អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន​ពលរដ្ឋ ២នាក់​ករណី​តវ៉ា​បិទផ្លូវ​ជាតិ​លេខ៤ ប្រឆាំង​ការ​ចុះ​អនុវត្ត​សាល​ដីកា​រុះរើ​ផ្ទះ​ពួកគាត់​

0:00 / 0:00

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​ឃាត់ខ្លួន​អ្នក​តវ៉ា​ដីធ្លី ២នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា​ដីធ្លី​ជា​ច្រើន​នាក់​ទៀត​ ដោយសារ​ពួកគេ​នាំគ្នា​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ៤​ ស្ថិត​ស្រុក​ព្រៃនប់ ​ដើម្បី​ស្នើសុំ​​​របប​ក្រុង​ភ្នំពេញ​ ឱ្យ​ជួយ​ផ្ដល់​ដំណោះ​ស្រាយ​ជូន​ពួក​គាត់​បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ចុះ​អនុវត្ត​សាល​ដីកា​ដោយ​កម្ទេច​ផ្ទះ​អស់ ៦០០ខ្នង​ និង​បណ្ដេញ​ពួក​គាត់​ចេញ​ ដើម្បី​យក​ដី​នោះ​ឱ្យ​ពលរដ្ឋ​ផ្សេង​ទៀត។ អាជ្ញាធរ​ចោទ​អ្នក​តវ៉ា​ដីធ្លី​ទាំង​នោះ​ថា ជា​ក្រុម​អនាធិបតេយ្យ​មក​ពី​តំបន់​ផ្សេងៗ ហើយ​នាំគ្នា​សង​ខ្ទម​រស់នៅ​លើ​ដី​ដែល​មាន​ម្ចាស់ ដូច្នេះ​អាជ្ញាធរ​ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់។

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ឃាត់​ខ្លួន​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដី​ធ្លី ២នាក់​ដោយ​ចោទ​ប្រកាន់​ពួក​គេ​ថា ជា​មេ​ក្លោង​ដឹក​នាំ​ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០០នាក់​មក​ពី ៣០០គ្រួសារ​នាំ​គ្នា​សែង​ដើម​ឈើ​ធំៗ ដាក់​បិទ​កាត់​ទទឹង​ផ្លូវ​ជាតិ​លេខ៤ នៅ​ចំណុច​ភូមិ​ចំណោត​រាម​ ឃុំ​បិត​តាំង​ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃ​ទី១៨​ ខែ​មេសា ​ដើម្បី​តវ៉ា​ប្រឆាំង​ចំពោះ​ការអនុវត្ត​ដីកា​របស់​តុលាការ​ ដែល​ពួក​គេ​ហៅ​ថា​ជា​សាល​ដីកា​គ្មាន​ភាព​យុត្តិធម៌​នោះ​ទេ។

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​អះអាង​ថា អ្នក​តវ៉ា​ដី​ធ្លី​ទាំង ២នាក់​ ដែល​ឃាត់​ខ្លួន​នោះ​ទី១ ឈ្មោះ​ ខ្លូត​ តុសិតា ភេទ​ស្រី​ អាយុ៣៩​ រង​ការ​ចោទ​ថា ​គប់​ដុំ​ថ្ម និង​ប្រើ​ដំបង​វាយ​លើ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បណ្ដាល​ឱ្យ​រង​របួស​ជា​ច្រើន​នាក់ និង​ទី២ ឈ្មោះ​ កែវ​ សាង​ ភេទប្រុស​អាយុ ៥៣ឆ្នាំ​ រង​ការ​ចោទ​ថា ជា​មេ​ដឹក​ នាំ​តវ៉ា​បិទ​ផ្លូវ។ ជា​មួយ​គ្នា​នេះ​ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ក៏​បាន​ជូន​ដំណឹង​ថា អាជ្ញាធរ​បាន​រុះរើ​ខ្ទម​ និង​សំណង់​អនាធិបតេយ្យ​ចំនួន ៦០០ខ្នង ដែល​ប្រជាពលរដ្ឋ​ចាត់​ទុក​ថា ជា​ផ្ទះ​របស់​ខ្លួន។

អ្នក​តវ៉ា​ដីធ្លី​ទាំង​នោះ​អះអាង​ថា ដោយសារ​តែ​អាជ្ញាធរ​យក​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​ឈូស​ឆាយ​កម្ទេច​ផ្ទះ​ពួកគាត់​តាំងពី​ព្រឹកព្រលឹម​ដោយ​មិនបាន​ជូនដំណឹង​នេះ​ហើយ​ទើប​បណ្ដាល​ឱ្យ​ពួកគាត់​កើត​ទុក្ខ​មិន​សុខ ហើយ​រួម​គ្នា​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ៤ តែ​ម្តង។

វីដេអូ​ខ្លី​បប្រមាណ៣នាទី​ដែល​ចែកចាយ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បង្ហាញ​ថា ប្រជាពលរដ្ឋ​ ទាំង​នេះ​ស្រែក​យំ​ផង និង​លើក​ដៃ​សំពះ​ផង អំពាវនាវ​សុំ​ឱ្យ​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ដោះ​ស្រាយ​ប្រគល់​ដី​ជូន​ពួក​គាត់​វិញ ដោយ​ពួក​គាត់​អះអាង​ថា បាន​ចូល​មក​រស់​នៅ​ លើ​ដី​ទំនាស់​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ និង​បាន​ចំណាយ​លុយ​ទិញ​ត​ពី​ពល​រដ្ឋ​ផ្សេងៗ ទៀត៖ «ខំ​ចង់​ការ​គេ​មក​ទិញ​ដី ទិញ​ទឹក​នៅ​ឥឡូវ​អស់​ហើយ។ គេ​យក​គ្រឿងចក្រ​មក​ឈូស​ឆាយ​អស់​រលីង ចាន​ឆ្នាំ​ ខោ​អាវ​ ខ្ទេចខ្ទី»

ការ​តវ៉ា​បិទ​ផ្លូវ​នេះ​បាន​បណ្ដាល​ឱ្យ​ស្ទះ​ផ្លូវ​អស់​មួយ​សន្ទុះ​ធំ។ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​ពង្រាយ​កម្លាំង​ជា​ច្រើន​នាក់​ចុះ​ទៅ​បំបែក​ក្រុម​អ្នក​តវ៉ា​ដីធ្លី​ទាំង​នោះ​រហូត​ទាល់​តែ​បញ្ឈប់​សកម្មភាព​តវ៉ា ហើយ​អ្នក​ដំណើរ​អាច​ធ្វើ​ចរាចរណ៍​បាន​ឡើង​វិញ។

មេឃុំ​បិតត្រាំង​លោក​ មៀច​ ចាន់​ ប្រាប់​អាស៊ី​សេរី​ថា​អាជ្ញាធរ​ចម្រុះ​ខេត្ត​ព្រះសីហនុ​ ពិត​ជា​បាន​ចុះ​រុះរើ​ផ្ទះ​ខ្ទម​តូចៗ របស់​ពលរដ្ឋ​ទាំង​នោះ​មែន នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែ​មេសា ដើម្បី​អនុវត្ត​សាល​ដីកា​តុលាការ​ ដែល​សម្រេច​ប្រគល់​ដី​ឱ្យ​ពលរដ្ឋ​មួយ​គ្រួសារ​ទៀត​ឈ្មោះ ជុំ សាវុឌ្ឈ។ មេឃុំ​រូប​នេះ​ចោទ​ប្រជា​ ពលរដ្ឋ​ទាំង​នេះ​ថា ជា​ក្រុម​អនាធិបតេយ្យ ដែល​មក​ពី​តំបន់​ផ្សេងៗ ក្នុង​ខេត្ត​ព្រះសីហនុ និង​ខេត្ត​ផ្សេងៗ ទៀត ហើយ​នាំគ្នា​សង​ខ្ទម​តូចៗ រស់នៅ​លើ​ដី​ដែល​មាន​ម្ចាស់​កម្មសិទ្ធិ​រួច​ហើយ ចាប់​តាំង​ពី​ខែ​មីនា​ ឆ្នាំ២០១៩ នេះ។ លោក​មិន​បាន​ដឹង​អំពី​ករណី​ពលរដ្ឋ​ខ្លះ​ទិញ​ដី​នេះ​ត​ពី​ប្រជាពលរដ្ឋ​ ផ្សេង​ទៀត​នោះ​ទេ៖ «គេ​អនុវត្ត​សាល​ដីកា​ព្រឹក​មិញ​នេះ គឺ​ជា​ដី​របស់​គេ​មាន​ប័ណ្ណ​កម្មសិទ្ធិ ហើយ​មាន​ម្ចាស់​គេ​ថែម​ទាំង​នៅ​ទីនេះ ប៉ុន្តែ​ប្រជាពលរដ្ឋ​យើង​មក​ពី​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន មក​រំលោភ​បំពាន​យក​អ៊ីចឹង​ទៅ​ណា។ ដល់​អ៊ីចឹង​ទៅ​ទើប​គេ​អនុវត្ត​គោល​ការណ៍។ កន្លង​មក​នៅ​ថ្ងៃ​ទី៦ ខែ៣ នេះ​ ខ្ញុំ​ក៏​បាន​ចុះ​អប់រំ​ណែនាំ និង​បិទ ស . . ណ របស់​សាលាខេត្ត ជូន​ដំណឹង​បង​ប្អូន​ថា ​កុំ​ធ្វើ​អ៊ីចឹង ​ព្រោះ​ដី​នេះ​មាន​ម្ចាស់​ហើយ កុំ​មក​ចាប់​យក​ដី​គេ​អ៊ីចឹង មិន​កើត​ទេ។ ម្យ៉ាង​កុំ​ឱ្យ​គេ​អនុវត្ត​ផ្លូវ​ច្បាប់​ទៅ​ នាំ​ឱ្យ​មាន​ការ​ប៉ះពាល់​ ហើយ​ខាត​បង់​ថវិកា​ទេ។ យើង​ចុះ​អប់រំ​គាត់​ដែរ​ តែ​គាត់​អត់​ស្ដាប់»

មន្ត្រី​សម្របសម្រួល​សមាគម អាដហុក ប្រចាំ​ខេត្ត​ព្រះសីហនុ​អ្នកស្រី ជៀប សុធារី មាន​ប្រសាសន៍​ថា លោកស្រី​មិនទាន់​បាន​ចុះ​ស៊ើបអង្កេត​ករណី​ពលរដ្ឋ​តវ៉ា​ដីធ្លី​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​អ្នកស្រី​ដឹង​ថា ដី​តំបន់​នោះ​ភាគ​ច្រើន គឺ​មិន​មែន​ជា​ដី​ទំនេរ​អត់​មាន​ម្ចាស់​នោះ​ទេ។ អ្នកស្រី​បន្ថែម​ថា កន្លង​មក​អាជ្ញាធរ​ខេត្ត ក៏​ធ្លាប់​ចុះ​ណែនាំ​ពលរដ្ឋ​កុំ​ឱ្យ​តាំង​លំនៅ​លើ​ដី​នោះ​ដែរ ប៉ុន្តែ​ពលរដ្ឋ​ចំណូល​ថ្មី​ទាំង​នោះ​នៅ​តែ​បន្ត​កាន់កាប់​ដដែល ដោយ​អះអាង​ថា បាន​ទិញ​ដី​ត​ពី​គេ​ដែរ ប៉ុន្តែ​មិន​មាន​ឯកសារ​នោះ​ទេ។ទោះ​យ៉ាង​ណា​ក្ដី អ្នកស្រី​នឹង​ចុះ​ទៅ​ស៊ើបអង្កេត​ករណី​ទំនាស់​ដី​នេះ៖ «ថ្ងៃស្អែក​ខ្ញុំ​ចង់​ចុះ​ទៅ​មើល​ដែរ។ ទី១ យើង​ត្រូវ​ស្រាវជ្រាវ​មើល​សិន​ បើ​សិន​ជា​ការ​រស់​នៅ​របស់​គាត់​មាន​ឯកសារ​មាន​លិខិត​ស្នាម​អី​ជាក់លាក់​ច្បាស់លាស់ គឺ​យើង​ក៏​នឹង​ជួយ​ការពារ​សិទ្ធិ​គាត់​ដែរ។ ប៉ុន្តែ​បើ​សិន​ជា​គាត់​ទើប​តែ​នឹង​ចូល​ទៅ​រស់នៅ​ឥឡូវ​នេះ​ទេ អ៊ីចឹង​ការ​កាន់កាប់​របស់​គាត់ គឺ​យើង​ពិបាក​ដែរ។ យើង​ក៏​មិន​ចង់​ឱ្យ​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ទាំង​នេះ​ដែរ​ ព្រោះ​ជូន​កាល​គាត់​ចាញ់​បោក​មេ​ខ្យល់​ដែរ»

ជម្លោះដីធ្លី​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​កើត​ឡើង​ជា​ច្រើន​កន្លែង​ស្រប​ពេល​ដែល​តម្លៃ​ដី​នៅ​ខេត្ត​មួយ​នេះ​កំពុងតែ​មាន​ហាងឆេង​ខ្លាំង​ដោយសារ​កំណើន​វិនិយោគ​ជនជាតិ​ចិន។ កាលពីដើម​ឆ្នាំ​ ២០១៩ កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ៣រយ​នាក់​បាន​បើក​ការ​បាញ់​ប្រហារ​ដោយ​កាំភ្លើង​គ្រាប់​ពិត​ឡើង​លើ​មេឃ និង​ទៅ​កាន់​ក្រុម​អ្នក​តវ៉ា​ដីធ្លី ដើម្បី​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល ដែល​បាន​សម្រេច​ផ្ដល់​ដី​ទំនាស់​ជាង ៧០ហិកតារ ដែល​មាន​ពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ​កំពុង​រស់នៅ​នោះ​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន ៩គ្រួសារ​ផ្សេង​ទៀត ដែល​គេ​សង្ស័យ​ថា ឈរ​ឈ្មោះ​ឱ្យ​ឧកញ៉ា​ ស៊ីវ គង់ទ្រីវ និង​ប្រពន្ធ​ឈ្មោះ ហុង សួន។ ក្នុង​ហេតុការណ៍​នោះ​បណ្ដាល​ឱ្យ​ពលរដ្ឋ​ម្នាក់​រង​របួស​ដោយ​គ្រាប់​កាំភ្លើង​ធ្លាក់​ខ្លួន​ពិការ​ដល់​សព្វថ្ងៃ។ ចំណែក​ពលរដ្ឋ ៤នាក់​ទៀត ត្រូវ​បាន​កង​កម្លាំង​ប្រដាប់​អាវុធ​ចាប់​ខ្លួន និង​ចង​ស្លាប​សេក ហើយ​យក​កាំភ្លើង​វាយ​ដុំ និង​យក​ជើង​ជាន់​ផ្ទប់​នឹង​ដី​ថែម​ទៀត ប៉ុន្តែ​ត្រូវ​បាន​ដោះ​លែង​វិញ។

សង្គម​ស៊ីវិល​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ខិតខំ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​ទាំង​នេះ​ដោយ​តម្លាភាព និង​យុត្តិធម៌​ជា​ពិសេស​ជៀសវាង​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា និង​ការ​ចាប់​ខ្លួន​អ្នក​តវ៉ា​ដីធ្លី​ដូច​កន្លង​មក​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។