ពលរដ្ឋ​រស់នៅ​ជាប់​បឹង​តាមោក​តវ៉ា​ចំពោះ​គម្រោង​បណ្ដេញ​ពួកគាត់​ថា រស់នៅ​លើ​ដី​រដ្ឋ​ខុសច្បាប់

ពលរដ្ឋរស់​នៅបឹងតាមោក រាជធានី​ភ្នំពេញ តវ៉ា កាល​ពីថ្ងៃ ទី២៣ ខែ​មិថុនា ឆ្នាំ​២០២២។
ពលរដ្ឋរស់​នៅបឹងតាមោក រាជធានី​ភ្នំពេញ តវ៉ា កាល​ពីថ្ងៃ ទី២៣ ខែ​មិថុនា ឆ្នាំ​២០២២។ (រូប៖ ពលរដ្ឋផ្ដល់ឱ្យ)

ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​បឹងតាមោក ស្ថិតនៅ​ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ប្ដេជ្ញា​ស៊ូស្លាប់​លើ​ដី​មិន​ព្រម​ចុះ​ចេញពី​លំនៅឋាន​នោះ​ទេ​។ ពួកគាត់​បាន​តវ៉ា កាលពី​ថ្ងៃទី​២៣ ខែ​មិថុនា ដើម្បី​ជំទាស់​នឹង​អាជ្ញាធរ ដែល​មាន​គម្រោង​បណ្ដេញ​ពួកគាត់​។ មន្ត្រី​សិទ្ធិមនុស្ស ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ តាម​សំណូមពរ​របស់​ពលរដ្ឋ ដោយ​មិន​ត្រូវ​ប្រើ​វិធានការ​បណ្ដេញ​ពួកគាត់​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ​នោះ​ទេ៖ «អយុត្តិធម៌​អត់ ? បងប្អូន ។ អយុត្តិធម៌​ណាស់​ ! អយុត្តិធម៌​ទេ​ ? ពួក​យើង​១០៨​គ្រួសារ​អយុត្តិធម៌​ណាស់ !»។

ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ពីរ​រយ​(២៥០)​គ្រួសារ នៅ​ភូមិ​សំរោង​ត្បូង ខណ្ឌ​ព្រែក​ព្នៅ ជាប់​បឹងតាមោក អង្វរ​ដល់​អាជ្ញាធរ និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ពួកគាត់​មិន​ចង់​ចាក​ចេញពី​កន្លែង​ដែល​រស់នៅ​សព្វថ្ងៃ​នេះ​ទេ ហើយក៏​មិន​ចង់​បាន​សំណង​អ្វី​ជា​ដុំកំភួន​ដែរ គ្រាន់តែ​ចង់បាន​សៀវភៅ​ស្នាក់នៅ និង​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ប៉ុណ្ណោះ​។ ប្រជា​ពលរដ្ឋ​ជិត​១០០​នាក់ កាលពី​ថ្ងៃទី​២៣ មិថុនា បាន​នាំគ្នា​ប្រមូលផ្ដុំ​ឈរ​លើក​បដា និង​រូបថត​លោក ហ៊ុន សែន និង​ភរិយា​របស់​លោក នៅ​ក្នុង​សហគមន៍​របស់​ពួកគេ ដើម្បី​ទាមទារ​ទៅ​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ បញ្ឈប់​គម្រោង​បណ្ដេញ​ពួកគាត់ ទៅ​ទីតាំង​ថ្មី។

ពលរដ្ឋ​ម្នាក់ទៀត លោកយាយ អំ យេត និយាយ​ថា ពលរដ្ឋ​រស់នៅ​ក្បែរ​បឹង​តាមោក ឃុំ​សំរោង​ត្បូង មាន​២៥០​គ្រួសារ ស្មើនឹង​ផ្ទះ​១០៨​ខ្នង ហើយ​ពួកគាត់ មិន​សុខចិត្ត​ចាក​ចេញពីផ្ទះ​របស់​គាត់​ទេ ទោះបី​អាជ្ញាធរ​មក​ដេញ​ពួកគាត់​យ៉ាងណាក៏ដោយ ។ លោកយាយ​បន្ត​ថា រាល់ថ្ងៃ​នេះ​អាជ្ញាធរ​មក​អុកឡុក​លោក​យាយ​ទាំង​ព្រឹក​ទាំង​ល្ងាច ទាមទារ​បណ្ដេញ​លោកយាយ និង​ពលរដ្ឋ​ដែល​រស់នៅ​ទីនេះ ឲ្យ​ខាង​តែ​បាន​៖ «ហើយ​ខ្ញុំ​មក​នៅ​នេះ​ពួក​អាជ្ញាធរ​ហ្នឹង​ដេញ​ខ្ញុំ​ព្រឹកល្ងាច​ខ្ញុំ​ទៅ​ដក​ត្រកួន​ចួនណា​ឲ្យ​កូន​ទៅ​តាម​ហៅ គេ​ឲ្យ​ខ្ញុំ​រុះផ្ទះ​ចេញ ហើយ​កាល​ហ្នឹង​មិនទាន់​មានផ្ទះ​ទើប​មាន​ខ្ទម​នៅទេ ខ្ញុំ​មក​នៅ ហើយ​ដេញ​ព្រឹក​ដេញ​ល្ងាច ដេញ ។ ទៅ​រក​ស៊ី​អី​ក៏​អត់​បាន​ដែរ ដេញ​រហូត អ្នកថ្មី​ (​ អភិបាលរងខណ្ឌ ) និយាយ​ទៅមក​ពី​គាត់​លុប​ដី​ចាក់​ដី គាត់​ចង់​ដេញ​ប្រជាពលរដ្ឋ​មិន​ឲ្យ​រស់​នៅ​លើ​ទឹកដី​ហ្នឹង គាត់​អត់​ព្រម​ដោះស្រាយ​ឲ្យ​។ គ្មាន​ផ្ដល់​ព័ត៌មាន​ឲ្យ​ប្រជាពលរដ្ឋ​មុនដំបូង​ដឹងផង​។ អត់​ដឹង​មូលហេតុ​រឿង​អី គាត់​ដេញ​ពួក​ខ្ញុំ»។

ពលរដ្ឋ​រស់នៅ​ជិត​បឹងតាមោក​លោកស្រី ផន សុខុម ប្រាប់​ថា​ថ្មីៗ​នេះ អភិបាលរងខណ្ឌ​ព្រែក​ព្នៅ លោក ឈឹម សុផង់ ចុះ​មក​ប្រាប់​ពលរដ្ឋ​ផ្ទាល់​ថា រដ្ឋាភិបាល​ត្រូវការ​តំបន់​ភូមិ​សំរោង​ត្បូង​យក​ទៅ​អភិវឌ្ឍ ហើយ​តម្រូវ​ឲ្យ​ពលរដ្ឋ​រុះរើ​ផ្ទះ​ទៅ​នៅ​តំបន់​ផ្សេង ដោយ​លើក​ហេតុផល​ថា ពលរដ្ឋ​រស់នៅ​លើ​ដី​រដ្ឋ​ខុសច្បាប់​។ លោកស្រី​អះអាង​ថា ពួកគាត់​បាន​រស់នៅ និង​អាស្រ័យ​ផល​ដោយ​ចិញ្ចឹម​ត្រី ដាំ​ឈូក និង​បន្លែ​លើ​ផ្ទៃ​បឹង​តាមោក តាំងពី​ឆ្នាំ​១៩៩០ ប៉ុន្តែ​អាជ្ញាធរ មិន​ព្រម​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជូន​ពួកគាត់​ឡើយ៖ «ទឹកប្រាក់​គេ​ធ្វើ​អី​ក៏បាន​ដែរ ដូច្នេះ​ពួក​ខ្ញុំ​លើកដៃ​សំពះ ឲ្យ​ទាំង​លុយ​គេ​មិន​ធ្វើ​ឲ្យ​ខ្ញុំ​ទេ​ចាស ។ អីចឹង សូម​ឲ្យ​រដ្ឋាភិបាល​ជួយ​ (​ សម្ដេច​អើយ​ជួយ​កូនចៅ អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ គេ​ចង់តែ​បាន​ដី​ប្រជាពលរដ្ឋ​ ) ខ្ញុំ​អត់​មាន​ការ​ហាមឃាត់​អាជ្ញាធរ​ខណ្ឌ អាជ្ញាធរ​សង្កាត់​ទេ ព្រោះ​គាត់​ជា​ម៉ែឪ​យើង ប៉ុន្តែ​ខ្ញុំ​សំណូមពរ​គាត់ គាត់​មិន​យកចិត្ត​ទុក្ខ​ដាក់​ទេ គាត់​ (​ អាជ្ញាធរ​ )​ នៅតែ​ចោទ​ខ្ញុំ​ថា អ្នកឯង​ទន្ទ្រាន ទន្ទ្រាន​ដី​បឹង»។

ស្រដៀង​គ្នា​ដែរ ពលរដ្ឋ​រង​ការ​បណ្ដេញ​ចេញ​នៅ​ភូមិ​សំរោង​ត្បូង លោកស្រី គង់ តឿ ពោល​ទាំង​មិន​សុខចិត្ត ស្នើ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន មើល​ទុក្ខ​លំបាក​របស់​ពលរដ្ឋ និង​ឲ្យ​ពលរដ្ឋ​រស់​ក្រោម​ដំបូល​សន្តិភាព​របស់​លោក​ដោយ​កក់ក្ដៅ​ផង។ លោកស្រី​បន្ថែម​ថា ពី​លើក​មុន​លោកស្រី​បាន​ទៅ​តវ៉ា​នៅ​សាលា​ខណ្ឌ​ម្ដង​ហើយ តែ​អាជ្ញាធរ​លួងលោម​ក្រុម​លោកស្រី​ឲ្យ​ត្រឡប់​មក​ផ្ទះ​សិន ដោយ​សន្យា​ថា នឹង​ដោះស្រាយ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ឲ្យ តែ​មកដល់​ពេលនេះ​មិន​ទាន់​ធ្វើ​ប្លង់​ឲ្យ​ទេ ។ លោកស្រី​លើកឡើង​ថា គាត់​ឃើញ​អ្នកមាន​លុយ មានអំណាច​ចង់បាន​ដី​កន្លែង​ណា​មាន​ប្លង់​ទាំងអស់ លោកស្រី​លើក​ជា​សំណួរ​ថា តើ​ដី​របស់​រដ្ឋ មាន​សិទ្ធិ​សម្រាប់​តែ​មន្ត្រីរាជការ​រស់នៅ​ទេ​?៖ «ពីមុន​ដំបូង​ខ្ញុំ​ធ្វើ​ស្រូវ ធ្វើស្រែ​ប្រាំង​ដល់​គេ​បូមទឹក​ដាក់​ទៅ ខ្ញុំ​បាន​ធ្វើជា​ស៊ង​ត្រី​មួយ​តិចតួច​កូន​អាជីវកម្ម​នៅក្នុង​ហ្នឹង ។ ប៉ុន្តែ​ខ្ញុំ​ឆ្ងល់​ថា​អីចេះ ពី​មុន​មក​ខ្ញុំ​នៅ​ដូចជា​ធម្មតា​ចាក់​ដី​ចាក់​អី​បាន ប៉ុន្តែ​ត្រង់​នឹង​គេ​បង្កើត​ផ្សារ​នេះ ខណ្ឌ​មិន​ឲ្យ​ធ្វើ​ផ្ទះ​ធ្វើ​សម្បែង​អី​ហ្មង ហើយ​បើ​បាក់ជើង​សសរ​មួយ​ឲ្យ​ខ្ញុំ​ធ្វើ​ជើង​សសរ​មួយ​ឲ្យ​ត្រឹមតែ​ជួសជុល ។ ប៉ើង​ផ្ទះ​ប៉ើង​សម្បែង​ខ្ញុំ​អស់រលីង ហើយ​ខ្ញុំ​ឆ្ងល់​អីចេះ​ទៀត ខ្ញុំ​ឆ្ងល់​ថា​បុរី ប៊ុន ជេស្ឋ ហេតុ​អី គេ​ធ្វើ​លើ​មាត់បឹង​បាន»។

វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​សុំ​ការ​ស្រាយ​បំភ្លឺ​អំពី​រឿង​នេះ ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន អភិបាលរង​រាជធានី​ភ្នំពេញ លោក សេង រតនៈ និង​អភិបាលរងខណ្ឌ​ព្រែក​ព្នៅ លោ ឈឹម សុផង់ បានទេ​នៅ​ថ្ងៃទី​២៤ ខែ​មិថុនា ដោយ​ទូរស័ព្ទ​ហៅ​ចូល​មិន​មាន​អ្នក​ទទួល។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក សឹង សែនករុណា ថ្លែង​ថា អាជ្ញាធរ​គួរតែ​ពិនិត្យ​និង​ដោះស្រាយ​ទៅលើ​សំណើ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ជាជាង​អាជ្ញាធរ​មក​បណ្ដេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន​ទាំង​បង្ខំ ពីព្រោះ​ពលរដ្ឋ​រស់នៅ​លើ​ដី​ធ្លី​នេះ តាំង​ពី​មិនទាន់​អភិវឌ្ឍន៍ ។ លោក​បន្ត​ថា ពួកគាត់​បាន​កាន់កាប់​មក​តាំងពី​យូរ ស្រាប់តែ​រដ្ឋាភិបាល​បែរ​ជា​យក​តំបន់​នោះ ទៅ​អភិវឌ្ឍ​គួរតែ​ចរចា​ជាមួយ​ពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​តម្លាភាព​៖ «ពលរដ្ឋ​ក៏​អាច​ទទួល​យក​បាន ហើយ​ទាំង​ខាង​អាជ្ញាធរ ក៏​រក​វិធី​ក្នុង​ការ​ដោះស្រាយ​ដោយ​កុំ​ឲ្យ​មានការ អឺ​ !​ ប៉ះពាល់​ទៅដល់​អ្វី​ដែល​ជា​ការ​ចង់​បាន​របស់​ពួកគាត់​ហ្នឹង ។ អីចឹង​គួរតែ​មាន​ការ​សម្រប​សម្រួល​យ៉ាងណា រវាង​អាជ្ញាធរ​ហើយនឹង​ប្រជាពលរដ្ឋ​ហ្នឹង កុំ​ឲ្យ​ពួកគាត់​មាន​ការ​ប៉ះទង្គិច ឬក៏​ការ​បណ្ដេញចេញ ឬក៏​ធ្វើ​ឲ្យ​គាត់​មានការ​លំបាក​ក្នុង​ជីវភាព ដូចដែល​គាត់​ថា​ពិបាក​ក្នុង​ការ​រស់នៅ ឬក៏​គាត់​ចង់​យ៉ាងណា​នោះ ចង់​ជជែក​គ្នា​ឲ្យ​អស់​លទ្ធភាព ឬក៏​រក​ដំណោះស្រាយ​ឲ្យ​អស់​លទ្ធភាព​អីចឹង​ណា​បាទ»។

ផ្ទៃ​បឹង​តាមោក មាន​ទំហំ​ជាង ៣ ពាន់​ហិកតារ (៣.២៣៩) តាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ប៉ុន្តែ​បឹង​នេះ​បាន​រួម​តូច​បន្តិច​ម្ដងៗ បន្ទាប់​ពី​រដ្ឋាភិបាល លោក ហ៊ុន សែន សម្រេច​កាត់​ផ្ទៃ​បឹង និង​អនុញ្ញាត​ឱ្យ​ចាក់​ដី​លុប​អស់​រាប់​រយ​ហិកតារ ក្រោម​ហេតុផល​អភិវឌ្ឍន៍។

គិត​ត្រឹម​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២១ ទំហំ​ដី​បឹង​តា​មោក​មាន​ចំនួន​ជាង​ពីរ​ពាន់ (២.០០០) ហិកតារ ដែល​រដ្ឋាភិបាល​បាន​កាត់ និង​ដោះដូរ ទៅ​ស្ថាប័នរដ្ឋ ក្រុមហ៊ុន​ឯកជន និង​មនុស្ស​មួយ​ក្រុម ដែល​ពលរដ្ឋ​ដឹង​ថា ជា​អ្នកមាន​លុយ​មានអំណាច ដើម្បី​ឲ្យ​ពួកគេ​កសាង​អគារ បុរី វីឡា ខុនដូ និង​ធ្វើជា​កម្មសិទ្ធិ​ឯកជន​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។