អាជ្ញាធរស្រុកតំបែរ និងស្រុកត្បូងឃ្មុំ ដាក់ពង្រាយកម្លាំងសមត្ថកិច្ចតាមផ្លូវ ហាមឃាត់ពលរដ្ឋមានជម្លោះដីធ្លីប្រមាណ ២រយនាក់ មិនឲ្យធ្វើដំណើរទៅគាំទ្រតំណាងពួកគេ ដែលចូលបំភ្លឺនៅសាលាដំបូងខេត្ត និងទាមទារឲ្យដោះលែងតំណាង ២នាក់ជាប់ក្នុងពន្ធនាគារ។ សង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ចាត់ទុកសកម្មភាពនេះ ថាជាការរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ក្នុងការដើរហើរ និងជួបជុំគ្នាក្នុងតវ៉ាដោយសន្តិវិធី។
អគ្គលេខាធិការរង នៃសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ម៉ឺន រតនា ឲ្យដឹងថា អាជ្ញាធរបានឃាត់ទុកគោយន្តកន្ត្រៃ ៨គ្រឿង និងរថយន្តកូរ៉េ ១គ្រឿង ដោយសួររកប័ណ្ណបើកបរ ស្ថិតនៅទីតាំងក្រុងសួង ទីរួមខេត្តត្បូងឃ្មុំ ខណៈពលរដ្ឋប្រមាណ ២រយនាក់ធ្វើដំណើរពីឃុំត្រពាំងព្រីង ទៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីទាមទារឲ្យតុលាការដោះលែងលោក សែម សាង និងគាំទ្រតំណាងពលរដ្ឋ ៥នាក់ទៀត ដែលចូលខ្លួនបំភ្លឺ ទាក់ទងនឹងបណ្ដឹងក្រុមហ៊ុនចិន។ លោកបន្តថា បើទោះបីជាសមត្ថកិច្ចឃាត់ទុកយានជំនិះពលរដ្ឋក៏ដោយ ពួកគាត់នៅតែដើរថ្មើរជើងទៅដល់សាលាដំបូងខេត្តត្បូងឃ្មុំ ចម្ងាយជាង ២គីឡូម៉ែត្រ។
លោក ម៉ឺន រតនា ដែលតាមរឿងនេះ មើលឃើញថា មានការដាក់ពង្រាយកងកម្លាំងកងរាជអាវុធហត្ថប្រមាណ ២រយនាក់ ប្រដាក់ដោយខែល និងដំបង ជុំវិញបរិវេណសាលាដំបូងខេត្ត ខណៈក្រុមប្រជាពលរដ្ឋឈរប្រមូលផ្ដុំគ្នាមុខតុលាការ ទាមទារឲ្យមានការទម្លាក់ចោលបទចោទ និងដោះលែងតំណាងពួកគេឲ្យមានសេរីភាពវិញ៖ «ខ្ញុំគិតថាការដាក់កងកម្លាំងនេះ ជាការបំភ័យមួយធ្វើឲ្យប្រជាពលរដ្ឋហ្នឹង កុំឲ្យហ៊ានមកចូលរួមទាមទារ ហើយបំបាក់ស្មារតីអ្នកដែលគាំទ្រតំណាងរបស់ខ្លួន ដែលគេចាប់ដាក់ពន្ធនាគារ។ រឿងនេះ គឺជាការគំរាមកំហែងមួយដែរ ព្រោះដាក់កងកម្លាំងច្រើនមែនទែន ទន្ទឹមនឹង ប្រជាពលរដ្ឋដែលជាអ្នករងផលប៉ះពាល់ តវ៉ាដីរបស់រដ្ឋ តវ៉ាដីរបស់ខ្លួនឯងដើម្បីតែក្រពះខ្លួនឯង បែរជាមានកងកម្លាំងប្រដាប់អាវុធច្រើន ដាក់មកមើលតែអ្នកមកហ្នឹង ដូចមានទោសក្បត់ជាតិមួយអ៊ីចឹង។ បើយើងប្រៀបធៀបដូចចង់ស្នើនឹងទោសក្បត់ជាតិ។ ប្រជាពលរដ្ឋមានជម្លោះដីធ្លី ហេតុអីដាក់កម្លាំងប្រដាប់អាវុធច្រើនម៉្លេះ»។
នាយករងផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ចាត់ទុកសកម្មភាពពីសំណាក់អាជ្ញាធរនេះថា ជាការគាបសង្កត់ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងការជួបជុំគ្នាតវ៉ាសន្តិវិធី ដោយគ្រាន់តែទៅគាំទ្រតំណាងពួកគេ ដែលចូលបំភ្លឺ ហើយទាមទារឲ្យតុលាការដោះលែងតំណាងដែលនៅជាប់ឃុំក្នុងពន្ធនាគារ៖ «គាត់គ្រាន់តែទៅលើកទឹកចិត្ត ក៏ដូចជាការគាំទ្រ ការរង់ចាំស្ដាប់ព័ត៌មាន។ នេះជាសេរីភាពរបស់ពួកគាត់។ អាជ្ញាធរហាក់ដូចជាមានការបារម្ភ ភ័យហួសហេតុពេកធ្វើការបង្អាក់ដំណើររឿងទៅចូលរួមសវនាការរបស់ពួកគាត់ នេះគឺជាទង្វើមួយទៀតដែលបង្ហាញពីការរឹតត្បិតសេរីភាពរបស់ប្រជាពលរដ្ឋ» ។
ពលរដ្ឋឲ្យដឹងថា លោក សែម សាង មិនត្រូវបាននាំខ្លួនមកសាលាដំបូងខេត្ត ដើម្បីឆ្លើយបំភ្លឺតាមបណ្ដឹងរបស់ភាគីក្រុមហ៊ុនចិន នៅថ្ងៃទី២១ តុលា ទេ ដោយមានតំណាង៥នាក់ចូលបំភ្លឺ។ អាស៊ីសេរី មិនអាចសុំការបកស្រាយរឿងនេះ ពីអ្នកនាំពាក្យសាលាដំបូងខេត្តត្បូងឃ្មុំ លោក ថេង ជាង បាននៅឡើយទេ ដោយគ្មានអ្នកទទួលទូរស័ព្ទ។
កាលពីថ្ងៃទី១៧ តុលា សមត្ថកិច្ចបានចាប់ខ្លួនតំណាងពលរដ្ឋលោក សែម សាង ស្ថិតនៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ដោយគ្មានមូលហេតុ បន្ទាប់ពីលោកវិលត្រឡប់មកពីចូលរួមសិក្ខាសាលាចិញ្ចឹមមាន់ និងផលិតទឹកសុទ្ធ នៅខេត្តកំពង់ឆ្នាំង។
វិវាទដីធ្លីរវាងក្រុមហ៊ុនចិន ឈ្មោះ ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) ជាមួយពលរដ្ឋនៅឃុំត្រពាំងព្រីង កើតឡើងខ្លាំងនៅឆ្នាំ២០១៤ និង២០១៥ ក្រោយពេលដីតំបន់នោះជិត ១ពាន់ហិកតារ ត្រូវបានអាជ្ញាធរមូលដ្ឋានដើរប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ ហើយប្រគល់ប្រាក់ឱ្យពួកគាត់ក្នុងមួយគ្រួសារទទួលបានពី ៤០ម៉ឺនរៀល ទៅជាង ១លានរៀល ជាថ្នូរថាបានលក់ដីឱ្យក្រុមហ៊ុនកាលពីឆ្នាំ២០០៩ ស្របពេលប្រជាសហគមន៍មិនបានដឹងថា ដីនោះនៅចំណុចណាឡើយ។
ក្រៅពីវិបត្តិដីធ្លីជាមួយក្រុមហ៊ុនចិន ពលរដ្ឋនៅឃុំត្រពាំងព្រីង ក៏មានបញ្ហាប្រឈមមួយទៀត ដោយសារដីព្រៃសហគមន៍របស់អ្នកភូមិប្រមាណ ១០សហគមន៍ ដែលមានទំហំជាង ៥ពាន់ហិកតារ ត្រូវបានក្រុមអ្នកមានប្រាក់ និងមានអំណាចគ្រប់គ្រងមួយភាគធំបច្ចុប្បន្ន។ ពលរដ្ឋបានប្ដឹងករណីនេះតាំងពីថ្នាក់ឃុំរហូតថ្នាក់ជាតិ និងដាក់ពាក្យប្ដឹងទៅតុលាការថែមទៀតផង ក្នុងគោលបំណងទាមទារដីព្រៃសហគមន៍ទាំងនោះមកដាក់ជាសម្បត្តិរួមវិញ និងដាក់ទោសទណ្ឌដល់ក្រុមជនល្មើសទៀតផង ប៉ុន្តែគិតមកដល់ពេលនេះ ដំណើរការដោះស្រាយនៅមិនទាន់ចេញជារូបរាងទេ។
លោក អំ សំអាត យល់ថា អាជ្ញាធរខេត្តនិងក្រសួងរៀបចំដែនដី គួរស្វែងរកដំណោះស្រាយណាមួយដែលភាគីទាំងពីរអាចទទួលយកបាន ដើម្បីបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃមួយនេះ។ មន្ត្រីសិទ្ធិមនុស្សរូបនេះ ថា ការប្រើប្រព័ន្ធតុលាការដាក់សម្ពាធប្រជាពលរដ្ឋ មិនមែនជាដំណោះស្រាយទេ ផ្ទុយទៅវិញ នោះរឹតតែជំរុញឲ្យពលរដ្ឋចេញតវ៉ាខ្លាំងថែមទៀត។
អគ្គលេខាធិការរង នៃសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ម៉ឺន រតនា ឲ្យដឹងថា តុលាការមិនទាន់ចេញសេចក្ដីសម្រេចណាមួយនៅឡើយទេ ក្រោយពីតំណាងពលរដ្ឋ ៥រូប ចូលបំភ្លឺតាមបណ្ដឹងក្រុមហ៊ុនចិន ដែលទាមទាររក្សាការពារដីមួយកន្លែង គ្រប់គ្រងដោយប្រជាពលរដ្ឋ ស្ថិតនៅក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ជាប់ប្រទល់នឹងខេត្តក្រចេះ។ លោក ថា តុលាការនឹងកោះហៅពួកគាត់ឲ្យចូលខ្លួនឆ្លើយបំភ្លឺម្ដងទៀត ប៉ុន្តែនៅមិនទាន់កំណត់កាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។