សមត្ថកិច្ចនិងក្រុមសន្តិសុខខណ្ឌចម្ការមនជាច្រើននាក់ ប្រើហិង្សាទៅលើពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តកោះកុង ប្រមាណ ១៥០នាក់ ដែលបន្តការតវ៉ារកដំណោះស្រាយរឿងដីធ្លី នៅមុខក្រសួងរៀបចំដែនដី។ ការប៉ះទង្គិចគ្នានេះ នៅថ្ងៃទី៤ កក្កដា កើតឡើងនៅពេលដែលពលរដ្ឋព្យាយាមដើរចេញពីក្រសួងទៅខុទ្ទកាល័យលោក ហ៊ុន សែន ដើម្បីដាក់ញត្តិ ប៉ុន្តែត្រូវក្រុមសន្តិសុខហាមឃាត់ ដោយតម្រូវឲ្យឈរនៅក្បែរក្រសួងវិញ។ សង្គមស៊ីវិលយល់ថា ក្រសួងនិងអាជ្ញាធរខេត្តកោះកុង គួររួមគ្នារកមធ្យោបាយផ្ដល់ដំណោះស្រាយណាមួយ ដែលពលរដ្ឋអាចទទួលយកបាន ដើម្បីបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃមួយនេះ។
តំណាងពលរដ្ឋ លោកស្រី អិន ធូ លើកឡើងថា អាជ្ញាធរមិនគួរណាប្រើហិង្សារុញច្រាលពួកគាត់បណ្ដាលឲ្យបុរសម្នាក់វ័យ ៤៧ឆ្នាំ រងរបួសត្រង់ជើង ដោយត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-សូវៀត។ លោកស្រី អិន ធូ ចាត់ទុកទង្វើពីសំណាក់អាជ្ញាធរមកលើពួកគាត់ថា គំរាមកំហែងសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដែលការពារដោយច្បាប់៖ «ខ្ញុំមកដល់ព្រឹកមិញមកធ្វើបាបប្រជាពលរដ្ឋពួកខ្ញុំ។ ពួកខ្ញុំអត់មានមកធ្វើបាតុកម្មប្រឆាំងអីទេ គ្រាន់តែនាំគ្នាយកញត្តិទៅដាក់នៅការិយាល័យសម្ដេចតេជោ ហ៊ុន សែន វាយពួកគាត់ ច្រានពួកគាត់ ជាន់ជើងគាត់ មិនដឹងជាបាក់ ឬបែកឆ្អឹងទេ ម្នាក់ទៅមន្ទីរពេទ្យបាត់ហើយ»។
តំណាងពលរដ្ឋរូបនេះ ស្នើសុំមេដឹកនាំរបបក្រុងភ្នំពេញ ជួយអន្តរាគមន៍ និងដោះស្រាយករណីឲ្យពួកគាត់៖ «ខ្ញុំសូមសំណូមពរសម្ដេចតេជោ ហ៊ុន សែន ចេញបទបញ្ជាឲ្យឯកឧត្ដម ជា សុផារ៉ា ឲ្យគាត់ចុះដោះស្រាយពលរដ្ឋរងគ្រោះ ១៩៧គ្រួសារ ហ្នឹងដែលមានជម្លោះដីធ្លីជាមួយឧកញ៉ា ហេង ហ៊ុយ។ សូមឲ្យគាត់ចុះទៅដល់ដី ទីតាំងប្រជាពលរដ្ឋ នៅភូមិតានី និងនៅភូមិជីខលើ ៥គ្រួសារ និងភូមិចំបក់ ជីខក្រោម ហ្នឹង ១០គ្រួសារ»។
គិតមកដល់ថ្ងៃទី៤ កក្កដា ពលរដ្ឋឲ្យដឹងថា មិនឃើញមានមន្ត្រីណាម្នាក់ចេញពីក្រសួងមកឆ្លើយតបនឹងសំណើរបស់ពួកគាត់ឡើយ។ ទាក់ទងនឹងដំណោះស្រាយរឿងនេះ អ្នកនាំពាក្យនៃក្រសួងរៀងចំដែនដី ប្រាប់ឲ្យទៅសាកសួរអ្នកនាំពាក្យសាលាខេត្តកោះកុង លោក សុខ សុទ្ធី វិញ ព្រោះលោកជាប់ប្រជុំ។
លោក សុខ សុទ្ធី ប្រាប់អាស៊ីសេរីថា អាជ្ញាធរខេត្តពុំមានគោលការណ៍ណាមួយ ក្នុងការដោះស្រាយវិវាទដីធ្លីនេះបានទេ បន្ទាប់ពីរកឃើញថាក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខលឈើរ គ្រុប (Heng Huy Agriculture Group) មានប្លង់កម្មសិទ្ធិកម្មដី និងឯកសារត្រឹមត្រូវតាមច្បាប់ក្នុងនាមជាម្ចាស់ដី ហើយពលរដ្ឋជិត ២០០គ្រួសារ ក៏បានទទួលសំណងរួចរួចរាល់ដែរ។ លោក សុខ សុទ្ធី លើកឡើងថា ពលរដ្ឋអាចដាក់បណ្ដឹងទៅតុលាការ ដើម្បីស្នើសុំសើរើប្លង់កម្មសិទ្ធិរបស់ភាគីក្រុមហ៊ុនបាន។
មន្ត្រីសាលាខេត្តកោះកុងរូបនេះ ក៏ព្រមានដល់បុគ្គលណា ដែលញុះញង់ឲ្យប្រជាពលរដ្ឋនាំគ្នាតវ៉ារកដំណោះស្រាយ៖ «ជំហរមិចបង។ បើដីគេមានប្លង់រឹង។ កាលណាអ្នកញុះញង់ អ្នកទៅដណ្ដើមរបស់គេ ដីកម្មសិទ្ធិរបស់គេដែលមានប័ណ្ណកម្មសិទ្ធិមានន័យថា គាត់ប្រព្រឹត្តអំពើខុសច្បាប់។ ហ្នឹង ! គាត់ត្រូវទទួលទោស។ ហ្នឹងចំណុចទី១។ ចំណុចទី២ រឿងស្រាវជ្រាវជាភារកិច្ចរបស់តុលាការ។ គាត់អាចប្ដឹងទៅតុលាការ ហើយឲ្យតុលាការបើកការស៊ើបអង្កេតកន្លងមកទៅ។ បើសិនជាយ៉ាងម៉េច តុលាការចេញបទបញ្ជាមកវិញ អាហ្នឹង យើងធ្វើតាមនីតិវិធីរបស់តុលាការ។ ពេលគាត់យកកម្លាំងប្រជាពលរដ្ឋមកធ្វើអ៊ីចឹងម៉េចបាន។ ដូច្នេះអ្នកញុះញង់ពីក្រោយ គឺត្រូវតែទទួលទោស គឺជាចំណុចដែលធំ»។
ចំណែកអ្នកសម្របសម្រួលសមាគម អាដហុក ប្រចាំខេត្តកោះកុង លោក មាន ព្រហ្មមុនី លើកឡើងថា ដើមហេតុនៃវិវាទនេះ ដោយសារតែក្រុមហ៊ុន ហេង ហ៊ុយ ទៅរំលោភយកដីធ្លីពលរដ្ឋ ទើបធ្វើពួកគាត់ងើបឡើងតវ៉ាឲ្យអាជ្ញាធរជួយដោះស្រាយគ្មានអ្នកណាទៅញុះញង់ពលរដ្ឋឡើយ។
លោក មានព្រហ្ម មុនី យល់ថា អាជ្ញាធរខេត្តកោះកុង គួររកមធ្យោបាយដោះស្រាយបញ្ចប់បញ្ហាឲ្យពលរដ្ឋ នោះការតវ៉ានឹងមិនមានទេ៖ «រដ្ឋជាអាជ្ញាធរទទួលទានប្រាក់ខែពីប្រជាពលរដ្ឋ ហើយគិតផ្ដល់សេវាឲ្យប្រជាពលរដ្ឋពិតមែន អាហ្នឹង ត្រូវតែដោះស្រាយឲ្យប្រជាពលរដ្ឋហើយ ព្រោះប្រជាពលរដ្ឋមានបញ្ហា។ បើយើងមិនដោះស្រាយឲ្យគ្នាទៅសង្ឃឹមអ្វី។ អ៊ីចឹង ហើយ យើងស្ដាប់ពិចារណាទាំងអស់គ្នា ទៅលើមតិប្រជាពលរដ្ឋ ហើយសាធារណជន។ ប្រជាពលរដ្ឋគាត់រស់ពឹងលើដី តែបើអត់ដី គាត់សង្ឃឹមលើអ្វី ហើយអាជ្ញាធរជាអ្នកបម្រើប្រជាពលរដ្ឋ ហើយគេអត់ដោះស្រាយឲ្យផង គាត់សង្ឃឹមឯណាទៀត។ អាហ្នឹង ការសម្រេចរបស់ប្រជាពលរដ្ឋ គាត់សម្រេចចិត្តទៅ»។
កាលពីថ្ងៃទី១ កក្កដា ក្រសួងរៀបចំដែនដី សម្រេចមិនទទួលយកសំណើពលរដ្ឋទៅដោះស្រាយទេ ដោយអះអាងថា ពលរដ្ឋ ១៩៧គ្រួសារ មិនមានជាប់ពាក់ព័ន្ធនឹងករណីវិវាទដីសម្បទានដាំដំណាំអំពៅផលិតស្ករសនាំចេញ ក្នុងភូមិសាស្ត្រខេត្តកោះកុងទេ។
រដ្ឋបាលខេត្តកោះកុង ក៏បានបដិសេធសំណើពលរដ្ឋដែលសុំកាត់ឆ្វៀលដីទំហំ ៤២១ហិកតារ ចេញពីគម្រោងរបស់ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខលឈើរ គ្រុប (Heng Huy Agriculture Group) ស្ថិតនៅក្នុងឃុំជីខលើ ស្រុកស្រែអំបិល។ ក្នុងលិខិតនោះ អាជ្ញាធរខេត្តកោះកុង អះអាងថា ទីតាំងដែលពលរដ្ឋស្នើសុំកាត់ឆ្វៀលនោះ គឺស្ថិតលើដីដែលមានប័ណ្ណកម្មសិទ្ធិរួចហើយរបស់ក្រុមហ៊ុន ហេង ហ៊ុយ។ អាជ្ញាធរបញ្ជាក់ថា ការដោះស្រាយ គឺសមត្ថកិច្ចរបស់ស្ថាប័នតុលាការ។
របបក្រុងភ្នំពេញបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ ជាង ៤ពាន់ហិកតារ ដើម្បីវិនិយោគដំណាំអំពៅ កាលពីឆ្នាំ២០០៧។ នៅឆ្នាំ២០១០ ពលរដ្ឋចោទក្រុមហ៊ុន ហេង ហ៊ុយ ថា បានយកគ្រឿងចក្រទៅឈូសឆាយដីលំនៅប្រជាពលរដ្ឋ និងគំរាមចាប់ខ្លួនប្រជាពលរដ្ឋណាដែលហ៊ានតវ៉ាចំពោះការឈូសឆាយវាទយកដីរបស់ក្រុមហ៊ុន។ ពួកគាត់អះអាងថា បានចូលកាន់កាប់ និងអាស្រ័យផលលើដីធ្លីចាប់តាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ ដោយមានប័ណ្ណកាន់កាប់ដីធ្លីទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។
ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ពលរដ្ឋឲ្យដឹងថា ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខលឈើរ គ្រុប (Heng Huy Agriculture Group) ដែលប្ដូរឈ្មោះទៅជា ហេង ហ៊ុយ អភិវឌ្ឍន៍ បានឈប់ដាំដំណាំអំពៅ ចំណែករោងចក្រផលិតចេញស្ករស ក៏មិនឃើញមានសកម្មភាពមមាញឹកនោះដែរ។
ទោះបីជាយ៉ាងណា ក្រុមពលរដ្ឋមានជម្លោះដីធ្លី ប្រកាន់ជំហរថា ពួកគេនៅតែបន្តតវ៉ានៅក្នុងរាជធានីភ្នំពេញតទៅទៀត លុះត្រាតែមានកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងវិវាទដីធ្លីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។