តំណាងពលរដ្ឋមានទំនាស់ដីធ្លី និងតំណាងកូដករណាហ្គាវើលដ៍ (NagaWorld) លើកឡើងដូចៗគ្នាថា ពួកគេមិនសូវមានក្ដីរំពឹងទៅលើក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋាន ថាអាចជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋបាននោះឡើយ។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ឃើញថា ការបង្កើតក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋាន មិនត្រឹមតែបង្កើនបន្ទុកចំណាយថវិកាជាតិតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កទំនាស់ការងារជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិទៀតផង។
តំណាងប្រជាពលរដ្ឋមានទំនាស់ដីធ្លី និងវិវាទការងារលើកឡើងស្រដៀងៗគ្នាថា មូលហេតុសំខាន់ដែលរដ្ឋាភិបាលមិនអាចដោះស្រាយបញ្ហាឱ្យពួកគាត់បាន គឺដោយសារតែរដ្ឋាភិបាលមិនមានឆន្ទៈពិតប្រាកដគាំទ្រប្រជាពលរដ្ឋដែលជាជនរងគ្រោះ ពោលគឺមិនមែនបណ្ដាលមកពីខ្វះខាតមន្ត្រីចុះស្វែងយល់អំពីបញ្ហារបស់ពួកគាត់នោះឡើយ។
តំណាងសហគមន៍សាលាខ្មែរ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ លោក សៀន វី ប្រាប់វិទ្យុអាស៊ីសេរីថា ដោយសារភាគីទំនាស់ដីធ្លីរបស់សហគមន៍លោកប្រមាណ ១៧០ហិកតារ ភាគច្រើនគឺជាមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ដូច្នេះហើយសហគមន៍លោកមិនសូវរំពឹងថា ក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានអាចជួយដោះស្រាយបញ្ហាដីធ្លីរបស់សហគមន៍លោកបាននោះឡើយ។ លោកបន្ថែមថា បើសិនជារដ្ឋាភិបាលពិតជាមានឆន្ទៈចង់ដោះស្រាយបញ្ហាដីធ្លីឱ្យសហគមន៍របស់លោកពិតប្រាកដមែននោះ គឺមិនចាំបាច់មានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋាននោះឡើយ ពោលគឺអភិបាលខេត្តក៏មានអំណាចគ្រប់គ្រាន់ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋបានដែរ។
លោក សៀន វី៖ «ហើយខ្ញុំក៏សុំសំណូមពរ បើគាត់បង្កើតហើយកុំឱ្យដូចមុនៗទៀត មុនៗខ្ញុំជួបអស់ហើយ ដូចគាត់អត់មានបានធ្វើអ្វីអ៊ីចឹង ដូចគាត់មករំខានដដែលៗ លើកនេះខ្ញុំមិនទាន់ហ៊ានថាគាត់ទេ គ្រាន់តែសំណូមពរថាគាត់បង្កើតហើយ សុំឱ្យអស់លោកដែលគាត់មានបុណ្យស័ក្ដិ មានតួនាទីគាត់ជួយប្រជាពលរដ្ឋផងទៅ ហើយប្រជាពលរដ្ឋខ្សត់ណាស់ ឯពួកគាត់មានវិឡាសុទ្ធតែគ្រប់ៗគ្នាហើយហ្នឹង»។
ស្រដៀងគ្នានេះដែរ តំណាងកូដករណាហ្គាវើលដ៍ លោកស្រី ម៉ម សុវឌ្ឍិន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣ ខែធ្នូ ថា បើទោះបីជារដ្ឋាភិបាលបង្កើតក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានយ៉ាងណាក៏ដោយ ក៏លោកស្រីមិនរំពឹងថា ក្រុមកូដករណាហ្គាវើលដ៍អាចទទួលបានដំណោះស្រាយទំនាស់ការងារ តាមរយៈក្រុមការងារនេះទេ។ លោកស្រីបន្តថា បើក្រសួងការងារជំរុញឱ្យអនុវត្តច្បាប់ស្ដីពីការងារបានត្រឹមត្រូវ នោះបញ្ហាទំនាស់ការងាររបស់បុគ្គលិកណាហ្គាវើលដ៍ ក៏នឹងអាចដោះស្រាយបានយ៉ាងរលូន ដោយមិនចាំបាច់មានភាគីពាក់ព័ន្ធដទៃទៀតជួយនោះឡើយ។
លោកស្រី ម៉ម សុវឌ្ឍិន៖ «អ្នកកាន់កូនសោគឺនៅថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជា គឺរដ្ឋាភិបាលថ្មីដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ហ្នឹងហើយ ដែលគាត់ជាអ្នកកាន់កូនសោហើយចាក់សោហ្នឹង រកយុត្តិធម៌ឱ្យប្រជាជនខ្លួនឯង ប៉ុន្តែបើសិនជាគាត់ធ្វើនៅស្ងៀមដូចឪពុកគាត់ ខ្ញុំជឿថា ប្រជាជនខ្លួនឯងនឹងមិនបានយុត្តិធម៌ពីសំណាក់អ្នកមានអំណាច អ្នកមានលុយទេ»។
បន្ថែមពីការបង្កើតក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានចំនួន ៤ខេត្តក្រុង កាលពីថ្ងៃទី២ ខែធ្នូ ប្រព័ន្ធផ្សព្វផ្សាយស្និទ្ធនឹងរដ្ឋាភិបាលបានឱ្យដឹងថា លោក ហ៊ុន ម៉ាណែត បានបង្កើតក្រុមការងាររដ្ឋាភិបាលចំនួន១០ផ្សេងទៀត កាលពីថ្ងៃទី៣០ ខែវិច្ឆិកា។ ក្រុមការងាររដ្ឋាភិបាលទាំងនោះរួមមាន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ លោក ឌិត ទីណា ជាប្រធានក្រុមការងាររដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា ជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង និងខេត្តសៀមរាប និងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី ជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺជាដើម។
សេចក្ដីណែនាំ ស្ដីពីតួនាទីរបស់ក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានបង្ហាញថា ក្រុមការងារថ្មីរបស់រដ្ឋាភិបាលនេះ មានតួនាទីសំខាន់ៗចំនួន៦ ក្នុងនោះរួមមានការលើកកម្ពស់ទំនាក់ទំនងរវាងរដ្ឋាភិបាល និងប្រជាពលរដ្ឋ ជំរុញដល់ការដោះស្រាយបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋ និងរៀបចំវេទិកាសាធារណៈ ដើម្បីស្វែងយល់ពីទុក្ខកង្វល់ និងសំណើរបស់ប្រជាពលរដ្ឋ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីបកស្រាយជុំវិញរឿងនេះបាននៅឡើយទេនៅថ្ងៃទី៣ ខែធ្នូ។
រីឯអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការបង្កើតក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋាន មិនត្រឹមតែបង្កើនបន្ទុកចំណាយថវិកាជាតិតែប៉ុណ្ណោះទេ តែថែមទាំងអាចបង្កទំនាស់ការងារជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិទៀតផង។ លោកបន្តថា រដ្ឋាភិបាលគួរចំណាយថវិកាជាតិគាំទ្រអាជ្ញាធរថ្នាក់ក្រោមជាតិ ជាជាងដាក់បន្ទុកការងារបន្ថែមឱ្យមន្ត្រីជាន់ខ្ពស់ ដែលមិនធ្វើការផ្ទាល់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានផងនោះ។
លោក ស៊ឹង សែនករុណា៖ «កន្លងមករឿងរ៉ាវពួកគាត់បានកើតជាហូរហែ បានដឹងបានឮហើយនៅតែមិនអាចមានការដោះស្រាយបាន អ៊ីចឹងខ្ញុំយល់ថា គួរតែមានការឆ្លើយតបរឿងរ៉ាវហ្នឹងទៅ ដោយប្រើប្រាស់ស្ថាប័នមានស្រាប់ហ្នឹងធ្វើទៅ មិនចាំបាច់ឱ្យមានគណៈកម្មការចុះទៅពង្រឹងថែមអ៊ីចឹងទៀតទេ គឺគ្រាន់តែថាមានការឆ្លើយតប ដោះស្រាយជូនពួកគាត់ទៅ វាជាការស្រេចបាត់ទៅហើយ»។
ក្រៅពីមើលឃើញថា ការបង្កើតក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋាន គឺជាការអនុវត្តផ្ទុយទៅនឹងគោលនយោបាយវិមជ្ឈការ ដែលកាត់បន្ថយអំណាចរដ្ឋាភិបាលកណ្ដាល ទៅឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិហើយនោះ អ្នកសិក្សាផ្នែកច្បាប់លើកឡើងថា ការបង្កើតក្រុមការងារថ្មីនេះ គឺដូចគ្នាទៅនឹងការចាត់តាំងគណៈពង្រឹងគណបក្សនៅតាមមូលដ្ឋានដែរ ដោយខុសគ្នាតែការចំណាយ និងការប្រើប្រាស់សម្ភារៈ គឺជាបន្ទុកចំណាយថវិកាជាតិវិញតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។