ភ្ញៀវទេសចរស្នើលោក ហ៊ុន សែន ជួយដកហូតឆ្នេរសមុទ្រពីក្រុមហ៊ុនឲ្យពលរដ្ឋដើរឆ្លងកាត់
2015.12.31
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សំណូមពរឲ្យប្រមុខដឹកនាំរដ្ឋាភិបាល ជួយអន្តរាគមន៍បើករបងថ្មហ៊ុមព័ទ្ធឆ្នេរសមុទ្រមួយចំនួននាខេត្តព្រះសីហនុ ដែលឈ្មួញ និងក្រុមហ៊ុនធ្វើរបងបិទកន្លងមក ដើម្បីឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរដើរឆ្លងកាត់ និងមានទីធ្លាលំហែកាយទូលំទូលាយ។ សារអំពាវនាវនេះ ធ្វើឡើងស្របពេលប្រមុខដឹកនាំ បាននាំក្រុមគ្រួសារមកលំហែកាយ និងបានធ្វើដំណើរកម្សាន្តតាមឆ្នេរអូរឈើទាលនាខេត្តព្រះសីហនុ ក្នុងពិធីឆ្លងឆ្នាំសកល ២០១៥-២០១៦។
ពិធីឆ្លងឆ្នាំសកល ២០១៥-២០១៦ ឆ្នាំនេះ គេសង្កេតឃើញមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានបង្ហាញវត្តមានច្រើនកុះករនៅតាមឆ្នេរសមុទ្រមួយចំនួននាខេត្តព្រះសីហនុ។ ជាងនេះទៀត ក៏មានវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ក៏បាននាំកូនចៅមកលំហែកាយនៅតាមឆ្នេរសមុទ្រដែរ។
ស្របពេលនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏បានសំណូមពរទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងស្នាក់នៅផ្ទះលំហែកាយរបស់លោកនៅឆ្នេរអូរឈើទាល ជួយអន្តរាគមន៍បើករបងហ៊ុមព័ទ្ធឆ្នេរសមុទ្រ ផ្ដើមដោយមន្ត្រីមានអំណាច ឬក្រុមហ៊ុនជាដើម ឲ្យបានទូលំទូលាយផ្ដល់ជូនពលរដ្ឋចូលកម្សាន្តឡើងវិញ។
ភ្ញៀវទេសចរជាតិដែលបានទៅជួលកន្លែងអង្គុយលំហែកាយនាឆ្នេរអូរឈើទាល បានប្រាប់វិទ្យុអាស៊ីសេរី ថា ឆ្នេរសមុទ្រខេត្តព្រះសីហនុ ដែលមានសន្តិសុខ មានភ្លើងបំភ្លឺ និងមានអនាម័យ គឺមានតែឆ្នេរអូរឈើទាល មានទីតាំងនៅទល់មុខផ្ទះលោកនាយករដ្ឋមន្ត្រីនេះទេ ប៉ុន្តែឆ្នេរក្រៅពីនេះ មិនសូវមានភ្ញៀវទៅកម្សាន្តឡើយ ព្រោះគ្មានភ្លើងបំភ្លឺ ឆ្នេរគ្មានអនាម័យ ពិសេសឆ្នេរភាគច្រើនត្រូវមន្ត្រីមានអំណាច និងក្រុមហ៊ុនធ្វើរបងថ្មហ៊ុមព័ទ្ធ មិនឲ្យមនុស្សដើរឆ្លងកាត់បានទេ។ ពួកគេបានសំណូមពរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយបើកឆ្នេរសមុទ្រដែលហ៊ុមព័ទ្ធរបងថ្មទុកចោល ឬធ្វើអាជីវកម្ម ដាក់ជូនប្រជាពលរដ្ឋបានដើរឆ្លងកាត់ ឬចូលទៅកម្សាន្តឲ្យបានទូលំទូលាយ ជាពិសេសត្រូវអភិវឌ្ឍឆ្នេរទាំងនោះឲ្យមានអនាម័យ មានភ្លើងបំភ្លឺគ្រប់គ្រាន់ និងមានសុវត្ថិភាពល្អ។ បន្ថែមលើនេះ ភ្ញៀវទេសចរ និងមន្ត្រីសង្គមស៊ីវិល ក៏បានស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវចុះពិនិត្យ ឬធ្វើដំណើរតាមឆ្នេរសមុទ្រនាខេត្តព្រះសីហនុ នឹងឃើញឆ្នេរភាគច្រើនត្រូវឈ្មួញ ឬក្រុមហ៊ុនបិទរបងថ្មមិនឲ្យភ្ញៀវទេសចរដើរឆ្លងកាត់ ឬចូលទៅកម្សាន្តទេ។ ឆ្នេរទាំងនោះមានដូចជា ឆ្នេរឯករាជ្យ ឆ្នេរសុខា ឆ្នេរលំហែកាយ ឆ្នេរហាវ៉ៃ ឆ្នេរជ័យជម្នះ ឆ្នេរម្លប់ជ្រៃ និងឆ្នេរអតីតក្រុមហ៊ុនអារីស្តុន មានទីតាំងនៅជិតផ្ទះលំហែកាយប្រមុខដឹកនាំ ជាដើម។
ចំណែកមន្ត្រីអង្គការសង្គមស៊ីវិលប្រចាំខេត្តព្រះសីហនុ ក៏ចង់ឃើញរដ្ឋាភិបាលលូកដៃក្នុងរឿងនេះដែរ។
មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ប្រចាំខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធ បានទទួលស្គាល់ថា ឆ្នេរសមុទ្រដែលមានសន្តិសុខ មានភ្លើងបំភ្លឺ និងមានសោភណភាព គឺមានតែនៅឆ្នេរអូរឈើទាលទល់មុខផ្ទះលំហែកាយរបស់លោកនាយករដ្ឋមន្ត្រីមួយទេ ប៉ុន្តែឆ្នេរក្រៅពីនេះ ត្រូវវិនិយោគទៅឲ្យក្រុមហ៊ុន ឬឈ្មួញ បានធ្វើរបងថ្មហ៊ុមព័ទ្ធដីចំណីឆ្នេរ ធ្វើកម្មសិទ្ធិស្ទើរទាំងស្រុងអស់ទៅហើយ។ មន្ត្រីសិទ្ធិមនុស្សរូបនេះ បានស្នើដល់ប្រមុខដឹកនាំ ពិចារណាបើកឆ្នេរ ឬអភិវឌ្ឍឆ្នេរសមុទ្រនាខេត្តព្រះសីហនុ ឲ្យបានទូលំទូលាយស្របតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល កាលពីពេលថ្មីៗនេះ ព្រោះថា កន្លងមកនេះ ឆ្នេរភាគច្រើនត្រូវបានមន្ត្រីមានអំណាច និងឈ្មួញមានទ្រព្យធន ព័ទ្ធរបងថ្មធ្វើកម្មសិទ្ធិស្ទើរទាំងស្រុង។
ទោះយ៉ាងណា លោក ប៊ួន ណារិទ្ធិ ទទួលស្គាល់ថា ចាប់តាំងពីអភិបាលខេត្ត លោក យន្ត មីន បានមកដឹកនាំខេត្តនេះ ឃើញមានការបើករបងដែកហ៊ុមព័ទ្ធឆ្នេរបានមួយចំនួន មានដូចជា ឆ្នេរជ័យជម្នះ ជាដើម។ លោកគាំទ្រសកម្មភាពរបស់អភិបាលខេត្តរូបនេះ ឲ្យបន្តអនុវត្តសកម្មភាពមានប្រយោជន៍ដល់សង្គមជាតិ និងប្រជាពលរដ្ឋឲ្យបានច្រើនថែមទៀត៖ «យើងខ្ញុំជាសង្គមស៊ីវិលនៅទីនេះ មានការរីករាយចំពោះវត្តមានរបស់សម្ដេច ហ៊ុន សែន ដែលបានអញ្ជើញមកកម្សាន្តនៅខេត្តព្រះសីហនុ ហើយទន្ទឹមគ្នានេះ យើងក៏បានឃើញម្ចាស់ខុនដូ (CONDO) ឬសំណង់អគារច្រើនជាន់ដែលកំពុងសាងសង់នៅលើឆ្នេរឯករាជ្យ គឺលោកបានចាប់ផ្ដើមបើករបងឲ្យមានផ្លូវដើរចំនួន ៦ម៉ែត្រ និងថយពីឆ្នេរសមុទ្របានចំនួន ២៥ម៉ែត្ររួចហើយ»។
ខេត្តព្រះសីហនុ ជាខេត្តជាប់សមុទ្រមានសក្ដានុពលលើវិស័យទេសចរណ៍ និងមានឆ្នេរដ៏ស្រស់ស្អាត ហើយត្រូវរាជរដ្ឋាភិបាលប្រសិទ្ធិនាមថា ជាតារារះនាទិសនិរតី នៃប្រទេសកម្ពុជា ប៉ុន្តែឆ្នេរសមុទ្រខេត្តព្រះសីហនុ ពេលបច្ចុប្បន្ន ហាក់មិនស៊ីគ្នានឹងប្រសិទ្ធិនាមនេះទេ ព្រោះឆ្នេរភាគច្រើនត្រូវហ៊ុមព័ទ្ធរបងថ្មទុកចោល គ្មានភ្លើងបំភ្លឺ និងគ្មានអនាម័យ ជាដើម។
មន្ត្រីអង្គការលីកាដូ លោក ប៊ួន ណារិទ្ធិ បានរិះគន់ថា រាល់ថ្ងៃនេះ ខេត្តជាប់មាត់សមុទ្រដែលជាប់ជាឆ្នេរស្រស់ស្អាតបំផុតនៅលើសកលលោក ប៉ុន្តែមិនគួរគ្មានឆ្នេរទូលំទូលាយសម្រាប់ផ្តល់ជូនភ្ញៀវទេសចរ ពិសេសភ្ញៀវអន្តរជាតិ ចូលកម្សាន្ត ឬឆ្នេរគ្មានអនាម័យដូចនេះទេ៖ «តាមយើងឮគោលការណ៍ដែលរាជរដ្ឋាភិបាលបានប្រកាស លោកថានឹងដកហូតដល់ ឬឲ្យថយពីឆ្នេរសមុទ្រចំនួន ៥០ម៉ែត្រពីឆ្នេរសមុទ្រ»។
ស្រដៀងគ្នានេះដែរ ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ឬហៅកាត់ថា ស៊ីអ៊ិនរ៉ូ (CNRO) សាខាខេត្តព្រះសីហនុ លោក សុខ សុខុម ក៏ថ្លែងរិះគន់សកម្មភាពហ៊ុមព័ទ្ធរបងថ្មរំលោភយកដីចំណីឆ្នេរសមុទ្រ និងគ្មានការអភិវឌ្ឍ ប៉ុន្តែបែរជារដ្ឋាភិបាលគ្មានវិធានការទៅវិញ។ លោក សុខ សុខុម បានទទូចឲ្យរដ្ឋាភិបាលអនុវត្តសេចក្តីសម្រេចដកហូតយកឆ្នេរសមុទ្រចំនួនយ៉ាងតិច ៥០ម៉ែត្រពីឈ្មួញ និងឯកជន ដែលគ្មានការអភិវឌ្ឍមកដាក់ជាសម្បត្តិរដ្ឋគ្រប់គ្រង និងអភិវឌ្ឍបម្រើឲ្យវិស័យទេសចរណ៍ឲ្យបានឆាប់៖ «បាត់បង់អស់ហើយឆ្នេរនៅតាមខេត្តព្រះសីហនុ ក៏ដូចជាឆ្នេរនៅខេត្តផ្សេងៗដែរ។ ក្នុងនាមសង្គមស៊ីវិល សូមជំរុញឲ្យរដ្ឋាភិបាល ត្រូវអនុវត្តដកហូតឆ្នេរពីឯកជន និងក្រុមហ៊ុនមកគ្រប់គ្រងវិញឲ្យបានឆាប់»។
ទោះយ៉ាងណា មិនទាន់មានអត្ថាធិប្បាយភ្លាមៗពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅលើសំណូមពររបស់ភ្ញៀវទេសចរ ឬប្រជាពលរដ្ឋ ស្នើបើករបងថ្មហ៊ុមព័ទ្ធរំលោភយកឆ្នេរសមុទ្រខេត្តព្រះសីហនុ ពីសំណាក់ក្រុមហ៊ុន និងបុគ្គលមានអំណាចមួយចំនួនទេ នៅថ្ងៃពុធ ទី៣០ ខែធ្នូ។
យ៉ាងនេះក្តី នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី នៅរសៀលថ្ងៃទី៣០ ខែធ្នូ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា បញ្ហាគ្រប់គ្រងឆ្នេរនឹងចាប់ផ្ដើមអនុវត្តនៅខែមករា ឆ្នាំ២០១៦ តទៅ។ លោកបន្តថា នឹងជំរុញការអភិវឌ្ឍតំបន់ឆ្នេរឲ្យមានសោភណភាព និងមានភ្លើងបំភ្លឺ ដើម្បីបម្រើសេចក្តីត្រូវការរបស់ភ្ញៀវទេសចរ ឬប្រជាពលរដ្ឋចូលមកកម្សាន្តមូលដ្ឋានជាប់សមុទ្រមួយនេះ ឲ្យបានកាន់តែច្រើននាពេលខាងមុខ៖ «តាមគោលការណ៍របស់រាជរដ្ឋាភិបាល គឺដីចំណីឆ្នេរត្រូវតែគ្រប់គ្រង និងថែទាំឲ្យបាន ដើម្បីរក្សាឲ្យមានសោភណភាពជាឆ្នេរដែលជាប់ចំណាត់ថ្នាក់ស្រស់ស្អាតនៅលើសកលលោក។ កន្លងមកនេះ យើងមានការខ្វះខាតខ្លះ ដោយសារតែមានបងប្អូនមួយចំនួន បានយកឆ្នេរទៅសង់ដំបូលរស់នៅ ឬលក់ដូរអនាធិបតេយ្យ និងសង់គ្មានក្បួនខ្នាតតាមការឃុបឃិត មិនបានគិតពីបរិស្ថាន និងអនាម័យជាដើម ប៉ុន្តែពេលនេះ យើងត្រូវតែកែលំអត្រឡប់មកវិញ។ អ្វីដែលខូចខាត ខំកែឲ្យល្អ ប៉ុន្តែអ្វីដែលនៅល្អ យើងត្រូវខំការពាររក្សាឲ្យបានគង់វង្ស»។
ឆ្នេរសមុទ្រប្រទេសកម្ពុជា មានប្រវែងសរុប ៤៤០គីឡូម៉ែត្រ។ ខេត្តមានមូលដ្ឋានជាប់ឆ្នេរសមុទ្ររួមមាន ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។ ខេត្តទាំង៤ នេះ ត្រូវបានដាក់បញ្ចូលជាសមាជិកពេញសិទ្ធិរបស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅប្រទេសសេណេហ្គាល់ (Senegal)៕