ជុំវិញករណីពលរដ្ឋឃុំខ្លួន ១៤នាក់ ក្នុងជម្លោះដីធ្លីមួយនៅខេត្តព្រះវិហារវិញ ពលរដ្ឋម្នាក់ដែលក្រុមគ្រួសាររកឃើញក្រោយបាត់ខ្លួនជាង ២ខែ ស្នើសុំតុលាការព្រះវិហារដោះលែងកូនប្រុសគាត់ ដើម្បីឲ្យបានជួបជុំគ្រួសារឡើងវិញ ព្រោះកូនគាត់មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះទេ។ ចំណែកអង្គការសង្គមស៊ីវិលដែលតាមរឿងនេះយល់ថា ប្រសិនបើតុលាការរកពុំឃើញភស្តុតាងដាក់បន្ទុកពលរដ្ឋទេ គួរពិចារណាដោះលែងពួកគេឲ្យមានសេរីភាពវិញ។
ពលរដ្ឋដែលបាត់ពីខ្លួន ២ខែ ក្រោយមកត្រូវអ្នកជិតខាងប្រទះឃើញនៅខេត្តព្រះសីហនុ លោក ស៊ុម ម៉ឺន ឲ្យអាស៊ីសេរីដឹងថា មកដល់ពេលនេះកូនប្រុសគាត់ឈ្មោះ «ម៉ឺន មៀន» អាយុ ២៦ឆ្នាំ និងអ្នកភូមិ ១៣នាក់ទៀត នៅជាប់ឃុំក្នុងពន្ធនាគារខេត្តព្រះវិហារនៅឡើយ។
ពលរដ្ឋវ័យ ៥៤ឆ្នាំរូបនេះ ស្នើសុំអាជ្ញាធរ និងតុលាការខេត្តព្រះវិហារដោះលែងកូនប្រុសគាត់ឲ្យបានវិលជួបក្រុមគ្រួសារវិញ ដើម្បីប្រកបរបរចិញ្ចឹមជីវិតតទៅទៀត ព្រោះពួកគាត់សព្វថ្ងៃនេះរស់នៅអាស្រ័យនឹងការធ្វើចម្ការ។ ក្រោយពីបែកគ្រួសារដោយសារភ័យខ្លាចក្នុងរយៈពេលជាង ២ខែ លោក ស៊ុម ម៉ឺន ថ្លែងថា នៅពេលនេះ រូបគាត់ និងគ្រួសារគ្មានត្រូវការអ្វី ក្រៅពីចង់ជួបជុំកូនប្រុសវិញ និងរស់នៅដោយសេចក្ដីសុខនោះទេ៖ «ឥឡូវ ខ្ញុំសូមសំណូមពរដល់អាជ្ញាធរទាំងអស់ យោគយល់ដល់ខ្ញុំបាទ ជាប្រជាជនល្ងង់ខ្លៅ សូមឲ្យអាជ្ញាធរហ្នឹងដោះលែងកូនប្រជាពលរដ្ឋទាំងអស់ ឲ្យមានសេរីភាព។ មានតែការលើកដៃទទូចអង្វរដល់រដ្ឋាភិបាលតែប៉ុណ្ណឹងឯងខ្ញុំ។ ខ្ញុំគ្មានអីក្រៅពីដីបន្តិចបន្តួចហ្នឹងទេ លោកគ្រូ។ រឿងរ៉ាវអី ខ្ញុំមិនគិតគូរអីវែងឆ្ងាយទេលោកគ្រូ កុំឲ្យវែងឆ្ងាយថា ឲ្យម៉ាសុខខ្លួនខ្ញុំ និងក្រុមគ្រួសារ និងសុំឲ្យអាជ្ញាធរដោះលែងអ្នក ដែលជាប់នៅពន្ធនាគារហ្នឹង មានសេរីភាព។ ខ្ញុំមិនចង់មានរឿងរ៉ាវអី ប្ដឹងផ្ដល់អីទេ»។
កាលពីថ្ងៃទី២០ ខែមករា លោក ស៊ុម ម៉ឺន និងកូនប្រុសឈ្មោះ ម៉ឺន មាន ត្រូវបានទាហានមួយក្រុម ចាប់ខ្លួនយកទៅឃុំនៅការិយាល័យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព នៅពេលពួកគេបើកគោយន្តដឹកឥវ៉ាន់លក់ដូរសំដៅទៅផ្ទះ ដោយធ្វើដំណើរតាមផ្លូវឆ្លងកាត់រនាំងក្រុមហ៊ុន មេត្រីភាព។ ក្នុងពេលចាប់ខ្លួននោះ ភរិយារបស់លោក ស៊ុម ម៉ឺន ប្រាប់ថា កម្លាំងទាហានបានវាយធ្វើបាបប្ដី និងកូនប្រុសគាត់។
មន្ត្រីអង្កេតជាន់ខ្ពស់របស់សមាគមសិទ្ធិមនុស្ស អាដហុក (Adhoc) លោក យី សុខសាន្ត លើកឡើងថា ករណីចាប់ខ្លួនពលរដ្ឋអត់មានទោសយកទោដាក់ឃុំ ហើយមិនមានភស្តុតាងត្រឹមត្រូវ ដើម្បីដាក់បន្ទុក នោះជារឿងអយុត្តិធម៌ និងបង្កការឈឺចាប់ដល់ជនរងគ្រោះ ៖ «ខ្ញុំស្នើសុំថា បើគ្មានភស្តុតាងដាក់បន្ទុកទេ តុលាការគួរដោះលែងពួកគាត់ឲ្យមានសេរីភាព។ កាលណាពួកគាត់មានសេរីភាព ទី១ ពួកគាត់បានជួបជុំគ្រួសារ ហើយរកស៊ីទទួលទានជួយគ្រួសារគាត់បាន ហើយទី២ យើងមិនខ្ជះខ្ជាយចំណាយថវិកាចិញ្ចឹមគាត់នៅកន្លែងឃុំឃាំងផង»។
អាស៊ីសេរី មិនអាចសុំការឆ្លើយបំភ្លឺចំពោះការស្នើសុំនេះ ពីអ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារ អ្នកស្រី ជុំ កន្និយ៉ា បានទេ ដោយហៅទូរស័ព្ទតែពុំមានអ្នកទទួល។
ប្រធានគ្រប់គ្រងការិយាល័យស៊ើបអង្កេតសិទ្ធិមនុស្សនៃអង្គការ លីកាដូ លោក អំ សំអាត យល់ថា ដើម្បីដោះស្រាយវិវាទដីធ្លីនៅខេត្តព្រះវិហារនេះ ជាជំហានដំបូង អាជ្ញាធរខេត្ត គួរធ្វើកិច្ចអន្តរាគមន៍យ៉ាងណា ដើម្បីជួយឲ្យពលរដ្ឋ១៤នាក់ដែលកំពុងជាប់ឃុំ អាចមានសិទ្ធិនៅក្រៅឃុំបាន។ លោក បន្តថា ចំពោះជំហានបន្ទាប់ទៀត អាជ្ញាធរគួរអនុវត្តនូវវិធានការសម្រាប់ដោះស្រាយ ដែលដាក់ចេញកន្លងមក ឲ្យបានលឿនតាមតែអាចធ្វើទៅបាន៖ «ខ្ញុំមើលជាបទពិសោធកន្លងមក មានប្រជាពលរដ្ឋមួយចំនួនជាប់នៅក្នុងពន្ធនាគារ ហើយបញ្ហាក៏ដោះមិនទានចប់ យើងឃើញថា ព្រឹត្តិការណ៍ បញ្ហាហ្នឹងវាចេះបង្កកើតឡើង។ អ៊ីចឹង ! អនុសាសន៍ឯកឧត្ដមនៃគណៈអភិបាលខេត្តព្រះវិហារ ក្នុងការដោះស្រាយបញ្ហាដីធ្លីហ្នឹង អនុវត្តឲ្យទៅ ប្រហែលជាយើងអាចបញ្ចប់រឿងហ្នឹងបានហើយ បាទ !» ។
អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានសម្រេចដាក់ចេញវិធានការ ៥ចំណុច ដើម្បីដោះស្រាយវិវាទដីធ្លីនេះ កាលពីដើមខែកុម្ភៈ។ វិធានការទាំងនោះរួមមាន បង្កើតក្រុមការងារ វាស់វែងនិងដោះស្រាយផលប៉ះពាល់ជាក់ស្ដែង ជំរុញឱ្យមានការចុះបញ្ជីដីក្រុមហ៊ុនមេត្រីភាព ស្នើឱ្យក្រុមហ៊ុន កំណត់ព្រំដី ឱ្យបានច្បាស់លាស់ និងត្រូវមានកម្លាំងការពារសន្តិសុខរបស់ខ្លួន។ ស្នើឱ្យពលរដ្ឋ ដែលបានអាស្រ័យផលហើយ ត្រូវរក្សាភាពស្ងប់ស្ងាត់ និងបញ្ឈប់ការកាប់ទន្ទ្រានលើដីមានជម្លោះបន្តទៀត ត្រូវរង់ចាំអាជ្ញាធរពាក់ព័ន្ធសម្របសម្រួល និងស្នើឱ្យតុលាការខេត្តនេះ បញ្ឈប់ការចេញដីកាកោះហៅ ឬចាប់ខ្លួនពលរដ្ឋបន្តទៀត។
ប៉ុន្តែជាង ២ខែមកនេះ ក្រុមអង្គការសង្គមស៊ីវិលសង្កេតឃើញថា វិធានការដោះស្រាយវិវាទដីធ្លីរវាងពលរដ្ឋជាង ៣៣០គ្រួសារ ជាមួយនឹងក្រុមហ៊ុនមេត្រីភាព នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅមិនទាន់លេចចេញជាផ្លែផ្កានៅឡើយទេ។ អង្គការសង្គមស៊ីវិល ទទូចស្នើដល់អាជ្ញាធរខេត្តព្រះវិហារ ពន្លឿនដំណោះស្រាយដីធ្លីឲ្យពលរដ្ឋឲ្យបានឆាប់ ដើម្បីឲ្យពលរដ្ឋមានពេលវេលាធ្វើស្រែចម្ការ ដើម្បីចិញ្ចឹមក្រុមគ្រួសារ និងរស់នៅក្នុងភាពថ្លៃថ្នូរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។