ពលរដ្ឋមានជម្លោះដីធ្លីនៅបឹងតាមោកចោទអាជ្ញាធរយកលេសឱ្យពលរដ្ឋរុះរើផ្ទះដើម្បីយកដី
2024.02.24
ពលរដ្ឋមានជម្លោះដីធ្លីនៅបឹងតាមោកចោទអាជ្ញាធរខណ្ឌព្រែកព្នៅថា ឱ្យពលរដ្ឋរុះរើផ្ទះដើម្បីកាយប្រឡាយធ្វើផ្លូវមេរំដោះទឹកគឺគ្រាន់តែជាលេស ចង់បណ្ដេញពលរដ្ឋចេញតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាពួកគាត់ប្រកាន់គោលជំហរថា នឹងស៊ូស្លាប់ការពារដីសហគមន៍ឱ្យគង់វង្ស។
ប្រជាពលរដ្ឋរស់នៅក្បែរបឹងតាមោក ជាង ១០០គ្រួសារ ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ អះអាងថា អាជ្ញាធរខណ្ឌព្រែកព្នៅនៅតែបន្តធ្វើទុក្ខបុកម្នេញ និងចង់បណ្ដេញប្រជាពលរដ្ឋចេញទាំងបង្ខំ។
ពលរដ្ឋរស់នៅក្បែរបឹងតាមោក លោកស្រី ស៊ា ដាវី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៣ ខែកុម្ភៈថា គឺជារឿងហួសចិត្ត និងមិនអាចទទួលយកបាន នៅពេលអាជ្ញាធរខណ្ឌព្រែកព្នៅជូនដំណឹងដល់ពលរដ្ឋឱ្យរុះរើផ្ទះ ទាំងបំពានច្បាប់បែបនេះ។ លោកស្រីបន្តថា អាជ្ញាធរយកលេសឱ្យពលរដ្ឋរុះរើផ្ទះ តូបលក់អីវ៉ាន់ និងមិនឱ្យចិញ្ចឹមត្រីលើទឹករបស់ពលរដ្ឋខ្លួនឯង គឺក្នុងគោលបំណងយកដីពលរដ្ឋឱ្យទៅក្រុមហ៊ុនឯកជនធ្វើជាកម្មសិទ្ធ។
លោកស្រី ស៊ា ដាវី៖ «ខ្ញុំយល់ថា រឿងនេះគឺជារឿងអយុត្តិធម៌ដែលរដ្ឋបាលខណ្ឌព្រែកព្នៅ ធ្វើនេះគឺធ្វើទាំងបំពានច្បាប់រដ្ឋធម្មនុញ្ញស្រុកខ្មែរ បំពានច្បាប់ភូមិបាល បំពានទាំងច្បាប់ក្រសួងបរិស្ថានទៀត មុននឹងមានការអភិវឌ្ឍអ្វីមួយគួរតែមានការវាយតម្លៃ និងជូនដំណឹងជាសាធារណៈឱ្យប្រជាពលរដ្ឋថា ការអភិវឌ្ឍ ហេដ្ឋារចនាសម្ពន្ធ អ្វីមួយហ្នឹងតើប៉ះពាល់ដល់បរិស្ថាន ឬក៏សង្គមអត់»។
ដោយឡែកពលរដ្ឋរស់នៅក្បែរបឹងតាមោកម្នាក់ទៀត គឺលោកស្រី សឿន ស្រីសុត ថ្លែងថា អាជ្ញាធរតែងមកគំរាមកំហែង និងប្រើហិង្សាលើពលរដ្ឋគ្រប់រូបភាពដើម្បីឱ្យពួកគាត់ចេញពីលំនៅឋាន។ លោកស្រីបន្តថា ការយកដីក្រោយផ្ទះពលរដ្ឋដើម្បីកាយប្រឡាយធ្វើផ្លូវរំដោះទឹកនេះ គឺប៉ះពាល់ដល់ផ្ទះ និងមានទឹកស្អុយហូរចូលដល់កន្លែងអាស្រ័យផលរបស់ពួកគាត់។
លោកស្រី សឿន ស្រីសុត៖ «ការកាយប្រឡាយស្ដារប្រពន្ធបង្ហូរទឹកស្អុយហ្នឹងគឺវាប៉ះពាល់ច្រើនដូចជាប៉ះពាល់សុវត្ថិភាពលំនៅឋាន បាក់ស្រុត ឬក៏បង្ហូរទឹកស្អុយប៉ះពាល់ដល់សុខភាព ដូចជាសួត ផ្លូវដង្ហើមជាដើម។ អ៊ីចឹង អាចបង្កហានិភ័យខ្លាំងដល់ពួកខ្ញុំ ដែលរស់នៅហ្នឹង។ អ៊ីចឹង ខ្ញុំសុំបដិសេធរាល់ការកាយប្រឡាយ សូមឱ្យគាត់បញ្ចៀសទៅកន្លែងផ្សេង»។
ការលើកឡើងរបស់ពលរដ្ឋទាំងនេះគឺក្រោយពេលអភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន កាលពីថ្ងៃទី២០ ខែកុម្ភៈ បានយកលិខិតជូនដំណឹងឱ្យពលរដ្ឋរុះរើផ្ទះ ឃ្លាំងដាក់សម្ភារៈ តូបលក់អីវ៉ាន់ ការចិញ្ចឹមត្រី និងការសាងសង់សំណង់មិនរៀបរយផ្សេងទៀតឱ្យចេញពីដីរដ្ឋឱ្យឆាប់រហ័ស ដើម្បីយកដីកាយប្រឡាយរំដោះទឹកបម្រើផលប្រយោជន៍សាធារណៈ។ លោក ធឹម សំអាន បញ្ជាក់ថា ប្រសិនបើពលរដ្ឋមិនព្រមរុះរើចេញតាមការជូនដំណឹងរបស់អាជ្ញាធរទេ នោះការខូចខាតទ្រព្យសម្បត្តិទាំងអស់អាជ្ញាធរមិនទទួលខុសត្រូវឡើយ។
ប៉ុន្តែពលរដ្ឋអះអាងថា ការកាយប្រឡាយដែលមានប្រវែងប្រហែល ៧០ម៉ែត្រ គឺដើម្បីបង្ហូរទឹកស្អុយដែលចេញពីបុរីមិនបានផ្ដល់ផលប្រយោជន៍ដល់ពលរដ្ឋឡើយ ហើយធ្វើឱ្យខូចខាតអាងចិញ្ចឹមត្រីពលរដ្ឋប្រមាណជិត ២ហិកតារថែមទៀត។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន និងអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៣ ខែកុម្ភៈ។
ជុំវិញរឿងនេះអ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (CCHR) លោក វណ្ណ សុផាត យល់ឃើញថា អាជ្ញាធរខណ្ឌព្រែកព្នៅឱ្យពលរដ្ឋរុះរើផ្ទះរបស់ពួកគាត់នេះ គឺហាក់ដូចជាបណ្ដេញពលរដ្ឋទាំងបង្ខំឱ្យចុះចេញលំនៅឋានរបស់ខ្លួនដូច្នេះដែរ។ លោកបន្តថា គ្រប់ការសាងសង់ហេដ្ឋារចនាសម្ពន្ធអ្វីមួយ គឺរដ្ឋាភិបាលគួរតែសិក្សាពីផលប៉ះពាល់ដល់ជីវភាពពលរដ្ឋជាមុនសិន។
លោក វណ្ណ សុផាត៖ «ទាក់ទងនឹងនីតិរដ្ឋហ្នឹង ហើយរដ្ឋយើងអ្នកអនុវត្តច្បាប់ ហើយដល់ពេលមន្ត្រីអនុវត្តច្បាប់ គាត់មិនអើពើ។ អ៊ីចឹង ថ្នាក់លើរបស់គាត់ ឬរដ្ឋាភិបាលគួរតែពិនិត្យមើលឱ្យច្បាស់លាស់ ទៅលើដំណើរការ ហើយនិងការអនុវត្តរបស់មន្ត្រីរបស់ពួកគាត់ហ្នឹងថា ធ្វើអ៊ីចឹង វាមិនស្របទៅនឹងច្បាប់អ៊ីចឹង យើងត្រូវមានការទទួលខុសត្រូវ ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរស់នៅទីនោះ»។
ការបង្ខំឱ្យពលរដ្ឋចេញពីលំនៅឋាននេះគឺមិនមែនជាលើកទី១ ទេ ពោលគឺអាជ្ញាធររកវិធីគ្រប់បែបយ៉ាង ដើម្បីបណ្ដេញពលរដ្ឋចេញពីតំបន់បឹងតាមោក ដោយមានការគំរាមកំហែង ការតាមឃ្លាំមើល និងការប្រើអំពើហិង្សាលើស្ត្រីជាដើម។
ការទាមទារឱ្យមានដំណោះស្រាយដីធ្លីនេះធ្វើឱ្យពលរដ្ឋខ្លះជាប់បណ្ដឹងនៅតុលាការ និងអ្នកខ្លះទៀតបានរត់ភៀសខ្លួនទៅក្រៅប្រទេស ដើម្បីគេចពីការយាយីរបស់អាជ្ញាធរ។ ពលរដ្ឋអះអាងថា ដីផ្ទះជាអាយុជីវិត និងជាដង្ហើមសេដ្ឋកិច្ចរបស់ពួកគាត់ ដូច្នេះពួកគាត់ស៊ូបាត់បង់ជីវិតក៏មិនព្រមរើចេញនោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។