ប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅបឹងតាមោកប្ដេជ្ញាថា ពួកគាត់ស៊ូស្លាប់ដើម្បីការពារដីសហគមន៍។ ពួកគាត់អះអាងថា ដីផ្ទះគឺជាអាយុជីវិត និងជម្រកសម្រាប់កូនៗរបស់ពួកគាត់រស់នៅ។
ពលរដ្ឋបឹងតាមោក និងកុមារប្រមាណជិត១០០នាក់ នៅថ្ងៃទី២៩ ខែកុម្ភៈ បានជួបជុំគ្នាតវ៉ានៅខាងមុខផ្លូវ១៥១ ខណ្ឌព្រែកព្នៅ ដើម្បីឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ និងបញ្ឈប់ការប្រើអំពើហិង្សាលើស្ត្រី និងកុមារ។ ពួកគាត់នាំគ្នាស្រែកទាមទាររកយុត្តិធម៌ និងសុំសិទ្ធិរស់នៅដីលំនៅឋានរបស់ពួកគាត់ និងអ្នកខ្លះទៀតកាន់បដា ដោយសរសេរថា «យើងខ្ញុំជាប្រជាពលរដ្ឋរស់នៅលើផ្លូវលេខ១៥១ ភូមិសំរោងត្បូង មិនព្រមដោះដូរដីទេ សុំអភិវឌ្ឍន៍នៅនឹងកន្លែង» ជាដើម។
ការតវ៉ានេះក៏មានការឃ្លាំមើលពីអាជ្ញាធរស្លៀកពាក់ស៊ីវិល និងឯកសណ្ឋានជិត២០នាក់ផងដែរ។ពលរដ្ឋរស់នៅក្បែរបឹងតាមោកលោកស្រី យន គឹមយឿន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៩ ខែកុម្ភៈ ថា ប្រសិនបើអត់ពីដីផ្ទះលោកស្រី មិនដឹងរំពឹងអ្វីទៀតនោះទេ ព្រោះដីផ្ទះគឺជាមរកត ចុងក្រោយដែលលោកស្រីបន្សល់ទុកឱ្យកូន។ លោកស្រីបន្តថា ដោយសារតែអាជ្ញាធរបន្តធ្វើទុក្ខបុកម្នេញពលរដ្ឋ ធ្វើឱ្យរំខានដល់ការរស់នៅ និងធ្វើឱ្យកូនៗលោកស្រីមិនបានទៅសាលារៀន។
លោកស្រី យន គឹមយឿន៖ «ប៉ះពាល់ខ្លាំងពីព្រោះគាត់កាយប្រឡាយហើយគាត់នឹងពង្រីងផ្លូវទៀត គាត់កាយប្រឡាយ៥០ម៉ែត្រ ពង្រីកផ្លូវប្រហែល ២៥ម៉ែត្រទៀត ហើយប្រហែលជាគាត់ធ្វើអីផ្សេងទៀតបាត់បង់អស់ហើយ ដីផ្ទះពួកខ្ញុំនោះវានៅសល់ប្រហែលជា៧០ម៉ែត្រ ដល់គាត់កាយប្រឡាយ៥០ម៉ែត្រ ហើយផ្លូវ ២៥ម៉ែត្រគឺពួកខ្ញុំអស់ជម្រកនៅ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងអភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៩ ខែកុម្ភៈ។
កាលពីថ្ងៃទី២៧ ខែកុម្ភៈ អាជ្ញាធរខណ្ឌព្រែកព្នៅ ប្រមាណ២០០នាក់បានប្រើអំពើហិង្សាលើស្ត្រី និងកុមារបណ្ដាលឱ្យស្ត្រីម្នាក់ដួលសន្លប់ និងកុមារ៧នាក់រងរបួសស្រាល ក្រោយពួកគាត់រារាំងមិនឱ្យគ្រឿងចក្រកាយប្រឡាយបង្ហូរទឹកស្អុយចូលផ្ទះពួកគាត់។ ពលរដ្ឋអះអាងថា កូនៗរបស់ពួកគាត់មិនហ៊ានទៅរៀននោះទេ ពីព្រោះខ្លាចបាត់បង់ផ្ទះ។
វិវាទដីធ្លីអូសបន្លាយរយៈពេលជិត៥ឆ្នាំមក ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនធ្លាក់ខ្លួនក្រីក្រ ជំពាក់បំណុលធនាគារ និងក្មេងៗមួយចំនួនបោះបង់ការសិក្សា ដោយពួកគេងាកមកជួយឪពុកម្ដាយរកប្រាក់ដោះស្រាយជីវភាពគ្រួសារវិញ។ ពលរដ្ឋទទូចឱ្យរដ្ឋាភិបាលអនុវត្តច្បាប់ឱ្យមានតម្លាភាព និងចេញប័ណ្ណកម្មសិទ្ធិដីធ្លី ជូនពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។