីន អ៊ិនវេសមេន» ចាប់តាំងពី​ឆ្នាំ​២០១៤ និង​ដី​ទំហំ​២០០​ហិកតារ​ទៀត មាន​ជម្លោះ​ជាមួយ​ឧកញ៉ា ម៉ែន ចាន់ធឿន ខណៈ​ពលរដ្ឋ​ប្រមាណ ២៥០​គ្រួសារ បាន​ចូល​មក​កាន់​កាប់​ដី​នៅ​តំបន់​មាន​ជម្លោះ​នេះ តាំង​ពី​ឆ្នាំ​២០០២​មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។