ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤ បានផ្ញើលិខិតមួយច្បាប់ទៅ អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សុំជំនួយមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋប្រមាណ ៤០០គ្រួសារ មកពីឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ដែលរងគ្រោះដោយសារការបណ្ដេញចេញពីដីធ្លីផ្ទះសម្បែង។
ក្នុងលិខិតនោះ លោក សម រង្ស៊ី បញ្ជាក់ថា ជនរងគ្រោះគ្មានជម្រក ពីព្រោះផ្ទះសម្បែង ព្រមទាំងទ្រព្យសម្បត្តិ ត្រូវគេដុតបំផ្លាញអស់ហើយ រត់មកស្នាក់នៅក្នុងវត្តសាមគ្គីរង្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ព្រោះពុំមានជម្រកស្នាក់នៅ និងអាហារហូបគ្រប់គ្រាន់ ថែមទាំងខ្វះថ្នាំសង្កូវ និងការព្យាបាលជំងឺ។
លោកបានស្នើសុំមុង ភួយ តង់ កន្ទេល ព្រមទាំងម្ហូបអាហារ សម្រាប់ការរស់នៅបណ្ដោះអាសន្ន ទម្រាំករណីទំនាស់ដីធ្លីរបស់ពលរដ្ឋ ៤០០គ្រួសារនោះ បានដោះស្រាយរួចរាល់ជាស្ថាពរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។