ពលរដ្ឋចំណាកស្រុករាប់ពាន់គ្រួសារ បានសម្រុកទៅជួលដីយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីអាជ្ញាធរខេត្តព្រះវិហារ ដែលក្រុមហ៊ុនស្ករអំពៅចិន ហេង ហ្វូ (Hengfu Group Sugar Industry) ផ្អាកដំណើរការសង្វាក់ផលិតកម្មតាំងពីឆ្នាំ២០១៩។ ពលរដ្ឋទាំងនោះ បានជួលដីពីអាជ្ញាធរខេត្តព្រះវិហារ ក្នុង ១ហិកតារតម្លៃ ចន្លោះពី ១០០ដុល្លារ ទៅ ១៥០ដុល្លារ តាមទីតាំងដីជាក់ស្តែង។ ចំណែកជនជាតិដើមភាគតិចកួយ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន ចាត់ទុកបញ្ហានេះថា ជាការឃុបឃិតគ្នាជាប្រព័ន្ធរវាងក្រុមហ៊ុនចិន និងអាជ្ញាធរខេត្តព្រះវិហារ។
ពលរដ្ឋចំណាកស្រុកទាំងនោះ រស់នៅខេត្តកំពង់ចាម កំពង់ឆ្នាំង បាត់ដំបង និងខេត្តព្រៃវែង ឱ្យដឹងនៅថ្ងៃទី៣ កញ្ញាថា ពួកគាត់ទើបតែសម្រេចចិត្តជួលដី ដែលរដ្ឋាភិបាល វិនិយោគឱ្យក្រុមហ៊ុនស្ករអំពៅចិន ហេង ហ្វូ (Hengfu Group Sugar Industry) ដោយសារដីនៅតំបន់នោះ មានជីវជាតិ ធំទូលាយ ហើយអាចបង្កបង្កើនផលបានទិន្នផលខ្ពស់។ ពួកគាត់ភាគច្រើនធ្វើស្រូវ និងដំឡូងមី ហើយទើបតែដាំដុះនៅឆ្នាំ២០២១ នេះ។
ពលរដ្ឋម្នាក់ដែលមកជួលដីក្រុមហ៊ុនចិន លោក សាន់ វិបុល មានប្រសាសន៍ថា លោកបានជួលដី ៣០ហិកតារ ពីអាជ្ញាធរខេត្តព្រះវិហារ ដើម្បីដាំដុះក្នុងបរិវេណក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចិនហេងហ្វូ ហើយដីដែលលោកជួលនោះឋិតក្នុងស្រុកឆែប។ លោកបញ្ជាក់ថា មូលហេតុដែលលោកជួលដីទាំងនោះ ដោយសារតែគ្រួសារលោកពុំមានដីស្រែបង្កបង្កើនផល។ លោកសង្កេតឃើញថា ពលរដ្ឋក្នុងមូលដ្ឋានភាគច្រើនមិនបានជួលដីដែលកំពុងមានជម្លោះនោះទេ ភាគច្រើនជាពលរដ្ឋចំណាកស្រុករស់នៅខេត្តឆ្ងាយៗ។ លោកបន្តទៀតថា ការជួលដីនេះ អាជ្ញាធរមូលដ្ឋានមិន មានលក្ខខណ្ឌសាំញ៉ាំច្រើនទេ គឺធ្វើតែលិខិតបង់ប្រាក់ទៅតាមទំហំដីដែលពលរដ្ឋបានជួល៖ «ចង់ជួលគេក្នុងតម្លៃទាបគេមិនឱ្យធ្វើ ពេលអ្នកណាគេមានលុយមកពីបាត់ដំបង កំពង់ធំ គេយក ១រយហិកតារ ២រយហិកតារ តម្លៃ ៥៥ម៉ឺនក្នុងមួយហិកតារអ៊ីចឹង ហើយអ្នកក្នុងភូមិអត់មានលុយអត់មានអ្នកធ្វើដែរ។ ឆ្នាំដំបូងខ្ញុំជួលដីមួយហិកតារតែ ២០ម៉ឺន ធ្វើ ៥ហិកតារចិនអត់រករឿងអីផង»។
ពលរដ្ឋម្នាក់ដែលជាកម្មករឱ្យក្រុមហ៊ុនចិន ថ្លែងសុំមិនបញ្ចេញឈ្មោះ រៀបរាប់ថា ពលរដ្ឋទាំងនោះបានសម្រុកជួលដីក្នុងតំបន់ការដ្ឋានក្រុមហ៊ុនចិន និងតំបន់អគារបួនជាន់ សិ្ថតក្នុងភូមិប្រើសក្អក ស្រុកឆែប នៅរដូវវស្សាក្នុងឆ្នាំ២០២១ នេះ។ លោកអះអាងទៀតថា ពលរដ្ឋចំណាកស្រុកទាំងនោះត្រូវឆ្លងកាត់ អភិបាលរងខេត្តព្រះវិហារ លោក មុត ភិសិទ្ធនា ដើម្បីបង់ថ្លៃប្រាក់ជួលដី និងមានការចរចាតថ្លៃជាមួយជនជាតិចិនដោយមានលោក សៀវ ឈិន អ្នកបកប្រែ។ លោកពន្យល់ថា ពលរដ្ឋដែលមកជួលដីទាំងនោះ ត្រូវបានអភិបាលរងស្រុកឆែប លោក អ៊ុំ សុភឿន កាងការពារ ជៀសវាង ប៉ះទង្គិចជាមួយក្រុមជនជាតិដើមកួយដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនហេងហ្វូចិន។ លោកបញ្ជាក់ថា ដីដែលអាជ្ញាធរ និងជនជាតិចិន ជួលឱ្យពលរដ្ឋក្នុងមួយហិកតារមានតម្លៃចន្លោះពី ៤០ម៉ឺនរៀល ទៅ ៦០ម៉ឺនរៀល ទៅតាមតំបន់ដីមានទីតាំងជាប់ផ្លូវ និងឆ្ងាយពីផ្លូវ គឺថ្លៃជាងរដ្ឋជួលឱ្យក្រុមហ៊ុនចិន ក្នុងមួយហិកតារ តម្លៃ ៥ដុល្លារ៖ «ក្រុមហ៊ុនក្ស័យធនជាង ២ឆ្នាំមកហើយ ប្រជាពលរដ្ឋគ្រាន់តែអាស្រ័យផល ចង់ជួលក៏ជួលទៅតែតម្លៃសមរម្យ នេះយកកប់ពពក»។
វិទ្យុអាស៊ីសេរីមិនអាចសុំការបកស្រាយរឿងនេះ ពីអភិបាលរងស្រុកឆែប លោក អ៊ុំ សុភឿន និងអ្នកនាំពាក្យសាលាខេត្តព្រះវិហារ លោក យ៉ុង គឹមហឿង បាននៅឡើយទេ ចាប់តាំងពីថ្ងៃទី១ ដល់ថ្ងៃទី៣ កញ្ញា ព្រោះទូរស័ព្ទហៅចូលតែគ្មានអ្នកលើក។ ចំណែក អភិបាលរងខេត្តព្រះវិហារ លោក មុត ភិសិទ្ធនា និង អ្នកបកប្រែឱ្យក្រុមហ៊ុនចិន លោក សៀវ ឈិន ក៏មិនអាចទាក់ទងបានដែរ។
ប៉ុន្តែអភិបាលរងខេត្តព្រះវិហារ លោក មុត ភិសិទ្ធនា បានប្រាប់ប្រជាសហគមន៍ជនជាតិភាគតិចថា ដីដែលរដ្ឋាភិបាលវិនិយោគ ឱ្យក្រុមហ៊ុនចិន អាជ្ញាធរអាចមានសិទ្ធិជួលដីទាំងនោះទៅឱ្យក្រុមឈ្មួញដើម្បីទទួលបានប្រាក់ បង់ពន្ធចូលរដ្ឋ ទោះបីជាក្រុមហ៊ុនផ្អាកដំណើរការជាង២ឆ្នាំក្តី។
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចលោក មាស សុខសេនសាន ធ្លាប់លើកឡើងថា រដ្ឋបានយកពន្ធពីដីសម្បទានសេដ្ឋកិច្ច ក្នុង ១ហិកតារ ៥ដុល្លារ ឬប្រហាក់ប្រហែល ២ម៉ឺនរៀល។ រដ្ឋអាចរកចំណូលបានជាមធ្យមប្រមាណ ១០លានដុល្លារក្នុងមួយឆ្នាំពីដីសម្បទានសេដ្ឋកិច្ចទាំងអស់នៅទូទាំងប្រទេស។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន ធ្លាប់លើកឡើងថា រដ្ឋាភិបាលនឹងសើរើមើលកិច្ចសន្យាឡើងវិញ ហើយនៅពេលដែលសេដ្ឋកិច្ចចាប់ផ្តើមមានភាពនឹងនរវិញប្រាកដថា កិច្ចសន្យាមួយចំនួននឹងត្រូវពិចារណាពីលទ្ធភាពដែលអាចបង្កើនចំណូល និងបង្កើនថ្លៃជួលជាដើម។
ចំណែកជនជាតិដើមកួយ មានជម្លោះដីធ្លីជាមួយ ក្រុមហ៊ុនចិនមិនសប្បាយចិត្តចំពោះអាជ្ញាធរដែលជួលដីមានជម្លោះមួយចំនួនឱ្យពលរដ្ឋចំណាកស្រុក មកពីខេត្តឆ្ងាយៗ ដូច្នោះទេ។ ពួកគេចាត់ទុកទង្វើនេះថា ជារឿងមិនសមទំនង ខណៈដែលជម្លោះដីធ្លីរវៀងពលរដ្ឋរាប់ពាន់គ្រួសារ ជាមួយក្រុមហ៊ុនចិន នៅមិនទាន់ដោះស្រាយចប់សព្វគ្រប់នៅឡើយ។
ជនជាតិដើមភាគតិចកួយរស់នៅភូមិគោក ឃុំស្អាង ស្រុកជ័យសែន លោកស្រី ព្រំ ញ៉េប ថ្លែងថា ដីស្រែចម្ការរបស់លោកស្រី ២៥ហិកតារ ត្រូវក្រុមហ៊ុនរំលោភយកជិត ១០ឆ្នាំមកហើយ។ លោកស្រីថា ពួកគាត់តែងតែមានះ ចូលទៅធ្វើស្រែ និងដំណាំ លើដីរបស់ពួកគាត់វិញ ព្រោះអ្នកភូមិគ្មានដីធ្លីសម្រាប់បង្កបង្កើនចិញ្ចឹមជីវិតឡើយ។ លោកស្រីបន្ថែមថា កន្លងមកលោកស្រីបានចូលធ្វើដំដុះក្នុងដីរបស់លោកស្រីខ្លះដែរ ប៉ុន្តែ អាជ្ញាធរមូលដ្ឋាន និងក្រុមឈ្មួញចិន គំរាមកំហែង បំផ្លាញដំណាំរបស់លោកស្រី។ លោកស្រីថា មកទល់ពេលនេះ អាជ្ញាធរ និងក្រុមហ៊ុនចិនហាមមិនឱ្យគ្រួសារលោកស្រីបង្កបង្កើនផលលើដីរបស់ខ្លួននោះទេ៖ «ក្រុមហ៊ុនចិនគំរាមខ្ញុំផ្ទាល់ ! ពេលខ្ញុំដាំដំឡូងទៅក្រុមហ៊ុនក៏បានមកទារលុយពីខ្ញុំ ហើយខ្ញុំក៍បានបកស្រាយទៅថា ខ្ញុំមិនមានលុយទេ ព្រោះខ្ញុំធ្វើលើដីបងប្អូនទេ គាត់ថាថ្ងៃណាមួយគាត់នឹងមកឈូសឆាយចោល។ ថ្ងៃមួយនោះមានអ្នកស្រែជិតខាងឃើញឡានចិនមកបោចដំឡូងខ្ញុំចោល ១៥ម៉ែត្រ»។
ស្រដៀងគ្នានេះជនជាតិដើមភាគតិចកួយរស់នៅភូមិប្រើសក្អក ឃុំម្លូព្រៃពីរ ស្រុកឆែប លោកស្រី អៀម ហ៊ន វ័យ ៥០ឆ្នាំ រៀបរាប់ទាំងទឹកភ្នែកថា គ្រួសារលោកស្រីមានដី ៦ហិកតារជាដីកេរដូនតាគ្រប់គ្រងជាច្រើនឆ្នាំមកហើយ ត្រូវបានក្រុមហ៊ុនស្ករអំពៅចិន ហេងហ្វូ រំលោភឈូសឆាយអស់ទាំងស្រុង កាលពីឆ្នាំ២០១៥។ ស្ត្រីវ័យ ៥០ឆ្នាំរូបនេះបន្តថា កន្លងមកលោកស្រីបានទៅធ្វើស្រែលើដីរបស់ខ្លួន ដែលក្រុមហ៊ុនរំលោភយកទំហំ ៦ហិកតារ ក៏ប៉ុន្តែ អាជ្ញាធររារាំង និងគំរាមកំហែងមិនឱ្យបង្កបង្កើនផលនោះទេ។ លោកស្រីបន្ថែមថា អ្នកភូមិប្រើសក្អកភាគច្រើន រស់ពឹងផ្អែកលើមុខរបរធ្វើស្រែ ហើយបើគ្មានដីធ្វើស្រែពួកគាត់នឹងប្រឈមខ្វះខាតស្បៀងអាហារនៅឆ្នាំក្រោយជាមិនខាន៖ «តាំងពីក្រុមហ៊ុនចូលមកខ្ញុំឈឺយកដីខ្ញុំអស់ ខ្ទមខ្ញុំពីរល្វែង បួនគុណប្រាំ គេឈូសកម្ទេចអស់ ប្រាប់អាជ្ញាធរណាក៏មិនដោះស្រាយ សម្រាប់តែអាជ្ញាធរទេដែលមិនទទួលស្គាល់ថា ជាដីខ្ញុំ ព្រោះគេមិនចង់ឱ្យខ្ញុំមានជីវិត»។
ជុំវិញរឿងនេះនាយកប្រតិបត្តិអង្គការពន្លកខ្មែរ លោក ប៉ឹក សោភ័ណ មានប្រសាសន៍ថា ការជួលដីឱ្យពលរដ្ឋចំណូលថ្មី ធ្វើឱ្យមានការរំលោភសិទ្ធិពលរដ្ឋមូលដ្ឋាន ព្រោះដីក្នុងតំបន់ជនជាតិភាគតិចជាដីដែលពួកគាត់ស្នើសុំចុះបញ្ជីប្រើប្រាស់សមូហភាព។ លោកសង្កេតឃើញថា ក្រោយពេលក្រុមហ៊ុនបានផ្អាកដំណើរការ ពលរដ្ឋចំណូលថ្មីតែងមកជួលដីដែលមានជម្លោះនោះជាបន្តបន្ទាប់ ហើយក្នុងតំបន់ខ្លះអាជ្ញាធរបានលក់ដី និងចេញប្លង់កម្មសិទ្ធិឱ្យក្រុមឈ្មួញ៖ « ប្រសិនបើរដ្ឋមានគោលការណ៍ច្បាស់លាស់ស្ដីពីការបែងចែកដីសម្បទានសង្គមកិច្ច រដ្ឋក៍អាចធ្វើទៅបានដែរ តាមវិធានដែរមានស្រាប់។ ប៉ុន្តែដីនៅតំបន់ជនជាតិភាគតិច ជាដីដែលជនជាតិភាគតិចបាននិងកំពុងស្នើសុំបញ្ជីដីសមូហភាព អ៊ីចឹងដីហ្នឹងមិនអាចទៅពុះ ទៅច្រៀក អាជ្ញាធរមិនអាចយកចំណែកក្នុងដីហ្នឹងបានទេ»។
មន្ត្រីសង្គមស៊ីវិលរូបនេះយល់ថា រដ្ឋាភិបាលគួរណាដកហូតដីដែលសម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុនចិន និងដោះស្រាយជម្លោះដីធ្លីជូនប្រជាសហគមន៍ជនជាតិដើមភាគតិចដើម្បីឱ្យពួកគាត់បានចូលធ្វើស្រែចម្ការលើកដីរបស់គាត់ឡើងវិញ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្ស នៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត ឆ្ងល់ថា សម្បទានដីសេដ្ឋកិច្ចនៅតំបន់នោះគ្រប់គ្រងដោយក្រុមហ៊ុន ឬក៏គ្រប់គ្រងដោយរដ្ឋាភិបាលនោះទេ។ លោកបន្ថែមថា ប្រសិនបើ គ្រប់គ្រងដោយក្រុមហ៊ុនចិន ហើយក្រុមហ៊ុនបានជួលដីសម្បទានទាំងនោះ ឱ្យពលរដ្ឋខ្មែរ គឺផ្ទុយពីកិច្ចសន្យាវិនិយោគ៖ « ប្រសិនបើក្រុមហ៊ុនមានការអាក់ខាន ក្ស័យធន ត្រូវតែមានការចរចាជាមួយអាជ្ញាធរមានសមត្ថកិច្ចដែលបានចុះកិច្ចសន្យាដីសម្បទានសេដ្ឋកិច្ចហ្នឹងវិញដើម្បីឱ្យមានដំណោះស្រាយថ្មី»។
ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ហេងហ្វូ (Hengfu Group Sugar Industry) ទទួលសិទ្ធិវិនិយោគពីរដ្ឋាភិបាលលើផ្ទៃដីទំហំជាង ៤ម៉ឺនហិកតារ (៤២.០០០) តាំងពីឆ្នាំ២០១១ វិនិយោគដាំអំពៅ និងកៅស៊ូ។ ក្រុមហ៊ុននេះជាក្រុមហ៊ុនមេ និងមានបុត្រសម្ព័ន្ធក្រុមហ៊ុនចំនួន៥ ទៀត។ វត្តមានក្រុមហ៊ុនចិន ហេង ហ្វូ ចាប់ពីឆ្នាំ២០១១ មក ធ្វើឲ្យប៉ះពាល់ដល់ជនជាតិដើមភាគតិចប្រមាណ ២ពាន់គ្រួសារ ស្ថិតនៅក្នុងភូមិចំនួន ២៥ នៃខេត្តព្រះវិហារ។ ប្រជាសហគមន៍ថា ក្រុមហ៊ុនបានឈូសឆាយប៉ះពាល់ដីស្រែពលរដ្ឋលុបប្រភពទឹកអូរធម្មជាតិបំផ្លាញទំហំព្រៃឈើធំធេង និងបានឈូសឆាយដីទួលប្រាសាទបុរាណ ៤កន្លែង និងស្ថានីយបុរាណមួយចំនួនទៀត។
របាយការណ៍របស់អង្គការលីកាដូ កាលពីខែមីនាឆ្នាំ២០២០ បង្ហាញថា កម្ពុជាបានផ្តល់ដីសម្បទានសេដ្ឋកិច្ច សរុប ២៩៧កន្លែងទៅឲ្យក្រុមហ៊ុនឯកជនគ្រប់គ្រងស្មើនឹងទំហំជាង ២លាន ១សែនហិកតារ។ ក្នុងនោះក្រុមហ៊ុនរបស់ចិន (China) ទទួលបានចំណែកគ្រប់គ្រងដីនៅកម្ពុជាច្រើនជាងគេ ស្មើនឹង ៣៨៣.៧៩៨ហិកតារ ឬស្មើនឹងជាង ៥ដងនៃផ្ទៃដីប្រទេសសិង្ហបុរី (Singapore) បច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។