តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ ឧកញ៉ាម្នាក់ ជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ ឈ្មោះ សុខ ប៊ុន និងអាជ្ញាធរ នៅសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ ចំនួន៥នាក់ ពីបទ ក្លែងបន្លំឯកសារដីធ្លី រំលោភយកដីពលរដ្ឋច្រើនហិកតារ នៅសង្កាត់កោះរ៉ុង។ សង្គមស៊ីវិលឃ្លាំមើលសិទ្ធិដីធ្លី និងធនធានធម្មជាតិ សង្ឃឹមថា តុលាការនឹងបន្ត ចោទប្រកាន់អ្នកមានលុយ និងអំណាចផ្សេងទៀត ដែលកំពុងរំលោភយកដីពលរដ្ឋ។
លោក សុខ ប៊ុន និងអាជ្ញាធរសង្កាត់កោះរ៉ុង ៥នាក់ ទៀត ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ថា បានបំផ្លាញឯកសារម្ចាស់ដី ដោយចេតនាកែ បំបាត់ដោយទុច្ចរិត បទវិតិក្រម បទក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈ ក្លែង ប្រព្រឹត្តនៅសង្កាត់កោះរ៉ុង ក្រុងកោះរុង ខេត្តព្រះសីហនុ ក្នុងអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩។
ប្រព័ន្ធឃោសនាស្និទ្ធរបបក្រុងភ្នំពេញ (FreshNews) ចុះផ្សាយថា ការចោទប្រកាន់នេះ ធ្វើឡើងដោយ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនអ្នកទាំង ៦មកតំណាងអយ្យការ។
មនុស្សទាំង៦នាក់ ដែលតំណាងអយ្យការបានចោទប្រកាន់ថា ធ្វើឯកសារក្លែងក្លាយរំលោភយកដីពលរដ្ឋ គឺម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ សុខ ប៊ុន គ្រុប មានងារជាឧកញ៉ា លោក សុខ ប៊ុន ប្រធានក្រុមប្រឹក្សាសង្កាត់កោះរ៉ុង ឈ្មោះ អ៊ុង និត សមាជិកក្រុមប្រឹក្សាសង្កាត់កោះរ៉ុង លោក ហែម សាឡះ ចៅសង្កាត់កោះរ៉ុង លោក សេង ហួរលាង ចៅសង្កាត់រងទី២ សង្កាត់កោះរ៉ុង លោក កែ សោម និងមេភូមិព្រែកស្វាយ លោក កែវ ពៅ។
ឧកញ៉ា សុខ ប៊ុន និងអាជ្ញាធរសង្កាត់កោះរ៉ុង ទាំង ៥នាក់ ត្រូវបានបញ្ជូនមកតំណាងអយ្យការនៅព្រឹកថ្ងៃទី២៤ មិថុនា ក្រោយពេលអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន និងបើកនីតិវិធីសួរចម្លើយ អស់ពេល ៧២ម៉ោង។ ឧកញ៉ា សុខ ប៊ុន ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសដាក់ពន្ធនាគារម្ដងរួចហើយ កាលពីឆ្នាំ២០១៥ ក្នុងករណីប្រើអំពើហិង្សា វាយពិធីការិនីទូរទស្សន៍ម្នាក់ ឈ្មោះ ឯក សុជាតា ហៅ សាសា។ កាលណោះ លោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ តែចៅក្រមសម្រួលឲ្យលោក ជាប់ត្រឹម ១០ខែ ហើយព្យួរទោសនៅសល់។
ដើមហេតុឈានទៅដល់នៃការចាប់ខ្លួន ឧកញ៉ា សុខ ប៊ុន និងអាជ្ញាធរសង្កាត់កោះរ៉ុង ៥នាក់ គឺផ្ដើមចេញពីជម្លោះដីធ្លី រវាងឧកញ៉ា សុខ ប៊ុន និងពលរដ្ឋចំនួន ៤២គ្រួសារ រស់នៅភូមិព្រែកស្វាយ ក្នុងសង្កាត់កោះរ៉ុង។ ពលរដ្ឋទាំង ៤២គ្រួសារ បានដាក់ញត្តិ ស្នើសុំកិច្ចអន្តរាគមន៍ច្រើនឆ្នាំហើយ តាំងពីជម្លោះកើតឡើង ក្នុងកំឡុងឆ្នាំ២០១៦ មក។
កាលពីថ្ងៃទី៣ ឧសភា ពលរដ្ឋមានជម្លោះដីធ្លី ទាំង ៤២គ្រួសារ បានប្រមូលផ្ដុំគ្នា ដាក់ញត្តិនៅសាលាខេត្តព្រះសីហនុ ទាមទារឲ្យមន្ត្រីសាលាខេត្តជួយអន្តរាគមន៍ និងស្នើសុំឲ្យក្រសួងដែនដី បញ្ជូនមន្ត្រីឯករាជ្យ ចុះអង្កេតទៅលើសកម្មភាពរបស់ឧកញ៉ា សុខ ប៊ុន និងបក្ខពួក ដែលបានក្លែងឯកសារ រំលោភយកដីចម្ការ និងដីលំនៅឋាន ពលរដ្ឋធ្លាប់អាស្រ័យផលយូរឆ្នាំមកហើយ។
ក្នុងញត្តិរបស់ពលរដ្ឋ ៤២គ្រួសារ ដាក់ជូនសាលាខេត្តព្រះសីហនុ កាលពីថ្ងៃទី៣ ឧសភា បង្ហាញថា ដីមានជម្លោះ ទំហំជាង ៥លាន (៥.២៥០.០០០) ម៉ែត្រការ៉េ ស្ថិតតំបន់ពយតាផេង ពយអាពត និងតំបន់ថ្មជញ្ជាំងស្ថិតនៅក្នុងភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង។
ក្នុងញត្តិដដែល ពលរដ្ឋអះអាងថា មានកិច្ចសន្យាផ្ទេរសិទ្ធិ កាន់កាប់ ដីមានជម្លោះ តាំងពីឆ្នាំ២០១៣ និងមានលិខិតស្នើសុំកាន់កាប់ដី ចេញតាំងពីឆ្នាំ២០០៨ ដោយអតីតចៅសង្កាត់ កោះរ៉ុង ឈ្មោះ អ៊ួង និត បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាសង្កាត់កោះរ៉ុង។ ពលរដ្ឋក៏អះអាងថា មានសលាកប័ត្រដីធ្លី ចេញដោយអាជ្ញាធរ កាលពីខែសីហា ឆ្នាំ ២០១៥ដែរ។ ពលរដ្ឋ អះអាងថា ពួកគេ បានមករស់ នៅលើកោះរ៉ុង តាំងពីឆ្នាំ២០០០ និងមុនឆ្នាំ២០០០ ដោយប្រកបរបរធ្វើចម្ការ និងដាំដំណាំហូបផ្លែ មាន ដូង ខ្នុរ ស្វាយជាដើម ហើយដំណាំហូបផ្លែទាំងនោះ កំពុងមានផ្លែផ្កា លើដីមានជម្លោះ ដល់សព្វថ្ងៃ។
មន្ត្រីអង្កេតសិទ្ធិដីធ្លី និងធនធានធម្មជាតិសមាគម អាដហុក លោក ប៉ែន បុណ្ណារ៍ ដែលតែងចេញមុខប្ដឹងឧកញ៉ា និងអាជ្ញាធរ ឃុបឃិតគ្នា រំលោភសិទ្ធិមនុស្ស និងបំផ្លាញធនធានធម្មជាតិ សង្កេតឃើញថា នេះជាករណីលើក ដំបូងហើយ ដែលតុលាការផ្ដន្ទាទោសឧកញ៉ា និង អាជ្ញាធរ ឃុបឃិតគ្នាធ្វើប្លង់កម្មសិទ្ធិដីធ្លី រំលោភយកដីពលរដ្ឋ។ លោក ថា នេះជាករណីកម្រ ព្រោះកន្លងមកពលរដ្ឋរងគ្រោះដីធ្លី មិនធ្លាប់ទទួលបានយុត្តិធម៌បែបនេះទេ យ៉ាងច្រើន បានត្រឹមសំណង់បន្លិចបន្តួច ចំណែកអ្នកមានលុយ និងអំណាច មិនត្រូវបានជាប់ទោសបែបនេះទេ៖ « ជួនកាលវាអាចប៉ះពាល់ដល់អ្នកមានឥទ្ធិពលដែរ អ៊ីចឹងវាធ្វើឲ្យមានការជះឥទ្ធិពលដល់តុលាការ។ ប៉ុន្តែយើងមិនទាន់អាចឃើញការវិវត្តន៍ល្អ ក្នុងការស្វែងរកមន្ត្រីជាន់ខ្ពស់មួយចំនួនធំ ដែលពាក់ព័ន្ធជាមួយសាធារណៈរដ្ឋ ហើយយើងឃើញមានប្រតិកម្មច្រើននៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ យើងដាក់ពាក្យប្ដឹងបរិហារជាច្រើន មិនទាន់ទទួលបានយុត្តិធម៌ ក្នុងរឿងនេះ » ។
ទោះយ៉ាងណា លោក ប៉ែន ប៉ុណ្ណារ៍ មិនទាន់ដឹងថា ក្នុងករណីនេះ លោកឧកញ៉ា សុខ ប៊ុន និងអាជ្ញាធរទាំងនោះ រំលោភចំដី អ្នកមានលុយ ឬមានអំណាចផ្សេងទៀត ឬយ៉ាងណាទេ។ តែលោកសង្ឃឹមថា តុលាការនឹងបន្តកាត់ទោសអ្នកមានលុយ មានអំណាចផ្សេងទៀត ដែលរំលោភយកដីពលរដ្ឋបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។