សង្គមស៊ីវិល និងអ្នកច្បាប់ទាមទារឱ្យអាជ្ញាធរខេត្តព្រះសីហនុ ចាប់ខ្លួនជនដៃដល់ ដែលបានវាយ និងបាញ់ប្រហារលើពលរដ្ឋនៅស្រុកព្រៃនប់ នៅពេលអាជ្ញាធរបង្ក្រាប និងចាប់បង្ខំបណ្ដេញពលរដ្ឋឱ្យចេញពីលំនៅឋាន ជាមុនសិន មុនពេលបន្តនីតិវិធីស៊ើបអង្កេតមេខ្លោងនៅពីក្រោយនៃជម្លោះដីធ្លីនេះ។
អភិបាលរងខេត្តព្រះសីហនុ លោក ផៃ ប៊ុនវណ្ណៈ ដែលជាអ្នកដឹកនាំកម្លាំងប្រដាប់អាវុធបង្ក្រាបពលរដ្ឋចោទប្រកាន់ថា មេឃុំបិតត្រាំង អាណត្តិទី២ម្នាក់ មកពីគណបក្សសម រង្ស៊ី ជាអ្នកបង្កឱ្យមានជម្លោះដីធ្លី ហើយសមត្ថកិច្ចលោកកំពុងស្វែងរកមន្ត្រីបក្សប្រឆាំងនេះ។ លោកអះអាងថា អាជ្ញាធរខេត្តធ្លាប់បានជូនដំណឹងឱ្យអតីតមេឃុំរូបនោះ បញ្ឈប់សកម្មភាពបញ្ជាក់ឯកសារទិញលក់ដី ឱ្យពលរដ្ឋម្ដងហើយ អាជ្ញាធរនឹងស៊ើបអង្កេតមើលករណីនេះ ឡើងវិញទៀត៖ «យើងបានធ្វើលិខិតជូនដំណឹងជូនគាត់ ( អតីតមេឃុំបិតត្រាំង ) ដើម្បីធ្វើការបញ្ឈប់ឯកសារតាំងពីជំនាន់នោះមក។ គាត់ ( អតីតមេឃុំបិតត្រាំង ) នៅតែព្យាយាមបញ្ជាក់ទៀត ប៉ុន្តែខាងរដ្ឋបាលខេត្តនឹងចាត់វិធានការ ដើម្បីស៊ើបអង្កេតការងារហ្នឹងហើយ»។
អាស៊ីសេរីមិនទាន់អាចរកប្រភពទាក់ទងអតីតមេឃុំបិតត្រាំង អាណត្តិទី២ មកពីគណបក្សសម រង្ស៊ី លោក ឡាក់ គៀន បានទេ នៅថ្ងៃទី៩ កុម្ភៈ។ ប៉ុន្តែ លោក ឡាក់ គៀន បានបដិសេធការចោទប្រកាន់នេះ តាមរយៈសារព័ត៌មានភ្នំពេញប៉ុស្តិ៍។ លោកថា បើសិន ជាអាជ្ញាធរខេត្តចោទ ប្រកាន់ដូច្នេះ លោកគ្មានសិទ្ធិអ្វី ទៅតតាំងជាមួយការចោទប្រកាន់នោះទេ ព្រោះលោកជាមនុស្សតូចតាច គ្មានអំណាច។ លោកថា កាលនៅធ្វើជាមេឃុំ គឺតែងតែមានការចុះហត្ថលេខា លើឯកសារទិញលក់ដី តែមិនដឹងថា កន្លែងណា ជាកន្លែងណាទេ ព្រោះនៅក្នុងឃុំបិតត្រាំង តែងតែមានការទិញលក់ដី តែគេមានលិខិត និងទីតាំងជាក់ស្ដែង។
កាលពីថ្ងៃទី២៤ ខែមករា កងកម្លាំងសមត្ថកិច្ចចម្រុះ ៣រយនាក់ បើកការបាញ់ប្រហារ ដោយកាំភ្លើងគ្រាប់ពិតទៅលើក្រុមអ្នកតវ៉ាដីធ្លី បណ្ដាលឱ្យកម្មករសំណង់ម្នាក់ បានរងរបួសធ្ងន់ធ្ងរ។ ចំណែកពលរដ្ឋ ៤នាក់ទៀត ត្រូវបានកងកម្លាំងប្រដាប់អាវុធចាប់ខ្លួន និងចងស្លាបសេក ហើយវាយនឹងកាំភ្លើង និងជាន់ពីលើ ផ្ទប់នឹងដីថែមទៀត។ ប៉ុន្តែពលរដ្ឋទាំងនោះ ត្រូវបានដោះលែងវិញ នៅយប់ថ្ងៃកើតហេតុដោយមានកិច្ចសន្យាឈប់តវ៉ា ហើយសមត្ថកិច្ចតម្រូវឱ្យគ្រួសារពួកគេ យកលុយមកបង់លួសខ្លួន ក្នុងម្នាក់លុយម្នាក់ ១រយដុល្លារ ព្រមទាំងចិញ្ចៀនមួយវង់។ ក្រោយមានហេតុការណ៍ចុះបង្ក្រាបហិង្សានោះ អាជ្ញាធរខេត្តព្រះសីហនុ បានរងការរិះគន់យ៉ាងចាស់ដៃ ពីពលរដ្ឋ សង្គមស៊ីវិល និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook)។
មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា ប្រកាសឱ្យស៊ើបអង្កេតលើប៉េអិម ដែលជាប់ទាក់ទងករណីហិង្សានោះ។ ជាលទ្ធផល គណៈកម្មការរកឃើញប៉េអិមម្នាក់ជាប់ទាក់ទង តែមិនទាន់បង្ហាញអត្តសញ្ញាណទេ។ ចំពោះការបាញ់ពលរដ្ឋឱ្យរងរបួសនេះ លោក ផៃ ប៊ុនវណ្ណៈ បដិសេធខាងអាជ្ញាធរមិនបានបាញ់ពលរដ្ឋទេ គឺបាញ់ទៅលើ ប៉ុន្តែគ្រាប់កាំភ្លើងធ្លាក់ទើបបណ្ដាលពលរដ្ឋម្នាក់រងរបួស។ ប៉ុន្តែ លោក ផៃ ប៊ុនវណ្ណៈ បញ្ជាក់ប្រាប់ អាស៊ីសេរីថា ការអះអាងនេះ គ្រាន់តែជាការសន្និដ្ឋានបឋមទេ មិនមែនជាលទ្ធផលផ្លូវការនោះទេ។
សមាជិកគណៈមេធាវី លោក សួស វណ្ណៈ ពន្យល់ថា ចំពោះទិដ្ឋភាពច្បាប់ សមត្ថកិច្ចមិនចាំបាច់បង្កើតគណៈកម្មការស្រាវជ្រាវទេ ព្រោះការវាយ និងបាញ់ប្រហារ ទោះឡើងលើមេឃក្ដី វាតែជាការប្រព្រឹត្តិបទល្មើសជាក់ស្ដែង ហើយការយកកាំភ្លើងវាយពលរដ្ឋកំពុងជាប់ខ្នោះដៃ និងការទាត់ធាក់ ជាន់ពលរដ្ឋកំពុងជាប់ខ្នោះដៃ ជាអំពើទារុណកម្ម ប្រព្រឹត្តិដោយមន្ត្រីសាធារណៈ សុទ្ធតែមានចែងក្នុងក្រមព្រហ្មទណ្ឌ ដូច្នេះ សមត្ថកិច្ចមូលដ្ឋាន ត្រូវចាប់អ្នកប្រព្រឹត្តិល្មើសភ្លាមៗ៖ «មានន័យថា មានស្ថានទម្ងន់ ( ទោស ) ដោយសារគាត់ជាមន្ត្រីរាជការ។ បទល្មើសប្រព្រឹត្តិដោយមន្ត្រីរាជការ នៅក្នុងកំឡុងពេលបំពេញបេសកកម្ម ឬតួនាទីរបស់ខ្លួន។ អ៊ីចឹង បើយើងងាកមកមើល ចំណុចកន្លែងឃុំបិតត្រាំងវិញ ក្នុងការប្រយុទ្ធគ្នាជាមួយប្រជាពលរដ្ឋ គាត់ ( កងកម្លាំង ) ប្រើកម្លាំងហ្នឹងហួសហើយ។ គេហៅប្រើកម្លាំងស្លាប់រស់ហើយ បាញ់ទៅលើពលរដ្ឋ។ ធ្វើឱ្យប្រជាពលរដ្ឋរបួស ហើយយើងមើលទៅក្នុងទិដ្ឋភាពមួយចំនួនទៀត ដូចជាការវាយនឹងកាំភ្លើង វាទាក់ទងទៅនឹងការធ្វើទារុណកម្ម»។
សង្គមស៊ីវិលផ្សេងទៀតថា ការប្រើប្រាស់អំពើហិង្សា ជាទម្លាប់របស់សមត្ថកិច្ចទៅហើយ។ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យថា សមត្ថកិច្ចត្រូវចាប់ជនដៃដល់ប្រព្រឹត្តិបទល្មើសលើពលរដ្ឋជាមុនសិន មុននឹងបន្តនីតិវិធីណាមួយ ព្រោះការអះអាងណាមួយមុនពេលចាប់ខ្លួនជនសង្ស័យបាន គ្រាន់តែជាការគេចវេះពីការទទួលខុសត្រូវរបស់សមត្ថកិច្ចតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។