សង្គម​ស៊ីវិល​និង​ពលរដ្ឋ​សាទរ​លោក ស ខេង ដែល​ទទួល​ស្គាល់​ភាព​អសកម្ម​របស់​អាជ្ញាធរ​ថ្នាក់​ខេត្ត​រឿង​ទំនាស់​ដីធ្លី

ដោយ នៅ វណ្ណារិន
2023.02.24
សង្គម​ស៊ីវិល​និង​ពលរដ្ឋ​សាទរ​លោក ស ខេង ដែល​ទទួល​ស្គាល់​ភាព​អសកម្ម​របស់​អាជ្ញាធរ​ថ្នាក់​ខេត្ត​រឿង​ទំនាស់​ដីធ្លី លោក ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ថ្លែង​ក្នុង​ពិធី​បូកសរុប​ការងារ​ឆ្នាំ២០២២ នៅ​ថ្ងៃ​ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដែល​ជំរុញ​ឲ្យ​អភិ​បាល​ខេត្ត​នានា ឱ្យ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ។
រូប៖ ហ្វេសប៊ុក​លោក ស ខេង

សង្គម​ស៊ីវិល​និយាយ​ថា ការ​មិន​យក​ចិត្ត​ទុក​ដាក់​របស់​មន្ត្រី​ថ្នាក់​ខេត្ត ទើប​ធ្វើ​ឱ្យ​ពលរដ្ឋ​នាំ​គ្នា​តស៊ូ​ទាំង​លំបាកលំបិន​ឡើង​មក​តវ៉ា​រក​ដំណោះ​ស្រាយ​រឿង​ដីធ្លី​ពី​ថ្នាក់​ជាតិ​ជា​ញឹក​ញាប់។ ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បញ្ជា​ឱ្យ​អភិ​បាល​ខេត្ត​ឈប់​សម្ងំ​យក​តែ​សុខ និង​ត្រូវ​ខិតខំ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ។

ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​គាំទ្រ​ការ​លើក​ឡើង​ជា​ថ្មី​ទៀត របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដែល​ជំរុញ​ឲ្យ​អភិ​បាល​ខេត្ត​នានា យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល ស្នើសុំ​ឲ្យ​លោក ស ខេង ប្រើ​អំណាច​របស់​លោក ចាត់​វិធានការ​ទៅ​លើ​អភិ​បាល​ខេត្ត​រូប​ណា ដែល​ស្ពឹក​ស្រពន់ ទើប​បទ​បញ្ជា​របស់​លោក​មាន​សិទ្ធិភាព។

អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្ស​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក វណ្ណ សុផាត ប្រាប់​អាស៊ី​សេរី​ថា វា​ជា​គំរូ​ល្អ​មួយ​ដែល​លោក ស ខេង ក្នុង​នាម​ជា​មេ​ដឹក​នាំ​ថ្នាក់​ជាតិ​ចាប់​អារម្មណ៍​ពិនិត្យ​មើល​រាល់​ពាក្យ​បណ្ដឹង​របស់​ប្រជា​ពល​រដ្ឋ និង​ជំរុញ​ឱ្យ​មាន​ការ​ឆ្លើយ​តប​និង​ពន្លឿន​ការ​ដោះ​ស្រាយ។

លោក វណ្ណ សុផាត៖ «វា​ជា​សញ្ញា​មួយ​នៃ​ការ​ចាប់​អារម្មណ៍​របស់​ថ្នាក់​ដឹក​នាំ​ថ្នាក់​ជាតិ ដូច​ជា សម្ដេច ស ខេង ជាដើម។ ហើយ​យើង​ក៏​ចង់​ឱ្យ​ថ្នាក់​ដឹក​នាំ​នៃ​រាជ​រដ្ឋាភិបាល​ដទៃ​ទៀត យក​ចិត្ត​ទុក​ដាក់​ដូច​សម្ដេច ស ខេង អ៊ីចឹង​ដែរ»

នៅ​ក្នុង​ពិធី​បិទ​សន្និបាត​ត្រួត​ពិនិត្យ​ការងារ​លទ្ធផល​ការងារ​ឆ្នាំ២០២២ នៅ​ថ្ងៃ​ទី២៣ កុម្ភៈ លោក ស ខេង បាន​បង្ហាញ​ការ​មិន​សប្បាយ ចំពោះ​អភិបាល​ខេត្ត​ភាគ​ច្រើន ដែល​លោក​បាន​ស្ដី​បន្ទោស​ខ្លាំងៗ ថា ពួក​គេ​នាំ​គ្នា​សម្ងំ​យក​តែ​សុខ​ស្ងាត់​ដូច​ចោរ​លួច​សេះ និង​មិន​ចេញ​មុខ​ទទួល​ខុស​ត្រូវ ដើម្បី​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​ជូន​ពល​រដ្ឋ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​លើក​ឡើង​ថា ក្នុង​ឆ្នាំ២០២២ ក្រសួង​ទទួល​បាន​បណ្ដឹង​រឿង​ដីធ្លី​១៤៥ករណី ពី​ពលរដ្ឋ ២២រាជធានី​ខេត្ត ហើយ​បាន​បញ្ជូន​សំណុំ​រឿង​ទាំង​នោះ ទៅ​ឱ្យ​អភិ​បាល​រាជធានី​ខេត្ត​ជា​អ្នក​ដោះ​ស្រាយ ព្រោះ​អាជ្ញាធរ​ថ្នាក់​ជាតិ​គ្រាន់​តែ​ជា​អ្នក​តម្រង់​ទិស​ប៉ុណ្ណោះ។

ប៉ុន្តែ​លោក​បន្ត​ថា មាន​សំណុំរឿង​តែ ៦ករណី នៅ​ក្នុង​ខេត្ត​ចំនួន៥ ប៉ុណ្ណោះ បាន​រាយ​ការណ៍​ត្រឡប់​មក​វិញ​ក្រៅ​ពី​នោះ មិន​ព្រម​ធ្វើ​ហើយ​ក៏​មិន​ព្រម​រាយ​ការណ៍​មក​ថ្នាក់​លើ​ឡើយ។ លោក ស ខេង ចង់​ឱ្យ​អភិ​បាល​ខេត្ត​ទាំង​នោះ​បញ្ជូន​របាយការណ៍​មក​វិញ ហើយ​បញ្ជាក់​ពី​ផល​លំបាក​និង​ឧប​សគ្គ​មិន​អាច​ដោះ​ស្រាយ​ឱ្យ​បាន​ច្បាស់ និង​មិន​មែន​សម្ងំ​ស្ងៀម​នោះ​ទេ។

លោក ស ខេង៖ «ធ្វើ​ក៏​មិន​ធ្វើ ដោះ​ក៏​មិន​ដោះ​រាយការណ៍ ក៏​មិន​រាយ​ការណ៍។ អ៊ីចឹង! ឱ្យ​ពួក​លោក​ឯង​ទៅ​ធ្វើ​ជា​ភ្នាក់ងារ​រដ្ឋាភិបាល​ខ្មោច​យក៍​អ៊ី»

របាយ​ការណ៍​របស់​ក្រសួង​ដែន​ដី នគរូបនីយកម្ម និង​សំណង់ ចេញ​ផ្សាយ​នៅ​ខែវិច្ឆិកា ឆ្នាំ២០២២ ឱ្យ​ដឹង​ថា ក្នុង​រយៈ​ពេល ៥ឆ្នាំ​ចុង​ក្រោយ គឺ​គិត​ចាប់​ពី​ឆ្នាំ២០១៨ ដល់​ខែ​កញ្ញា ឆ្នាំ២០២២ ក្រសួង​ទទួល​បាន​ពាក្យ​បណ្ដឹង​វិវាទ​ដី​ធ្លី ៩.៣៧០ករណី ក្នុង​នោះ​ដោះ​ស្រាយ​បញ្ចប់​នីតិ​វិធី​សរុប​បាន​ជាង ៨ម៉ឺន​ករណី និង​កំពុង​ដោះ​ស្រាយ​បន្ត​ត្រឹម ៨៣០ករណី។

ពលរដ្ឋ​មាន​ទំនាស់​ដី​ធ្លី​ជា ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​នៅ​ឃុំ​ក្បាល​រមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង លោក ដាំ សំណាង លើក​ឡើង​ថា ក្រុម​ពល​រដ្ឋ​របស់​លោក បាន​នាំ​គ្នា​ដាក់​ឯក​សារ​ពាក់​ព័ន្ធ​ដើម្បី​ស្នើ​សុំ​ចុះ​បញ្ជី​ដី​សមូហ​ភាព​ជន​ជាតិ​ដើម​ភាគ​តិច​ចំនួន ២.៨០០ហិកតារ ទៅ​ក្រសួង​មហាផ្ទៃ​តាំង​ពី​ឆ្នាំ២០១៨ ប៉ុន្តែ​ពួក​លោក​បាន​ត្រឹម​រង់​ចាំ​រហូត​មក​ដល់​ពេល​នេះ ដោយសារ​អាជ្ញាធរ​ខេត្ត​ហាក់​មិន​ចង់​ចុះ​ធ្វើ​ការ​ងារ​វាស់វែង និង​ថែម​ទាំង​មិន​ឆ្លើយ​តប នៅ​ពេល​ពលរដ្ឋ​នាំ​គ្នា​ដាក់​លិខិត​សួរ​នាំ​ពី​ការងារ​រាំងស្ទះ។

លោក ដាំ សំណាង៖ «យើង​បាន​តម្កល់​ឯក​សារ​យើង​នៅ​ក្រសួង​មហា​ផ្ទៃ​ហើយ និង​បាន​ពិនិត្យ​អស់​ហើយ​ ដល់​ដំណាក់​កាល​ឈាន​ទៅ​ចុះ​បញ្ជី​ដី យើង​រាំង​ស្ទះ​នៅ​ត្រឹម​ខេត្ត។»​

លោក ដាំ សំណាង បន្ត​ថា ពលរដ្ឋ​នៅ​ឃុំ​ក្បាល​រមាស ចង់​ចុះ​បញ្ជី​ដី​សមូហភាព​ឱ្យ​បាន​ឆាប់ ដើម្បី​ការពារ​ដី​ព្រៃ​ឱ្យ​បាន​គង់វង្ស ខណៈ​ការ​ទន្ទឹង​រង់ចាំ​មិន​ច្បាស់លាស់​នេះ ធ្វើ​ឱ្យ​មាន​ជម្លោះ​កាន់​តែ​ធំ​ ខណៈ​ក្រុមហ៊ុន​ដាំ​កៅស៊ូ និង​ចេក​របស់​ចិន​នៅ​តំបន់​នោះ បន្ត​ឈូស​ឆាយ​ប៉ះ​ពាល់​ដី​សហគមន៍ ថែម​ទាំង​ដី​ស្រែ​របស់​ពួក​គាត់។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង ទទួល​ស្គាល់​ថា អាជ្ញាធរ​ខេត្ត​ពិត​ជា​មិន​អាច​ដោះ​ស្រាយ​បាន​តាម​តម្រូវ​ការ​ចាំបាច់​នោះ​ទេ ពីព្រោះ​ទំនាស់​ដីធ្លី​ខ្លះ​ជា​បញ្ហា​ស្មុគស្មាញ ដែល​ទាមទារ​ការ​ស្រាវ​ជ្រាវ និង​ការ​ចុះ​ពិនិត្យ​ជាក់​ស្ដែង។

លោក ម៉ែន គង់៖ «រដ្ឋបាល​ខេត្ត​មាន​យន្តការ​របស់​ខ្លួន ធ្វើ​កិច្ច​ការងារ​ហ្នឹង ដើម្បី​ស្រាវជ្រាវ និង​បន្ទាប់​ពី​ការ​រក​ឃើញ​ភាព​ជាក់លាក់​ណា​មួយ ដែល​មាន​មូលដ្ឋាន​សម​ស្រប ដើម្បី​រាយការណ៍​ហើយ រដ្ឋ​បាល​ខេត្ត​នឹង​ធ្វើ​របាយការណ៍​ជូន​ទៅ​ប្រមុខ​ដឹក​នាំ»

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត បាន​លើក​ឡើង បញ្ហា​ដី​ធ្លី​មួយ​ចំនួន ដែល​ជាប់​គាំង​ដោះ​ស្រាយ​មិន​ចេញ​ដោយសារ​ជា​ទំនាស់​រវាង​ពល​រដ្ឋ​ជា​មួយ​អ្នក​មាន​អំណាច​និង​មាន​អ្នក​មាន​ទ្រព្យ​ធន​ហើយ​នេះ គឺ​ជា​មូលហេតុ ក្រុម​ពលរដ្ឋ​នាំ​គ្នា​ឡើង​មក​សុំ​កិច្ច​អន្តរាគមន៍​ដល់​ថ្នាក់​ជាតិ។

លោក អំ សំអាត៖ «ហើយ​រឿង​ដីធ្លី​មួយ​ចំនួន​ទៀត មិន​ទាន់​មាន​ការ​ដោះ​ស្រាយ​ទេ ប៉ុន្តែ បែរ​ជា​មាន​បណ្ដឹង​កោះ​ហៅ​ពួក​គាត់ (ពលរដ្ឋ) ទៅ​តុលាការ​ទៅ​វិញ»

កន្លង​មក​លោក ស ខេង ក៏​ធ្លាប់​ស្ដី​បន្ទោស​ភាព​អសកម្ម​របស់​អាជ្ញាធរ​ខេត្ត​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ជា​ពិសេស រឿង​បញ្ហា​ដី​ធ្លី​នេះ​ដែរ ប៉ុន្តែ​ការ​លើក​ឡើង​របស់​លោក ពុំ​សូវ​មាន​ប្រសិទ្ធភាព​ឡើយ។ សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​រំលោភ និង​បំពារ​បំពាន​សិទ្ធិ​ដីធ្លី គឺ​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស ដ៏​រាល​ដាល​ជាង​គេ​នៅ​កម្ពុជា ហើយ​បញ្ហា​ដី​ធ្លី​ទាំង​នេះ កើត​ឡើង​ដោយ​សារ​រដ្ឋាភិបាល​ប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច ទៅ​អ្នក​មាន​អំណាច ឬ​ក្រុមហ៊ុន និង​ជា​ញឹក​ញាប់​មាន​ការ​រំលោភ​ដ៏​ច្បាស់​ក្រឡែត​លើ​ក្របខ័ណ្ឌ​ច្បាប់ និង​កាតព្វកិច្ច​សិទ្ធិ​មនុស្ស​អន្តរជាតិ​របស់​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាក្រុង​ភ្នំពេញ​បដិសេធ​មិន​ឲ្យ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ហែ​ក្បួន​បាតុកម្ម
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។