អាជ្ញាធរខេត្តស្ទឹងត្រែងសន្យាជាថ្មីទៀតនៅចំពោះមុខអ្នកភូមិដែលបដិសេធមិនទទួលយកគោលនយោបាយសំណងពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោម២ ថានឹងដោះស្រាយការសំណូមពរ របស់ពលរដ្ឋយ៉ាងយូរបំផុតត្រឹមខែវិច្ឆិកា ឆ្នាំ ២០១៨ ខាងមុននេះ។
អ្នកភូមិថា ពួកគាត់នៅមិនទាន់ស្ងប់អារម្មណ៍នៅឡើយ នៅគ្រាដែលអាជ្ញាធរបង្ក្រាបឲ្យពួកគាត់ផ្តិតមេដៃ បញ្ចប់ការតវ៉ា ទាមទារសំណង ប្រសិនបើអាជ្ញាធរ ដោះស្រាយការសំណូមពររបស់ពួកគាត់ទាំង ៦ចំណុច។
អភិបាលរងខេត្តស្ទឹងត្រែង លោក ជា ថាវរិទ្ធិ បានថ្លែងនៅចំពោះមុខពលរដ្ឋ ដែលក្រាញននៀលមិនទទួលសំណងពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោម ២ ថា អាជ្ញាធរខេត្តនឹងពន្លឿនដំណោះស្រាយ ៦ចំណុច មកអនុវត្តឲ្យបានឆាប់ៗនេះ។ ការសំណូមពរពលរដ្ឋរួមមាន ជួសជុលផ្លូវពីរខ្សែ សាងសង់សាលារៀន បណ្ដុះបណ្ដាលគ្រូបង្រៀនសហគមន៍ សាងសង់មណ្ឌលសុខភាព ជីកស្រះទឹក និងចុះបញ្ជីដីសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិច។
ពលរដ្ឋមិនទទួលសំណងពីក្រុមហ៊ុនរស់នៅឃុំក្បាលរមាស ស្រុកសេសាន លោក ប្រច់ រិទ្ធី ឲ្យដឹងនៅថ្ងៃទី១៥ សីហា ថា លិខិត ដែលអាជ្ញាធរខេត្តបង្គាប់ឲ្យអ្នកភូមិផ្តិតមេដៃ ទទួលយកដំណោះស្រាយ ៦ ចំណុចនោះ បានបង្កប់ខ្លឹមសារឃ្លាចុងក្រោយ បង្ខំឲ្យពួកគាត់បញ្ចប់ការតវ៉ា និងទទួលស្គាល់ថា ដំណោះស្រាយនេះ យុត្តិធម៌ និងត្រឹមត្រូវ។ បញ្ហានេះ ធ្វើឲ្យពួកគេព្រួយចិត្តខ្លាចក្រែងអាជ្ញាធរ យកទៅប្រើប្រាស់កៀបសង្កត់ពួកគាត់ មិនឲ្យតវ៉ា។ លោកថា សំណូមពររទាំង ៦ចំណុចនេះ គ្រាន់ជាដំណោះស្រាយបឋមប៉ុណ្ណោះ ដើម្បីសម្រាលការលំបាករបស់ពួកគាត់ ដែលកំពុងលំបាកវេទនា ផ្លូវលំបាកធ្វើដំណើរ ខណៈដែលលំនៅឋាន ភូមិកំណើត ផ្នូរកប់សព្វ និង ទ្រព្យសម្បត្តិរបស់ពួកគាត់ បានលិចលង់ជិត ១ឆ្នាំមកហើយ។ «»
ពលរដ្ឋម្នាក់ទៀត លោក គឹម ឌឿង វ័យ ៦០ឆ្នាំ កត់សម្គាល់ថា ច្រើនឆ្នាំមកហើយ ដែលអាជ្ញាធរខេត្តបោះបង់ចោលពួកគាត់ មិនអភិវឌ្ឍន៍អ្វីទាំងអស់ ធ្វើឲ្យផ្លូវមួយខ្សែប្រវែងជាង ១០គីឡូម៉ែត្រចូលឃុំក្បាលរមាសខូចខាតទាំងស្រុង លំបាកធ្វើដំណើរខ្លាំង និងត្រូវចំណាយពេលច្រើនម៉ោង ទម្រាំដល់ផ្លូវជាតិលេខ ៧៨ចាស់។ រីឯកុមារ ៨០នាក់ បោះបង់ការសិក្សា ដោយសារគ្មានសាលារៀន និង ខ្វះគ្រូបង្រៀន។ លោកថា មកទល់ពេលនេះមានអ្នកភូមិ ៤នាក់ហើយបានស្លាប់ ខណៈដែលក្រុមហ៊ុនបិទទ្វារទឹក លិចលង់ផ្ទះសម្បែងពួកគាត់ នាំឲ្យពួកគេបង្ខំចិត្តជម្លៀសមករស់នៅលើទីទួលសុវត្ថិភាពរស់នៅលំបាកវេទនា ប្រឈមបញ្ហាសុខភាព ខ្វះខាតទឹកស្អាត និងខ្វះស្បៀងអាហារជាដើម។ «»
កាលពីចុងឆ្នាំ២០១៧ លោក ហ៊ុន សែន ធ្លាប់បានសន្យាថា នឹងកសាងភូមិថ្មីជូនពលរដ្ឋ ដែលបដិសេធមិនទទួលសំណង និងផ្ដល់សេវាសាធារណៈជាដើម។
កាលពីដើមខែមិថុនា ឆ្នាំ ២០១៨ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន សន្យាថា នឹងពន្លឿនការដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋ រួមមាន សាងសង់សាលារៀន ផ្លូវ មណ្ឌលសុខភាព និង ចុះបញ្ជីដីសមូហភាព។
មេឃុំស្រែគរជាប់ឆ្នោត លោក សៀក មេគង្គ អង្កេតឃើញថា ពលរដ្ឋដែលបដិសេធមិនទទួលសំណង ហាក់ត្រូវបានអាជ្ញាធររើសអើង និងចាត់ទុកពួកគេជាសត្រូវនៃការអភិវឌ្ឍ ព្រោះផ្ទះសម្បែងពលរដ្ឋលិចលង់ទាំងស្រុង ច្រើនខែហើយ នៅតែឃើញអាជ្ញាធរសន្យាដដែលៗ មិនព្រមអនុវត្តជាក់ស្ដែង នាំឲ្យពលរដ្ឋនៅតែទន្ទឹងរង់ចាំដំណោះស្រាយពីមួយខែទៅមួយខែ។ លោកថា ក្រោយពីក្រុមហ៊ុនបិទទ្វារទឹកលិចលង់ភូមិឋានពួកគាត់ បង្កឲ្យអ្នកភូមិលំបាកវេទនាសព្វបែបយ៉ាង ខ្វះខាតទឹកស្អាតប្រើប្រាស់ កុមារបោះបង់ការសិក្សា គ្មានមណ្ឌលសុខភាព និងផ្លូវលំបាកធ្វើដំណើរជាដើម។ រីឯប្រព័ន្ធសេវាទូរស័ព្ទ ក៏អាជ្ញាធរកាត់ផ្ដាច់ដែរ ធ្វើឲ្យពលរដ្ឋលំបាកទំនាក់ទំនងសង្គម។ «»
នាយកប្រតិបត្តិអង្គការបណ្ដាញការពារទន្លេបី លោក លាង ប៊ុនលាភ យល់ថា អាជ្ញាធរខេត្ត និង ក្រុមហ៊ុនគួរតែពន្លឿនដោះស្រាយ ជួសជុលផ្លូវ ជាអាទិភាពមុនគេ ដើម្បីសម្រាលការលំបាកដល់ពលរដ្ឋធ្វើដំណើរ។ លោកបន្ថែមថា ក្រុមហ៊ុន និងអាជ្ញាធរ គឺជាអ្នកទទួលខុសត្រូវយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហានេះ អនុលោមតាមគោលការណ៍ណែនាំប្រមុខដឹកនាំដែលធ្លាប់សន្យា។ «»
មកទល់ពេលនេះ ពលរដ្ឋរស់នៅឃុំក្បាលរមាស ៤៧គ្រួសារ និងឃុំស្រែគរ ៥០គ្រួសារ រាប់បញ្ចូលពលរដ្ឋបំបែកគ្រួសារ នៅមិនទាន់យល់ព្រមទទួលយកគោលនយោបាយសំណងពីក្រុមហ៊ុននៅឡើយ ហើយមកទល់ពេលនេះ ពួកគេនៅបន្តរស់នៅលើទីទួលខ្ពស់ នៅគ្រាដែលទឹកលិចលង់លំនៅឋានពួកគេទាំងស្រុង តាំងពីទំនប់វារីអគ្គិសនីសេសានក្រោមពីរបិទទ្វារទឹកជាស្ថាប័នកាលពីចុងឆ្នាំ២០១៧៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។