ពលរដ្ឋសហគមន៍ថ្មគោល ដែលមានជម្លោះដីធ្លីស្ថិតនៅក្បែររបងអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ បានបន្តខ្វែងគំនិតគ្នាពាក់ព័ន្ធនឹងវិធីដោះស្រាយ។ មួយក្រុមបានអះអាងថា ពួកគាត់ព្រមទទួលយកគោលការណ៍តាមតម្លៃទីផ្សារដីជាអន្តរជាតិ ចំណែកមួយក្រុមផ្សេងទៀតទាមទារគោលការណ៍អភិវឌ្ឍន៍នៅនឹងកន្លែង។ ទោះជាបែបណា មន្ត្រីសង្គមស៊ីវិលដែលឃ្លាំមើលបញ្ហានេះ យល់ថា នេះជាជម្រើសរបស់អ្នករងគ្រោះ ហើយជាអ្វីដែលពួកគេសមទទួលបាន។
ពិធីជួបជុំមួយដែលធ្វើឡើងដាច់ដោយឡែកពីគ្នា នៅព្រឹកថ្ងៃទី២ ខែមីនា បានចាប់ផ្ដើមនៅក្នុងសហគមន៍ថ្មគោលក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយមួយក្រុមៗ បានលើកពីហេតុផលរៀងៗខ្លួន ពីឆន្ទៈក្នុងការទទួលយកគោលការណ៍លើជម្លោះដីធ្លីមួយកន្លែង ដែលស្ថិតនៅក្នុងគម្រោងពង្រីកផ្លូវសុវត្ថិភាពអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ថែមទៀត។
ភាគីម្ខាងៗមានមន្ត្រីអង្គការសង្គមស៊ីវិលនៅចាំសម្របសម្រួលផ្នែកផ្លូវច្បាប់រៀងៗខ្លួន។ ក្រុមដែលមានអង្គការស្រាវជ្រាវជាតិកម្ពុជា ហៅកាត់ថា ស៊ីអ៊ិនរ៉ូ (CNRO) របស់លោក ហ៊ាង រិទ្ធី បានស្ដីបន្ទោសក្រុមអ្នកដែលតែងតវ៉ាថា ព្រោះមានអង្គការសិទ្ធិលំនៅឋានរបស់លោក សៀ ភារម្យ ជាអ្នកស្ថិតនៅពីក្រោយខ្នង។ ចំណែកក្រុមលោកស្រី ច្រាយ នីម ដែលមានក្រុមការងារពិសេសសិទ្ធិលំនៅឋានវិញ អះអាងថា ពុំមានអង្គការណាមួយចាំញុះញង់នោះទេ ក៏ប៉ុន្តែការទាមទារនេះ គឺដើម្បីដំណោះស្រាយរួមប៉ុណ្ណោះ។
ការជួបជុំដែលធ្វើឡើងកាលពីព្រឹកថ្ងៃទី២ មីនា នៅសហគមន៍ថ្មគោល បានធ្វើដាច់ដោយឡែកៗពីគ្នា ក្នុងពេលតែមួយ។ ប្រជាពលរដ្ឋបានប្រមូលផ្ដុំគ្នាជាក្រុមៗ មួយចំនួននៅក្រោមដើមក្រសាំង។មួយក្រុមទៀតនៅក្នុងផ្ទះ ហើយមួយក្រុមផ្សេងទៀតនៅខាងមុខផ្ទះក្រោមម្លប់ឈើ។
ប្រជាពលរដ្ឋមួយក្រុមដែលអះអាងថា ពួកគេព្រមទទួលយកគោលការណ៍តាមកិច្ចព្រមព្រៀង ដែលភាគីអាកាសចរណ៍ស៊ីវិលសន្យានឹងផ្ដល់តម្លៃដីជាទីដែលមានជម្លោះនោះ ទៅតាមតម្លៃទីផ្សារអន្តរជាតិថ្លែងថា ការបន្តតវ៉ានឹងមិននាំឲ្យមានផលចំណេញណាមួយឡើយ ហើយអ្វីដែលខាងអាកាសស៊ីវិលសន្យាថា នឹងទិញដីទៅតាមតម្លៃទីផ្សារសកលនេះ គឺជាជម្រើសដ៏ប្រសើរបំផុតសម្រាប់ពួកគាត់។
អាកាសចរណ៍ស៊ីវិលត្រូវពង្រីកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ៥ម៉ែត្រ បន្ថែមទៀតពីរបងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានស្រាប់។ ហើយការពង្រីកនេះ បានប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ៥០០គ្រួសារ ដែលមាន ៥ភូមិ កំពុងរស់នៅក្បែររបងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួមមានភូមិថ្មគោល ភូមិគោកចំបក់ ភូមិតាងួន ភូមិជ្រៃជីសាក់ និងភូមិត្រពាំងល្វា។ក្រោយពីមានជម្លោះចាប់តាំងពីខែកក្កដា ឆ្នាំ២០១២ ប្រជាពលរដ្ឋចាប់ផ្ដើមចងក្រងជាបណ្ដាញ ព្រមទាំងជ្រើសរើសបានមនុស្ស ១០នាក់ ធ្វើជាតំណាង ដើម្បីងាយចរចា និងតវ៉ាប្រឆាំងផែនការអភិវឌ្ឍន៍នេះ មុននឹងជម្លោះផ្ទៃក្នុងបានប្រេះឆា និងផ្ទុះឡើង។
ដោយឡែកមួយក្រុមទៀតដែលអះអាងថា ជាក្រុមព្រមទទួលយកគោលការណ៍អភិវឌ្ឍន៍នៅនឹងកន្លែងវិញ ដែលដឹកនាំដោយលោកស្រី ច្រាយ នីម ឲ្យដឹងថា ពួកគេធ្វើអ្វីៗគឺដើម្បីស្វែងរកដំណោះស្រាយ និងផ្ដល់ផលប្រយោជន៍ឲ្យសហគមន៍ដែលមានជម្លោះប៉ុណ្ណោះ។ ហើយពុំមានចេតនាណាមួយនាំផលលំបាកឲ្យសហគមន៍នោះទេ។ លើសពីនេះ ពួកគេចាត់ទុកថា ការទទួលយកគោលការណ៍តម្លៃដីទៅតាមទីផ្សារ ឬជាសំណង់អាចនឹងមិនមានលទ្ធផលល្អ។
អនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជាប្រធានក្រុមការងារបច្ចេកទេសលោក សយ សុខាន់ ឆ្លើយតបថា ជាប់រវល់ ហើយត្រូវរង់ចាំដល់ថ្ងៃច័ន្ទ។
ក៏ប៉ុន្តែនៅក្នុងកំណត់ហេតុនៃកិច្ចប្រជុំកាលពីថ្ងៃទី២០ កុម្ភៈ ដែលមានប្រជាពលរដ្ឋ សហគមន៍ថ្មគោល និងអ្នកពាក់ព័ន្ធរបស់ក្រុមអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា ការកំណត់តំបន់សន្តិសុខ និងតំបន់សុវត្ថិភាពនៅជុំវិញបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺអនុលោមតាមបទបញ្ញត្តិស្តីពីសន្តិសុខ និងអាកាសចរណ៍ស៊ីវិល ព្រមទាំងស្តង់ដារអាកាសចរស៊ីវិលអន្តរជាតិ។
លោក សៀ ភារម្យ នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន ដែលសម្របសម្រួលខាងក្រុមអ្នកដែលតែងចេញតវ៉ាបញ្ជាក់ថា ការជ្រើសរើសណាមួយជាកាតព្វកិច្ចរបស់ពលរដ្ឋ។ ក៏ប៉ុន្តែ អ្វីដែលជាបញ្ហានេះត្រង់ថា ការបន្តខ្វែងគំនិតគ្នា គឺជាចំណុចស្លាប់រស់របស់ពួកគាត់ទៅវិញទេ ហើយអង្គការរបស់លោក ក៏ពុំបានកៀរគរជំនួញដើម្បីផលចំណេញណាមួយសម្រាប់លោកឡើយ ផ្ទុយទៅវិញ ជាតម្រូវការរបស់សង្គមប៉ុណ្ណោះ។
ចំណែកលោក ហ៊ាង រិទ្ធី នាយកអង្គការស្រាវជ្រាវជាតិកម្ពុជា ហៅកាត់ថា ស៊ីអ៊ិនរ៉ូ ចាត់ទុកថា បញ្ហានេះកើតឡើងទំនងទាក់ទងចំណេះដឹង។ លើសពីនេះ កង្វះកិច្ចសហការជាដើមចមនៃបញ្ហា។
កិច្ចប្រជុំរវាងប្រជាពលរដ្ឋដែលរង់ផលប៉ះពាល់ និងភាគីពាក់ព័ន្ធកាលពីថ្ងៃទី២០ កុម្ភៈ បានឯកភាពដោះស្រាយជាដំណាក់កាលតាមគោលការណ៍ ៦ចំណុច ហើយចំណុចចុងក្រោយគឺការទូទាត់សំណង និងការចាកចេញរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ នឹងមានចែងលម្អិតក្នុងផែនការសកម្មភាពដោះស្រាយផលប៉ះពាល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។