មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស បានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាប់ខ្លួនប្រជាពលរដ្ឋមានទំនាស់ដីធ្លីចំនួន ៤នាក់ដាក់ខ្នោះភ្លាមៗ ដើម្បីផ្គាប់ចិត្តថៅកែចិន ដែលពលរដ្ឋទាំងនោះហ៊ានចេញមុខតវ៉ារារាំងមិនឲ្យក្រុមហ៊ុន នាំយកគ្រឿងចក្រទៅឈូសឆាយលើដីកំពុងមានទំនាស់ ដែលអាជ្ញាធរមិនទាន់ដោះស្រាយជូន។
សកម្មភាព របស់កម្លាំងកងរាជអាវុធហត្ថចាប់ចងពលរដ្ឋរងគ្រោះដីធ្លីនេះ ក៏បណ្តាលឲ្យប្រជាពលរដ្ឋមួយចំនួនរងរបួសដែរ។
តំណាងប្រជាពលរដ្ឋរងគ្រោះទាំង ២៤គ្រួសារ រស់នៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ បានឲ្យដឹងថា កងកម្លាំងកងរាជអាវុធហត្ថខេត្តនេះ បានដាក់ពង្រាយជាច្រើននាក់ និងបានប្រើអំពើហិង្សា និងចាប់ខ្លួនពលរដ្ឋ ៤នាក់វៃខ្នោះដៃបញ្ជូនទៅកាន់អង្គភាពរបស់ពួកគេយ៉ាងតក់ក្រហល់ កាលពីរសៀលថ្ងៃទី៨ មករា។
ប្រជាពលរដ្ឋរងគ្រោះ ឈ្មោះ សៀង វុទ្ធី ចំណោមពលរដ្ឋរងគ្រោះដីធ្លីទាំង ២៤គ្រួសារ អំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ ជួយរកយុត្តិធម៌ជូនពួកគាត់ ព្រោះទំនាស់ដីធ្លីនេះបានអូសបន្លាយពេល តាំងពីឆ្នាំ១៩៩៦ មក។ ពលរដ្ឋនៅដីមានជម្លោះនោះ ត្រូវបានភាគីមានទ្រព្យ និងអំណាច ឃុបឃិតលក់ដីនេះ បន្តទៅឲ្យឈ្មួញជនជាតិចិន និងបាននាំយកគ្រឿងចក្របម្រុងឈូសឆាយដីកំពុងមានទំនាស់ កាលពីរសៀលថ្ងៃទី៨ ខែមករានេះ៖ «ខាងកម្លាំងប៉េអិមបានមកចាប់ខ្លួនពលរដ្ឋពួកខ្ញុំចំនួន ៤នាក់។ ហើយដីកំពុងមានទំនាស់ហ្នឹង គឺមានគេនាំគ្រឿងចក្រមកបម្រុងឈូសឆាយ ប៉ុន្តែត្រូវប្រជាពលរដ្ឋមករារាំងមិនឲ្យដាក់គ្រឿងចក្រឈូសឆាយដីទំនាស់នេះទេ ព្រោះមិនទាន់មានដំណោះស្រាយ ហើយក៏ឈានដល់កម្លាំងប៉េអិម បានប្រើអំពើហិង្សាវាយដំប្រជាពលរដ្ឋរងរបួសមួយចំនួនផង។ ខ្ញុំសូមអំពាវនាវដល់សម្ដេច ហ៊ុន សែន និងសម្ដេច ប៊ុន រ៉ានី សូមឲ្យជួយប្រជាពលរដ្ឋ ដែលរងគ្រោះដីធ្លីនៅក្រុងព្រះសីហនុផង កុំឲ្យអ្នកមានទ្រព្យ និងមានអំណាច នាំយកកម្លាំងសមត្ថកិច្ចមកវាយដំ និងគំរាមកំហែង ចាប់ប្រជាពលរដ្ឋដាក់គុក ដោយពុំមានដំណោះស្រាយដូចរាល់ថ្ងៃនេះទៀត » ។
ទន្ទឹមគ្នានេះដែរ តំណាងប្រជាពលរដ្ឋរស់នៅសហគមន៍កំពេញចាស់ចំនួន ២៤គ្រួសារ ក៏ស្នើសុំដល់លោក ហ៊ុន សែន ឲ្យពិនិត្យទៅលើសកម្មភាពដឹកនាំដោយ លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលតែងបញ្ជូនកម្លាំងកងរាជអាវុធហត្ថ ទៅសម្លុតគំរាមកំហែង និងប្រើអំពើហិង្សាដាក់ប្រជាពលរដ្ឋមានទំនាស់ដីធ្លីជាបន្តបន្ទាប់ ដើម្បីការពារក្រុមឈ្មួញចង់រឹបអូសដីពលរដ្ឋ មានផ្ទៃដីជាង ៤ហិកតារ ស្ថិតនៅក្បែរឆ្នេរឯករាជ្យ ឬនៅជាប់មាត់បឹងព្រែកទប់ គឺនៅតាមបណ្ដោយផ្លូវថ្នល់ទល់មុខសាលាដំបូងខេត្តព្រះសីហនុ។
តំណាងពលរដ្ឋឲ្យដឹងបន្តថា រហូតមកដល់ល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ មិនទាន់ដោះលែងពលរដ្ឋរងគ្រោះដីធ្លីទាំង ៤នាក់ ឲ្យមានសេរីភាពវិញទេ។
អាស៊ីសេរី មិនទាន់អាចទាក់ទងលោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបំភ្លឺជុំវិញការចាប់ខ្លួនពលរដ្ឋចំនួន ៤នាក់នេះ បានទេនៅល្ងាចថ្ងៃទី៨ មករា។
កន្លងមក ភាគីទំនាស់ម្ខាងទៀត ដែលមានងារជាឧកញ៉ា និងជាឈ្មួញមានទ្រព្យ ហើយមានអំណាច ដែលយកដីមានជម្លោះនេះលក់ឲ្យជនជាតិចិននោះ បានអះអាងថា ទីតាំងដីដែលប្រជាពលរដ្ឋទាំង ២៤គ្រួសារតវ៉ាទាមទារនោះ គឺលោកមានប្លង់កម្មសិទ្ធិតាំងពីឆ្នាំ២០០៨ និងបានបង់ពន្ធដីជូនរដ្ឋរាល់ឆ្នាំថែមទៀតផង។
ពលរដ្ឋរងគ្រោះបានអះអាងថា ពួកគេបានទន្ទឹងរង់ចាំយុត្តិធម៌លើទំនាស់ដីធ្លីរ៉ាំរ៉ៃនេះ អស់រយៈពេលជាង ២០ឆ្នាំមកហើយ ប៉ុន្តែនៅតែមិនឃើញមានស្ថាប័នពាក់ព័ន្ធចាប់ពីថ្នាក់ខេត្ត រហូតដល់ស្ថាប័នកំពូលៗ ថ្នាក់ជាតិ ចេញមុខដោះស្រាយបញ្ចប់ជម្លោះនេះទេ។
មន្ត្រីសម្របសម្រួលអង្គការ លីកាដូ (Licadho) ប្រចាំខេត្តព្រះសីហនុ លោក ស្រេង វ៉ាន់លី ដែលចុះអង្កេតផ្ទាល់ដល់កន្លែងកើតមានទំនាស់ដីធ្លី និងឃើញសកម្មភាពកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួនពលរដ្ឋ ៤នាក់ ឲ្យដឹងថា មុនពេលកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន ពលរដ្ឋក៏មានសកម្មភាពប្រតាយប្រតប់គ្នា បណ្តាលរបួសប្រជាពលរដ្ឋមួយចំនួន៖ «ថ្ងៃទី៨ ខែមករានេះ មានកម្លាំងប៉េអិមខេត្តព្រះសីហនុ បានចុះមកចាប់ប្រជាពលរដ្ឋ ៤នាក់ ដែលប្រមូលផ្តុំគ្នាហាមមិនឲ្យគ្រឿងចក្រមិនឲ្យចូលទៅក្នុងដីទំនាស់រុំារៃជាឆ្នាំមកហើយ នៅសហគមន៍ ២៤គ្រួសារ។ ក្នុងការតវ៉ានេះ ក៏មានការរារាំង និងប្រតាយប្រតប់គ្នា រវាងកម្លាំងប៉េអ៊ឹម និងប្រជាពលរដ្ឋមួយចំនួនផងដែរ រហូតដល់មានពលរដ្ឋមួយចំនួនបានរងរបួស ហើយពលរដ្ឋខ្លះ ត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ប្រជាពលរដ្ឋចំនួន ៤នាក់។ ក្នុងនោះ ក៏មានពលរដ្ឋខ្លះទៀត ត្រូវកម្លាំងប៉េអិម ប្រើហិង្សាឲ្យរងរបួសស្នាម និងបានចាប់យកទូរស័ព្ទដៃពលរដ្ឋមួយចំនួនផង » ។
តំណាងពលរដ្ឋមានទំនាស់ដីធ្លី ២៤គ្រួសារ នៅសហគមន៍កំពេញចាស់ លោកស្រី ហង្ស ចិន្តា បានឲ្យដឹងថា ទំហំផ្ទៃដីរបស់ពួកគាត់ទាំង២៤គ្រួសារ ហើយត្រូវឈ្មួញមានទ្រព្យធនឃុបឃិតជាមួយអតីតមន្ត្រីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ និងអតីតអភិបាលខេត្តព្រះសីហនុ អាណត្តិមុនៗ បានលួចធ្វើប្លង់កម្មសិទ្ធិ រំលោភយក ទោះបីពួកគាត់បានដាក់បណ្ដឹងតវ៉ា ឬជំទាស់ជាហូរហែបែបណាក្តី។
លោកស្រី ហង្ស ចិន្តា បានអំពាវនាវដល់អង្គភាពប្រឆាំងអំពើពុករលួយ និងលោក ហ៊ុន សែន ឲ្យជួយបញ្ជូនមន្ត្រីជំនាញឯករាជ្យ ចុះស៊ើបអង្កេតភាពមិនប្រក្រតីនៃការឃុបឃិតជាលក្ខណៈប្រព័ន្ធ លួចចេញប្លង់កម្មសិទ្ធិរំលោភយកដីធ្លីពួកគាត់ ដែលធ្លាប់រស់នៅក្រោយឆ្នាំ១៩៧៩ មក។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ក៏បានដឹងឮចំពោះការតវ៉ា របស់ប្រជាពលរដ្ឋមានទំនាស់ដីធ្លីនៅសហគមន៍កំពេញចាស់ទាំង ២៤គ្រួសារនេះដែរ ព្រោះទីតាំងមានទំនាស់នេះ នៅក្បែរលំនៅឋាន និងនៅជាប់ផ្លូវថ្នល់ ដែលរូបលោកឆ្លងកាត់រាល់ថ្ងៃ។ លោក យន្ត មីន ថា លោកអាចជួយដោះស្រាយតែទំនាស់ដីធ្លីណាមិនទាន់ធ្លាក់ទៅដល់ដៃតុលាការតែប៉ុណ្ណោះ ប៉ុន្តែបើទំនាស់ទាំងនោះ បានធ្លាក់ដល់អំណាចតុលាការ ឬក៏តុលាការសម្រេចសាលក្រមស្ថាពររួចហើយ គឺរូបលោកគ្មានសិទ្ធិដោះស្រាយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។