អាជ្ញាធរខេត្តព្រះសីហនុបង្ខំឱ្យម្ចាស់អាជីវកម្ម និងរមណីយដ្ឋានជាង១០នាក់រុះរើសំណង់នៅឆ្នេរ សារ៉ាសេនបេ (Saracen Bay) ក្រោយពីម្ចាស់ដីបានវិនិយោគឱ្យក្រុមហ៊ុនផ្សេង។ ម្ចាស់អាជីវកម្មទាំងនោះថា ការជូនដំណឹងរបស់អាជ្ញាធរ រយៈពេលត្រឹម១សប្ដាហ៍ ដោយពុំមានផ្ដល់សំណងសមរម្យជូនពួកគាត់នោះទេ ដែលធ្វើឱ្យប៉ះពាល់និងខាតបង់ទាំងស្រុងដល់អាជីវកម្ម។
អាជីវករភាគច្រើនលើកឡើងថាពួកគេមិនអាចរុះរើបានភ្លាមៗទេដោយសារអាជីវកម្មទាំងនោះរួមមានបឹងហ្គាឡូនិងភោជនីយដ្ឋានសុទ្ធសឹងសាងសង់ឡើងដោយសំណង់រឹងដែលចំណាយថវិការាប់ម៉ឺនដុល្លា។ ពួកគាត់ថា បើសិនជារុះរើគឺស្មើនឹងវាយកម្ទេចចោលទាំងស្រុង។ ដូច្នេះពួកគាត់ទទូចឱ្យអាជ្ញាធរជួយដោះស្រាយនិងផ្ដល់សំណង់សមរម្យដើម្បីពួកគាត់អាចទៅប្រកបរបរនេះនៅតំបន់ផ្សេងទៀត។
ម្ចាស់ រីសតឌឹផាយ (The pipe resort) ដែលប្រឈមនឹងត្រូវរុះរើទាំងបង្ខំក្នុងពេលឆាប់ៗក្រោយពីអាជ្ញាធរបានជូនដំណឹងអស់រយៈពេលបីលើកមកនេះ។ លោក សរ សុត្ថារ៉ា ដែលមានរី សត ស្ថិតនៅភូមិកោះ រ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១២ ខែកុម្ភៈថា អាជ្ញាធរបានជូនដំណឹងឱ្យលោក រុះរើរីសត ហើយការជូនដំណឹងចុងក្រោយគឺតម្រូវឱ្យរុះរើត្រឹមថ្ងៃទី១៦ខែកុម្ភៈជាបន្ទាន់ប៉ុន្តែលោកមិនទាន់សម្រេចចិត្តនៅឡើយទេព្រោះលោកត្រូវការជជែកជាមួយអាជ្ញាធរដោយផ្ទាល់ជាមុនសិន៖
«គាត់ឱ្យពួកខ្ញុំនឹងរើសម្ភារៈនឹងទៅជួលតាមម្ចាស់ដីដែលរដ្ឋាភិបាល បានដោះដូដីហ្នឹង ឱ្យពួកខ្ញុំរើបឹងហ្គាឡូទៅសង់នៅកន្លែងណាដែលចែកឱ្យម្ចាស់ដី ប៉ុន្តែពួកខ្ញុំរុះរើម៉េចនឹងកើត បឹងហ្គាឡូនេះសុទ្ធតែថ្មីបើរុះរើទៅវាខូចអស់ ស្មើនឹងសង់ថ្មីហើយនឹង ហើយគាត់អត់មានសំណង់សង់វិញខ្លះផង។ ណាមួយពួកខ្ញុំខាតបង់កាលកូវីដអស់៣ឆ្នាំហើយ ពេលកូវីដពូកគាត់អត់ជូនដំណឹងសោះ ពេលកូវីដអស់លុយមិនក្រោម១០ម៉ឺនដុល្លារ ពេលចប់កូវីដភ្លាមខ្ញុំចាប់ផ្ដើមបានត្រឹមតែពីរខែគាត់ឱ្យរុះរើ»។
ក្ដីបារម្ភរបស់អាជីវករទាំងនេះក្រោយអាជ្ញាធរបានជូនដំណឹងជាដំបូងឱ្យម្ចាស់អាជីវកម្មនិងរមណីយដ្ឋានទាំងនោះរុះរើត្រឹមថ្ងៃទី៣១ ខែមករា ក្រោយមកពន្យារដល់ថ្ងៃទី៩ខែកុម្ភៈស្របពេលដែលការសាងសង់របស់ក្រុមហ៊ុន អេម៉ារីអូ ស្សូណាន់ មីរីន ខបភើរេសិន អិលធីឌី (Emario Shonan Marine Corporation) និងក្រុមហ៊ុនកោះរ៉ុងសន្លឹមរីសត (Koh Rong Sanloem Resort) បានចាប់ផ្តើមហើយគេសង្កេតឃើញថា អេស្កាវ៉ាទ័រ បន្តឈូសឆាយលើកោះនេះកាលពីចុងសប្ដាហ៍មុនប៉ុន្តែ ក្រោយមកការកំណត់ឱ្យរុះរើបានពន្យារពេលរហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ។
ម្ចាស់រី សត និង ភោជនីយដ្ឋានទាំងនោះបានឱ្យដឹងថាការជូនដំណឹងរបស់អាជ្ញាធរកាលពីថ្មីៗនេះមិនបានមកជជែករកដំណោះស្រាយជាមួយពួកគាត់ដោយផ្ទាល់នោះទេ។ ដោយឡែកអាជ្ញាធរបានបញ្ជូនក្រុមការងាររបស់ពួកគាត់ឱ្យដើរបាញ់ថ្នាំតាមជណ្ដើរបឹងហ្គាឡូនិងភោជនីយដ្ឋាននានានៅទីនោះដែលធ្វើឱ្យភ្ញៀវទេសចរណ៍ជាច្រើនលុបចោលការកក់កន្លែងស្នាក់ទាំងនោះនិងភ្ញៀវខ្លះទៀតបន្តចាកចេញជាបណ្ដើរៗ។ពួកគាត់បន្តថាមុនការដើរបាញ់ថ្នាំឱ្យរុះរើរបស់អាជ្ញាធរមានភ្ញៀវទេសចរណ៍ជាច្រើនបានមកលេងកំសាន្ត ប៉ុន្តែពេលនេះ ភ្ញៀវទេសចរណ៍ស្ទើរតែបាត់បង់ទាំងស្រុងដោយសារបារម្ភពីសុវត្ថិភាព។
ចំណែក ម្ចាស់អាជីវកម្ម ដូលហ្វីន បេ រីសត (Dolphin Bay Resort) ម្នាក់ទៀត លោក វីរៈ ដែលបានបើកអាជីវកម្មទេសចរណ៍មួយនេះតាំងពីឆ្នាំ២០១៥ ចាត់ទុក ការជូនដំណឹងឱ្យរុះរើរបស់អាជ្ញាធរនេះ លឿនពេក ស្របពេលដែលលោក និង អាជីវករជាច្រើនទៀតនៅទីនេះបានចំណាយពេលវេលា និងថវិកាជាច្រើន។ លោកថា អាជីវករភាគច្រើន នៅទីនោះបានចំណាយដើមទុនពី៣០ម៉ឺនដុល្លា ទៅជាង៤០ម៉ឺនដុល្លា ទម្រាំអាចបើកអាជីវកម្មបែបទេសចរណ៍នេះបាន៖
«ក្រុមហ៊ុនគាត់បានមកអភិវឌ្ឍន៍កោះក្ដី អ៊ីចឹង Business (ជំនួញ)ណាដែលគាត់មានពីមុនមកអ៊ីចឹងសូមឱ្យក្រុមហ៊ុន យោគយល់ នឹងផ្ដល់ឱកាសពួកខ្ញុំដើម្បីបន្តដើម្បីបម្រើវិស័យទេសចរណ៍ ក៏ដូចជាប្រកបមុខរបរចិញ្ចឹមជីវិត ចិញ្ចឹមគ្រួសារព្រោះអីខ្ញុំរកស៊ីនៅលើដែនកោះ នៅស្រុកខ្មែរ ហើយពួកខ្ញុំក៏ជាខ្មែរ បើសិនជាពួកគាត់យោគយល់ថា កន្លែងនេះអត់អាចអភិវឌ្ឍន៍បានទេផ្លូវថ្នល់ អ៊ីចឹងពួកគាត់នឹងការអភិវឌ្ឍនេះត្រូវប្រើរយៈកាលប៉ុណ្ណា គាត់អាចអនុគ្រោះ និងរយៈពេលប៉ុណ្ណាក៏ជាជម្រើសមួយសម្រាប់ពួកខ្ញុំដែរ»។
អាជីវកររូបនេះបន្តថានៅពេលដែលទទួលការបាញ់ថ្នាំ (spray) ពណ៌ក្រហម ឲ្យរុះរើ លើកដំបូង គឺលោក និងអាជីវករផ្សេងៗមានភាពតក់ស្លុតភ័យខ្លាចហើយក៏បានដាក់សំណើជូនរដ្ឋបាលខេត្តដែលជាអ្នកគ្រប់គ្រងដែនកោះ មួយនេះ ដើម្បីសុំជំនួយឲ្យពួកគាត់ជួយធ្វើអន្តរាគមន៍និងសម្របសម្រួលផ្សេងៗក៏ប៉ុន្តែខាងអាជីវករមិនទាន់មានចម្លើយពី សំណើនេះទេ នៅថ្ងៃទី៣០ ខែមករាកន្លងទៅ។ ជុំវិញរឿងនេះអភិបាលរង់ខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ មិនធ្វើការបកស្រាយបានទេដោយលោកបង្វែរឲ្យទៅសួរអ្នកនាំពាក្យរដ្ឋបាលខេត្ត លោក ឃាង ភារម្យ៖
«ខ្ញុំស្នើសុំឱ្យទំនាក់ទំនងទៅអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ ហើយខ្ញុំបាននឹងកំពុងបំពេញបេសកកម្មនៅប្រទេសអូស្ត្រាលី»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋបាលខេត្ត លោក ឃាង ភារម្យ បានទេនៅថ្ងៃទី១២ ខែកុម្ភៈនេះ ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
អ្នកសម្របសម្រួលគម្រោងធុរកិច្ចនិងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក វណ្ណ សុផាត មើលឃើញថាករណីនេះអាជ្ញាធរគួរតែពិនិត្យឡើងវិញលើកិច្ចសន្យាជួលដីរបស់អាជីវករទាំងនោះឱ្យបានត្រឹមត្រូវមុននឹងឈានដល់ការជូនដំណឹងឱ្យពួកគាត់រុះរើទាំងបង្ខំបែបនេះ។ លោកថា កន្លងទៅ អាជ្ញាធរតែងតែចេញវិធានការឱ្យរុះរើសំណង់ណាមួយគឺមិនសូវបានគិតគូពីផលប៉ះពាល់ដល់អ្នកធ្វើអាជីវកម្មទាំងនោះទេ៖
«ពិនិត្យទៅលើកិច្ចសន្យាថា តើកិច្ចសន្យារបស់អាជីវករ និងម្ចាស់ដីរួមនឹងអាជ្ញាធរដឹងឮផងនឹងតើរយៈពេលកិច្ចសន្យាហ្នឹង គឺផុតកិច្ចសន្យាហើយឬនៅ? បើសិនជាមិនទាន់ផុតកិច្ចសន្យាទេ អាហ្នឹងទំនួលខុសត្រូវខាងភាគីទាំងពីរគឺម្ចាស់ដី ឬអាជ្ញាធរត្រូវតែទទួលខុសត្រូវធ្វើម៉េចដើម្បីអនុវត្តទៅតាមកិច្ចសន្យា ឬគោរពទៅតាមកិច្ចសន្យា»។
កាលពីខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថាក្រុមហ៊ុនចំនួនពីរទទួលបានដីនៅកោះរ៉ុងសន្លឹម គឺក្រុមហ៊ុន អេម៉ារីអូ ស្សូណាន់ មីរីន ខបភើរេសិនអិលធីឌី (Emario Shonan Marine Corporation) ទទួលបានដីចំនួន ជាង១ពាន់ហិតា( ១១២៤ហិកតា) និងក្រុមហ៊ុន កោះរ៉ុងសន្លឹមរីសត (Koh Rong Sanloem Resort) ទទួលបានដី ជាង១ ពាន់ហិតា(១០៦៦ ហិតា) ដែរ តាំងពីឆ្នាំ២០០៨។ ទោះយ៉ាងណា អាជីវករទាំងនោះថា ពួកគេមិនបានទទួលដំណឹង ជុំវិញការវិនិយោគរបស់ក្រុមហ៊ុនទាំងពីរនោះទេស្រាប់តែពួកគាត់ទទួលបានដំណឹងឱ្យរុះរើភ្លាមៗទាំងម្ដង កាលពីខែមករាកន្លងទៅ ដូច្នេះពួកគាត់ទទូចឱ្យអាជ្ញាធរគួរតែពិនិត្យឡើងវិញនិងផ្ដល់ដំណោះស្រាយក្នុងពេលឆាប់ៗ។
កោះដ៏ស្រស់ស្អាតដែលទាក់ទាញដោយភ្ញៀវបរទេសមួយនេះធ្លាប់មានការសាងសង់បន់ល្បែងខុសច្បាប់ ឈ្មោះកាស៊ីណូចិន ជីន ទីង ដែលជាប់ព័ន្ធនឹងក្រុមហ៊ុន ចិន ក្រោយរកឃើញថាម្ចាស់ក្រុមហ៊ុនបានឃុបឃិតគ្នានឹងអាជ្ញាធរមូលដ្ឋានលួចសាងសង់ប៉ុន្តែក្រោយមកក្រុមយុវជនចលនាមាតាធម្មជាតិបានធ្វើវីដេអូលាត់ត្រដាងពីបញ្ហាអំពើពុករលួយនិងទាមទារបិទបន់ល្បែងមួយនេះរួមនឹងបញ្ហាបរិស្ថានជាបន្តបន្ទាប់ ហើយ អាជ្ញាធរបានក៏បានចាត់វិធានការដោះស្រាយកាលពីឆ្នាំ២០២០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។