ពលរដ្ឋ​ចំណាកស្រុក​រាប់ពាន់​គ្រួសារ​ជួល​ដី​ពី​ក្រុមហ៊ុន​ស្ករអំពៅ​ចិន​ហេងហ្វូ​ខេត្តព្រះវិហារ

ដោយ សុជីវី
2021-09-04
Share
ពលរដ្ឋ​ចំណាកស្រុក​រាប់ពាន់​គ្រួសារ​ជួល​ដី​ពី​ក្រុមហ៊ុន​ស្ករអំពៅ​ចិន​ហេងហ្វូ​ខេត្តព្រះវិហារ ក្រុមហ៊ុន ហេង ហ្វូ (Hengfu Group Sugar Industry) នៅខេត្តព្រះវិហារ។ រូបថត កាលពីអំឡុងខែសីហា ឆ្នាំ ២០១៩។
Photo Provided

ពលរដ្ឋ​ចំណាកស្រុក​រាប់ពាន់​គ្រួសារ បាន​សម្រុក​ទៅ​ជួល​ដី​យ៉ាងច្រើន​សន្ធឹក​សន្ធាប់ ពី​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ដែល​ក្រុមហ៊ុន​ស្ករអំពៅ​ចិន​ ហេង ហ្វូ (Hengfu Group Sugar Industry) ផ្អាក​ដំណើរការ​សង្វាក់​ផលិតកម្ម​តាំងពី​ឆ្នាំ២០១៩។ ពលរដ្ឋ​ទាំង​នោះ បាន​ជួល​ដី​ពី​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ក្នុង ១ហិកតារ​តម្លៃ ចន្លោះ​ពី ១០០​ដុល្លារ ទៅ ១៥០​ដុល្លារ តាម​ទីតាំង​ដី​ជាក់ស្តែង​។ ចំណែក​ជនជាតិ​ដើម​ភាគតិច​កួយ ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ចាត់ទុក​បញ្ហា​នេះ​ថា ជា​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​រវាង​ក្រុមហ៊ុន​ចិន និង​អាជ្ញាធរ​ខេត្ត​ព្រះវិហារ។

ពលរដ្ឋ​ចំណាកស្រុក​ទាំងនោះ រស់​នៅ​ខេត្ត​កំពង់ចាម កំពង់ឆ្នាំង បាត់ដំបង និង​ខេត្តព្រៃវែង ឱ្យដឹង​នៅ​ថ្ងៃទី៣ កញ្ញា​ថា ពួកគាត់​ទើបតែ​សម្រេចចិត្ត​ជួល​ដី ដែល​រដ្ឋាភិបាល វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ស្ករអំពៅ​ចិន ហេង ហ្វូ (Hengfu Group Sugar Industry) ​ដោយសារ​ដី​នៅ​តំបន់​នោះ មាន​ជីវជាតិ ធំ​ទូលាយ ហើយ​អាច​បង្កបង្កើនផល​បាន​ទិន្នផល​ខ្ពស់។ ពួកគាត់​ភាគច្រើន​ធ្វើ​ស្រូវ និង​ដំឡូង​មី ហើយ​ទើបតែ​ដាំ​ដុះ​នៅ​ឆ្នាំ២០២១ ​នេះ។

ពលរដ្ឋ​ម្នាក់​ដែល​មក​ជួល​ដី​ក្រុមហ៊ុន​ចិន លោក សាន់ វិបុល មាន​ប្រសាសន៍​ថា លោក​បាន​ជួល​ដី​ ៣០​ហិកតារ ពី​អាជ្ញាធរ​ខេត្តព្រះវិហារ ដើម្បី​ដាំ​ដុះ​ក្នុង​បរិវេណ​ក្រុមហ៊ុន​សម្បទាន​​សេដ្ឋកិច្ច​ចិន​ហេង​ហ្វូ ហើយ​ដី​ដែល​លោក​ជួល​នោះ​ឋិត​ក្នុងស្រុក​ឆែប​។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​លោក​ជួល​ដី​ទាំងនោះ ដោយសារតែ​គ្រួសារ​លោក​ពុំ​មាន​ដីស្រែ​បង្កបង្កើនផល​។ លោក​សង្កេត​ឃើញ​ថា ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ភាគច្រើន​មិនបាន​ជួល​ដី​ដែល​កំពុង​មាន​ជម្លោះ​នោះ​ទេ ភាគច្រើន​ជា​ពលរដ្ឋ​ចំណាកស្រុក​រស់នៅ​ខេត្ត​ឆ្ងាយៗ​។ លោក​បន្ត​ទៀត​ថា ការជួល​ដី​នេះ អាជ្ញាធរ​មូលដ្ឋាន​មិន មាន​លក្ខខណ្ឌ​សាំញ៉ាំ​ច្រើន​ទេ គឺ​ធ្វើ​តែ​លិខិត​បង់ប្រាក់​ទៅតាម​ទំហំ​ដី​ដែល​ពលរដ្ឋ​បាន​ជួល៖ «ចង់​ជួល​គេ​ក្នុង​តម្លៃ​ទាប​គេ​មិន​ឱ្យ​ធ្វើ ពេល​អ្នកណា​គេ​មាន​លុយ​មក​ពី​បាត់ដំបង កំពង់ធំ គេ​យក ១​រយ​ហិកតារ ២​រយ​ហិកតារ តម្លៃ ៥៥​ម៉ឺន​ក្នុង​មួយ​ហិកតារ​អ៊ីចឹង ហើយ​អ្នក​ក្នុងភូមិ​អត់​មាន​លុយ​អត់​មាន​អ្នកធ្វើ​ដែរ។ ឆ្នាំ​ដំបូង​ខ្ញុំ​ជួល​ដី​មួយ​ហិកតារ​តែ ២០​ម៉ឺន ធ្វើ​ ៥​ហិកតារ​ចិន​អត់​រករឿង​អី​ផង»

ពលរដ្ឋ​ម្នាក់​ដែល​ជា​កម្មករ​ឱ្យ​ក្រុមហ៊ុន​ចិន ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ រៀបរាប់​ថា ពលរដ្ឋ​ទាំង​នោះ​បាន​សម្រុក​ជួល​ដី​ក្នុង​តំបន់​ការដ្ឋាន​ក្រុមហ៊ុន​ចិន និង​តំបន់​អគារ​បួន​ជាន់ សិ្ថត​ក្នុងភូមិ​ប្រើស​ក្អក ស្រុក​ឆែប នៅ​រដូវ​វស្សា​ក្នុង​ឆ្នាំ​២០២១ ​នេះ​។ លោក​អះអាង​ទៀត​ថា ពលរដ្ឋ​ចំណាកស្រុក​ទាំងនោះ​ត្រូវ​ឆ្លង​កាត់ អភិបាល​រង​ខេត្តព្រះវិហារ លោក មុត ភិសិទ្ធនា ដើម្បី​បង់ថ្លៃ​ប្រាក់​ជួល​ដី និង​មានការ​ចរចា​តថ្លៃ​ជាមួយ​ជនជាតិ​ចិន​ដោយ​មាន​លោក សៀវ ឈិន អ្នក​បកប្រែ​។ លោក​ពន្យល់​ថា ពលរដ្ឋ​ដែល​មក​ជួល​ដី​ទាំងនោះ ត្រូវ​បាន​អភិបាលរង​ស្រុក​ឆែប លោក អ៊ុំ សុភឿន កាង​ការពារ ជៀសវាង ប៉ះទង្គិច​ជាមួយ​ក្រុម​ជនជាតិ​ដើម​កួយ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ហេងហ្វូ​ចិន​។ លោក​បញ្ជាក់​ថា ដី​ដែល​អាជ្ញាធរ និង​ជនជាតិ​ចិន ជួល​ឱ្យ​ពលរដ្ឋ​ក្នុង​មួយ​ហិកតារ​មាន​តម្លៃ​ចន្លោះ​ពី ៤០​ម៉ឺន​រៀល ទៅ ៦០ម៉ឺន​រៀល ទៅតាម​តំបន់​ដី​មាន​ទីតាំង​ជាប់​ផ្លូវ និងឆ្ងាយ​ពី​ផ្លូវ គឺ​ថ្លៃ​ជាង​រដ្ឋ​ជួល​ឱ្យ​ក្រុមហ៊ុន​ចិន ក្នុង​មួយ​ហិកតារ តម្លៃ ៥​ដុល្លារ៖ «ក្រុមហ៊ុន​ក្ស័យធន​ជាង ២​ឆ្នាំ​មក​ហើយ ប្រជាពលរដ្ឋ​គ្រាន់តែ​អាស្រ័យ​ផល ចង់​ជួល​ក៏​ជួល​ទៅ​តែ​តម្លៃ​សមរម្យ នេះ​យក​កប់​ពពក»

វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​បកស្រាយ​រឿង​នេះ ពី​អភិបាល​រង​ស្រុក​ឆែប លោក អ៊ុំ សុភឿន និង​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះវិហារ លោក យ៉ុង គឹមហឿង បាន​នៅ​ឡើយ​ទេ ចាប់តាំង​ពី​ថ្ងៃទី១ ដល់​ថ្ងៃទី​៣ កញ្ញា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក​។ ចំណែក អភិបាល​រង​ខេត្តព្រះវិហារ លោក មុត ភិសិទ្ធនា និង អ្នកបកប្រែ​ឱ្យ​ក្រុមហ៊ុន​ចិន លោក សៀវ ឈិន ក៏​មិនអាច​ទាក់ទង​បាន​ដែរ។

ប៉ុន្តែ​អភិបាល​រង​ខេត្ត​ព្រះវិហារ លោក មុត ភិសិទ្ធនា បាន​ប្រាប់​ប្រជា​សហគមន៍​ជនជាតិភាគតិច​ថា ដី​ដែល​រដ្ឋាភិបាល​វិនិយោគ ឱ្យ​ក្រុមហ៊ុន​ចិន អាជ្ញាធរ​អាច​មាន​សិទ្ធិ​ជួល​ដី​ទាំងនោះ​ទៅ​ឱ្យ​ក្រុម​ឈ្មួញ​ដើម្បី​ទទួល​បាន​ប្រាក់ បង់ពន្ធ​ចូល​រដ្ឋ ទោះបីជា​ក្រុមហ៊ុន​ផ្អាក​ដំណើរការ​ជាង​២​ឆ្នាំ​ក្តី។

មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​លោក មាស សុខសេនសាន ធ្លាប់​លើកឡើង​ថា រដ្ឋ​បាន​យកពន្ធ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច ក្នុង ១ហិកតារ ៥ដុល្លារ ឬ​ប្រហាក់ប្រហែល ២​ម៉ឺន​រៀល​។ រដ្ឋ​អាច​រកចំណូល​បាន​ជា​មធ្យម​ប្រមាណ ១០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំងអស់​នៅ​ទូទាំង​ប្រទេស។

អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន ធ្លាប់​លើកឡើង​ថា រដ្ឋាភិបាល​នឹង​សើរើ​មើល​កិច្ចសន្យា​ឡើងវិញ ហើយ​នៅ​ពេល​ដែល​សេដ្ឋកិច្ច​ចាប់ផ្តើម​មាន​ភាព​នឹងនរ​វិញ​ប្រាកដ​ថា កិច្ចសន្យា​មួយចំនួន​នឹង​ត្រូវ​ពិចារណា​ពី​លទ្ធភាព​ដែល​អាច​បង្កើន​ចំណូល និង​បង្កើន​ថ្លៃ​ជួល​ជាដើម។

ចំណែក​ជនជាតិ​ដើម​កួយ មាន​ជម្លោះដីធ្លី​ជាមួយ ក្រុមហ៊ុន​ចិន​មិន​សប្បាយចិត្ត​ចំពោះ​អាជ្ញាធរ​ដែល​ជួល​ដី​មាន​ជម្លោះ​មួយចំនួន​ឱ្យ​ពលរដ្ឋ​ចំណាកស្រុក មកពី​ខេត្ត​ឆ្ងាយៗ ​ដូច្នោះ​ទេ​។ ពួកគេ​ចាត់ទុក​ទង្វើ​នេះ​ថា ជា​រឿង​មិន​សម​ទំនង ខណៈ​ដែល​ជម្លោះដីធ្លី​រវៀង​ពលរដ្ឋ​រាប់ពាន់​គ្រួសារ ជាមួយ​ក្រុមហ៊ុន​ចិន នៅ​មិនទាន់​ដោះស្រាយ​ចប់​សព្វគ្រប់​នៅ​ឡើយ។

ជនជាតិ​ដើម​ភាគតិច​កួយ​រស់នៅ​ភូមិ​គោក ឃុំ​ស្អាង ស្រុក​ជ័យសែន លោកស្រី ព្រំ ញ៉េប ថ្លែង​ថា ដីស្រែ​ចម្ការ​របស់​លោក​ស្រី ២៥​ហិកតារ ត្រូវ​ក្រុមហ៊ុន​រំលោភ​យក​ជិត ១០ឆ្នាំ​មក​ហើយ​។ លោកស្រី​ថា ពួកគាត់​តែងតែ​មានះ ចូល​ទៅ​ធ្វើស្រែ និង​ដំណាំ លើ​ដី​របស់​ពួកគាត់​វិញ ព្រោះ​អ្នកភូមិ​គ្មាន​ដីធ្លី​សម្រាប់​បង្កបង្កើន​ចិញ្ចឹមជីវិត​ឡើយ។ លោកស្រី​បន្ថែម​ថា កន្លង​មក​លោកស្រី​បាន​ចូល​ធ្វើ​ដំ​ដុះ​ក្នុង​ដី​របស់​លោក​ស្រី​ខ្លះ​ដែរ ប៉ុន្តែ អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​ឈ្មួញ​ចិន គំរាមកំហែង បំផ្លាញ​ដំណាំ​របស់​លោកស្រី​។ លោកស្រី​ថា មក​ទល់​ពេល​នេះ អាជ្ញាធរ និង​ក្រុមហ៊ុន​ចិន​ហាម​មិន​ឱ្យ​គ្រួសារ​លោកស្រី​បង្កបង្កើនផល​លើ​ដី​របស់​ខ្លួន​នោះ​ទេ៖ «ក្រុមហ៊ុន​ចិន​គំរាម​ខ្ញុំ​ផ្ទាល់​! ពេល​ខ្ញុំ​ដាំដំឡូង​ទៅ​ក្រុមហ៊ុន​ក៏​បាន​មក​ទារ​លុយ​ពី​ខ្ញុំ ហើយ​ខ្ញុំ​ក៍​បាន​បកស្រាយ​ទៅ​ថា ខ្ញុំ​មិន​មាន​លុយ​ទេ ព្រោះ​ខ្ញុំ​ធ្វើ​លើ​ដី​បងប្អូន​ទេ គាត់​ថា​ថ្ងៃ​ណាមួយ​គាត់​នឹង​មក​ឈូស​ឆាយ​ចោល​។ ថ្ងៃមួយ​នោះ​មាន​អ្នកស្រែ​ជិតខាង​ឃើញ​ឡាន​ចិន​មក​បោច​ដំឡូង​ខ្ញុំ​ចោល​ ១៥​ម៉ែត្រ»

ស្រដៀង​គ្នា​នេះ​ជនជាតិ​ដើម​ភាគតិច​កួយ​រស់នៅ​ភូមិ​ប្រើស​ក្អក ឃុំ​ម្លូព្រៃពីរ ស្រុក​ឆែប លោកស្រី អៀម ហ៊ន វ័យ ៥០​ឆ្នាំ រៀបរាប់​ទាំង​ទឹកភ្នែក​ថា គ្រួសារ​លោកស្រី​មាន​ដី ៦​ហិកតារ​ជា​ដី​កេរ​ដូនតា​គ្រប់គ្រង​ជាច្រើន​ឆ្នាំ​មក​ហើយ ត្រូវ​បាន​ក្រុមហ៊ុន​ស្ករអំពៅ​ចិន ហេងហ្វូ រំលោភ​ឈូស​ឆាយ​អស់ទាំង​ស្រុង កាលពី​ឆ្នាំ​២០១៥។ ស្ត្រី​វ័យ ៥០​ឆ្នាំ​រូប​នេះ​បន្ត​ថា កន្លង​មក​លោកស្រី​បាន​ទៅ​ធ្វើ​ស្រែ​លើ​ដី​របស់​ខ្លួន ដែល​ក្រុមហ៊ុន​រំលោភ​យក​ទំហំ ៦​ហិកតារ ក៏ប៉ុន្តែ អាជ្ញាធរ​រារាំង និង​គំរាមកំហែង​មិន​ឱ្យ​បង្កបង្កើនផល​នោះ​ទេ​។ លោកស្រី​បន្ថែម​ថា អ្នកភូមិ​ប្រើស​ក្អក​ភាគច្រើន រស់​ពឹង​ផ្អែកលើ​មុខរបរ​ធ្វើស្រែ ហើយ​បើ​គ្មាន​ដី​ធ្វើស្រែ​ពួកគាត់​នឹង​ប្រឈម​ខ្វះខាត​ស្បៀងអាហារ​នៅ​ឆ្នាំក្រោយ​ជា​មិន​ខាន៖ «​តាំងពី​ក្រុមហ៊ុន​ចូល​មក​ខ្ញុំ​ឈឺ​យក​ដី​ខ្ញុំ​អស់ ខ្ទម​ខ្ញុំ​ពីរ​ល្វែង បួន​គុណ​ប្រាំ គេ​ឈូស​កម្ទេច​អស់ ប្រាប់​អាជ្ញាធរ​ណា​ក៏​មិន​ដោះស្រាយ សម្រាប់​តែ​អាជ្ញាធរ​ទេ​ដែល​មិន​ទទួល​ស្គាល់​ថា ជា​ដី​ខ្ញុំ ព្រោះ​គេ​មិន​ចង់​ឱ្យ​ខ្ញុំ​មាន​ជីវិត»

ជុំវិញ​រឿង​នេះ​នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ឹក សោភ័ណ មាន​ប្រសាសន៍​ថា ការ​ជួល​ដី​ឱ្យ​ពលរដ្ឋ​ចំណូល​ថ្មី ធ្វើ​ឱ្យ​មានការ​រំលោភសិទ្ធិ​ពលរដ្ឋ​មូលដ្ឋាន ព្រោះ​ដី​ក្នុង​តំបន់​ជនជាតិភាគតិច​ជា​ដី​ដែល​ពួកគាត់​ស្នើសុំ​ចុះបញ្ជី​ប្រើប្រាស់​សមូហភាព​។ លោក​សង្កេត​ឃើញ​ថា ក្រោយ​ពេល​ក្រុមហ៊ុន​បាន​ផ្អាក​ដំណើរការ ពលរដ្ឋ​ចំណូល​ថ្មី​តែង​មក​ជួល​ដី​ដែល​មាន​ជម្លោះ​នោះ​ជា​បន្តបន្ទាប់ ហើយ​ក្នុង​តំបន់​ខ្លះ​អាជ្ញាធរ​បាន​លក់​ដី និង​ចេញ​ប្លង់​កម្មសិទ្ធិ​ឱ្យ​ក្រុម​ឈ្មួញ៖ «​ប្រសិនបើ​រដ្ឋ​មាន​គោលការណ៍​ច្បាស់លាស់​ស្ដីពី​ការបែងចែក​ដី​សម្បទាន​សង្គមកិច្ច រដ្ឋ​ក៍​អាច​ធ្វើ​ទៅ​បាន​ដែរ តាម​វិធាន​ដែរ​មាន​ស្រាប់​។ ប៉ុន្តែ​ដី​នៅ​តំបន់​ជនជាតិភាគតិច ជា​ដី​ដែល​ជនជាតិភាគតិច​បាន​និង​កំពុង​ស្នើ​សុំ​បញ្ជី​ដី​សមូហភាព អ៊ីចឹង​ដី​ហ្នឹង​មិនអាច​ទៅ​ពុះ ទៅ​ច្រៀក អាជ្ញាធរ​មិនអាច​យក​ចំណែក​ក្នុង​ដី​ហ្នឹង​បាន​ទេ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​យល់​ថា រដ្ឋាភិបាល​គួរណា​ដកហូត​ដី​ដែល​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​ចិន និង​ដោះស្រាយ​ជម្លោះដីធ្លី​ជូន​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដើម្បី​ឱ្យ​ពួកគាត់​បាន​ចូល​ធ្វើ​ស្រែ​ចម្ការ​លើក​ដី​របស់​គាត់​ឡើងវិញ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ឆ្ងល់​ថា សម្បទាន​ដី​សេដ្ឋកិច្ច​នៅ​តំបន់​នោះ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន ឬក៏​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​នោះ​ទេ។ លោក​បន្ថែម​ថា ប្រសិនបើ គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ចិន ហើយ​ក្រុមហ៊ុន​បាន​ជួល​ដី​សម្បទាន​ទាំងនោះ ឱ្យ​ពលរដ្ឋ​ខ្មែរ គឺ​ផ្ទុយ​ពី​កិច្ចសន្យា​វិនិយោគ៖ «ប្រសិនបើ​ក្រុមហ៊ុន​មានការ​អាក់ខាន ក្ស័យធន ត្រូវតែ​មាន​ការចរចា​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​បាន​ចុះ​កិច្ច​សន្យា​ដី​សម្បទាន​សេដ្ឋកិច្ច​ហ្នឹង​វិញ​ដើម្បី​ឱ្យ​មាន​ដំណោះស្រាយ​ថ្មី»

ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ហេងហ្វូ (Hengfu Group Sugar Industry) ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​លើ​ផ្ទៃដី​ទំហំ​ជាង ៤​ម៉ឺន​ហិកតារ (៤២.០០០) តាំងពី​ឆ្នាំ​២០១១ វិនិយោគ​ដាំ​អំពៅ និង​កៅស៊ូ​។ ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​មេ និង​មាន​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​ចំនួន​៥ ទៀត​។ វត្តមាន​ក្រុមហ៊ុន​ចិន​ ហេង ហ្វូ ចាប់ពី​ឆ្នាំ​២០១១ មក ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជនជាតិ​ដើម​ភាគតិច​ប្រមាណ ២​ពាន់​គ្រួសារ ស្ថិត​នៅ​ក្នុងភូមិ​ចំនួន ២៥ ​នៃ​ខេត្តព្រះវិហារ​។ ប្រជា​សហគមន៍​ថា ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ប៉ះពាល់​ដីស្រែ​ពលរដ្ឋ​លុប​ប្រភព​ទឹកអូរ​ធម្មជាតិ​បំផ្លាញ​ទំហំ​ព្រៃឈើ​ធំធេង និង​បាន​ឈូស​ឆាយ​ដី​ទួល​ប្រាសាទ​បុរាណ ៤​កន្លែង និង​ស្ថានីយ​បុរាណ​មួយចំនួន​ទៀត។

របាយការណ៍​របស់​អង្គការ​លីកាដូ កាលពី​ខែមីនា​ឆ្នាំ​២០២០ បង្ហាញថា កម្ពុជា​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច សរុប​ ២៩៧​កន្លែង ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​គ្រប់គ្រង​ស្មើនឹង​ទំហំ​ជាង​ ២​លាន ​១​សែន​ហិកតារ។ ក្នុង​នោះ​ក្រុមហ៊ុន​របស់​ចិន (China)​ ទទួល​បាន​ចំណែក​គ្រប់គ្រង​ដី​នៅ​កម្ពុជា​ច្រើន​ជាង​គេ ស្មើនឹង​ ៣៨៣.៧៩៨​ហិកតារ ឬ​ស្មើនឹង​ជាង ៥​ដង​នៃ​ផ្ទៃដី​ប្រទេស​សិង្ហបុរី (Singapore) បច្ចុប្បន្ន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល